ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គួរដល់ពេលត្រូវគិតគូរអំពីសារនយោបាយព្រមាន និងការរំខានដល់ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សលោក។ ការស្នើនេះ បន្ទាប់ពីវេទិកាជួបជុំដើម្បីឃោសនាបោះឆ្នោតដ៏ធំមួយរបស់គណបក្សសង្គ្រោះជាតិ ដែលរៀបចំធ្វើឡើងនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានរំខាននៅព្រឹកថ្ងៃទី២៦ ខែឧសភា។
ការថ្លែងសារនយោបាយដើម្បីរកសំឡេងឆ្នោតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី២៦ ខែឧសភា របស់លោក កឹម សុខា ដែលធ្វើឡើងនៅក្បែរផ្សារសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានរំខានដោយសំឡេងធុងបាស់លឺៗ រហូតធ្វើឱ្យមន្ត្រី និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សម្ដែងការខកចិត្ត និងសម្រេចបញ្ចប់កិច្ចជួបជុំគ្នាក្នុងរយៈពេលដ៏ខ្លី។
លោក កឹម សុខា ថ្លែងចំពោះមុខអ្នកគាំទ្រប្រចាំខេត្តឧត្តរមានជ័យ ថានេះជាលើកដំបូងហើយ ដែលការចេញឃោសនារកសំឡេងឆ្នោតរបស់លោកត្រូវបានគេរំខាន ប៉ុន្តែលោកថា ពលរដ្ឋនឹងវិនិច្ឆ័យថា តើនរណានឹងឈ្នះដោយមានកិត្តិយស ហើយនរណានឹងឈ្នះដោយគ្មានកិត្តិយស ឈ្នះដោយការគំរាមកំហែង និងឈ្នះដោយការរំខានអ្នកដទៃ។ លោកចាត់ទុកការរំខាននោះថា កំពុងព្យាយាមធ្វើឱ្យខ្មែរបែកបាក់គ្នា ប៉ុន្តែលោកអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ មិនត្រូវប្រើប្រាស់ពាក្យអសុរោះ ឬពាក្យហិង្សាតបតឡើយ។ ផ្ទុយទៅវិញ លោក កឹម សុខា ចង់ឱ្យ គ.ជ.ប គួរត្រួតពិនិត្យចំពោះការងារខ្លួន ដែលជាអ្នករៀបចំ និងតាមដានការបោះឆ្នោត៖ «»។
ការស្នើទៅ គ.ជ.ប របស់ប្រធានគណបក្សប្រឆាំងបែបនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមាននៅថ្ងៃទី២៥ ខែឧសភា ម្ដងទៀតថា សង្គ្រាមនឹងផ្ទុះឡើង ប្រសិនបក្សលោកចាញ់ឆ្នោត។ លោកនាយករដ្ឋមន្ត្រីគំរាមទៀតថា លោកមិនខ្វះទាហានសម្រាប់ធ្វើសង្គ្រាមឡើយ ហើយលោកនឹងប្រើប្រាស់កងកម្លាំងដើម្បីកម្ចាត់មនុស្ស ២០០-៣០០នាក់ ដើម្បីរក្សាជីវិតមនុស្សរាប់លាននាក់ផ្សេងទៀត។ សារព្រមានរបស់នាយករដ្ឋមន្ត្រីដែលកាន់កាប់អំណាច ៣២ឆ្នាំទៅហើយនោះ គឺគេបានឮជារឿយៗ ស្របពេលកម្ពុជា កាន់តែខិតជិតបោះឆ្នោតឃុំ-សង្កាត់ ហើយមានគណបក្សពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានសំឡេងប្រហាក់ប្រហែលគ្នា។
ចំណែកប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំនៅខេត្តឧត្តរមានជ័យ លោក ម៉ោញ សារ៉ាត់ ថ្លែងថា លោកបានរៀបចំវេទិកាជួបជុំរវាងអ្នកគាំទ្រជាមួយថ្នាក់ដឹកនាំគណបក្សលោក កឹម សុខា គឺធ្វើតាមច្បាប់បោះឆ្នោត ព្រោះលោកបានជូនដំណឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្នើសុំទីតាំងនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នោះ។ ទោះជាយ៉ាងណា លោកអះអាងថា អាជ្ញាធរនៅក្រុងសំរោង និងអភិបាលខេត្ត បែរជាបានបញ្ជូនកម្លាំងមករារាំងនៅពេលចាប់ផ្ដើមរៀបចំឆាកសម្រាប់ទទួលថ្នាក់ដឹកនាំ។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា កន្លែងដែលចាក់សំឡេងធុងបាសនោះ គឺជាបន្ទាយទាហាន និងប៉ុស្តិ៍ប៉ូលិស ហើយមិនមែនជាផ្ទះពលរដ្ឋឡើយ។ លោក ម៉ោញ សារ៉ាត់ បញ្ជាក់ថា ខាងលោកកំពុងពិភាក្សាជាមួយអ្នកជំនាញច្បាប់របស់គណបក្ស ថាតើគួរប្ដឹងករណីនោះទៅ គ.ជ.ប ឬយ៉ាងណា៖ «»។
លោកបន្ថែមទៀតថា ក្រៅពីនោះ ក៏មានអាជ្ញាធរ រួមទាំងទាហានជាច្រើននាក់ ហើយខ្លះបង្កប់ខ្លួននៅតាមផ្ទះពលរដ្ឋ បានចុះឃាត់រថយន្ត និងគោយន្តរបស់សកម្មជននៅតាមផ្លូវនានា ដែលព្យាយាមធ្វើដំណើរមកជួបជាមួយលោក កឹម សុខា នៅទីរួមខេត្តនៃក្រុងសំរោង ដែរ ប៉ុន្តែត្រូវក្រុមអាជ្ញាធរយកលេសឆែកឆេរកលិខិតស្នាមផ្សេងៗ រហូតធ្វើឱ្យសកម្មជនជាងពាក់កណ្ដាលខកខានមិនអាចមកចូលរួមឃោសនាទាន់ពេលវេលា។
ពាក់ព័ន្ធនឹងរឿងនេះ អាស៊ីសេរីមិនអាចសុំការបកស្រាយពីអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី និងអភិបាលក្រុងសំរោង លោក អ៊ុន សុភ័ក្រ បានទេ នៅថ្ងៃទី២៦ ខែឧសភា ដោយលោកមិនលើកទូរស័ព្ទ។
ប៉ុន្តែប្រធានគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំខេត្តឧត្តរមានជ័យ លោក ជីង សំភួ ថ្លែងថា នៅពេលលោកឮសំឡេងធុងបាសរំខានដល់ការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ភ្លាម លោកបានចាត់ឱ្យមន្ត្រីរៀបចំការបោះឆ្នោតក្រុង និងអាជ្ញាធរចុះទៅដល់កន្លែង និងស្នើសុំឱ្យបិទ ហើយក្រោយមកសំឡេងនោះ ក៏អន់ថយចុះមកបន្តិចដែរ។
លោកបន្ថែមថា ករណីនេះមិនជាប់ពាក់ព័ន្ធជាមួយគណបក្សកាន់អំណាចឡើយ រីឯការសង្ស័យរបស់មន្ត្រីគណបក្សប្រឆាំងថា ទីតាំងចាស់ធុងបាសនោះជាកន្លែងរបស់ប៉ូលិស និងទាហាន ប៉ុន្តែលោកថា តាមពិតគឺជាកម្មវិធីបង្កក់កូនប៉ុណ្ណោះ ព្រោះនៅពេលខាងលោកចុះទៅដល់ដើម្បីសួរនាំអ្នកចាក់ធុងបាសឆ្លើយថា ម្ចាស់ផ្ទះមិននៅ៖ «»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ រូបនេះបញ្ជាក់ថា ការរៀបចំវេទិកាឃោសនារបស់បក្សប្រឆាំង មិនកើតមានបញ្ហាធំដុំឡើយ ប៉ុន្តែគឺនៅក្រោមលោក កឹម សុខា បញ្ចប់ការថ្លែងសារនយោបាយចប់សព្វគ្រប់ទៅវិញទេ ទើបកើតមានបញ្ហា នៅពេលអ្នកគាំទ្របក្សប្រឆាំងចង់នាំគ្នាដង្ហែក្បួនពីទីរួមខេត្ត ឆ្ពោះទៅកាន់ស្រុកអន្លង់វែង ដោយមិនបានសុំការអនុញ្ញាតពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តជាមុន ទើបមានអាជ្ញាធរចេញរារាំង។
ថ្វីត្បិតយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ចាត់ទុកការចាក់ធុងបាសរំខាននោះ ថាជាការរំលោភសិទ្ធិប្រមូលផ្ដុំ និងស្នើឱ្យគណៈកម្មការរៀបចំបោះឆ្នោតខេត្ត ដែលជាស្ថាប័នឯករាជ្យ ត្រូវតែបំពេញការងារដោយប្រសិទ្ធភាព នៅពេលឃើញមានអាជ្ញាធរចុះទៅរារាំងដល់សកម្មភាពឃោសនាបោះឆ្នោតបែបនេះ៖ «»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តឧត្តរមានជ័យ ថ្លែងថា សំឡេងធុងបាសរំខានបានស្ងាត់ទៅវិញ នៅពេលដែលលោក កឹម សុខា សម្រេចបញ្ចប់ការថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រ៕
រូបថតព្រះតេជគុណ ព្រីម ហួន ត្រូវអាជ្ញធរខេត្តឧត្តមានជ័យចាប់ និងដកយកទូរសព្ទ័ ខណះពេលព្រះអង្គកំពុតថតផ្សាយផ្ទាល់ពីបក្សសង្គ្រោះជាតិចេញឃោសនាបោះឆ្នោត ។ Photo Chham Chhany |
ប្រភព : វិទ្យអាស៊ីសេរី
No comments:
Post a Comment