លោក សោ ចាន់ដេត (Sor Chandeth)៖ សាលដីកា ១៦វិច្ឆិកា ២០១៧ ប្រហារសេក ធ្ងន់ជាងទោសខ្លា !
សាហាវណាស់ ឃោឃៅណាស់ ពួកយើងគ្រាន់តែប្រើសិទ្ធិនិយាយ ដើម្បីព្យាបាលជម្ងឺប្រជាពលរដ្ឋ និងមាតុភូមិ របស់ខ្លួនដែលធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃអស់រយៈពេលជាង ៥០០ឆ្នាំមកហើយ គឺជម្ងឺ ១-បែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ២-ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលចុះខ្សោយ និង ៣-ឱនភាពនៃសេដ្ឋកិច្ចជាតិ-សេដ្ឋកិច្ចគ្រួសារ។
សាលដីកាសម្រេចក្តីឲ្យពួកយើង១១៨នាក់ ដោយផ្ទុយពីស្មារតីដើម "រដ្ឋធម្មុញ្ញ" ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទី១-ប្រជាពលរដ្ឋខ្មែរគ្រប់មានសិទ្ធិចូលរួម និងធ្វើនយោបាយ ដោយគ្មានការហាមឃាត់ និងទី២-រក្សាគោលការណ៏ផ្សះផ្សាជាតិ។
គោលការណ៏ផ្សះផ្សាជាតិនេះ ត្រូវបានយកទៅប្រើក្នុងសាលាក្តី "កាត់ទោសអតីតខ្មែរក្រហម" ដែលតម្រូវផ្តន្ទាទោស តែមេៗដឹកនាំកំពូលៗពីរបីនាក់ប៉ុណ្ណោះ ដោយមិនប៉ះពាល់រាលដាលដល់មេបញ្ជាការតំបន់ មេភូមិភាគ ឬមេកងតាមខេត្តនីមួយៗឡើយ ទោះបីពួកទាំងនោះធ្លាប់បាន "សម្លាប់" មនុស្សរាប់រយនាក់ក៏ដោយ ក៏ភាគីរដ្ឋាភិបាលខ្មែរ រក្សាជំហរ "ផ្សះផ្សាជាតិ"។
ចុះហេតុអ្វីបានជាសាលដីកានេះ សម្រេចសេចក្តីចំពោះពួកយើង ធ្ងន់ជាងពួកក្រុមខ្មែរក្រហមបែបនេះ? ពួកយើងកន្លងមកប្រើតែវោហារសាស្ត្រតែប៉ុណ្ណោះ ដែលមិនបានបង្កឲ្យជនណាម្នាក់ "ស្លាប់" ដោយពាក្យសំដីពួកយើងទេ៕៚
បាត់ដំបង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧
No comments:
Post a Comment