លោកខ្មែរ សុវណ្ណភូមិ៖ មើលហេតុផលប្តឹងទើបដឹងថាពួកនេះ «ឆ្កួត» ពេញតួ!!
គ្រាន់តែឃើញហេតុផលដែលពួកនេះប្តឹង ខ្មែរ សុវណ្ណភូមិ សូមនិយាយថាពួកនេះ«ឆ្កួត»។ ចុងក្រោយសូមផ្តាំមកពួកទាំងនេះវិញថាសូមកុំបោកខ្មែរថា Internpol នឹងចាប់លោក សម រង្ស៊ី តាមបណ្តឹងនេះឲ្យសោះ ព្រោះ ថាលោក សម រង្ស៊ី នៅតែដើរពាសពេញពិភពលោក ហើយអន្តរជាតិគាំទ្រថែមទៀត។ ដូច្នេះគ្មានផ្លូវទេ។ ម្យ៉ាងបើមើលលើន័យនៃពាក្យបណ្តឹងនេះ និងហេតុផលគេយកមកប្តឹងគឺពួកនេះ «ឆ្កួតសុទ្ធ» ហើយបើយកពាក្យបណ្តឹងនេះមកឲ្យអន្តរជាតិនិង Interpol មើល គេនឹងសើចបែកផែនដី ហើយដៀលពួកនេះថាឆ្កួត ហនិងអាចមកចាប់ ហ៊ុន សែន ចាប់ពួកមេទ័ព និងមេធាវីទាំងនេះ ដើម្បីយកទៅដាក់នៅ«មន្ទីរពេទ្យឆ្កួត» ថែមទៀតក៏អាចថាបាន។
សូមបញ្ជាក់ព័ត៌មាននេះអោយកាន់តែច្បាស់ ពីប្រភពវីអូអេខ្មែរ (VOAKHMER) បានអោយដឹងថា៖ មេទ័ពកម្ពុជាប្ដឹងលោកសម រង្ស៊ី ចំពោះការអំពាវនាវឱ្យកងទ័ពឈប់ស្ដាប់បញ្ជាថ្នាក់ដឹកនាំខ្លួន
លោក សម រង្ស៊ីបានថ្លែងថា កងទ័ព មិនត្រូវស្ដាប់តាមបទបញ្ជាលោក ហ៊ុន សែន និងមេទ័ពកំពូលផ្សេងទៀត រួមមាននាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្ដមសេនីយ៍ ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កងទ័ពកម្ពុជាបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក សម រង្ស៊ី ចំពោះការអធិប្បាយរបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ដែលបានថ្លែងអំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៧ ថា កុំឲ្យកងទ័ពស្តាប់បញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេទ័ពឲ្យសម្លាប់រាស្ត្រស្លូតត្រង់។ នេះបើយោងតាមការបញ្ជាក់របស់មេធាវីតំណាងកងទ័ពកម្ពុជា។
ការដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយអំណាចតុលាការកំពូលកម្ពុជា បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកហ៊ុន សែន ប្រតិកម្មខ្លាំងៗនឹងសម្ដីរបស់លោក សម រង្ស៊ី អំពីការអំពាវនាវឲ្យកងទ័ពបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
មេធាវីការពារក្ដីឲ្យកងទ័ពកម្ពុជា លោក វង្ស ភក្តី បានប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងលោក សម រង្ស៊ី ត្រូវបានដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៍នេះ តែលោកមិនទាន់អាចបញ្ជាក់បានថាតើលោក សម រង្ស៊ី នឹងអាចត្រូវបានចោទប្រកាន់ទៅតាមមាត្រាជាក់លាក់ណាមួយនៃក្រមព្រហ្មទណ្ឌប្រទេសកម្ពុជានោះឡើយ។
«ខ្ញុំប្តឹងជាអង្គហេតុ ពាក់ព័ន្ធនឹងការបរិយាយរបស់គាត់នៅប៉ារីស ថ្ងៃទី២ ខែធ្នូហ្នឹង ពាក់ព័ន្ធនឹងការបរិយាយរបស់គាត់ ពាក់ព័ន្ធនឹងការញុះញង់ ទៅដល់កងកម្លាំងប្រដាប់អាវុធ មិនឲ្យស្ដាប់ថ្នាក់ដឹកនាំ ពាក់ព័ន្ធនឹងការបរិហារផ្សេងៗ ហើយយើងប្ដឹងជាអង្គហេតុទេ ខ្ញុំអត់បានប្ដឹងកំណត់ថាបទល្មើសណាមួយទេ ប៉ុន្តែវាមានបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌដែលគេអនុវត្ត។ អីចឹងហើយ ខ្ញុំទុកឱកាសឲ្យខាងតុលាការ ធ្វើការស៊ើបអង្កេត ដើម្បីធ្វើការចោទប្រកាន់ ទៅតាមនីតិវិធីច្បាប់»។
កាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅ លោក សម រង្ស៊ី បានបង្ហោះឃ្លីបវីដេអូដែលមានរយៈពេលជាង ៤ នាទី។ ក្នុងវីដេអូដែលបានថតទុកតាំងពីថ្ងៃទី២ ខែធ្នូនោះ លោក សម រង្ស៊ី ដែលបានរស់នៅនិរទេសខ្លួនក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីគេចពីការចាប់ខ្លួនតាមបណ្ដឹងព្រហ្មទណ្ឌ ដែលមានស្រាប់ជាច្រើននោះ បានថ្លែងវាយប្រហារ ដល់មេទ័ពកម្ពុជាមួយចំនួន ដែលលោកបានអះអាងថា បានប្រព្រឹត្តអំពើពុករលួយ កសាងទ្រព្យសម្បត្តិស្តុកស្តម្ភ និងកេងប្រវ័ញ្ចផលប្រយោជន៍ពីកូនទាហាន។
លោក សម រង្ស៊ីបានថ្លែងថា កងទ័ព មិនត្រូវស្ដាប់តាមបទបញ្ជាលោក ហ៊ុន សែន និងមេទ័ពកំពូលផ្សេងទៀត រួមមាននាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្ដមសេនីយ៍ ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក សម រង្ស៊ី ថ្លែងយ៉ាងដូច្នេះ៖ «ពេលណាមានការផ្លាស់ប្ដូរ យើងយកទ្រព្យសម្បត្តិអាមេទ័ពហ្នឹង យកទៅចែកកូនទាហានវិញ។ ធានាឲ្យកូនទាហានបានប្រាក់ខែច្រើនជាងមុន ហើយជាពិសេស កូនទាហានហ្នឹង ខំយាមដីឲ្យគេ កាប់ឈើអី ដឹកជញ្ជូនអី បម្រើអាមេទ័ពពុករលួយហ្នឹង។ យើងនឹងរឹបអូសអាទ្រព្យសម្បត្តិអាមេទ័ពពុករលួយហ្នឹង យកមកចែកកូនទាហានវិញ។ អីចឹងធ្វើម៉េចឲ្យកូនទាហានហ្នឹងមានទឹកចិត្ត ថាពេលណាមួយកុំស្ដាប់បញ្ជា ហ៊ុន សែន កុំស្ដាប់បញ្ជាមេទ័ព ឲ្យមកសម្លាប់ប្រជារាស្ត្រ ហើយបើយើងគ្រាន់តែមិនស្ដាប់បញ្ជាវា អាអត់សម្លាប់ប្រជារាស្ត្រទេ អត់ធ្វើតាមទេ ពេលហ្នឹងឈ្នះហើយ»។
អតីតមេបក្សប្រឆាំងដែលហ៊ុមព័ទ្ធដោយបណ្ដឹងពីក្រុមមេដឹកនាំកម្ពុជានេះ បានរំឭកដល់បដិវត្តន៍នៅប្រទេសអេហ្ស៊ីប ដែលកងទ័ពប្រទេសនោះ នៅនាទីចុងក្រោយមិនស្ដាប់បញ្ជាលោកប្រធានាធិបតី Hosni Mubarak ឲ្យសម្លាប់អ្នកតវ៉ា ដើម្បីរក្សាអំណាចដែលលោកបានកាន់បីទសវត្សរ៍មកហើយនោះ។
ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឲ្យបុរសខ្លាំងកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តនោះទេ។ ក្នុងពិធីជួបជុំជាមួយកម្មករ ដែលធ្វើឡើងនៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោក ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ បានប្រាប់ក្រុមកម្មករថា មេទ័ពកំពូលកម្ពុជា និងនាយទាហានដទៃទៀត បានត្រៀមដាក់ពាក្យបណ្តឹងប្រឆាំងនឹងការអធិប្បាយរបស់លោក សម រង្ស៊ី។
លោក ហ៊ុន សែនបានចាត់ទុកថា ការអធិប្បាយរបស់អតីតមេដឹកនាំគណបក្សជំទាស់រូបនេះ មានទម្ងន់ស្មើនឹងអំពើក្បត់ជាតិ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា៖ «ហើយថ្ងៃនេះ ខ្ញុំដឹងថា កងទ័ពកម្ពុជា កងយោធពលខេមរភូមិន្ទ រួមនឹងនាយទាហានដទៃទៀត នឹងដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការ ព្រោះនេះជាបទល្មើសក្បត់ជាតិ ជាបទល្មើសញុះញង់ ឲ្យកងទ័ពមិនគោរពបទបញ្ជា»។
លោក ហ៊ុន សែន ក៏បានប្រកាសឲ្យលោក សម រង្ស៊ី ចូលមកក្នុងប្រទេសកម្ពុជា មកបញ្ជាក់ឲ្យដឹងពីកងទ័ពណាដែលចង់បះបោរ ហើយប្រាប់លោកឲ្យដឹងផងថាតើលោក សម រង្ស៊ី មានជំនួយពីអន្តរជាតិអ្វីខ្លះ ដើម្បីតតាំងនឹងលោក។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា បើមានវត្តមានលោកក្នុងប្រទេសកម្ពុជា សង្គ្រាមនឹងមិនកើតមានឡើងនោះឡើយ។
ភ្លាមៗក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើសន្និសីទព័ត៌មាន នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយបានលើកឡើងថា កងទ័ពមានវិន័យ ហើយត្រូវស្ដាប់បទបញ្ជា។
លោកប្រាប់អ្នកកាសែតថា ការអំពាវនាវឲ្យកងទ័ពមិនស្ដាប់បទបញ្ជា ជាទង្វើរំលោភរដ្ឋធម្មនុញ្ញ ហើយថាលោក សម រង្ស៊ី គឺជា ជនក្បត់ជាតិ។ មេទ័ពកំពូលរូបនេះ អះអាងថា កងទ័ពបច្ចុប្បន្ន មានការអប់រំគ្រប់គ្រាន់ ដូច្នេះកងទ័ពនឹងមិនស្ដាប់ការញុះញង់របស់បុគ្គលណាមួយនោះឡើយ។
«ខ្ញុំគិតថា ទ័ពមានវិន័យ ទ័ពមានសាលាហ្វឹកហ្វឺន ទ័ពបានរៀនសូត្រ ទ័ពមានសមត្ថភាព ហើយគេ ក៏ទទួលបានព័ត៌មានតាមរយៈហ្វេសប៊ុក ដូចយើងអីចឹងដែរ។ ទ័ពបច្ចុប្បន្ន គឺមានសញ្ញាប័ត្រថ្នាក់បណ្ឌិត អនុបណ្ឌិត។ កូនទាហាន នាយទាហានរង និងនាយទាហានភាគច្រើន គឺថា ស្ទើរតែ១០០ភាគរយ គេមានសមត្ថភាព គេចេះដឹង គេមិនល្ងង់ទេ»។
លោក សម រង្ស៊ី មិនទាន់ឆ្លើយតបទៅនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក ឬ email នោះទេ មកទល់នឹងល្ងាចថ្ងៃព្រហស្បតិ៍នេះ។
ក៏ប៉ុន្តែ លោក សម រង្ស៊ី បានវាយបកនឹងការគំរាមប្ដឹងរបស់លោក ហ៊ុន សែន និងកងទ័ព តាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធថា លោកស្វាគមន៍ពាក្យបណ្ដឹងទាំងឡាយ ហើយជំរុញថែមទៀត ឲ្យលោកហ៊ុន សែន ប្ដឹងលោក ពីការចោទប្រកាន់ថា «ក្បត់ជាតិ»។
លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖ «កងកម្លាំងប្រដាប់អាវុធនៅប្រទេសមួយចំនួនក្នុងពិភពលោក បានបដិសេធ មិនស្ដាប់បញ្ជា ពីមេដឹកនាំផ្ដាច់ការ ដែលបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋ ដែលធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងរបបផ្ដាច់ការ»។
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានឲ្យដឹងបន្ថែមថា រាល់ពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន ឈរលើការចោទប្រកាន់បែបនេះ ធ្វើឲ្យសាធារណមតិ មើលឃើញកាន់តែច្បាស់ថែមទៀតថា លោក ហ៊ុន សែន ជាជនផ្ដាច់ការ ហើយជាមនុស្សល្ងង់ខ្លៅ។
នៅមុនការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខាជាស្ថាបនិកនេះ មេទ័ពកំពូលៗ រួមទាំងនាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានក្រើនរម្លឹក និងព្រមានឆ្លើយតបដោយកម្លាំងជាបន្តបន្ទាប់ ប្រសិនបើជនណាហ៊ានក្រោកតវ៉ា បង្កអសន្តិសុខសង្គម។
កងទ័ពកម្ពុជាក៏បានព្រមានវាយកម្ទេចចោលអង្គការចាត់តាំង ក្រុមឬបុគ្គលណាក៏ដោយ ដែលធ្វើសកម្មភាព បំផុសបំផុលឲ្យមានចលនាបដិវត្តន៍ពណ៌ផងដែរ ដែលបានបង្កការខូចខាត និងសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសជាច្រើន។
តែអ្នកវិភាគធ្លាប់បានលើកឡើងថា ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ មិនតម្រូវឲ្យប្រជាពលរដ្ឋខ្មែរក្រោកឈរធ្វើបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ហើយអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាននោះគឺ ការដឹកនាំប្រកបដោយការទទួលខុសដោយត្រូវមានតម្លាភាព និងគ្មានការប្រព្រឹត្តអំពើពុករលួយជាដើម៕
No comments:
Post a Comment