លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកម្មវិធីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥៤នៅស្នាក់ការរបស់កាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ (រូបថតដកស្រង់ចេញពីហ្វេសប៊ុករបស់ Samdech Hun Sen, Cambodian Prime Minister)
loading...
ក្រោយពីបានអរគុណនឹងអ្នកជូនពរឲ្យលោកបានជាសះស្បើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងបានធូរស្រាលពីជំងឺ បានប្រតិកម្មនឹងអ្នកប្រមាថជីវិតលោកតាមបណ្តាញសង្គម ពេលលោកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។ភ្នំពេញ ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះបានប្រតិកម្មទៅនឹងអ្នកប្រមាថជីវិតរបស់លោកតាមបណ្តាញសង្គម Facebook ដោយបានឆ្លើយតបថា កុំសង្ឃឹមការបន់ស្រន់ទេវតាឲ្យលោកស្លាប់នោះ។ លោកនិយាយថា ទេវតាបានកំណត់ឲ្យលោកមកឈរដឹកនាំប្រទេសកម្ពុជា ហើយបាននាំមកនូវសុខសន្តិភាពនិងផ្តល់ឱកាសរស់រៀនមានជីវិតដល់អ្នកប្រមាថលោកព្រមទាំងជីដូនជីតារបស់ពួកគេផងដែរ។
លោក ហ៊ុន សែន ថ្លែងទៀតថា ការប្រមាថលោកនឹងក្លាយជាបណ្តាសាសម្រាប់ខ្លួនឯងទៅវិញទេ៖
«ហើយក៏សុំផ្តាំផ្ញើទៅអ្នកដែលមិនត្រូវការខ្ញុំ ហើយចង់ផ្តួលរំលំខ្ញុំ សូមកុំសង្ឃឹមថា រង់ចាំឱកាសនៃសុខភាពរបស់ហ៊ុន សែន ហើយសុំកុំចង់ចាំការស្លាប់របស់ ហ៊ុន សែន ឲ្យសោះ»។
លោក ហ៊ុន សែន ដែលច្រើនតែទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យល្អៗនៅក្រៅប្រទេស បានបន្តថា លោកមិនស្លាប់ដោយងាយៗនោះទេ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្រោយពីបានថ្លែងអំណរគុណអ្នកដែលជូនពរលោកឲ្យឆាប់បានជាសះស្បើយ។
កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានអុរគុណលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានសរសេរសារជាភាសាអង់គ្លេសតាមបណ្តាញ Twitter របស់លោក ជូនពរឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាគូប្រជែងនយោបាយរបស់លោក ឆាប់បានជាសះស្បើយ។ សារនៅលើទំព័រ Twitter របស់លោក សម រង្ស៊ី ចេញផ្សាយក្រោយពីលោក ហ៊ុន សែន សរសេរនៅលើទំព័រ Facebook របស់លោកសម្តែងការសោកស្តាយនិងសុំទោសមន្ត្រីរាជការនិងមន្ត្រីបរទេស។ លោកត្រូវលុបចោលកម្មវិធីមួយចំនួនដោយសារបញ្ហាសុខភាព។
My best wishes for a full and speedy recovery to Prime Minister Mr. Hun Sen. #SamRainsy #Cambodia pic.twitter.com/ecYJ8qvaYy— Rainsy Sam (@RainsySam) 5 May 2017
អ្នកវិភាគរូបនេះថ្លែងប្រាប់ VOA ថា៖
«ការប្រើសប្រាស់ Facebook នៅកន្លែងខ្លះហាក់ដូចជាវាបាត់នូវក្រមសីលធម៌ដូចជាការជេរប្រមាថគ្នាក៏យើងឃើញដែរ»។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងសុន្ទរកថានៃកម្មវិធីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥៤នៅស្នាក់ការរបស់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយភរិយារបស់លោកគឺលោកស្រី ប៊ុន រ៉ានីហ៊ុន សែន។
កម្មវិធីនេះក៏មានការកៀរគរថវិកាបានប្រមាណ១៣,៤លានដុល្លារសហរដ្ឋអាមេរិកពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៧ផងដែរ។
ក្រៅពីបញ្ហាកាកបាទក្រហម លោក ហ៊ុន សែន ថ្លែងអំពីបញ្ហាសង្គមនានា ដូចគ្រោះថ្នាក់ចរាចរ ជំងឺអេដស៍ និងថ្នាំញៀន។ លោកថ្លែងថា ការដឹកនាំប្រទេសមានមនុស្សជាង១៥លាននាក់មិនមែនជាការងាយស្រួលទេ ហើយពលរដ្ឋមិនគួរមើលតែចំណុចអវិជ្ជមាន ហើយបន្ទោសការដឹកនាំរបស់លោកនោះទេ។
លោកនាយករដ្ឋមន្ត្រីខ្មែរថ្លែងថា៖
«យើងមានកូនបីនាក់ យើងលំបាកប៉ុណ្ណេះ ហើយមកស្តីបន្ទោសរដ្ឋាភិបាលដែលគ្រប់គ្រងប្រជាពលរដ្ឋរហូតទៅដល់១៥លាននាក់ វាមិនមែនជាការសមរម្យនោះទេ។ គួរស្តីបន្ទោសខ្លួនដែលខ្វះការទទួលសុខត្រូវក្នុងការអប់រំកូនចៅ»។
ទោះជាយ៉ាងណាក្តី លោក មាស នី យល់ឃើញថា វិបត្តិសង្គមដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងជាកំហុសទាំងអស់គ្នា ប៉ុន្តែលោកយល់ថា វាជាការទទួលខុសត្រូវរបស់អាជ្ញាធរ រដ្ឋាភិបាលច្រើនជាងឪពុកម្តាយជនរងគ្រោះនៃជំងឺសង្គមទាំងនេះ។ លោកទទួលស្គាល់ថា ប្រទេសណាក៏មានបញ្ហាសង្គមដែរ ដូចជាគ្រឿងញៀនជាដើម។
«រដ្ឋាភិបាលជាអ្នកទទួលបន្ទុកមើលកិច្ចការទាំងអស់ហ្នឹងបាន។ ទោះបីជារដ្ឋាភិបាលប្រកែកថា នៅស្រុកណាក៏មានដែរក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលគឺជាអាជ្ញាធរមួយឬជាយន្តការមួយដែលពលរដ្ឋផ្តល់ការទុកចិត្ត»។
ក្នុងសុន្ទរកថានៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន ក៏ថ្លែងអំពីការគំរាមកំហែងដោយសង្គ្រាមនុយក្លេអ៊ែរដែលអាចកើតមាននៅឧបទ្វីបកូរ៉េ និងសង្គ្រាមក្នុងតំបន់ផ្សេងៗទៀតក្នុងពិភពលោក។
«លទ្ធផលចុងក្រោយគឺមានតែអ្នកចាញ់ប៉ុណ្ណោះ។ សង្ឃឹមថា ប្រទេសមហាអំណាចនុយក្លេអ៊ែរហើយដែលកំពុងបង្អួតសាច់ដុំដាក់គ្នា ជាម៉ែគ្រាប់បែក និងជាឪគ្រាប់បែក ជានុយក្លេអ៊ែរនិងនុយក្លេអ៊ែរគប្បីត្រូវបានគិតគូរឡើងវិញអំពីជម្រើសនយោបាយផ្សេងៗគ្នា»។
លោក ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ បានប្រាប់អ្នកចូលរួមអំពីសារៈសំខាន់នៃសន្តិភាពដែលប្រទេសកម្ពុជាកំពុងមានសព្វថ្ងៃ ក្រោយពីប្រទេសនេះហែកហួរដោយសង្គ្រាមច្រើនទសវត្ស។ លោកបន្តថា គ្រោះថ្នាក់នៃសង្គ្រាមនៅតែបន្តមាននៅកម្ពុជាដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម៕
loading...
ប្រភព : voakhmer
No comments:
Post a Comment