ថាមែនៗ ញយដងពេកអាមេរិកអស់ភាពអត់ធ្មត់នឹងរបបសែនៗលេងខ្លាំងដាក់អាគាំងៗក៏ឆ្លើយតបជូនតាមសំណើ, សមាជិកសភាអាមេរិក បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររៀបចំគម្រោងឲ្យហ៊ុនសែន ចុះចេញពីអំណាច! ((សង្កេតមិនថាប្រទេសណាៗ បើអាគាំងលូកដៃចូលហើយ របបដឹកនាំប្រទេសនោះៗ នឹងរលាយសូន្យឆាប់ៗពុំខាន))-US lawmaker makes a deal with hunsen to stepdown.
ប្រភពពីវិទ្យុអាស៊ីសេរី៖ សមាជិកសភាអាមេរិកអំពាវនាវឲ្យពលរដ្ឋខ្មែររៀបចំគម្រោងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង
តំណាងរាស្ត្រសហរដ្ឋអាមេរិក ផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋខ្មែរឲ្យត្រៀមខ្លួនរៀបចំជណ្ដើរមួយសម្រាប់ឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចដោយសម្រួល ដោយគ្មានអំពើហិង្សា គ្មានការបង្ហូរឈាម និងគ្មានការផ្ដន្ទាទោស។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលហៅអនុសាសន៍នេះថា ជានយោបាយទុច្ចរិតលើរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋ លោក ដេណា រ៉ូរ៉ាបាកគើ (Dan Rohrabacher) លើកឡើងថា មានតែពលរដ្ឋខ្មែរប៉ុណ្ណោះទេ ដែលជាអ្នកសម្រេចជោគវាសនាប្រទេសដោយខ្លួនឯង ហើយថា គ្មានប្រទេសណាមួយអាចដាក់សន្តិភាពលើជើងពានប្រគល់អោយប្រជាពលរដ្ឋកម្ពុជា នោះឡើយ ដូច្នេះពលរដ្ឋត្រូវតែក្រោកឈរទាមទារអោយលោក ហ៊ុន សែន ចុះចេញពីអំណាច។
តំណាងរាស្ត្រសហរដ្ឋអាមេរិក រូបនេះបានផ្ដល់អនុសាសន៍ដល់ពលរដ្ឋខ្មែរគួររៀបចំអោយលោក ហ៊ុន សែន ចុះចេញពីអំណាចដោយសន្តិវិធី ហើយធានាពីសុវត្ថិភាពរបស់លោកក្រោយពេលអស់អំណាច៖ «ប្រជាពលរដ្ឋអាចផ្ដល់លទ្ធភាពអោយលោក ហ៊ុន សែន ចុះចេញពីអំណាច ហើយចេញអោយឆ្ងាយពីទីក្រុង ទុកលុយដែលលោកមានហ្នឹងចុះ ពលរដ្ឋនឹងមិនរករឿងអ្នកឯងទេ ប៉ុន្តែត្រូវចេញអោយឆ្ងាយពីការគ្រប់គ្រងអំណាច ឬមួយបើមិនចេញពីអំណាច នោះលោកនឹងត្រូវជាប់គុក ឬមួយត្រូវគេសម្លាប់ចោល។ តើចំណុចពីរនេះ លោក ហ៊ុន សែន ត្រូវជ្រើសរើសយកមួយណា? តើអ្នកយល់យ៉ាងណាដែរអំពីការផ្ដល់ជម្រើសឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចដោយសន្តិវិធី ដោយគ្មានការនាំខ្លួនយកមកកាត់ទោសនោះ?»។
ការថ្លែងរបស់តំណាងរាស្ត្រសហរដ្ឋអាមេរិករូបនេះធ្វើឡើងនៅក្នុងសវនាការសួរដេញដោលមួយរបស់អនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែធ្នូ ដែលមានវាគ្មិនចូលរួមដោយកូនស្រីច្បងរបស់លោក កឹម សុខា អ្នកស្រី អូលីវា អ៊ីណូស (Olivia Enos) មន្ត្រីជាន់ខ្ពស់នៃអង្គការមូលនិធិកេរដំណែលពិភពលោក និងលោក ឃែននេត វ័រឡាក់ (Kenneth Wallace) ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)។
លោក ហ៊ុន សែន ធ្លាប់ប្រកាសជំហរថា លោកនឹងបន្តដឹកនាំរដ្ឋាភិបាលយ៉ាងហោចពីរអាណត្តិទៅមុខទៀត។ ជាមួយគ្នានេះលោកក៏ធ្លាប់ប្រកាសថា លោកមិនខ្វល់ពីការដាក់សម្ពាធរបស់សហគមន៍អន្តរជាតិនោះទេ ពីព្រោះអ្វីដែលសំខាន់គឺអោយតែពលរដ្ឋនៅបន្តបោះឆ្នោតឲ្យលោកធ្វើជានាយករដ្ឋមន្ត្រីទៅគឺជាការស្រេចទៅហើយ។
លោក ដេណា រ៉ូរ៉ាបាកគើ បញ្ជាក់ថា លោក ហ៊ុន សែន មិនសមជាមេដឹកនាំរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ដោយសារលោកគ្រាន់តែជាក្រុមបងធំក្ដោបក្ដាប់អំណាចតាមហិង្សា និងផ្ដាច់ការប៉ុណ្ណោះ។
លោក ដេណា រ៉ូរ៉ាបាកគើ ក៏បានរំលឹកអនុស្សាវរីយ៍កាលពីគ្រាមួយដែលលោកធ្លាប់បបួលលោក ហ៊ុន សែន ចុះចេញពីអំណាច ហើយលោកក៏ឈប់ធ្វើជាតំណាងរាស្ត្រអាមេរិកាំងតទៅទៀតដែរ៖ «ខ្ញុំនៅចាំបានថា កាលពី ២០ឆ្នាំមុន ខ្ញុំបានអង្គុយទល់មុខលោក ហ៊ុន សែន ហើយពេលនោះខ្ញុំបានប្រាប់លោក ហ៊ុន សែន ថា ពួកយើងកាន់តែចាស់ៗហើយ ហើយដល់ពេលដែលយើងត្រូវសម្រាកពីការងារដើម្បីរស់នៅឲ្យសប្បាយក្នុងជីវិតនេះ។ តោះឥឡូវយើងភ្នាល់គ្នា បើលោកហ៊ានចុះចេញពីអំណាច ខ្ញុំក៏ហ៊ានចូលនិវត្តន៍ឈប់ធ្វើជាតំណាងរាស្ត្រដែរ។ ដោយសារតែលោក ហ៊ុន សែន គាត់មិនព្រមហ្នឹងហើយបានជាខ្ញុំនៅតែធ្វើតំណាងរាស្ត្រអ៊ីចឹងដដែលទៅ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ដេណា រ៉ូរ៉ាបាកគើ អំពីការបបួលលោក ហ៊ុន សែន ចុះចេញពីអំណាចនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មយ៉ាងខ្លាំង។
លោក សុខ ឥសាន ហៅការបបួលរបស់សមាជិកសភាអាមេរិកាំង រូបនេះថាធ្វើឡើងក្នុងហេតុផលសមគំនិតជាមួយក្រុមមេដឹកនាំបក្សប្រឆាំងដើម្បីវាយប្រហារមករដ្ឋាភិបាល៖ «ខ្ញុំគិតថា លោក ដេណា រ៉ូរ៉ាបាកគើ គាត់មិនដែលចាត់ទុកសម្ដេច ហ៊ុន សែន ជាអ្នកប្រកួតប្រជែងខាងផ្នែកនយោបាយទេ គាត់ចាត់ទុកជាខ្មាំងសត្រូវតាំងពីដើមមកដោយគាត់មាននិន្នាការនយោបាយទៅរកទណ្ឌិត សម រង្ស៊ី»។
នៅពេលមានជីវិត អ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី ធ្លាប់មានប្រសាសន៍នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីឆ្នាំ២០១៦ ថា ជំងឺក្រាញអំណាចរបស់លោក ហ៊ុន សែន គឺជាជំងឺឆ្លងពីមេដឹកនាំមុនៗ ពីជំនាន់ទៅមួយជំនាន់ដោយគ្មានការព្យាបាលនោះឡើយ។ លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន ជាមេដឹកនាំដែលឆ្លាត លោកគួររៀបចំជណ្ដើរចុះចេញពីអំណាចដោយសន្តិវិធីប្រសើរជាជាងការទាញទម្លាក់៖ «ក្រាញអំណាចនេះគឺជាជំងឺអាក្រក់បំផុតសម្រាប់សង្គមខ្មែរយើង វាគួរតែព្យាបាលអោយជា ហើយក្មេងជំនាន់ក្រោយគួរស្រលាញ់នូវកេរ្តិ៍ឈ្មោះប្រសើរជាង»។
លោកបណ្ឌិត កែម ឡី ក៏ធ្លាប់ព្រមានលោក ហ៊ុន សែន ថា ប្រសិនបើលោកមិនរៀបចំឲ្យមានប្រព័ន្ធផ្ទេរអំណាចមួយដោយសន្តិវិធីទេ នោះពេលលោកអស់អំណាចទៅដោយប្រការណាមួយ កុំថាឡើយក្រុមគ្រួសាររបស់លោក សូម្បីតែផ្នូរកប់សពរបស់លោកក៏គ្មានសុវត្ថិភាពដែរ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment