ជនជាតិភាគតិចរួមដៃគ្នាឡោមព័ទ្ធដុតកម្ទេចទីស្នាក់ការបរិស្ថានឧទ្យានជាតិអូរយ៉ាដាវចោល!
loading...
ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចនាំគ្នាប្រមាណជាង២០០នាក់ឡោមព័ទ្ធ និងដុតស្នាក់ការបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចកើតហេតុក្នុងភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ។ បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបានឱ្យដឹងថា ដោយសាររយៈពេលកន្លងមកកម្លាំងចម្រុះខេត្ត និងស្រុកដឹកនាំដោយឧត្តមសេនីយ៍ត្រី គឹម រស្មី ប្រធានក្រុមការងារ និងមេបញ្ជាការប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិអូរយ៉ាដាវ បានរឹបអូសឈើហ៊ុបមូលប្រភេទសុក្រំចំនួន១០៩ដុំ យករក្សាទុកនៅទីស្នាក់ការបរិស្ថាន រួចនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៧ ថ្នាក់ខេត្តបានឱ្យខាងស្នាក់ការបរិស្ថានដឹកនាំដោយលោក សុខុន នាយកឧទ្យានជាតិអូរយ៉ាដាវ ចុះធ្វើការវាស់វែងឈើដែលចាប់បានខាងលើស្រាប់តែបងប្អូនជនជាតិដើមភាគតិចមានគ្នាចំនួន២៩០នាក់ចំនួន៣ភូមិ ២ឃុំ បានចុះមកហាមមន្ត្រីបរិស្ថានវាស់វែង ដោយអ្នកភូមិទាំងនោះមានអ្នកខ្លះកាន់កាំបិត ពូថៅ ដបសាំង ដាវ ដែកកេះ មកសុំជួបប្រធានបរិស្ថាន ។
មន្ត្រីដដែលបានបន្តទៀតថា ដោយឃើញសភាពការមិនស្រួលមន្ត្រីបរិស្ថានដែលកំពុងធ្វើការវាស់វែងនោះមានការតវ៉ាគ្នាទើបធ្វើឱ្យប្រជាពលរដ្ឋមានការខឹងយ៉ាងខ្លាំងឈានទៅដល់ដុតស្នាក់ការបរិស្ថានឧទ្យានជាតិអូរយ៉ាដាវឆេះយ៉ាងសន្ធោសន្ធៅដើម្បីគំរាមដល់មន្ត្រីបរិស្ថានទាំងនោះនៅពេលភ្លើងកំពុងឆេះនោះពួកប្រជាពលរដ្ឋបានធ្វើការពន្លត់វិញគឺឆេះកាំជណ្តើរស្នាក់ការបរិស្ថានមិនបានឆេះទាំងស្រុងឡើយ ។
លោក សុខ មីន មេបញ្ជាការប៉េអឹមស្រុកអូរយ៉ាដាវបានឱ្យដឹងថា កម្លាំងរបស់លោក និងអាជ្ញាធរស្រុកអូរយ៉ាដាវបានចុះទៅកន្លែងកើតហេតុ និងជួយអន្តរាគមន៍ភ្លាមៗដែរហើយសមត្ថកិច្ចបានធ្វើការណែនាំ និងសាក់សួរប្រជាពលរដ្ឋទាំងនោះមូលហេតុអ្វីបានជាដុតស្នាក់ការបរិស្ថានបែបនេះពួកគាត់ជាប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងអស់នោះឆ្លើយថា ដោយសារខឹងសមត្ថកិច្ច និងមន្ត្រីបរិស្ថានរយៈកន្លងមកចុះចាប់ឈើពួកគាត់ជាញឹកញាប់បណ្តាលឱ្យកើតរឿងនេះកើតឡើងតែខាងប្រជាពលរដ្ឋបានធ្វើការសំណូមពរទៅដល់សមត្ថកិច្ច និងមន្ត្រីបរិស្ថានចំនួន៣ចំណុច ទី១-ពួកគាត់បណ្តើរឆ្កែក្នុងព្រៃហាមកុំចាប់, ទី២-ការរានដីព្រៃធ្វើជាកម្មសិទ្ធិហាមកុំចាប់, ទី៣-ឈើដែលកម្លាំងចម្រុះខេត្ត និងស្រុកបានរឹបអូសត្រូវប្រគល់ឱ្យពួកខ្ញុំវិញទាំងអស់ បើមិនដូច្នោះទេពួកគាត់មិនស្តាប់សមត្ថកិច្ចនោះឡើយ ។
លោក សុខ មីន បានបន្តទៀតថា រៀងរ៉ាវដែលកើតឡើងខាងលើនេះគាត់ និងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តដើម្បីតាមដាន និងស្រាវជ្រាវរកជនបង្កដែលដុតស្នាក់ការបរិស្ថានឧទ្យានជាតិអូរយ៉ាដាវយកមកផ្តន្ទាទោសឱ្យខានតែបាន ។ ដោយឡែកសារព័ត៌មានយើងតេទូរស័ព្ទទំនាក់ទំនងលោក សុខុន នាយកឧទ្យានជាតិអូរយ៉ាដាវអត់បានដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ៕
loading...
ប្រភព : kohsantepheapdaily
No comments:
Post a Comment