រឿងរ៉ាវផ្សេងៗនៅលើចម្លាក់ថែវប្រាសាទអង្គរវត្ត ដែលគួរឱ្យចាប់អារម្មណ៍និងគប្បីសិក្សាឱ្យស៊ីជម្រៅ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងរ៉ាវផ្សេងៗនៅលើចម្លាក់ថែវប្រាសាទអង្គរវត្ត ដែលគួរឱ្យចាប់អារម្មណ៍និងគប្បីសិក្សាឱ្យស៊ីជម្រៅ

រឿងរ៉ាវផ្សេងៗនៅលើចម្លាក់ថែវប្រាសាទអង្គរវត្ត ដែលគួរឱ្យចាប់អារម្មណ៍និងគប្បីសិក្សាឱ្យស៊ីជម្រៅ

Share This

អ្នកស្រាវជ្រាវយល់ថា ចម្លាក់នៅតាមថែវនៃប្រាសាទអង្គរវត្តមានទំនាក់ទំនងទៅនឹងយុគទាំង៤របស់ចក្រវាឡនៃសាសនាហិណ្ឌូ ។

ដោយសារតែប្រាសាទអង្គរវត្តត្រូវបានកសាងឡើងឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា ដូច្នេះហើយ ទើបចម្លាក់ជាច្រើនពិព័ណ៌នាអំពីរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ជាពិសេសទាក់ទងរឿងរ៉ាងនៃព្រះនារាយណ៏។ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺចម្លាក់ទាំងនេះបានបង្ហាញអំពីការវិវត្តនៃចក្រវាឡថែមទៀតផង។


នៅលើថែវទី៣នៃប្រាសាទអង្គរវត្ត ដែលមានប្រវែងជិត ៦០០ ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានចម្លាក់ចំនួន៨ផ្ទាំង ដែលពណ៌នានូវរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងទេវកថានៃព្រហ្មញ្ញសាសនា អមនឹងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គជាក្សត្របានកសាងប្រាសាទនេះឡើង។

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ ជឿជាក់ថា ចម្លាក់ទាំង៨ផ្ទាំងលើថែវទី៣នៃប្រាសាទអង្គរវត្ត គឺមានការពាក់ព័ន្ធទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ តាមរយៈការបែងចែកយុគក្នុងជំនឿនៃសាសនានេះ។

លោកបណ្ឌិតបញ្ជាក់ថា តាមទស្សនៈរបស់ព្រហ្មញ្ញសាសនា ចក្រវាឡទាំងមូលត្រូវបានបែងចែកជា៤យុគ​ គឺ៖

១. ក្រឹតយុគ ឬ យុគមាស (១.៧២៨.០០០ឆ្នាំមនុស្ស=៤.៨០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌ពេញលេញ ១០០% ហើយមនុស្សលោកមានអាយុវែង និងមានសេចក្តីសុខច្រើន។

២. ត្រេតយុគ ឬ យុគប្រាក់ (១.២៩៦.០០០ឆ្នាំមនុស្ស=៣.៦០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌បង្គួរ ថយចុះនៅសល់៧៥%, ហើយមនុស្សលោកមានអាយុវែងល្មម និងមានសេចក្តីសុខល្មម។

៣. ទ្វាបរយុគ (៨៦៤.០០០ឆ្នាំមនុស្ស=២.៤០០ឆ្នាំទេព) គឺយុគដែលមានលេខគត់គូ គឺសម័យកាលដែលសត្វលោកមានគុណធម៌អន់ថយនៅសល់តែ៥០%។

៤. កលិយុគ (៤៣២.០០០ឆ្នាំមនុស្ស=១.២០០ឆ្នាំទេព)ជាយុគប្រកបដោយទោស ជម្លោះ ហើយសត្វលោកមានគុណធម៌នៅសល់តែ២៥%ប៉ុណ្ណោះ។ មនុស្សលោកសព្វថ្ងៃកំពុងរស់នៅក្នុងយុគនេះឯង ហើយមានសេចក្តីសុខតិចតួចណាស់។

ចម្លាក់ប្រាសាទអង្គរវត្តត្រូវបានឆ្លាក់ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះគឺ ចម្លាក់ពីរផ្ទាំងនៅទិសខាងកើតតំណាងឲ្យក្រឹតយុគ ដែលបង្ហាញនូវភាពស្អាត ភាពបរិសុទ្ធ មនុស្សនៅមានសច្ចភាពពេញលេញ។ ចម្លាក់ទាំងនោះជារឿងរ៉ាវនៃទេពសុទ្ធសាធ ដោយមានរឿងកូរសមុទ្រទឹកដោះ និងជ័យជម្នះព្រះនារាយណ៍ លើពួកអសុរទាំងឡាយ។

ចម្លាក់ពីរផ្ទាំងបន្ទាប់នៅទិសខាងជើង តំណាងឲ្យត្រេតយុគ ជាយុគដែលមនុស្សមានគុណធម៌ថមថយចុះខ្លះ តែក៏នៅក្នុងភាពល្អប្រសើរគ្រាន់ជាងពាក់កណ្តាល។ ចម្លាក់ទាំងនោះបង្ហាញពីរឿងរ៉ាវចម្បាំងគ្នារវាងទេពនិងពួកអសុរ ដោយមានរឿងជ័យជម្នះនៃព្រះក្រឹស្ណៈលើស្តេចអសុរឈ្មោះពាន និងចម្បាំងរវាងទេពផ្សេងៗជាមួយនឹងពួកអសុរ។

ចម្លាក់ពីរផ្ទាំងនៅទិសខាងលិច តំណាងឲ្យទ្វាបរយុគ ជាយុគដែលមនុស្សលោកនៅសល់គុណធម៌តែពាក់កណ្តាល ដោយឆ្លាក់នូវរឿងរាមកេរ្តិ៍និងរឿងមហាភារត ដែលមានសាច់រឿងលំនាំជាទេពពាក់កណ្តាល និងមនុស្សពាក់កណ្តាល។

ចម្លាក់ពីរផ្ទាំងចុងក្រោយគេ គឺនៅទិសខាងត្បូង ដែលតំណាងឲ្យកលិយុគ ជាយុគដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ចម្លាក់ទាំងពីរផ្ទាំងនេះឆ្លាក់នូវរឿងរ៉ាវនានាដែលកើតមានក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ទៅដោយចម្លាក់នរកសួគ៌ ដែលបង្ហាញអំពីទីបញ្ចប់នៃចក្រវាឡ ដែលមានមនុស្សខ្លះឡើងទៅស្ថានសួគ៌ និងមនុស្សខ្លះធ្លាក់ចុះនរក៕












ប្រភព :  អាជ្ញាធរជាតិអប្សរា Apsara Authority

No comments:

Post a Comment