មិនធម្មតា! ពលករខ្មែរសាងឈ្មោះបោះសំឡេងនៅកូរ៉េ​ខាងត្បូង​ ធ្វើឲ្យ​ថៅកែៗពេញចិត្ត​ស្រឡាញ់​ជាងជាតិ​សាសន៍​ដទៃ ព្រោះការ​តាំងចិត្ត​ខ្ពស់​នឹង​គុណភាព​ការងារ រួមទាំងមានភាពស្មោះត្រង់ផងដែរ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
មិនធម្មតា! ពលករខ្មែរសាងឈ្មោះបោះសំឡេងនៅកូរ៉េ​ខាងត្បូង​ ធ្វើឲ្យ​ថៅកែៗពេញចិត្ត​ស្រឡាញ់​ជាងជាតិ​សាសន៍​ដទៃ ព្រោះការ​តាំងចិត្ត​ខ្ពស់​នឹង​គុណភាព​ការងារ រួមទាំងមានភាពស្មោះត្រង់ផងដែរ

មិនធម្មតា! ពលករខ្មែរសាងឈ្មោះបោះសំឡេងនៅកូរ៉េ​ខាងត្បូង​ ធ្វើឲ្យ​ថៅកែៗពេញចិត្ត​ស្រឡាញ់​ជាងជាតិ​សាសន៍​ដទៃ ព្រោះការ​តាំងចិត្ត​ខ្ពស់​នឹង​គុណភាព​ការងារ រួមទាំងមានភាពស្មោះត្រង់ផងដែរ

Share This

«ខ្ញុំចង់​ឲ្យបង​ប្អូនខ្មែរ​បានមក​ឲ្យបាន​ច្រើន​ ហើយក៍​ចង់ឲ្យ​នៅស្រុក​ខ្មែរ​មានការងារ​ល្អ មាន​ការងារ​បាន​ប្រាក់ខែ​ច្រើនដូច​នៅគេ​ដែរ»។
loading...
ស៊ូវុន (កូរ៉េខាងត្បូង) ៖ ពលករខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ប្រើ​កម្លាំង​ជាថ្នូរ​នឹង​លុយ​កាក់​ចញ្ចឹម​ជីវភាព បាន​ធ្វើ​ឲ្យ​ថៅកែ​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​រំជួល​ចិត្ត​និង​កោត​សរសើរ​ដល់​ពលករ​ខ្មែរថា​ជា​ពលករ មាន​ការ​តាំងចិត្ត​ខ្ពស់​នឹង​គុណភាព​ការងារ រួមទាំងមានភាពស្មោះត្រង់ផងដែរ។

ធ្វើការ​បណ្តើរ​ថ្លែង​ប្រាប់​វីអូអេ (VOA)​បណ្តើរ​លោក ឡេង ចាន់រី​ អាយុ​៣៤ឆ្នាំ​មកពី​ខេត្ត ពោធិ៍សាត់​ ដែល​ជា​ពលករ​ចំណាក​ស្រុក​ផ្នែកជ្រៀកជ័រ​ក្នុង​រោងចក្រ​មួយ​ក្បែរ​ក្រុង​ ស៊ូវ៉ុន​ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា​ ថៅកែ​ស្រឡាញ់​ចូលចិត្ត​ ហើយ​ការងារ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​ឲ្យ​លោក​អាច​ទ្រទ្រង់​ជីវភាព​បាន​ប្រសើរ​ជាង​កិច្ចការ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា​ ចំណូល​ចិត្ត​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​គឺ​ដោយសារ​តែ​រោងចក្រ​ស្រុកខ្មែរ​ដែល​លោក​ធ្លាប់​ធ្វើការ​នោះ​ ផ្តល់ប្រាក់​ខែ​ដល់​លោក​ត្រឹម​តែ​ជាង​១០០ដុល្លារ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រាក់​ខែ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជិត២ពាន់​ដុល្លារ​ក្នុង​១ខែ​នោះ។

«ខ្ញុំមើលទៅ​វាមាន​គម្លាតគ្នា​ឆ្ងាយជាក់​ស្តែង»។

លោក​ថា​លោក​ចូលចិត្ត​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​ ដោយ​មួយ​ថ្ងៃ​លោក​ធ្វើការ តែ​៨ម៉ោង​ គ្មាន​ការ​រំលោភ​សិទ្ធិ​ គ្មាន​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មិន​សមរម្យ​ពី​ថៅកែ​ ហើយ​នៅ​ពេល​ធ្វើ​កាងារ​ថែម​ម៉ោង​ ថៅកែ​នឹង​ផ្តល់​កំរ៉ៃ​បន្ថែម​ទៀត​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​ កូន២​នាក់ ហើយ​និងគ្រួសារ​នៅ​ស្រុក​ខ្មែរ។ ក្រៅ​ពី​នោះ​ថៅកែ​ បាន​ផ្តល់​បាយ​ទឹក​ និង​កន្លែង​ស្នាក់​នៅ​ដើម្បី​ធ្វើការ​ដែល​លោក​ថា លោក​ចង់​ឃើញ​ពលករ​ខ្មែរ​មក​ធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឲ្យ​បាន​ច្រើន ហើយ​កម្មករ​រោងចក្រ​នៅស្រុក​ខ្មែរ​ ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ​ មាន​ការ​គោរព សិទ្ធិ​កម្មករ​ ហើយ​និង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ដូចគ្នា​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ។

«ខ្ញុំចង់​ឲ្យ​បង​ប្អូនខ្មែរ​បាន​មក​ឲ្យ​បាន​ច្រើន​ ហើយ​ក៍​ចង់​ឲ្យ​នៅ​ស្រុក​ខ្មែរ​មាន​ការងារ​ល្អ មាន​ការងារ​បាន​ប្រាក់​ខែ​ច្រើន​ដូច​នៅ​គេ​ដែរ»។

រោង​ចក្រ​ជ្រៀក​ជ័រ​សម្រាប់​ធ្វើ​គ្រឿង​បម្លាស់​រថយន្ត​និង​គ្រឿង​ចក្រ​ផ្សេងៗ​នេះ​រក ចំណួល​ជា​មធ្យម​ប្រមាណ​៧០ម៉ឺន​ដុល្លារ​ស.រ.អា​ក្នុង​មួយ​ឆ្នាំ​ ដោយ​ប្រើប្រាស់​ពលករ ខ្មែរ​ពីរ​នាក់​និង​កូរ៉េ​ខាង​ត្បូង​ពីរ​នាក់​ដើម្បី​បញ្ជា​ម៉ាស៊ីន​ជ្រៀក​និងរុំ​បន្ទះ​ជ័រ​ជា​ដុំៗ​សម្រាប់​ការ​ដឹក​ចេញ​ទៅ​ផ្គត់ផ្គង់​នៅ​សហគ្រាស​ក្នុង​ស្រុក។

ថ្លែង​ប្រាប់​ វីអូអេ ​នៅ​ក្នុង​រោងចក្រ​លោក ​ហ៊ូវ ជិន ហ្គូ ​(Heo Jin Gu)​ ដែល​ជា​មេការ​រោងចក្រ​បាន​ថ្លែង​ថា រោងចក្រ​លោក​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ទាំង​គុណភាព​នៃ​ការ​ផលិត​និង​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​ដល់​សហគ្រាស​ធំៗ។

«ទី​មួយ​ឥវ៉ាន់​ទាំងអស់​ហ្នឹង​ នាំ​ចូល​ពីខាង​ក្រៅ​មក​ខ្លះ​ ក្នុង​ប្រទេស​ខ្លះ​ ដើម្បី​យក​មក​កែច្នៃ​ ហើយ​បន្ទាប់​មក​យើង​លក់​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ដើម្បី​គេ​កែច្នៃ​ចូល​ក្នុង​គ្រឿង អគ្គីសនី»។

លោក ​ហ៊ូវ ជិន ហ្គូ​ បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់​ដល់​ពលករ​ចំណាក​ស្រុក​ជនជាតិ​ខ្មែរ​ដែល​ចេះ​អត់ធ្មត់​ ស្រឡាញ់​ការងារ​ ស្លូតបូត ​និង​ឆ្លាត​វៃ។

«ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ជនជាតិ​ដទៃ​ទៀត​ តែ​បើ​ប្រៀប​ធៀប​គ្នា ខ្មែរ​យើង​គឺ​ល្អ​ជាង។​ បើ​ជនជាតិ​ផ្សេង​ ដូចជា​ជនជាតិ​ចិន​ជាដើម​ ធ្វើការ​ហាក់​ដូច​ជា​ មិន​ដូចអ្វី​ដែល​ខ្ញុំ​ចង់បាន ​មិន​សូវ​ស្លូតបូត​ជាដើម»។

នៅឯ​រោងចក្រ​ផលិត​គ្រឿង​ម៉ាស៊ីន​ត្រជាក់​មួយស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មានពី​ក្រុង​ស៊ូវ៉ុន ដែរ​នោះ ​ថៅកែ​កូរ៉េ​ លោក ​ឌូ ស៊ុង លី ​( Doo-Sung Lee)​ ក៏​បាន​បង្ហាញ​ពី​ការ​ចូលចិត្ត​ជន ជាតិ​ខ្មែរ​ផង​ដែរ។

«ពីមុន​មក​ក៏​មាន​ជនជាតិ​ថៃ​ ជនជាតិ​វៀតណាម​ដែរ​ ធ្វើការ​នៅទីនេះ​ដែរ​ ចម្រុះ​ជាតិ សាសន៍​ តែ​ដោយសារ​តែ​ក្រោយ​មក​ឃើញ​ថា ជនជាតិ​ខ្មែរ​យើង​ធ្វើ​ការងារ​បាន​ល្អ​ គាត់​ក៏​ជម្រុះ ម្តង​មួយៗ​ នៅ​សល់​តែ ​ជនជាតិ​ខ្មែរ​ ហើយ​និង​ជន​ជាតិ​កូរ៉េ​តែ​ម្តង»។

លោក​បាន​បន្ត​ថា​រោងចក្រ​របស់​លោក​បាន​ផ្តល់​ប្រាក់​ខែ​ច្រើន​ដល់​ជន​ជាតិ​ខ្មែរ​និង​កូរ៉េ សឹង​តែ​ប្រហាក់​ប្រហែល​គ្នា​ ក្រៅ​ពី​ផ្តល់​ជម្រក​ ម្ហូប​អាហារ​ដើម្បី​ជាកម្លាំង​ចិត្ត​ឲ្យ​ពលករ ផ្តោត​ការងារ​ជា​ពិសេស​ទៅ​លើ​គុណភាព​ បរិមាណ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​រោងចក្រ​ផ្សេង។

«មាន​ការ​ប្រកួត​ប្រជែង​ច្រើន​មិន​តិចទេ។ អញ្ចឹង​ហើយ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ហ្នឹង​ថោក​ជាង​គេ​ គុណភាព​ឲ្យ​ខ្ពស់​ជាង​គេ។​ បើ​មិន​អញ្ចឹងទេ​ គេ​នឹង​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ផលិត​ហើយ។ ដូច្នេះ​ដើម្បី​ឲ្យ​យើង​បាន​ផលិត​មាន​ការងារ​ធ្វើ​ត​ទៅ​ទៀត ទាល់​តែ​យើង​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ថោក​ជាង​គេ​ គុណភាព​ល្អ​ជាង​គេ​ដើម្បី​ឲ្យ​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន»។

ព្រឹម ភូមី ​ជាពលករ​ផ្នែក​ម៉ាស៊ីន​ត្រជាក់​កំពុង​ធ្វើការ​ពី​ម៉ាស៊ីន​មួយទៅ​ម៉ាស៊ីន​មួយ​ទៀត បាន​និយាយថា​ មុខរបរ​ជា​គ្រូ​បង្រៀន​នៅ​ស្រុកខ្មែរ​មិនអាច​ឲ្យលោក​រស់បាន​ទេ។ លោក​បង្ខំ​ចិត្តមក​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​អាច​សន្សំ​ប្រាក់​ខ្លះ​បង្កើត​មុខ​របរ​ពេល​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​វិញ។

«ដោយសារ​ខ្ញុំជា​អតីត​គ្រូ​បង្រៀន ខ្ញុំ​ទៅវិញ​ ខ្ញុំចង់​បង្កើត​មុខរបរ​ណា​ដែល​ទាក់ទង​នឹង វិស័យ​អប់រំ​ ដូចជា​បើក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ភាសា​ដែល​ខ្ញុំ​ចេះ ​ឬក៏​ជំនាញ បំនិន​ជីវិត​ហ្នឹង​ដើម្បី​បណ្តុះ​បណ្តាល»។

លោក​បាន​ថ្លែង​ថា លោក​ចង់​ទៅ​ផ្ទះ​វិញ​ដើម្បី​រស់​នៅ​ជួប​ជុំ​ក្រុមគ្រួសារ ប៉ុន្តែ​ថៅកែ​ឃាត់ មិន​ទាន់​ឲ្យ​ទៅវិញ​នៅ​ឡើយ​ទេ។

ប្រទេស​កម្ពុជា​និង​ប្រទេស​កូរ៉េ​ខាងត្បូង​បានភ្ជាប់​ទំនាក់​ទំនង​ការទូត​២០ឆ្នាំ​ហើយ​តាំង​ពី​ឆ្នាំ ១៩៩៧​មក។ ទំនាក់​ទំនង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រឹត​ចំណង​ការទូត​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ការ​ទទួល​ពលករ​ទៅ​ធ្វើ​ការងារ​ ការ​ផ្លាស់ប្តូរ​វប្បធម៌​ សាសនា​និង​ការ​អប់រំ​ជា​ដើម។
រូបឯកសារ៖ ពលករ​ខ្មែរ​បាន​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)
ក្រុម​និស្សិត​ខ្មែរ​មក​រៀន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ចំនូន​ជិត​៤០០នាក់​ ហើយថ្មីៗ​ក្រុម​គ្រូ​បង្រៀន​កម្ពុជា​ថ្នាក់​បឋម​និង​មធ្យម​សិក្សា​ក៏​មាន​ការ​ផ្លាស់ប្តូរ​ពិសោធន៍​ទៅវិញ​ទៅ​មក​ក្រោម​គម្រោង​របស់​អង្គការ​យូណេស្កូ។

លោក​ អ៊ុន វីរៈ ​គ្រូ​បង្រៀន​វិទ្យាល័យ​យុគន្ធរ​ បាន​ថ្លែង​ប្រាប់​វីអូអេ​ពីសារៈ​សំខាន់​នៃ ទំនាក់​ទំនង​ផ្នែក​អប់រំ។

«អ្វីដែល​យូណេស្កូ​បាន​បញ្ជូន​គ្រូបង្រៀន​ពី​ស្រុកខ្មែរ​ដើម្បី​មក​ផ្លាស់ប្តូរ​ជាមួយគ្រូ​នៅ​កូរ៉េ​នេះ​ មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់»។

អ្នកគ្រូ​ អ៊ុល សេដ្ឋាវី​ នៃសាលា​បឋម​សិក្សា​ទួលគោក​បាន​ថ្លែងថា៖

«ពួកយើងខ្ញុំ​នេះមក​ពី​ស្រុកខ្មែរ​មាន​អ្នកគ្រូ​ លោកគ្រូ​ចំនួន​៦នាក់​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ យើង​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​រវាង​កូរ៉េនិង​កម្ពុជា​យើង»។

ក្រុមគ្រូ​បង្រៀន​បាន​និយាយ​ស្រដៀង​គ្នា​ថា បទ​ពិសោធន៍​នានា​ រាប់​ទាំង​ការ​បង្រៀន ដែល​សម្បូរ​ទៅ​ដោយ​សម្ភារៈ​ ថ្នាក់​រៀន​មាន​សិស្សតិច​ វិធីសាស្ត្រ​នៃ​ការ​បង្រៀន​និង​បទ​ពិសោធន៍​ផ្សេង​ទៀត​គឺ​ជា​រឿង​ដែល​អាច​ដក​ពិសោធន៍​បាន។

ក្រុមគ្រូ​បង្រៀន​ទាំងនេះ​ បាន​ចូលរួម​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ជាមួយ​ពលករ ពលការិនី​ខ្មែរ​ក្នុងក្រុង​ ស៊ូវុន​ ប្រទេស​កូរ៉េ​ខាងត្បូង​ ដូចជា​ព្រះសង្ឃ​ដែលត្រូវ​បាន​និមន្ត មក​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

ព្រះតេជ​ព្រះគុណ​ ភោគ គឹង​ គង់នៅ​វត្ត​ឧណ្ណាលោម ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​និមន្ត​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​បាន​បង្ហាញ​ពី​ភាពរីក​រាយ នៅ​ពេល​ឃើញ​ពុទ្ធ​សាសនិក​ខ្មែរ​ក្មេងៗ​ប្រាព្វ​ពីធី​បុណ្យ​តាម​ប្រពៃណី​ខ្មែរ។

«អាត្មា​មើល​ឃើញ​ក្មេងៗ​បងប្អូន​ពលករ​ ពលការិនី​ដែល​ប្រារព្វពិធី​ក្នុង​ប្រទេស​កូរ៉េ​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ គិតទៅ​កន្លែង​ខ្លះ​គ្រាន់​ជាង​នៅ​ស្រុក​ខ្មែរទៀត។ គ្រាន់​ជាងនៅ​ស្រុក​ខ្មែរ​អាត្មា​បង្ហាញ​ត្រង់​ចំណុច​ក្មេងៗ​ប្រារព្ធ​ពិធី​ហ្នឹង​ អត់មាន​ការកាប់​ចាក់​គ្នា​ អត់​មាន​វ៉ៃគ្នា​ លេង​ល្បែង​ដូច​ជា​បាច​ទឹក​និង​ទាក់​ទងនឹង​ច្បាប់​របស់​កូរ៉េផង​ ហើយ​ប្រពៃណី​ខ្មែរ​ដែល​គេ​ប្រារព្វ​ឡើង​ឃើញ​ថា​ល្អ​ប្រសើរ»។
ពលករ​កម្ពុជា​លេងល្បែងប្រជាប្រិយ​នៅ​សួន Manseok Park ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មេសា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)
ព្រះតេជ​ព្រះគុណ​មាន​សង្ឃដីកា​បន្ថែមថា​ ព្រះតេជគុណ​បាននិមន្ត​ចូលរួម​ក្នុង​ពិធី បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ជាច្រើន​កន្លែង​ ដែល​មាន​ពលករ​ ពលការិនី​ខ្មែរ​ ធ្វើការនៅ​ទីនោះ។

ព្រះតេជ​ព្រះគុណ រិន សារ៉ូ ​ជា​ប្រធាន​មជ្ឈមណ្ឌល​ពុទ្ធសាសនា​ខ្មែរ​នៅកូរ៉េ​មាន ថេរដីកា​ថា​ មជ្ឈមណ្ឌល​ដែល​ព្រះតេជព្រះ​គុណ​គង់​នៅ ​គឺកើត​ឡើង​ដោយ​សារ ពុទ្ធបរិស័ទ​ខ្មែរ​ កាលពី​ឆ្នាំ​២០០៨។

«បងប្អូន​ខ្មែរ​យើង​ដែល​មកធ្វើការ​នៅ​ទីនេះ​ទៅ​ដល់​ពេល​ជួបព្រះសង្ឃ​ទៅ​មានបំណង​ចង់ធ្វើ​បុណ្យ​ធ្វើទាន​ តែធ្វើ​នៅរោង​ចក្រ​អត់កើត។ អញ្ចឹង​ក៏ព្រមគ្នា​ ធ្វើកូន​កុដ​មួយ ទៅ»។

ព្រះតេជ​ព្រះគុណ​ រិន សារ៉ូ ​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា​ មជ្ឈមណ្ឌល​ពុទ្ធសាសនា​នេះ​ដើរតួនាទី​សំខាន់​ នៅ​ពេល​ត្រូវការ​ជំនួយ​ផ្សេងៗ​រាប់​ទាំង​ផ្តល់​ការ​ស្នាក់នៅ​ជា​បណ្តោះ​អាសន្ន​ ហើយ​និង​បញ្ហា​នៅ​កន្លែង​ការងារ​ដែល​ពិបាក​នឹង​ដោះស្រាយ។

«ពេល​មាន​បញ្ហា​មិន​ដឹង​ដោះស្រាយ​យ៉ាង​ម៉េច។ តាម​ពិត​ទៅ​គេ​មាន​ខាង​មជ្ឃមណ្ឌល ខាង​អង្គការ​សាសនា ​ជួយ​ជ្រោម​ជ្រែង​ច្រើន​ ដល់​ពេល​មាន​បញ្ហា​មិន​ដឹង​និយាយ​ប្រាប់ គេ​យ៉ាង​ម៉េច។​ ដល់ពេល​មិនដឹង​និយាយ​ ប្រាប់​គេ​ថា​ម៉េច​ បញ្ហា​វាចេះ​តែ​កើន​ថា​ដោះ ស្រាយ​អត់ចេញ ​តាមការ​ពិតបញ្ហា​ខ្លះ​ដោះស្រាយ​ងាយទេ»។

លោក​ យឹម ស៊ីណុន ​ប្រធាន​សមាគម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​អះអាង​ថា ពលករ​មាន​ការ​លំបាក​ដោយសារ​បញ្ហា​ភាសា​ ជាពិសេស​នៅពេល​ឈឺថ្កាត់។

«ជា​ធម្មតា​ពូកគាត់​នៅទីនេះ​គាត់មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុខភាព​ ដូចជា​ការឈឺ ថ្កាត់​ ផ្តាសាយ​ មាន​លក្ខណៈ​ធម្មតា​ គាត់មាន​សិទ្ធិ​ តែសិទ្ធិ​ដែល​គាត់​ទៅ​ត្រូវ​ឆ្លង​កាត់​ថៅកែ​មេការ ​ដែល​គាត់​ត្រូវអនុញាត ព្រោះ​អី​ធម្មតា​ ពួកកូរ៉េ​ជាអត្តចរិត​ ផ្ទាល់​តាម​ច្បាប់​គាត់​មិនអា​ចឃាត់​បានទេ​ ព្រោះ​យើង​ឈឺ យើង​ត្រូវតែ​សម្រាក​ តែ​ដោយ​សារ​តែ អត្តចរិត​នៃ​ការ​ធ្វើការ​លឿន​ប្រញាប់​របស់​ពួកគាត់​ហ្នឹង​ ឈឺតិច​តួចគាត់​មិន​ចង់​មាន​ការ​អនុញាត​ឲ្យស្រួល​ទេ»។

ពលករខ្មែរ​បាន​និយាយ​ពី​ផល​លំបាក​នៅពេល​មកធ្វើការ​ដំបូងៗ​ ដោយសារ​ត្រូវ​រៀន ជម្នះ​នឹង​ភាពត្រជាក់ ​ភាសា ​ទំនៀមទ​ម្លាប់​កូរ៉េ​ និង​លិខិត​ស្នាម​នានា​ពេលមាន​អាសន្ន។ ក្រុម​ពលករ​បាន​ទទូច​ដល់​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជួយ​ផ្តល់​សេវាកម្ម​ឬ​យោបល់​ដល់​ពលករ​បន្ថែម​ទៀត។

ក្រៅពី​ប្តេជ្ញា​ជួយ​សម្រួល​ដល់​ពលករ​និង​ពលការិនី​សរុប​ជាង​៦៥០០០​នាក់​និង​ការ លើក​ឡើង​ពី​សារៈ​សំខាន់​ នៃ​ទំនាក់​ទំនង​នានា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចាប់ផ្តើម​ជាមួយ​នឹង​កូរ៉េ​ខាងត្បូង​កាលពី​២០​ឆ្នាំមុន​ លោក ​អ៊ិត សំហេង ​រដ្ឋមន្ត្រី ក្រសួង​ការងារ​ បានលើក​ទឹកចិត្ត​ដល់​ពលករ​កូរ៉េ ​ឲ្យយក​ចិត្ត​ទុកដាក់​ ហើយ​រក្សា ឯតទគ្គកម្ម​ ជាពលករ​ល្អ​ ក្នុង​ចំណោម​១៦​ប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

«អញ្ចឹង​ទេ​កម្ពុជា​យើង​ជា​ប្រទេស​ដែល​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​លេខមួយ​ខាង គុណភាព​ពលករ។​ អញ្ចឹង​សូមឲ្យ​បងប្អូន​ទាំង​អស់​ខិតខំ​រក្សា​ ហើយ​ដើម្បី​ឲ្យ​បាន ចំណាត់​ថ្នាក់នេះ​ យើង​ត្រូវ​តែខិតខំ​ធ្វើការ​ ខិតខំ​អនុវត្ត​ច្បាប់​ គោរព​វិន័យ​ឲ្យ​បានល្អ»។

លោក ​អ៊ិត សំហេង ​បាន​ទទូច​យ៉ាងដូច្នេះ​ ក្នុងពេល​ដែល​លោក​បាន​ចូលរួម​ជាអធិបតី ក្នុង​ពីធី​សំណេះ​សំណាល​ជា​មួយ​ពលករ​ខ្មែរ​នៅក្នុង​ក្រុង​ស៊ូវ៉ុន​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី​១៦ ​ខែមេសា​ដែល​ស្ថាន​ទូតខ្មែរ​នៅទីនោះ​បានរៀបចំ​ពីធីបុណ្យ​ចូលឆ្នាំ ប្រពៃណីខ្មែរ​ ដើម្បីឲ្យ​ពលករ​បាន​ជួបជុំ​កម្សាន្ត​សប្បាយ៕

មហាសង្ក្រាន្ដឆ្នាំថ្មីខ្មែរ ២០១៧ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관
 
loading...
ប្រភព : VOAKHMER

No comments:

Post a Comment