អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោករ៉ុង ឈុន ថ្លែងថា គ.ជ.ប. បាត់ធាតុដើម មិនអាចផ្តល់យុត្តិធម៌បានទៀតទេ!!
ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប បានលើកឡើងថា «គ.ជ.ប មិនអាចជាស្ថាប័នឯករាជ្យ និងផ្តល់យុត្តិធម៌ ដល់ម្ចាស់ឆ្នោតទៀតទេ» ចាប់តាំងពីលោក ហ៊ុន សែន បញ្ជាតុលាការកំពូល ឲ្យកាត់ក្តីរំលាយ បក្សប្រឆាំង កាលពីថ្ងៃទី១៦ វិច្ចិកា ២០១៧ ហើយនិងការលាលែង របស់សមាជិក គ.ជ.ប ៣ រូប កាលពីថ្ងៃទី២០ វិច្ចិកា ២០១៧ ដែលរួមមានលោក រ៉ុង ឈុន, លោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង។ (ដោយ នគរ)
០១ ធ្នូ ២០១៧ ដោយ មាស សុខជា / ភ្នំពេញប៉ុស្តិ៍)
ទោះបីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវបំពេញបន្ថែមនូវសមាជិក ៣ រូបដើម្បីជំនួសសមាជិកមកពីកូតាគណបក្សសង្គ្រោះជាតិដែលបានលាលែងថ្មីៗនេះដោយសារគណបក្សខ្លួនត្រូវបានរំលាយចោលក៏ដោយ ប៉ុន្តែស្ថាប័នមួយដែលត្រូវបានចាត់ទុកជាអាជ្ញាកណ្តាលឯករាជ្យ និងអព្យាក្រឹតនោះអាចនឹងលែងមានអព្យាក្រឹតភាព និងទំនុកចិត្តពីម្ចាស់ឆ្នោតទៀតហើយដោយសារថាស្ថាប័នមួយនេះបាត់បង់ធាតុដើម និងទម្រង់ដើមនៃតួនាទីរបស់ខ្លួន។
អតីតសមាជិកនៃ គជប លោក រ៉ុង ឈុន ដែលជាអ្នកធ្លាប់រិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសំចៃមាត់មិនរំពឹងថាស្ថាប័ន គជប អាចផ្តល់នូវទំនុកចិត្តសម្រាប់ម្ចាស់ឆ្នោតក៏ដូចសាធារណជនបាននោះទេ ក្រោយពីសមាជិក ៣ រូបបានលាលែង ហើយបើទោះបីស្ថាប័ននេះជ្រើសរើសសមាជិកថ្មី ៣ រូបមកជំនួសក៏ដោយ។
លោក រ៉ុង ឈុន មកពីខាងកូតាគណបក្សសង្គ្រោះជាតិ ឬបក្សប្រឆាំងបានលាលែងពីតួនាទីងារជាឯកឧត្តមជាមួយនឹងរថយន្តទំនើប ប្រាក់ខែខ្ពស់ និងរបបផ្សេងៗដោយគ្មានការស្តាយស្រណោះអ្វីឡើយព្រោះលោកមិនចង់អង្គុយកៅអីតំណាងឲ្យឆន្ទៈរាស្ត្រហើយមិនអាចជួយរាស្ត្របានដោយសារគណបក្សដែលជាកូតារបស់លោក និងជាគូប្រជែងនយោបាយដ៏លេចធ្លោនាឆ្នាំក្រោយតទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេរំលាយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃ ២៧ ខែវិច្ឆិកា លោក រ៉ុង ឈុន ដែលជាសាស្ត្រាចារ្យផ្នែកគណិតវិទ្យាផងនោះបានថ្លែងថា៖ «នៅពេលរៀបចំ គជប ថ្មីនេះខ្ញុំគិតថាពុំមានការរំពឹងទុកថាការបោះឆ្នោតនៅពេលខាងមុខហ្នឹងបានល្អប្រសើរនោះទេ។ ដូចសភាថ្មីអ៊ីចឹងគាត់បានដោយសារតែការរួមចំណែក [ពីបក្សកាន់អំណាច] ហើយគ្មានការគាំទ្រពីប្រជាពលរដ្ឋ អ៊ីចឹងនៅពេលដែល [សមាជិក គជប ថ្មី] រើសចេញពីកូតាគណបក្សអស់ហ្នឹងគាត់ត្រូវតែធ្វើការផ្គាប់ចិត្តទៅអ្នកចង់បានហើយ។ អ៊ីចឹងគាត់មិនអាចមានឆន្ទៈមោះមុត ដើម្បីធ្វើការងាររៀបចំឲ្យបានល្អប្រសើរពីព្រោះអ្នកដែលរើសចេញពីគណបក្សដែលទើបចូលទទួលតំណែងថ្មីៗនេះមិនមែនគាត់បានអង្គុយកៅអីក្នុងតំណែងហ្នឹងដោយសារពលរដ្ឋបោះឆ្នោតឲ្យគាត់ទេ»។
លោកបន្ថែមថា៖ «អ៊ីចឹងសរុបមកវិញយើងគិតថា គជប មកដល់ពេលនេះបាត់បង់ធាតុដើម បាត់បង់នូវទម្រង់ដើមអស់ហើយ។ អ៊ីចឹងវាថ្មីយើងពិបាកទុកចិត្តដែរ»។
កាលនៅជាសមាជិក គជប រយៈពេលជាង ២ ឆ្នាំដែលស្ថាប័ននេះមានតុល្យភាពអំណាចដោយមានសមាសភាព ៤ បូក ៤ និងបូក-១ ដែលមានន័យថាសមាជិក ៤ រូបមកពីគណបក្សកាន់អំណាច ៤ រូបមកពីគណបក្សប្រឆាំង និង ១ រូបមកពីសង្គមស៊ីវិលនោះលោក រ៉ុង ឈុន ដែលជាសមាជិក ១ រូបក្នុងចំណោមសមាជិក ៩ រូបបានទទួលស្គាល់ និងសរសើរ គជប ចំពោះការបំពេញតួនាទីស្របតាមនីតិវិធីដែលអាចផ្តល់ភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងការបោះឆ្នោតចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់នាខែមិថុនាកន្លងទៅនេះ និងការបោះឆ្នោតជាតិនាខែកក្កដាឆ្នាំ ២០១៨។
លោក រ៉ុង ឈុន បញ្ជាក់ថា៖ «យើងបានចូលរួមរៀបចំបទបញ្ជានីតិវិធីដើម្បីរៀបចំចុះឈ្មោះបញ្ជីបោះឆ្នោតថ្មីទាំងអស់មានន័យថាបញ្ជីចាស់យើងត្រូវឈូសចោលទាំងអស់ ហើយយើងរៀបចំបញ្ជីថ្មី ហើយយើងឃើញថា នៅពេលដែលបញ្ជីថ្មីចេញមកត្រូវបានការសាទរពីប្រជាពលរដ្ឋក៏ដូចជាមតិជាតិអន្តរជាតិបានគាំទ្រថាបញ្ជីបោះឆ្នោតថ្មីនេះមានលក្ខណៈល្អប្រសើរ ច្បាស់លាស់ អត់មានឈ្មោះខ្មោច ឈ្មោះស្ទួននោះទេ»។
គជប ថ្មីដែលមានសមាជិក ២ កូតាគណបក្សនយោបាយគឺបក្សកាន់អំណាច និងបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយនោះមានភាគរយល្អខ្ពស់ក្នុងការផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ នៅពេលមានកិច្ចប្រជុំសម្រេចអ្វីមួយ ស្ថាប័នអព្យាក្រឹតមួយនេះមិនដែលបោះឆ្នោតដោយលើកដៃ ឬបោះឆ្នោតដោយសម្ងាត់ម្តងណាទេពោលគឺសមាជិកទាំង ៩ រូបត្រូវតែមានការសម្របសម្រួលគ្នា ជជែកគ្នារកដំណោះស្រាយដោយសន្តិវិធីដើម្បីសម្រេចអ្វីមួយដែល គជប ត្រូវធ្វើគឺមិនដែលតឹងសរសៃកដាក់គ្នានោះទេ។ នេះបើតាមការអះអាងពីលោក រ៉ុង ឈុន។
លោក ឈុន បន្តថា៖ «កាលនៅ គជប ចាស់ខ្ញុំក៏បានដឹងថាមានគេលើកឡើងចោទប្រកាន់ថាការបោះឆ្នោតមានការបន្លំការលួចតែយើងមិនវាយតម្លៃអីទេវាកន្លងផុតហើយ។ បើយើងមើលបញ្ជីឈ្មោះមានបញ្ជីឈ្មោះខ្មោចច្រើនមែនកន្លងមកហ្នឹង ប៉ុន្តែឥឡូវនេះយើងអត់មានទេបញ្ជីឈ្មោះ [ខ្មោច] ហើយការបោះឆ្នោតហ្នឹងវាមានកំហុសឆ្គងខ្លះដែរ តែគ្រាន់តែជាកំហុសបន្តិចបន្តួច»។
លោកបន្ថែមថា៖ «បន្ទាប់ពីហ្នឹងបោះឆ្នោតឃុំហើយហ្នឹង យើងនឹងនាំគ្នាគិតគូរពិចារណាថាត្រូវធ្វើម៉េចឲ្យកាន់តែល្អប្រសើរសម្រាប់នៅពេលបោះឆ្នោតជាតិ ២០១៨ ខាងមុខ។ ប៉ុន្តែអ្វីដែលយើងបានជជែកគ្នាបានពិភាក្សាយើងត្រូវថាធ្វើម៉េចឲ្យបានល្អហ្នឹង ប៉ុន្តែទីបំផុតគណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយនៅថ្ងៃទី ១៦ ហើយពួកយើងក៏បានលាឈប់ទៅតាមអ្វីដែលយើងសន្យា។ មុននឹងចូលអង្គុយកៅអីនៅ គជប ខ្ញុំបានសន្យាថាបើខ្ញុំការពារនូវឆន្ទៈប្រជាពលរដ្ឋអត់បានខ្ញុំនឹងលាឈប់»។
ទោះបីនៅក្នុង គជប លោកមានងារជាឯកឧត្តមមានប្រាក់ខែខ្ពស់គួរសមមានរបបឡានទំនើបមានអ្នកបើកបរមានកងការពារអីយ៉ាងណាក៏ដោយ ប៉ុន្តែអ្វីៗទាំងអស់នេះគឺមិនមែនជាក្តីប៉ងប្រាថ្នារបស់លោក រ៉ុង ឈុន នោះឡើយ។ អ្វីដែលជាការចង់បានរបស់លោក រ៉ុង ឈុន ក្នុងនាមជាអាជ្ញាកណ្តាលគឺការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋមានន័យថាការបោះឆ្នោតមួយដែលអាចទទួលយកបានគ្រប់ភាគី។ អ្នកឈ្នះត្រូវតែឈ្នះដោយកិត្តិយសថ្លៃថ្នូរ ឯអ្នកចាញ់ គេចាញ់ដោយអស់ចិត្ត។ បក្សដែលជាគូប្រកួតដណ្តើមសន្លឹកឆ្នោតពីរាស្ត្រមិនត្រូវរំលោភលើបក្សមួយទៀតឡើយ។
លោកថ្លែងថា៖ «តាំងពីដើមមកខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនត្រេកត្រអាលនឹងងារឯកឧត្តម។ បើប្រជាពលរដ្ឋ ឬយុវជនហៅខ្ញុំ ពូ អ៊ំ បង ឬមួយលោកគ្រូ ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាងហៅខ្ញុំឯកឧត្តម។ បើសិនជាប្រជាពលរដ្ឋ គ្រូបង្រៀន កម្មករ ហៅខ្ញុំ ឯកឧត្តម ហាក់បីដូចជាគាត់រុញច្រានខ្ញុំឲ្យឃ្លាតឆ្ងាយពីគាត់»។
«ខ្ញុំអត់មានការសោកស្តាយអីទេចំពោះមុខតំណែង ចំពោះប្រាក់ខែ ទ្រព្យសម្បត្តិ។ ខ្ញុំបារម្ភខ្លាំងខ្លាចតែប្រជាពលរដ្ឋជេរខ្ញុំទេ អ៊ីចឹងខ្ញុំធ្វើការបម្រើប្រជាពលរដ្ឋចាយលុយប្រជាពលរដ្ឋ អ៊ីចឹងបើខ្ញុំការពារនូវឆន្ទៈប្រជាពលរដ្ឋជាង ៣ លាននាក់អត់បាន ខ្ញុំត្រូវសម្រេចចិត្តដើរចេញ ទោះបីកន្លែងនោះក្នុងតម្លៃប៉ុនណាក៏ដោយ»។
លោក រ៉ុង ឈុន បានលាលែងពីតំណែង គជប កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងហេតុផលដែលគេចោទមេបក្សនេះគឺលោក កឹម សុខា ថាបានប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសចង់ផ្តួលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាំងពីបានលាលែងជាង ១០ ថ្ងៃមកនេះលោក រ៉ុង ឈុន នៅមិនទាន់មានគម្រោងអ្វីច្បាស់លាស់ដើម្បីបន្តការងារបម្រើសង្គមទៀតនោះទេ បើទោះបីលោកធ្លាប់ធ្វើជាប្រធានស្ថាប័នសង្គមស៊ីវិលជាច្រើនមកហើយក៏ដោយ។
ទោះជាយ៉ាងណាលោកបង្ហាញជំហរច្បាស់លាស់ក្នុងទិសដៅឆ្ពោះទៅរកការងារ ដែលបម្រើសង្គមបន្តទៀត បន្ទាប់ពីសម្រាកមួយរយៈពេលខ្លីប៉ុន្តែលោកមិនទាន់បង្ហើបពីការងារថ្មីជាអ្វីនោះទេ។
តាមការព្រលយការងារដែលលោកមានគម្រោងបន្តទៀតនោះគឺជាកិច្ចការទាក់ទងនឹងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលោកមិនវិលមកកាន់តួនាទីជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះទេ៕
ប្រភព៖ CwciCambodia
No comments:
Post a Comment