មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ចាប់តាំងពីការចាប់ផ្ដើមបើកឲ្យធ្វើយុទ្ធនាការឃោសនា រហូតមកដល់ពេលនេះ ខាងលោកនៅមិនទាន់ទទួលបានពាក្យបណ្ដឹងពីគណបក្សណាមួយ ទាក់ទងសារគំរាមកំហែងទេ ក្រៅពីការជេរប្រមាថ៖ «»។
លោក ហង្ស ពុទ្ធា ឲ្យដឹងថា ចាប់ពីពេលចាប់ផ្ដើមយុទ្ធនាការរបស់គណបក្សនយោបាយនៅថ្ងៃទី២០ មកដល់ថ្ងៃទី២៨ ឧសភា មានបណ្ដឹងចំនួន ៣៤បណ្ដឹងនៅឯគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ និងខេត្ត។ ប៉ុន្តែបណ្ដឹងចំនួន ៣១ ត្រូវបានដោះស្រាយនៅថ្នាក់ឃុំ ហើយ ៣បណ្ដឹងកំពុងដោះស្រាយនៅថ្នាក់ខេត្ត។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងពេលឃោសនានៅឯក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា គួរដល់ពេលត្រូវគិតគូរអំពីការគំរាមកំហែង និងការរំខានដល់ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សលោកហើយ។
ការស្នើសុំនេះ គឺបន្ទាប់ពីមានការរំឭករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញាប់អំពីការកើតមានសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត។ ថ្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ឧសភា លោកនាយករដ្ឋមន្ត្រីផ្ដាំទៅគណបក្សប្រឆាំងថា កុំឲ្យចង់សាកកម្លាំងយោធាជាមួយលោក៖ «នៅកំដរបានអត់អីទេ! ហើយកូន ហ៊ុន សែន ទាំងអស់សុទ្ធតែជាទាហាន ហើយក៏ជាទាហានដែលចេញពី វេស្តផញ់ (West Point) ទៅទៀត។ សុំកុំជ្រួលជ្រើមនឹងសង្គ្រាម! កំដរបាន! សម្ដេចក្រុមព្រះរាងចាលហើយ។ ខ្ញុំបានប្រាប់ ខេនណិត ខ្វីន (Kenneth Quin) ថា បើចង់សាកល្បងកម្លាំងយោធា សូមកុំ។ ព្រះករុណាបិតា ព្រះអង្គក៏មានបន្ទូលប្រាប់ខ្ញុំថា សម្ដេចក្រុមព្រះបានទៅទូលព្រះអង្គថា ប៉ាប៉ា! កម្លាំងទូលបង្គំខ្លាំងជាងកម្លាំងរបស់ ហ៊ុន សែន មានអាកណ្ដុរចេញពីរូង មានចង្រិតចេញពីរន្ធ។ ក៏ប៉ុន្តែសង្គ្រាមត្រឹមតែប៉ុន្មានដង្ហើមចង្រិតប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិច ខ្ទេចដល់ថ្ងៃនេះ។ សូមកុំសាកល្បងកម្លាំងឲ្យសោះ»។
សារអួតអំណាចកម្លាំងយោធា ដែលលោកនាយករដ្ឋមន្ត្រីព្រមានទៅគណបក្សប្រឆាំងសម្រាប់ធ្វើសង្គ្រាមនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខក្រុមអ្នកកាន់សាសនាគ្រិស្តជាង ៤ពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលនាមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី២៥ ឧសភា។ លោកថា សង្គ្រាមអាចកើតមានចេញពីការប្រើប្រាស់ពាក្យសម្ដីធ្ងន់ជាងអាវុធរបស់មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលចោទលោកថា ជាអាយ៉ងវៀតណាម ថាកូនលោកជាកូនវៀតណាម និងការចង់កម្ទេចត្រកូល ហ៊ុន មុនគេ៖ «»។
មន្ត្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប នឹងពិនិត្យមើលការគំរាមកំហែងដែលចោទឡើង តែនៅពេលណាខាងលោកទទួលបានពាក្យបណ្ដឹងជាផ្លូវការ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងអគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានទេនៅថ្ងៃទី២៨ ឧសភា ដើម្បីបញ្ជាក់អំពីការស្នើសុំ ឬការដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប អំពីការគំរាមកំហែងដែលបានលើកឡើងនោះ។
ទោះជាយ៉ាងនេះក្ដី លោក យឹម សុវណ្ណ កាលពីថ្ងៃទី២៦ ឧសភា ថាគណបក្សសង្គ្រោះជាតិ មិនចង់ឆ្លើយអ្វីទៅនឹងសេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ព្រោះវាជារឿងចាស់ដដែលៗ។ ផ្ទុយទៅវិញ លោកគ្រាន់តែអំពាវនាវឲ្យប្រជាពលរដ្ឋតាំងស្មារតីឲ្យបាននឹងន ហើយទៅបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា៕
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment