កម្លាំងសាមគ្គី ស្នេហាជាតិ និងជាតិនិយមរបស់ប្រជាពលរដ្ឋខ្មែរ ជាកម្លាំងចលករដើម្បីលទ្ធិប្រជាធិបតេត្យ យុត្តិធម៌ សិទ្ធិ សេរីភាព សម្រាប់ខ្មែរទាំងអស់គ្នា
កើតមកជាកូនខ្មែរមានបំណងរស់នៅលើដីកំណើតរបស់ខ្លួនប្រកបដោយមោទនភាព កិត្តិយស កិត្តិស័ព្ទ និងសេចក្តីថ្លៃថ្នូរ ប៉ុន្តែប្រទេសកំណើតរបស់យើងកំពុងមានជម្ងឺយ៉ាងធ្ងន់ធ្ងរ។ ជម្ងឺដ៏ធ្ងន់ធ្ងរនេះ គឺការបែកបាក់សាមគ្គី និងឯកភាពជាតិ ព្រោះពលរដ្ឋខ្មែរជាង ០៣លាននាក់ ឬពាក់កណ្តាលប្រទេស ត្រូវបានគេដកហូតសិទ្ធិ និងឆន្ទៈរបស់ពួកគាត់ត្រូវបានប្លន់រឹបអូសយក។ មេដឹនាំគណបក្សប្រឆាំងដ៏ធំតែមួយ គឺ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ និងឃុំខ្លួនដោយខុសច្បាប់ តំណាងរាស្រ្តដែលតំណាងឲ្យពលរដ្ឋខ្មែរជិត ០៣លានាក់ត្រូវបានគេបណ្តេញចេញដោយខុសច្បាប់ និងក្រុមប្រឹក្សាឃុំជាង ៥ពាន់នាក់ដែលតំណាងឲ្យពលរដ្ឋខ្មែរជាង ០៣លាន ត្រូវក៏បានគេបណ្តេញចេញ និងអាសនៈរបស់ពួកគេត្រូវបានរឹបអូសយកទៅបែងចែកឲ្យបក្សដែលប្រជាពលរដ្ឋខ្មែរមិនបានបោះឆ្នោតឲ្យ។
បច្ចុប្បន្នប្រទេសកម្ពុជាកំពុងត្រូវបានហ៊ុមព័ទ្ធដោយទណ្ឌកម្ម ឬការគំរាមដាក់ទណ្ឌ ដោយសារការដើរចេញពីគន្លងប្រជាធិបតេយ្យយ៉ាងគំហុក និងការរំលោភសិទ្ធិមនុស្ស។ កិត្តិយស កិត្តិស័ព្ទ និងសេចក្តីថ្លៃថ្នូររបស់ជាតិ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
តំណាងរាស្រ្តដែលមកអង្គុយនៅរដ្ឋសភា ដែលពលរដ្ឋខ្មែរមិនបានបោះឆ្នោតឲ្យ តើតំណាងឲ្យនរណា? តើសក្តិសមទទួលឋានៈជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដែរឬទេ? មាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ ចែងថាៈ “តំណាងរាស្រ្តត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់”។ ដូច្នេះតំណាងរាស្រ្តដែលមកអង្គុយលើកៅអីរបស់អ្នកតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប មានបានឆ្លងកាន់ការបោះឆ្នោត ដូចមានចែងក្នុងមាត្រា៧៦នេះទេ? តើពលរដ្ឋខ្មែរប៉ុន្មាននាក់បានបោះឆ្នោតឲ្យ? តើអស់លោកមានសតិសម្បជញ្ញៈជាមនុស្សដែរទេ? គេតែងតែលើកឡើងថាៈ មនុស្សមិនមានសតិសម្បជញ្ញៈ គឺមិនមែនជាមនុស្សទេ!
ការដោះលែង ឯកឧត្តម កឹម សុខា និងការធ្វើឲ្យស្ថានការណ៍វិលត្រឡប់ទៅរកស្ថានភាពដើមវិញ អាចនឹងជួយស្តារមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងរួចចាកផុតពីការហ៊ុមព័ទ្ធនៃទណ្ឌកម្មផ្សេងៗ៕ ((ដោយ Chantha Muth))
No comments:
Post a Comment