យុទ្ធវាទី យុទ្ធវាទសិល្ប៍៖ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ស៊ូលក់នំបញ្ចុកមិនសុខចិត្តលក់ឧត្ដមគតិ!
មេឃុំអូរចារ ប្ដេជ្ញាបន្តជីវិតនយោបាយ ទោះរងការធ្វើទុក្ខបុកម្នេញពីបក្សកាន់អំណាច។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់អូរចារ ពីខាងគណបក្សសង្គ្រោះជាតិ អះអាងថា យុទ្ធសាស្ត្រនយោបាយនៅពេលមេឃកំពុងភ្លៀងខ្លាំង ដែលមានផ្គរផង រន្ទះផងបែបនេះ គឺកញ្ញាត្រូវរកកន្លែងជ្រកសិន។ ឥឡូវព្យុះភ្លៀងនយោបាយកំពុងចាប់ផ្ដើមថមថយបន្តិចម្ដងវិញហើយ ក្រោយមានទណ្ឌកម្មពីអន្តរជាតិជាបណ្តើរៗ។ ក្នុងពេលកំពុងជ្រកភ្លៀងនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឆ្លៀតបើករបរលក់នំបញ្ចុក និងចំណីជាច្រើនមុខទៀត ប៉ុន្តែមិនលក់ឧត្ដមគតិជាដាច់ខាត។
“អាហារស្នាដៃអ្នកបាត់ដំបង” គឺជាពាក្យស្លោកដែលចៅសង្កាត់អូរចារ ពូកែវោហារកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បិទផ្សាយនៅលើស្លាកយីហោអាហារដ្ឋាន "រ៉ូហ្ស៊េត" ដែលបើកលក់ចាប់ពីព្រឹកម៉ោង៦ ថ្ងៃសៅរ៍ ទី៩ ខែធ្នូ នេះតទៅ។ មុខរបរថ្មីនេះ គឺចៅសង្កាត់អូរចារ ចាប់បើកដំណើរការក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយបានសម្រេច និងបណ្ដេញមន្ត្រីក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សប្រឆាំងទាំងអស់លែងឲ្យបន្តធ្វើការបម្រើរាស្ត្រម្ចាស់ឆ្នោតបានតទៅទៀត លើកលែងតែព្រមចុះចូលបក្សកាន់អំណាច។ ប៉ុន្តែកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏ដូចជាមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ ជាច្រើនផ្សេងទៀត សុខចិត្តក្រាញននៀលមិនព្រមលក់ឧត្ដមគតិ មិនព្រមក្បត់ឆន្ទៈម្ចាស់ឆ្នោត ទោះជាមានការអូសទាញ គំរាមកំហែង និងបំភិតបំភ័យឲ្យចុះចូលយ៉ាងណាក្តី៖ «នេះជារបរសុចរិត យើងមិនបានគាបសង្កត់ ឬបង្ខិតបង្ខំអ្នកដទៃ»។
អ្នកដែលអាណិត ស្រលាញ់ និងគាំទ្របានលើកទឹកចិត្តឲ្យមេឃុំអូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត រូបនេះ ឲ្យបន្តការតស៊ូមិនលក់ឧត្ដមគតិ ដោយមានពលរដ្ឋខ្មែរនៅក្រៅប្រទេសជួយបរិច្ចាគជាថវិកាមួយចំនួនដើម្បីឲ្យកញ្ញាយកទៅប្រើប្រាស់ដើម្បីបើករបរកំដរក្តីសុបិនធ្វើនយោបាយ ដើម្បីប្រែក្លាយវាសនាប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅសង្កាត់អូរចារនេះថែមទៀតផង។
អ្នកខ្លះទៀតបានតែជាកំណាព្យ និងនិពន្ធជាបទចម្រៀង ដើម្បីជាការលើកទឹកចិត្ត។
លោក សំ វិជ្ជា បានតែងជាកំណាព្យរៀបរាប់អំពីមុខម្ហូបនៅក្នុងហាងថ្មីនេះ ដូច្នេះថា៖ "មាននំបញ្ចុកសម្លប្រហើរ ក៏មានដែរតើសម្លការី មានបាយសាច់ជ្រូក និងឆ្អឹងជំនី ណែមមានមុខពីរ មានឆ្អិនមានឆៅ។ លក់ទាំងព្រឹកល្ងាចចំណីអាហារ មានគុយទាវឆា នំប៉័ងក្តៅៗ បាញ់ហយបាញ់ស៊ុង ជម្រាបញាតិផៅ នាំកូននាំចៅអញ្ជើញពិសា”។ បន្ថែមលើនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បញ្ជាក់ថា នៅមានបង្អែម ទឹកក្រឡុក ផ្លែឈើស្រស់ របស់អ្នកភូមិផងដែរ៖ «យើងមានលក់ជាចំណី ដែលជាស្នាដៃស្ត្រីពិតៗនៅតាមភូមិ នៅសង្កាត់អូរចារ»។
របរថ្មីនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចាត់ទុកថា ជាជម្រកសម្រាប់ជ្រកព្យុះភ្លៀងនយោបាយ ដែលបង្កឡើយដោយគណបក្សកាន់អំណាចដែលលាយផ្គរ និងរន្ទះដ៏កំណាចផង កំពុងយាយីមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់។ ដំណាក់កាលនេះ កញ្ញាបញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ៗ ត្រូវតែអត់ធ្មត់ តស៊ូ និងមិនភ្លេចងាកមកគិតអំពីជីវភាពពង្រឹងសេដ្ឋកិច្ចគ្រួសារ តាមលទ្ធភាពដែលអាចធ្វើទៅបាន៖ «មិនមែនមានន័យថា យើងបាត់បង់ស្មារតីនោះទេ។ ក្រោយព្យុះ ក្រោយភ្លៀង ចេញសកម្មភាពបន្តទៀត»។
សកម្មភាពនយោបាយបន្តទៀតនេះ កញ្ញាសំដៅលើការបន្តបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅសង្កាត់អូរចារ ដែលនៅតែបន្តសួររកកញ្ញា ដែលធ្លាប់តែបម្រើសេវាជូនពួកគាត់ដោយឥតយកប្រាក់ និងដោយភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់យ៉ាងស្មោះសរក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៖ «ពលរដ្ឋស្ថិតនៅក្នុងដួងចិត្តខ្ញុំ។ អ្វីដែលជាទុក្ខរបស់គាត់ គាត់បង្ហាញប្រាប់ខ្ញុំ និងគិតថា ខ្ញុំអាចជួយពួកគាត់បាន»។
ចៅសង្កាត់អូរចា ក្រុងបាត់ដំបង ពីខាងគណបក្សប្រឆាំងរូបនេះ ក៏ដូចជាមេឃុំ-សង្កាត់ និងក្រុមប្រឹក្សាគណបក្សប្រឆាំងនៅទូទាំងប្រទេស ត្រូវបានរដ្ឋអំណាចបណ្ដេញចេញពីការងារ បន្ទាប់ពីគណបក្សកាន់អំណាចដែលដឹកនាំដោយលោក ហ៊ុន សែន បានរម្លាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សមាជិកក្រុមប្រឹក្សាជាច្រើនដែលមានៈមិនលក់ឧត្ដមគតិ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការល្បួងឲ្យចុះចូលជាមួយគណបក្សកាន់អំណាច។
សហគមន៍អន្តរជាតិ បានថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន បែបនេះ ដោយចាត់ទុកថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ជាលទ្ធផល រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែធ្នូ បានប្រកាសដាក់ទណ្ឌកម្ម ដោយបិទទិដ្ឋាការ ឬ វីសា ចំពោះមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារដែលចូលដៃក្នុងការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលអាមេរិកបែបនេះ ថាជាការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋជាងបីលាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដើម្បីឲ្យមានប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរជាវិជ្ជមានពិតប្រាកដមួយនៅកម្ពុជា៖ «នេះជាការផ្តល់សេចក្ដីសង្ឃឹមដល់ពលរដ្ឋខ្មែរ»។
ដោយសារសម្ពាធអន្តរជាតិ កាន់តែមានភាពសន្ធាប់ឡើង និងដោយសារតែជំហរមិនងាករេរបស់មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដ៏ច្រើនលើសលប់បែបនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សង្ឃឹមយ៉ាងមុតមាំថា នឹងមានដំណោះស្រាយនយោបាយក្នុងពេលឆាប់ៗ ហើយយុត្តិធម៌ និងបន្តកើតមានចំពោះគណបក្សប្រឆាំងដែលកញ្ញាហៅថា ជាជនរងគ្រោះដោយការធ្វើបាបពីសំណាក់បក្សកាន់អំណាច៖ «អំពើល្អនឹងឈ្នះអំពើអាក្រក់។ យុត្តិធម៌នឹងឈ្នះអំពើអយុត្តិធម៌។ ឲ្យតែព្រះអាទិត្យនៅតែរះ យើងនឹងនៅតែមានសង្ឃឹម»។
ជាការពិតណាស់ ទោះបីជាមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ។ ហាងបាយថ្មីនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក៏ចាប់បើកថ្ងៃនេះដែរ។ អតិថិជនដែលគាំទ្រស្នាដៃរបស់ម្ចាស់ហាងវ័យក្មេង និងមានងាជាចៅសង្កាត់ផងនោះ គឺអាស្រ័យលើភាពស្មោះត្រង់ក្នុងការយកចិត្តទុកដាក់ធ្វើម្ហូប និងបម្រើសេវាឲ្យបានល្អជូនភ្ញៀវ ឲ្យភ្ញៀវពេញចិត្ត។ យើងនៅរង់ចាំមើល ថាតើទៅថ្ងៃខាងមុខនឹងមានអាហារដ្ឋានថ្មី ដែលជាស្នាដៃរបស់មន្ត្រីបក្សកាន់អំណាច អាចនឹងទៅបើកទន្ទឹមនឹងហាងរបស់កញ្ញាបក្សប្រឆាំងមួយនេះដែរ ឬយ៉ាងណា? ឬក៏អាជ្ញាធរអាចយកលេសបិទហាងនេះចោលតែម្តង ដោយសារមូលហេតុនយោបាយក៏ថាបាន? ((ប្រភព៖ វិទ្យុអាស៊ីសេរី))
និងព័ត៌មានពីទំព័រហ្វេសប៊ុករបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត បើកលក់ថ្ងៃដំបូង កញ្ញាក៏បង្ហោះសារថ្លែងអំណរគុណដល់អតិថិជនទាំងឡាយ ដែលបានមកជួយគាំទ្រអាហារដ្ឋាន "រ៉ូហ្ស៊េត" មានយ៉ាងដូច្នេះថា៖ "ខ្ញុំសូមថ្លែងអំណរគុណអ៊ុំពូមីងបងប្អូនដែលអញ្ជើញមកគាំទ្រនៅការប្រកបមុខរបរនៃការចាប់ផ្តើមលក់ថ្ងៃដំបូងរបស់ខ្ញុំ ទោះបីការផ្តល់សេវាយឺត ខ្វះខាត អាចមិនសូវត្រូវមាត់ តែអ៊ុំពូមីងបងប្អូនបានគាំទ្រ ព្រោះមួយថ្ងៃនេះគឺតាំងពីិព្រឹកលក់ រហូតគឺម្នាក់ៗសឹងតែគ្មានពេលអង្គុយ ដោយសារលក់ដាច់ សូមអធ្យាស្រ័យអ៊ុំពូមីង ដែលនាងខ្ញុំ ខ្វះខាតពុំសូវសំបូរតុអង្គុយ ហើយធ្វើអោយបងប្អូនទាំងអស់រងចាំយូរ ខ្ញុំសូមអភ័យទោសនូវកំហុសឆ្គងទាំងឡាយដោយអចេតនា។"
No comments:
Post a Comment