loading...
នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានពីសង្គ្រាមសារជាថ្មីម្តងទៀត ដោយអះអាងថា ភាពផុយស្រួយនៃសង្គ្រាម គឺអាចកើតមានយ៉ាងងាយស្រួលបំផុត ប្រសិនបើគណបក្សប្រជាជនចាញ់ឆ្នោត ដោយមិនបានដឹកនាំប្រទេស ស្របពេលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់។ ទោះជាយ៉ាងណា សម្រាប់អ្នកវិភាគយល់ថា សង្គ្រាមនឹងមិនអាចកើតមានបាននោះទេ។ថ្លែងក្នុងពិធីសម្ពោធសាលាខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃ៩ឧសភានេះ នាយករដ្ឋមន្ត្រីនិងជាប្រធានបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា គណបក្សរបស់លោក បានដឹកនាំប្រទេសចាប់តាំងពីកម្ពុជាងើបពីរបបខ្មែរក្រហម នឹងនាំឲ្យមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។
លោកបន្តថា ពលរដ្ឋគ្រប់រូប បានរស់នៅក្រោមការដឹកនាំរបស់គណបក្សនេះ និងរស់នៅជាមួយគ្នាបាន ដោយសេរី និងមានយុត្តិធម៌នៅក្នុងសង្គម។
លោកថា៖ «អ្នកកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន អ្នកមានសេរីភាពគ្រប់បែបយ៉ាង អ្នកមានកំហុសទទួលទោសតាមច្បាប់ អ្នកគ្មានកំហុស គឺគ្មានការទទួលនូវទណ្ណកម្មណាមួយទេ។ ដូច្នេះសង្ឃឹមថា ប៉ុន្មានថ្ងៃទៀត ការបោះឆ្នោតនឹងមកដល់ប្រជាពលរដ្ឋនឹងធ្វើការវិនិច្ឆ័យឲ្យបានច្បាស់លាស់។ យើង បានរួមសុខរួមទុក្ខជាមួយគ្នា តាំងពីការលំបាក ស៊ីអត់ ស៊ីឃ្លាន ជាមួយគ្នារហូតមកដល់ពេលនេះ! តើយើងគួរបោះបង់ចោលនូវសមិទ្ធិផល ដែលយើងបានរួមគ្នា កសាងហើយ យើងសង្ឃឹមទៅលើការសន្យាមួយ ដែលនឹងផ្តល់ចម្លើយបមកវិញគឺសង្គ្រាម។ ខ្ញុំបាន ឮហើយ អ្នកខ្លះ ថាខ្ញុំភ័យ តែខ្ញុំសុំនិយាយត្រលប់ទៅវិញទៅអាសែន អត់ភ័យទេសុំទោស!»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានស្តីបន្ទោសដល់ការប្រើប្រាស់ការបញ្ចេញមតិរបស់ខ្លួនតាមហ្វេសប៊ុកមួយចំនួន ដែលលោកថា នេះក៏ជាមូលហេតុ ជម្រុញឲ្យមានសង្គ្រាមក្នុងស្រុកនោះ។
លោកបន្ថែមថា៖ «បើទោះបីពេលនេះ ប្រទេសមានសន្តិភាពទូទាំងប្រទេស តែវាមានចរិតនៃភាពផុយស្រួយរបស់វា។ បើកមើលតាមហ្វេសប៊ុកភ្លាមទៅ អាចឃើញហើយ! នោះហើយជាមូលហេតុនៃសង្គ្រាម ការញ៉ុះញ៉ង់ការជេរប្រមាថ គ្រប់បែបយ៉ាង តើនោះវាជាអ្វី វាជាការដុតបញ្ឆេះកំហឹង នេះជាបញ្ហាដែលពេលនេះប្រជាជនត្រូវជ្រើសរើសរវាង សន្តិភាព និងសង្គ្រាមពិតប្រាកដហើយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីពេលនេះ គ្រាន់តែការយល់ឃើញរបស់លោកតែប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន យល់ថាទំនាក់ទំនងរវាងរដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ជាមួយរដ្ឋាភិបាលប្រទេសជិតខាង គឺមានទំនាក់ទំនងល្អជាងគណបក្សដទៃទៀត។
សម្រាប់លោក ឯម សុវណ្ណារ៉ា វិភាគថា លទ្ធភាពនៃសង្គ្រាមក្នុងស្រុកកម្ពុជា គឺមិនអាចកើតមាននោះទេ ដោយសារកម្ពុជាបច្ចុប្បន្ន គ្មានក្រុមឧទ្ទាម ឬកងកម្លាំងប្រឆាំងប្រដាប់អាវុធណាមួយមាននោះទេ តែលោកបានប្រមើលថា ប្រសិនជាកើតមានសង្គ្រាមនៅពេលដែលបក្សប្រជាជនចាញ់ឆ្នោត ដូចអ្វីដែលលោក ហ៊ុន សែន ថ្លែងនោះ លោកថា គឺជាសង្គ្រាមដែលមានការអុជអាលឡើងដោយបរទេសប៉ុណ្ណោះ។
លោកថា៖ «ដោយសារតែកម្លាំងម្ខាងទៀតអត់មានកម្លាំងអីទេ ឬក៏តតាំងទេ កាលណាផ្ទុះទាល់តែមានចលនាផ្សេងគាំទ្រ ឬក៏មានតែរបត់នៅខាងក្រៅប្រទេស ដែលមានឧបត្ថម្ភខាងសេដ្ឋកិច្ចជំនួយហ្នឹងខ្លាំងហើយគាត់គាំទ្រម្ខាងៗ គាត់ជម្រុញអាវុធអីមកអាហ្នឹង ទើបជម្រុញទៅជាសង្គ្រាម។ ឥឡូវនេះ កងកម្លាំងមានតែម្ខាង អត់អាចធ្វើសង្គ្រាមជាមួយខាងណា! គឺអត់មានទេ […] »។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី យល់ថាការថ្លែងរបស់នាយករដ្ឋមន្ត្រីពេលនេះ អាចជាការបំបាក់ស្មារតីប្រជាពលរដ្ឋ ហើយលោកថា ក្នុងនាមជាប្រមុខរដ្ឋាភិបាល លោកមិនគួរថ្លែងបែបនេះឡើយ ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់នោះ។
លោកថា៖ «សម្តីរបស់គាត់ហ្នឹងធ្វើឲ្យប៉ះពាល់ទឹកចិត្ត ធ្វើឲ្យរារែកច្រើនណាស់ ព្រោះអីប្រជាពលរដ្ឋខ្មែរ គេខ្លាចសង្គ្រាមគេ លែងចង់ដឹងលែងចង់ឮហើយ។ គ្មាននរណាម្នាក់ចង់ឲ្យមានសង្គ្រាមទេ តែដល់គាត់ធ្វើអញ្ចឹងទៅធ្វើឲ្យបោះពាល់អារម្មណ៍…គួរតែថ្លែងលើកទឹកចិត្តឲ្យអ្នកបោះឆ្នោត អញ្ចើញទៅបោះគ្រប់គ្នា អនុវត្តន៍សិទ្ធរបស់គាត់គ្រប់ៗគ្នា ដើម្បីកសាងប្រទេសអភិវឌ្ឍន៍ប្រទេស ដើម្បីជ្រើសរើសអ្នកដឹកនាំល្អ មើលគណបក្សណាល្អ ដែលមានកម្មវិធីល្អ ឲ្យគាត់មើលទៅ អាហ្នឹងលើកទឹកចិត្តឲ្យគាត់ទៅបោះឆ្នោត មិនមែនធ្វើឲ្យបាក់ទឹកចិត្តទេ»។
បើតាមប្រតិទិន គ.ជ.ប នៅសល់រយៈពេលតែ២៦ថ្ងៃទៀតតែប៉ុណ្ណោះ គឺនៅថ្ងៃទី៤មិថុនាខាងមុខ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នឹងចាប់ផ្តើមហើយ ខណៈលោក ហ៊ុន សែន បន្តថ្លែងសារព្រមានជាច្រើនលើកពីសង្គ្រាម។
គួររំលឹកថា ព្រះមហាក្សត្រកម្ពុជា តាមរយៈសាលិខិតមួយច្បាប់របស់ព្រះអង្គចុះថ្ងៃទី២០កុម្ភះ ព្រះអង្គបានជម្រុញទៅកាន់ពលរដ្ឋគ្រប់រូបឲ្យទៅបោះឆ្នោតនាពេលខាងមុខ ដោយប្រើសិទ្ធិសេរីភាពរបស់ខ្លួន និងទៅតាមសតិសម្បជញ្ញៈ និងសុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ៕
loading...
ប្រភព : vodhotnews
No comments:
Post a Comment