![]() |
សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA |
loading...
លទ្ធផលស៊ើបអង្កេតរបស់អង្គការផ្នែកបរិស្ថានមួយរកឃើញថា មន្ត្រីរដ្ឋាភិបាល និងយោធារបស់ប្រទេសវៀតណាម សមគំនិតក្នុងសកម្មភាពជួញដូរឈើខុសច្បាប់ពីប្រទេសកម្ពុជា។ សកម្មជនបរិស្ថានកម្ពុជា បញ្ជាក់ថា សកម្មភាពនេះកើតឡើងជាយូរមកហើយ។ ការស៊ើបអង្កេត ក៏បានរកឃើញថា ការនាំឈើចេញពីកម្ពុជា ទៅវៀតណាម នៅបន្តកើតមាន។ ក៏ប៉ុន្តែក្រសួងបរិស្ថានកម្ពុជា អះអាងថា មិនមានការនាំចេញឈើចេញទៅវៀតណាម ទៀតនោះទេ ក្រោយពេលរដ្ឋាភិបាលចេញបម្រាម។អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ឬ EIA (Environmental Investigation Agency) ស្រាវជ្រាវឃើញថា មន្ត្រីរដ្ឋាភិបាល និងយោធាវៀតណាម បានទទួលយកប្រាក់សំណូករាប់លានដុល្លារសហរដ្ឋអាមេរិក ពីអ្នករត់ពន្ធឈើ ជាថ្នូរនឹងការអនុញ្ញាតឲ្យដឹកជញ្ជូនឈើរាប់រយពាន់ម៉ែត្រគូប ដែលបានមកដោយការកាប់ឈើខុសច្បាប់នៅក្នុងឧទ្យានជាតិកម្ពុជា នាំចេញទៅប្រទេសវៀតណាម ហើយវៀតណាម នាំចេញទៅទីផ្សារអន្តរជាតិ ពិសេសសហភាពអឺរ៉ុប។
ស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា និងក្រសួងការពារជាតិវៀតណាម មិនបានលើកទូរស័ព្ទនៅថ្ងៃទី៧ ឧសភា ពេលអាស៊ីសេរី ព្យាយាមសុំការបំភ្លឺ។
លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មន្ត្រីយុទ្ធនាការជាន់ខ្ពស់ផ្នែកព្រៃឈើនៃ EIA បញ្ជាក់ថា សហគមន៍អន្តរជាតិមិនអាចទទួលយកបានទេចំពោះសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម ដែលបានរៀបចំឲ្យមានឧក្រិដ្ឋកម្មព្រៃឈើឆ្លងដែនក្នុងទឹកប្រាក់រាប់លានដុល្លារនោះឡើយ ហើយសហភាពអឺរ៉ុប ដាច់ខាតមិនត្រូវនៅស្ងៀមធ្វើមិនដឹងមិនឮនោះទេ៖ «ទីមួយ វានឹងធ្វើឲ្យអន្តរាយដល់ប្រព័ន្ធនីតិរដ្ឋ និងព្រៃឈើនៅប្រទេសកម្ពុជា។ វាប៉ះពាល់ដោយសារការយកលុយទៅសូកប៉ាន់អាជ្ញាធរកម្ពុជា ហើយធ្វើឲ្យច្បាប់កម្ពុជា ត្រូវបានគេបំពានឲ្យដល់បាតកន្ទេល។ ស្ថានភាពនេះវាមិនល្អដល់ព្រៃឈើនៅប្រទេសណាក៏ដោយ»។
ទាក់ទងនឹងវិធីប្រមូលព័ត៌មានសម្រាប់ចងក្រងក្នុងរបាយការណ៍នេះវិញ លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មានប្រសាសន៍ថា ក្រុមលោកស៊ើបអង្កេតដល់ទីកន្លែង៖ «ក្រុមយើងចុះស្រាវជ្រាវដល់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ហើយយើងបន្លំធ្វើជាអ្នកទិញឈើពីឈ្មួញឈើខុសច្បាប់ទាំងនោះនៅក្នុងវៀតណាម»។
ចំណែកលោក អ៊ូច ឡេង សកម្មជនបរិស្ថាន និងជាម្ចាស់ពានរង្វាន់ Goldman Prize យល់ស្របនឹងការរកឃើញរបស់អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) នេះ ដោយលើកឡើងថា រឿងរ៉ាវនេះកើតមានជាយូរមកហើយ៖ «»។
ការរកឃើញរបស់ EIA នេះ ត្រូវផ្សាយនៅក្នុងរបាយការណ៍ «អ្នកប្រព្រឹត្តបទល្មើសដដែល៖ អាជីវកម្មជួញដូរឈើខុសច្បាប់របស់វៀតណាម ដែលកើតមានមិនចេះចប់»។
![]() |
សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA |
បើយោងតាមគេហទំព័ររបស់សហភាពអឺរ៉ុប ប្រទេសវៀតណាម ជាមជ្ឈមណ្ឌលពិភពលោកនៃពាណិជ្ជកម្មផលិតផលឈើ ហើយកាលពីឆ្នាំ២០១៤ ពាណិជ្ជកម្មឈើទ្វេភាគីរវាងវៀតណាម និងសហភាពអឺរ៉ុប មានតម្លៃ ៧០៥លានដុល្លារសហរដ្ឋអាមេរិក។
EIA បញ្ជាក់ថា អាជ្ញាធរវៀតណាម ដែលពុករលួយទាំងនោះ មិនត្រឹមតែមិនចាប់ឈើខុសច្បាប់ដែលដឹកជញ្ជូនពីប្រទេសកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានចេញលិខិតស្នាមធ្វើឲ្យឈើដែលគេកាប់ដោយខុសច្បាប់នៅក្នុងតំបន់អភិរក្សព្រៃឈើកម្ពុជា ក្លាយជាឈើស្របច្បាប់សម្រាប់ការនាំចេញទៅប្រទេសទីបី។
ក្រុមស៊ើបអង្កេតរបស់ EIA តាមដានឃើញថា ការឃុបឃិតសមគំនិតរបស់មន្ត្រី និងយោធាវៀតណាម ដែលអនុញ្ញាតឲ្យឈើដែលកាប់ដោយខុសច្បាប់ចេញពីប្រទេសកម្ពុជា អាចហូរចូលទៅក្នុងប្រទេសវៀតណាម ក្រោមរូបភាពស្របច្បាប់ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់ក្រុមអាជ្ញាធរដែលប្រព្រឹត្តអំពើពុករលួយប៉ុណ្ណោះទេ តែក៏បានផ្តល់ប្រយោជន៍ដល់ប្រទេសវៀតណាម ផងដែរ។
ការស៊ើបអង្កេតរកឃើញថា ឈ្មួញឈើវៀតណាម ក៏បានបង់ប្រាក់សំណូករាប់លានដុល្លារឲ្យមន្ត្រីកម្ពុជា ដើម្បីអាចចូលទៅកាប់ឈើ និងដឹកជញ្ជូនឈើក្នុងប្រទេសកម្ពុជា។
ឈ្មួញទាំងនោះបានប្រាប់អ្នកស៊ើបអង្កេតនៃ EIA ថា ពួកគេបានសូកប្រាក់ ៤៥ដុល្លារសម្រាប់ឈើ ១ម៉ែត្រគូបទៅឲ្យអាជ្ញាធរវៀតណាម រួមទាំងប្រធានគណៈកម្មាធិការនៃខេត្តយ៉ាឡាយ (Gai Lai) ជាថ្នូរនឹងការទទួលបានសិទ្ធិដឹកជញ្ជូនឈើចូលទៅប្រទេសវៀតណាម។
![]() |
គំនរឈើដែលដឹកពីប្រទេសកម្ពុជា ទៅស្តុកទុកនៅខេត្តយ៉ាឡាយ (Gai Lai) ប្រទេសវៀតណាម កាលពីខែមីនា ឆ្នាំ២០១៧។ Photo courtesy of EIA Photo courtesy of EIA |
ចំណែករបាយការណ៍របស់អង្គការ Forest Trades ក៏បានរកឃើញថា ប្រទេសកម្ពុជា បាននាំចេញឈើមានតម្លៃ ១២១លានដុល្លារទៅប្រទេសវៀតណាម ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០១៦ ដែលទិន្នន័យនេះបង្ហាញនៅក្នុងស្ថាប័នគយរបស់វៀតណាម។
ការរកឃើញនេះ ត្រូវបានអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ប្រកែកថា មិនមានការនាំចេញឈើពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ទៀតនោះឡើយចាប់តាំងពីរដ្ឋាភិបាលកម្ពុជា ហាមឃាត់មិនឲ្យនាំឈើចេញទៅប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំ២០១៦៖ «»។
![]() |
គំនរឈើដែលដឹកពីប្រទេសកម្ពុជា ទៅស្តុកទុកនៅប្រទេសវៀតណាម កាលពីខែមីនា ឆ្នាំ២០១៧។ Photo courtesy of EIA Photo courtesy of EIA |
យ៉ាងណាក៏ដោយចុះ អ្នកស៊ើបអង្កេតរបស់អង្គការស៊ើបអង្កេតបរិស្ថាន (EIA) រកឃើញថា ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ នៅតែមានការកាប់ព្រៃឈើខុសច្បាប់ រួមទាំងនៅតំបន់ព្រៃអភិរក្សសហគមន៍នៅឧទ្យានជាតិវីរជ័យ និងអូរយ៉ាដាវ នៅតំបន់អភិរក្សសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី ដែលគម្រោងការពារទាំងនេះ ខ្លះត្រូវបានផ្តល់ជំនួយដោយសហភាពអឺរ៉ុប។
លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មន្ត្រីយុទ្ធនាការជាន់ខ្ពស់ផ្នែកព្រៃឈើនៃ EIA ថ្លែងថា រដ្ឋាភិបាលវៀតណាម ត្រូវដោះស្រាយបញ្ហានេះដោយការចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីកម្ចាត់ការកាប់ឈើខុសច្បាប់ និងអាជីវកម្មដែលពាក់ព័ន្ធ ក៏ប៉ុន្តែការមិនដោះស្រាយបញ្ហាជាមូលដ្ឋាន ដែលបច្ចុប្បន្ន វៀតណាម កំពុងព្រងើយកន្តើយ នឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះគ្មានប្រយោជន៍។
ចំណែកសកម្មជនបរិស្ថាន លោក អ៊ូច ឡេង វិញក៏យល់ថា ប្រទេសអ្នកទទួលទិញឈើពីវៀតណាម ដើរតួនាទីសំខាន់ក្នុងការចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរខុសច្បាប់នៅប្រទេសកម្ពុជា៖ «»។
សហភាពអឺរ៉ុប មិនទាន់ឆ្លើយតបអ៊ីមែលដែលអាស៊ីសេរី បានសាកសួរចំពោះការលើកឡើងនេះទេ នៅថ្ងៃទី៧ ឧសភា៕
![]() |
សញ្ញាបង្ហាញផ្លូវនៅក្នុងព្រៃទៅកាន់ប៉ុស្តិ៍ការពារព្រំដែនវៀតណាម។ Photo courtesy of EIA Photo courtesy of EIA |
loading...
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment