មុនពេលការឃោសនាបោះឆ្នោតចាប់ផ្តើមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានជាថ្មីពីលទ្ធភាពនៃការផ្ទុះឡើងសង្គ្រាមបើសិនជាគណបក្សរបស់លោកចាញ់ឆ្នោត។
វ៉ាស៊ីនតោន ៖ សមាជិកសភាសហរដ្ឋអាមេរិកយល់ថា ដល់ពេលដែលសហរដ្ឋអាមេរិកត្រូវក្រោកឈរឡើងដើម្បីទាមទារឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨។
លោកអាឡាំង ឡូវឹនសលសមាជិកសភាប្រចាំរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ថាក្នុងពេលកន្លងមករដ្ឋសភាសហរដ្ឋអាមេរិកបានសម្តែងការមិនពេញចិត្តលើការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង និងការធ្វើទុក្ខបុកម្នេញនានា ដោយបានសម្តែងការមិនពេញចិត្តទាំងនេះតាមរយៈពាក្យសម្តី និងការសរសេរជាច្រើន។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងVOA កាលពីចុងខែមេសា លោកអាឡាំង ឡូវឹនសលបានបញ្ជាក់ថា វាជាពេលវេលាដែលសហរដ្ឋអាមេរិកត្រូវធ្វើលើសពីនេះ៖
«ដល់ពេលដែលពួកយើងត្រូវក្រោកឈរដើម្បីទាមទារឱ្យគោរពតាមអ្វីដែលបានសន្យាដល់ពលរដ្ឋកម្ពុជាហើយ។ ការសន្យានោះគឺការរៀបចំបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ នោះគឺ ជាអ្វីដែលបានសន្យាកន្លងមក»។
លោកអាឡាំង ឡូវឹនសលបន្ថែមថា លោកកំពុងពិនិត្យមើលលទ្ធភាពក្នុងការបញ្ជូនគោលជំហររបស់សភាជាតិនេះតាមរយៈអ្នកសង្កេតការណ៍បោះឆ្នោត ឬយន្តការផ្សេងទៀតដែលអាចមាន។
រូបឯកសារ៖ លោកអាឡាំង ឡូវឹនសលសមាជិកសភាប្រចាំរដ្ឋកាលីហ្វញ៉ា ពេលផ្តល់បទសម្ភាសន៍មួយជាមួយ VOA។ |
«លោកសួរខ្ញុំថាតើ ខ្ញុំរំពឹងថាការបោះឆ្នោតខាងមុខសេរី និងត្រឹមត្រូវឬទេ? ចម្លើយគឺខ្ញុំនឹងតស៊ូឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចនៅឡើយទេ។ តែលោកដឹងទេថាខ្ញុំគិតថាគេនឹងត្រូវការឱ្យសហរដ្ឋអាមេរិកក្រោកឈរឡើងដើម្បីធានាឱ្យប្រាកដថាការបោះឆ្នោតនោះសេរីនិងត្រឹមត្រូវ»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យទី៤ខែមិថុនាខាងមុខនេះ។ មានគណបក្សនយោបាយចំនួន១២បានចុះឈ្មោះប្រកួតប្រជែងដណ្តើមយកការគ្រប់គ្រងលើឃុំ-សង្កាត់ចំនួន១.៦៤៦ ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកកឹម សុខាទេ ដែលមានលទ្ធភាពដាក់បេក្ខជននៅគ្រប់ឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស។
ប៉ុន្តែមុនពេលការឃោសនាបោះឆ្នោតចាប់ផ្តើមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានជាថ្មីពីលទ្ធភាពនៃការផ្ទុះឡើងសង្គ្រាមបើសិនជាគណបក្សរបស់លោកចាញ់ឆ្នោត។
នៅក្នុងសុន្ទរកថាកាលពីសប្តាហ៍មុនលោកហ៊ុន សែនបានរំឭកពីសកម្មភាពពលរដ្ឋដែលបានហាមឃាត់ជនមួយចំនួនដែលពួកគេគិតថា ជាជនជាតិវៀតណាម និងអ្នកដែលមិនមានលំនៅដ្ឋាននៅក្នុងមណ្ឌលបានបោះឆ្នោត និងព្រឹត្តិការណ៍ហិង្សា ដែលកើតឡើងពីការតវ៉ារបស់ពលរដ្ឋមួយចំនួន ដែលមិនពេញចិត្តនឹងលទ្ធផលឆ្នោតជាតិឆ្នាំ២០១៣។
សូមកុំភ្លេចថ្ងៃទី២៨ខែកក្កដាមិនទាន់ទាំងដឹងលទ្ធផលផ្លូវការផងឆេះឡានអស់ប៉ុន្មាននៅស្ទឹងមានជ័យ? អ្នកឯងធ្វើសកម្មភាពច្រើនទីកន្លែងមិនឱ្យពលរដ្ឋចូលបោះឆ្នោតតែដើម្បីថ្នាក់ថ្នមសភាពការណ៍ យើងអត់ធ្មត់មិនធ្វើសកម្មភាពប៉ុន្តែ កុំភ្លេចថា២០១៧និង២០១៨ បើសកម្មភាពពួកអ្នកឯងរបៀបនេះកម្លាំងប្រដាប់អាវុធត្រូវចេញបង្ក្រាបភ្លាមបើផ្ទុះសង្គ្រាមក៏ឱ្យវាផ្ទុះទៅចុះ»។
ក្នុងដំណើរនៅសហរដ្ឋអាមេរិកដើម្បីជួបជាមួយនឹងអ្នកគាំទ្រ មន្ត្រីសហរដ្ឋអាមេរិកនិងអ្នកតំណាងរាស្ត្រ លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាសហគមន៍អន្តរជាតិបានដឹងពីការគំរាមកំហែងនោះនិងក៏បានសម្តែងការព្រួយបារម្ភហើយក៏តាមដានលើការវិវត្តជាក់ស្តែង។ ក្នុងពេលជាមួយគ្នានោះដែរសហគមន៍អន្តរជាតិក៏លើកទឹកចិត្តពលរដ្ឋខ្មែរថា ពួកគេមិននៅឯកោទេ។
លោកកឹម សុខាក៏បានបញ្ជាក់ជាថ្មីពីគោលនយោបាយអហិង្សារបស់គណបក្សសង្គ្រោះជាតិ និងការផ្លាស់ប្តូរវិជ្ជមាន។
«សម្រាប់ខ្លួនយើងផ្ទាល់គឺ គណបក្សសង្គ្រោះជាតិមានគោលនយោបាយគឺ យើងដោះស្រាយបញ្ហាដោយអហិង្សា ដោះស្រាយបញ្ហាដោយសន្តិវិធីគឺ យើងមិនយកកម្លាំងបាយកម្លាំងអាវុធមកដោះស្រាយបញ្ហាទេ។ នេះហើយប្រជាពលរដ្ឋលោកជា្របហើយគណបក្សសង្គ្រោះជាតិមិនមែនជាពួកអ្នកចម្បាំង មិនមែនជាពួកអ្នកកាន់អាវុធដើម្បីបាញ់បោះអីទេ គឺយើងដឹងហើយចរិករបស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិគឺ ដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយទីពីរគឺយើងអត់យកខ្មែរណាធ្វើសត្រូវ។ គោលនយោបាយយើងគឺ មិនគុំគួនសងសឹកខ្មែរ។ ដូច្នេះ ហើយគ្មានអី ដែលត្រូវមានសង្គ្រាមជាដាច់ខាត»។
«ទោះបីអ្នកឯងធ្លាប់និយាយថា អ្នកឯងគ្មានអាវុធទេក៏ប៉ុន្តែសង្គ្រាមវាមិនបានកើតឡើងត្រឹមតែប្រើអាវុធទេសង្គ្រាមវាបានកើតមានឡើងដោយសារមាត់អ្នកឯងហ្នឹងតែម្តង។ ដូច្នេះ ប្រសិនបើមានចេតនារក្សាសន្តិភាពពិតប្រាកដ អប់រំផ្នែកខាងក្រោមឈប់ជេរ ឈប់បញ្ចោរគ្នាទៅ»។
សភាប្រចាំរដ្ឋកាលីហ្វញ៉ាក៏បានចេញសេចក្តីសម្រេចមួយកាលពីខែមីនា ដែលស្នើឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ផែទ្រីក អូដូនណល់ សមាជិកសភាប្រចាំរដ្ឋកាលីហ្វញ៉ា។
លោកបានបន្ថែមថា៖
«នេះគឺជាអ្វីដែលមាននៅក្នុងរបបប្រជាធិតេយ្យ។ នេះគឺជាអ្វីដែលមាននៅក្នុងសហរដ្ឋអាមេរិកហើយរដ្ឋាភិបាលកម្ពុជាក៏គួរតែមានដូចនេះដែរ»។
លោករីកាដូ ឡារ៉ា សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ថា រដ្ឋនេះមានសេដ្ឋកិច្ចរឹងមាំដែលជួយឱ្យមានលទ្ធភាពក្នុងការនិយាយជាមួយនឹងប្រទេសផ្សេងៗជាពិសេសលោកមានគម្រោងនឹងទៅធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅឆ្នាំក្រោយ ដែលនឹងពិភាក្សាពីការជំរុញទំនាក់ទំនងជាមួយនឹងកម្ពុជានិងក៏ជាឱកាសលើកឡើងពីបញ្ហាសិទ្ធិមនុស្សផងដែរ៕
ប្រភព : voakhmer
No comments:
Post a Comment