តំបន់អេកូទេសចរណ៍ រមណីយដ្ឋានព្រែកត្នោត ធម្មជាតិដ៏ស្រស់ស្អាតនិងមានជីវចម្រុះ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
តំបន់អេកូទេសចរណ៍ រមណីយដ្ឋានព្រែកត្នោត ធម្មជាតិដ៏ស្រស់ស្អាតនិងមានជីវចម្រុះ

តំបន់អេកូទេសចរណ៍ រមណីយដ្ឋានព្រែកត្នោត ធម្មជាតិដ៏ស្រស់ស្អាតនិងមានជីវចម្រុះ

Share This

ប្រទេសកម្ពុជា ក្រៅពីមានកន្លែង មើលផ្សោតទឹកសាប នៅខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ដែលពេញនិយមមានតែ នៅប្រទេសយើង និង ប្រទេសលាវនោះ មានកន្លែងមើល ហ្វូងផ្សោតសមុទ្រថ្មីមួយ ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិ និយមចូលចិត្តទស្សនានោះ គឺ រមណីយដ្ឋានព្រែកត្នោត ស្ថិតក្នុង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ 

ប្រសិនបើយើងបានទៅដល់ទីនោះហើយ យើងពិតជាមិននឹកស្មានដល់ទាល់តែសោះថា ប្រទេសយើងនៅមានហ្វូងសត្វផ្សោតសមុទ្រយ៉ាងច្រើនដែលបានបណ្តែតខ្លួនបង្អួតរាងឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានគយគន់រូបរាងដ៏គួរជាទីទាក់ទាញរបស់វា។

ដោយសារតែទីនោះ ទើបតែបានរកឃើញថ្មីៗនេះហើយ ទើបឆ្នាំនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បាននាំគ្នាទៅកម្សាន្តកាយនៅរមណីយដ្ឋានធម្មជាតិព្រែកត្នោតនេះ កាន់តែច្រើនឡើងៗជាលំដាប់ ។ 



ចំណុចសំខាន់ដែលនាំឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅលេងកាន់តែច្រើនឡើងៗ គឺការទស្សនាធម្មជាតិព្រៃព្រឹក្សាលតាជាតិ និងជីវចម្រុះ ការងូតទឹកលេងកម្សាន្តនៅតាមដងស្ទឹងដែលរំលេចទៅដោយផ្ទាំងថ្មដែលផុសចេញពីទឹក និងជាពិសេសនោះ គឺការទស្សនាមាត់សមុទ្រ ។ 

រមណីយដ្ឋានព្រែកត្នោតកំពុងល្បីពេញនិយម ព្រោះដោយសារនៅតំបន់នេះ មានទឹកជ្រោះជាច្រើនកន្លែងដែលហូរចុះពីភ្នំបូកគោទៅទម្លាក់ក្នុងផ្ទៃសមុទ្រ ទើបធ្វើឱ្យតំបន់នេះក្លាយទៅជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ហើយភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានចាត់ទុកតំបន់រមណីយដ្ឋានព្រែកត្នោតនេះថា ប្រៀបប្រដូចជាតំបន់ទឹកឈូថ្មី ។

លោកមេឃុំព្រែកត្នោតបាននិយាយប្រាប់ថា រមណីយដ្ឋានព្រែកត្នោតនេះ ត្រូវបានអង្គការសង្គ្រោះសត្វព្រៃ ( SCW ) នៅខេត្តកំពតជាអ្នកជួយបង្កើតឱ្យទៅជា អេកូទេសចរណ៍ដែលគ្រប់គ្រងដោយសហគមន៍នៅក្នុងឃុំឱ្យចេះមើលថែរក្សា និង របៀបទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិដែលមកកម្សាន្ត ដោយពួកគាត់នៅទីនេះរកបានប្រាក់កម្រៃយ៉ាងងាយក្នុងការជូនភ្ញៀវដើរកម្សាន្តនៅក្នុងព្រៃ ជាពិសេសការជូនភ្ញៀវជិះទូកទៅមើលហ្វូងផ្សោតនៅសមុទ្រយ៉ាងសប្បាយរីករាយទៀតផង ។

លោក ឡេង សារ៉ន ប្រធានអង្គការសង្គ្រោះសត្វ ព្រៃបានឱ្យដឹងថា ប្រធានអង្គការសង្គ្រោះសត្វព្រៃដែលហៅកាត់ថា ជ្ថឺ ប្រចាំការខេត្តកំពតបានឱ្យដឹងថា អង្គការសង្គ្រោះសត្វព្រៃកម្ពុជាបានមកធ្វើការសិក្សា នៅឃុំព្រែកត្នោត ខេត្តកំពត តាំងពីឆ្នាំ ២០០៧ មកម៉្លេះ ហើយក៏ចាប់ផ្តើមបង្កើតឱ្យមានជាសហគមន៍ទេសចរណ៍ រហូតមកដល់សព្វថ្ងៃនេះ ។ 

កាលពីមុនប្រជាពលរដ្ឋ រស់នៅឃុំព្រែកត្នោតជាច្រើនមានមុខរបរបាញ់សត្វ កាប ព្រៃឈើ យកទៅលក់ និងដាក់អន្ទាក់សត្វនៅភ្នំបូកគោ និងពលរដ្ឋមួយផ្នែកទៀត គឺមានរបរជាអ្នកនេសាទសមុទ្រ ។ 
លោក ឡេង សារ៉ន បាននិយាយប្រាប់ថា តាំងពីអង្គការបានបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិនេះមក ប្រជាពលរដ្ឋបានបញ្ចប់ការដាក់អន្ទាក់សត្វ ការកាប់ឈើ ដោយងាកមកធ្វើជាអ្នកជូនភ្ញៀវទៅកម្សាន្តតាមកន្លែងផ្សេងៗ ឬក៏លក់ដូរនំចំណីឱ្យភ្ញៀវដែលមកកម្សាន្តនៅទីនេះ ហើយភ្ញៀវខ្លះនៅពេលត្រឡប់ទៅវិញ ពួកគេក៏បានទិញវត្ថុអនុស្សាវរីយ៍មួយចំនួនដែលសហគមន៍ផលិតថែមទៀតផង ។ នៅសមុទ្រសហគមន៍អាចជូនភ្ញៀវជិះទូកទៅមើលហ្វូងផ្សោតសមុទ្រវនិង ព្រៃកោងកាង នេះជា ការរកកម្រៃដោយវិធីស្របច្បាប់របស់សហគមន៍ 
ដោយអង្គការសង្គ្រោះសត្វព្រៃ មន្ទីរទេសចរណ៍ខេត្ត មន្ត្រីមូលដ្ឋាន ជាអ្នកជួយសម្របសម្រួលឱ្យ ។ 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបាននិយាយប្រាប់ថា រមណីយដ្ឋាននៅខេត្តកំពត មានចំនួន ១៣ កន្លែងផ្សេងៗគ្នា ដូចជារមណីយដ្ឋាននៅភ្នំកំពង់ត្រាចស្ថិតនៅស្រុកកំពង់ត្រាច តំបន់ទេសចរណ៍នៅអន្លង់ព្រីង ជាប់ព្រំដែនវៀតណាម ដែលទីនោះភ្ញៀវអាចទស្សនាហ្វូងសត្វក្រៀលដ៏កម្រ នៅស្រុកកំពង់ត្រាច រមណីយដ្ឋាននៅភ្នំខ្យងស្ថិតនៅស្រុកកំពង់ត្រាច សួនសត្វ ទឹកឈូ រមណីយដ្ឋានណាតាយ៉ា រមណីយដ្ឋានភ្នំឈ្ងោក ស្រុកទឹកឈូ រមណីយដ្ឋានភ្នំស ស្រុកទឹកឈូ រមណីយដ្ឋានទឹកឈូ រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា ស្រុកទឹកឈូ រមណីយដ្ឋានទំនប់ម្លេច ស្រុកជុំគិរី 
រមណីយដ្ឋានព្រែកអម្ពិល រមណីយដ្ឋានភ្នំដូង រមណីយដ្ឋានភ្នំបូកគោ ពិសេសជាងទៅទៀតនោះ គឺភ្ញៀវទេសចរអាចទស្សនាផ្សោតនៅរមណីយដ្ឋានព្រែកត្នោតដែលទើបបង្ហាញខ្លួនថ្មីៗនេះ ។

លោក សយ ស៊ីណុល បាននិយាយប្រាប់ថា ឆ្នាំនេះភ្ញៀវជាតិបានថយចុះ តែមានភ្ញៀវអន្តរជាតិបានកើនទៅដល់ ១០ ម៉ឺននាក់ឯណោះ ។ 

បើចង់ទៅទស្សនា ផ្សោតសមុទ្រនៅព្រែកត្នោត គេត្រូវចេញទៅខេត្តកំពត ទិសខាងលិច តាមផ្លូវជាតិ លេខ ៣ ក្នុងចម្ងាយ ២០ គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហមដែលឡើងទៅកាន់អន្លង់ ទឹកហូរ ៤ ទៅ ៥ ថ្នាក់ គឺមានរូបថត និង ស្លាកសញ្ញាបង្ហាញផ្លូវដែលមានរូបថតប្លែកៗជាច្រើននៅរមណីយដ្ឋានព្រែកត្នោត ជាពិសេសគឺរូបថតហ្វូងផ្សោតសមុទ្រដែលធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិដែលបានឃើញស្លាកសញ្ញាទាំងនេះ ៕













ប្រភព : bophapursat

No comments:

Post a Comment