ប្រជាពលរដ្ឋថាវិបត្តិនយោបាយធ្វើឲ្យពួកគេមិនអាចអនុវត្តសិទ្ធិបានពេញលេញ-People complaint of losing their rights
ប្រជាពលរដ្ឋព្រួយបារម្ភ ពីវិបត្តិនយោបាយក្នុងប្រទេសសព្វថ្ងៃ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៅៗពួកគាត់ថា វិបត្តិដែលបង្កឡើងដោយគណបក្សកាន់អំណាចនេះ ធ្វើឲ្យពួកគេមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានពេញលេញ ដូចមានចែងនៅក្នុងច្បាប់កំពូលរបស់ជាតិនោះឡើយ។ ការលើកឡើងពីសំណាកពលរដ្ឋបែបនេះ ខណៈប្រទេសកម្ពុជា កំពុងប្រារព្ធទិវាសិទ្ធិ១០ ធ្នូ លើកទី៦៩ កាលពីថ្ងៃអាទិត្យម្សិលមិញ។
ប្រទេសកម្ពុជាបានប្រារព្ធទិវាសិទ្ធិមនុស្ស១០ ធ្នូ ក្នុងឆ្នាំ២០១៧នេះ គឺធ្វើឡើងបែបឆក់កន្ដៀត ដោយស្ថិតក្នុងសង្គ្រាមនយោបាយផ្ទុះឡើងយ៉ាងក្តៅគគុកទូទាំងប្រទេស ព្រមទាំងមានការរឹតត្បិតខ្លាំងលើសេរីភាពនៃការជួបប្រជុំ និងសម្ដែងមតិ។
ទាំងពលរដ្ឋ និងអង្គការ សង្គមស៊ីវិល បានបង្ហាញថា ពលរដ្ឋមានសិទ្ធិ និងអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញ នៅក្នុងសង្គមប្រជាធិបតេយ្យក្ដី ប៉ុន្តែ វិបត្តនយោបាយដែលកំពុងតែអូសបន្លាយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ នាំឲ្យសិទ្ធិទាំងអស់របស់ពួកគាត់ ដូចជាសិទ្ធិប្រមូលផ្តុំ ឬសិទ្ធិធ្វើបាតុកម្មទាមទារអ្វីមួយ ត្រូវអាជ្ញាធររាំងខ្ចប់មិនឲ្យពលរដ្ឋ ប្រើប្រាស់សិទ្ធិរបស់ខ្លួនបាននោះឡើយ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា សង្គមកម្ពុជាសព្វថ្ងៃ មិនអនុញាតឲ្យពលរដ្ឋបញ្ចេញមតិបាននោះទេ។ ពលរដ្ឋរូបនេះបន្តថា ដូចជាខ្លួនគាត់ផ្ទាល់តែងតែរងការបង្ក្រាបពេលគាត់ចេញមុខតវ៉ា ឬទាមទារម្តងៗ ។ បញ្ហានេះធ្វើឲ្យខ្លួនព្រួយបារម្ភក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន។ «»
ពលរដ្ឋម្នាក់ទៀតនិយាយថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការរំលោភសិទ្ធិពលរដ្ឋ ព្រោះពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដែលមានសំឡេងជិតពាក់កណ្ដាល នៅក្នុងសភា ប៉ុន្តែបែរជាការមានការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះចោល ដោយមិនគិតពីថា គណបក្សនេះមានពលរដ្ឋជាង៣លាននាក់បានបោះឆ្នោតឲ្យកាលពីឆ្នាំ២០១៣នោះឡើយ។ លោកថា សព្វថ្ងៃនេះ កុំថាឡើយសិទ្ធិជួបជុំធ្វើបាតុកម្មទាមទារអ្វី សូម្បីការបញ្ចេញមតិនៅសាធារណៈ ក៏ពលរដ្ឋមិនហ៊ានបញ្ចេញមតិដែរ។ «»
រដ្ឋធម្មនុញ្ញមាត្រា៣១ ចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។
មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា ៣៧ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
ពលរដ្ឋមានបញ្ហាដីធ្លីតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ដែលសកម្មក្នុងការទាមទារកន្លងមក ប្រាប់ថា សិទ្ធិដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះ កញ្ញាមិនអាចប្រើប្រាស់បាននោះទេ។ កញ្ញាបន្តថា ដោយសារកម្ដៅនយោបាយធ្វើពលរដ្ឋសហគមន៍របស់កញ្ញា មិនអាចជួបជុំបញ្ចេញមតិ អាចប្រើប្រាស់សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី មិនបានទទួលសិទ្ធិទទួលព័ត៌មាន និងបាត់បង់សិទ្ធិផ្សេងៗទៀត។ ពលរដ្ឋរូបនេះ ស្នើទៅរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគេ អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនឡើង ឲ្យស័ក្ដិសមជាពលរដ្ឋរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ «»
វិបត្តិនយោបាយដែលបានអូសបន្លាយតាំងពីដើមឆ្នាំ២០១៥ រហូតដល់ពេលនេះ រដ្ឋាភិបាលលោក រងការចោទប្រកាន់ថា កំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលបានបើកយុទ្ធនាការបិទទ្វារអង្គការជាតិ និងអន្តរជាតិមួយចំនួនរួចទៅហើយ ក្នុងនោះមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យNDI អង្គការសមធម៌កម្ពុជា និងអង្គការមាតាធម្មជាតិជាដើម។ បិទកាសែត និងវិទ្យុឯករាជ្យ និងវិទ្យុក្នុងស្រុកមិនឲ្យផ្សាយព័ត៌មានបន្តរបស់វិទ្យុ អាស៊ីសេរី និងវីអូអេ រហូតមានការចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរីពីររូបថែមទៀតផង។
សេចក្ដីថ្លែងការណ៍របស់បណ្ដាញអង្គការសង្គមស៊ីវិលចំនួន ១០៣ស្ថាប័ន លើកឡើងក្នុងទិវាសិទ្ធិមនុស្ស១០ ធ្នូ លើកទី៦៩ ស្នើដោយទទូចទៅរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិ និងក្រុមសង្គមស៊ីវិល រួមទាំងបញ្ឈប់ការរឹតបន្តឹងដោយមិនសមហេតុផលលើសិទ្ធិសេរីភាពជាមូលដ្ឋាន។ សង្គមស៊ីវិលសង្ឃឹមថា អាជ្ញាធរនឹងគោរពរដ្ឋធម្មនុញ្ញ និងគ្មានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំជាដើម។
មន្ត្រីជាន់ខ្ពស់នៃការអង្គការខុមហ្វ្រែល លោក កន សាវាង្ស ឯកភាពនឹងការលើកឡើងរបស់ពលរដ្ឋដែលថា សិទ្ធិរបស់ពួកគេកំពុងរឹតត្បិតព្រោះវិបត្តិនយោបាយនៅពេលនេះ។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ពលរដ្ឋត្រូវទាមទារសិទ្ធិរបស់ខ្លួនពីរដ្ឋាភិបាល ព្រោះគ្មាននរណាម្នាក់យកសិទ្ធិសេរីភាពដាក់លើជើងទានឲ្យពលរដ្ឋនោះទេ ក្រៅពីពលរដ្ឋទាមទារដោយខ្លួនឯង។ «»
កាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត លើកឡើង ថា អ្នកស្រីមានការព្រួយបារម្ភ ដោយសាររដ្ឋាភិបាលកំពុងយកនីតិរដ្ឋ មកធ្វើជាឡប់ឡែ ដើម្បីជាលេសបិទបាំង បន្លំការបង្ក្រាបនេះ។
អ្នកស្រី លើកឡើងបន្ថែមទៀត ថា ពាក្យថា នីតិរដ្ឋ គឺមិនមែនត្រឹមតែយកច្បាប់មកអនុវត្តតែប៉ុណ្ណោះនោះទេ ប៉ុន្តែ ត្រូវគោរពសិទ្ធិមនុស្ស និងបង្ហាញឲ្យឃើញពីគោលការណ៍នៃភាពត្រឹមត្រូវ យុត្តិធម៌៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment