ក្រុមកុមារសម្ដែងល្ខោនស្ដីពីសិទ្ធិរបស់ពួកគេ ក្នុងពេលប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។ RFA/Hang Savyouth |
អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ ដែលហៅថា ស៊ី.ដាប់ប៊ែលយូ.ស៊ី.ស៊ី (CWCC) ប្រចាំខេត្តសៀមរាប បានប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិលើកទី៦៨ នៅឯស្រុកក្រឡាញ់ ចម្ងាយជាង ៦០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្ត ដែលជាតំបន់ជនបទមួយ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា។
ការប្រារព្ធទិវាសិទ្ធិកុមារនៅឯតំបន់ជនបទនេះ ដោយសារតែគេយល់ឃើញថា ស្រុកក្រឡាញ់ គឺជាស្រុកមួយដែលសម្បូរកុមារចំណាកស្រុកតាមឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ហើយកុមារខ្លះក្នុងចំណោមនោះ ក៏ត្រូវបានគេរំលោភបំពានសិទ្ធិ និងកេងប្រវ័ញ្ចកម្លាំងពលកម្មដែរ។
កុមារ និងយុវជន ព្រមទាំងប្រជាពលរដ្ឋជាង ៤០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិលើកទី៦៨ នៅឯភូមិកំពង់ថ្កូវ ស្រុកក្រឡាញ់ នៅព្រឹកថ្ងៃទី៣១ ខែឧសភា។ ការប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិ ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍសង្គម» គឺមានកុមារមួយក្រុមបាននាំគ្នាសម្ដែងរឿងស្ដីពីសិទ្ធិនានារបស់ពួកគេ។
ប្រធានគ្រប់គ្រងរបស់អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ ប្រចាំខេត្តសៀមរាប គឺលោក សួង សុភាព។ លោកមានប្រសាសន៍បន្ទាប់ពីថ្លែងបើកការប្រារព្ធទិវាសិទ្ធិកុមារនោះថា ខេត្តសៀមរាប ក៏ជាខេត្តមួយដែលកំពុងតែមានប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅឯប្រទេសថៃ ក្នុងចំណោមខេត្តផ្សេងៗទៀតជាច្រើន។ ក្នុងនោះ ស្រុកក្រឡាញ់ របស់ខេត្តសៀមរាប ក៏ជាស្រុកមួយដែលមានកុមារធ្វើចំណាកស្រុកតាមឪពុកម្ដាយទៅធ្វើការនៅឯប្រទេសថៃ ច្រើន ហើយកុមារខ្លះត្រូវបានគេរំលោភសិទ្ធិ ព្រមទាំងកេងប្រវ័ញ្ចលើពលកម្ម។
លោក សួង សុភាព បញ្ជាក់ទៀតថា អង្គការជាដៃគូរបស់ CWCC ដែលកំពុងធ្វើការនៅឯប្រទេសថៃ បានរាយការណ៍ថា កុមារកម្ពុជា ជាច្រើននាក់ដែលធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ នៅតែបន្តរងគ្រោះ៖ «ទី១ គឺរងគ្រោះដោយសារការកេងប្រវ័ញ្ចការងារ មិនត្រឹមតែពីសំណាក់អ្នកដទៃទេ សូម្បីតែគ្រួសាររបស់គាត់ ក៏កេងប្រវ័ញ្ចដែរ។ អ៊ីចឹងមានកុមារខ្មែរជាច្រើនត្រូវបានឪពុកម្ដាយ សាច់ញាតិ និងអ្នកដទៃ បង្ខំឲ្យគាត់ធ្វើការ»។
អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិនៅខេត្តសៀមរាប ឲ្យដឹងថា តាមរបាយការណ៍របស់ក្រសួងការងារនៃប្រទេសថៃ កាលពីឆ្នាំ២០១៤ គឺមានកុមារខ្មែរចំនួនជាង ៤២.០០០នាក់ បានតាមឪពុកម្ដាយ និងអាណាព្យាបាលទៅធ្វើការ ហើយកុមារទាំងនោះមិនបានចូលសាលារៀន និងខ្លះមានការបង្ខំឲ្យដើរសុំទាន ឬក៏ត្រូវគេជួញដូរកម្លាំងពលកម្ម ជាដើម។
អាជ្ញាធរស្រុកក្រឡាញ់ ក៏សម្ដែងការព្រួយបារម្ភចំពោះអនាគតកុមារ ដែលធ្វើចំណាកស្រុកតាមឪពុកម្ដាយទៅធ្វើការនៅក្រៅប្រទេសនោះដែរ។
អភិបាលរងស្រុកក្រឡាញ់ អ្នកស្រី គ្រឹង ស៊ាម អំពាវនាវឲ្យអាណាព្យាបាល និងឪពុកម្ដាយ ជួយចូលរួមលើកកម្ពស់សិទ្ធិកុមារ ព្រមទាំងជួយឲ្យពួកគេអាចក្លាយទៅជាយុវជន និងពលរដ្ឋល្អរបស់ប្រទេសសម្រាប់អនាគតផង៖ «កុមារជាទំពាំងស្នងឫស្សីនៃប្រទេសជាតិយើង។ ដូច្នេះយើងត្រូវរួមគ្នាបញ្ឈប់រាល់ទម្រង់នៃការកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កុមារ និងទម្រង់ផ្សេងៗទៀត»។
អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ រកឃើញថា បច្ចុប្បន្ន ការរំលោភសិទ្ធិកុមារនៅក្នុងប្រទេសក៏នៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ ដោយក្នុងមួយឆ្នាំៗនៅទូទាំងប្រទេស គេបានទទួលករណីរំលោភសិទ្ធិកុមារចំនួន ៥០០ករណី។ ការរំលោភសិទ្ធិទាំងនោះមានដូចជា ចំណាកស្រុកទៅធ្វើការងារ និងការរំលោភផ្លូវភេទ ជាដើម៕
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment