សហភាពអឺរ៉ុបប្រកាសថានឹងកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុទាំងស្រុងដល់ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ៗ ក៏នឹងងាប់យ៉ាងក្អាត់-EU expect to announce funding cut on NEC.
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី បានអោយដឹងថា៖ អំពីការអឺរ៉ុបគ្រោងប្រកាសជាផ្លូវការពីការកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុទាំងស្រុងដល់គ.ជ.ប
សហភាពអឺរ៉ុបគ្រោងនឹងប្រកាសអំពីការកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុទាំងស្រុងដល់ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ កាសែតភ្នំពេញប៉ុស្តិ៍ បានស្រង់ប្រសាសន៍ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថ្លែងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ កាលពីចុងសប្ដាហ៍មុននេះ ដែលលោកបានបង្ហើបឲ្យដឹងថា លោករំពឹងថា សហភាពអឺរ៉ុប នឹងប្រកាសជាផ្លូវការអំពីសេចក្ដីសម្រេចកាត់បន្ថយជំនួយហិរញ្ញវត្ថុនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក ច្សច អេដហ្គា គូសបញ្ជាក់ថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ត្រូវបានកំណត់យ៉ាងជាក់លាក់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលសហភាពអឺរ៉ុប បានចុះហត្ថលេខា ជាមួយរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៧។ លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ រួមបញ្ចូលទាំងការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសហភាពអឺរ៉ុបធ្លាប់សន្យាថា នឹងផ្ដល់ទឹកប្រាក់ចំនួន ១២លានដុល្លារអាមេរិក សម្រាប់ការរៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។ ក្នុងចំណោមទឹកប្រាក់ជំនួយដែលបានសន្យានេះ សហភាពអឺរ៉ុបបានផ្ដល់ថវិកាចំនួន ៥ លានដុល្លារអាមេរិក រួចហើយទៅឲ្យទៅគ.ជ.ប។
យ៉ាងណាក៏ដោយ កាសែតដដែលនេះ បានស្រង់ប្រសាសន៍អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា ឲ្យដឹងថា បើទោះបីជាមានការគ្រោងប្រកាសកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនេះក៏ដោយ ក៏គ.ជ.ប នឹងនៅតែបន្តការងាររៀបចំការបោះឆ្នោតតទៅទៀត ដោយលោកអះអាងថា នៅមានប្រទេសដទៃទៀតបន្តផ្ដល់ជំនួយហិរញ្ញវត្ថុ ក្នុងការងាររៀបចំការបោះឆ្នោតនេះ ក្នុងនោះរួមមានប្រទេសចិន ជប៉ុន រុស្ស៊ី និងប្រទេសម្ចាស់ជំនួយមួយចំនួនទៀត។
ពាក់ព័ន្ធនឹងបញ្ហារបស់សហភាពអឺរ៉ុបនេះដែរ មូលនិធិ Euractiv ប៊ែលហ្សិក បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសអ៊ីតាលី និងប្រទេសចំនួន ៧ ផ្សេងទៀតក្នុងសហភាពអឺរ៉ុប កាលពីចុងខែវិច្ឆិកានេះ បានស្នើសុំឲ្យគណៈកម្មការអឺរ៉ុប ដាក់កម្រិតការនាំចូលអង្ករពីប្រទេសកម្ពុជា ក្រោមហេតុផលថា ដើម្បីការពារឧស្សាហកម្មអង្ករ របស់ប្រទេសអ៊ីតាលី និងបណ្ដាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ សហភាពអឺរ៉ុប បាននាំចូលអង្ករកម្ពុជា កើនឡើងទ្វេដង ដែលការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់តុល្យភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា។ មូលនិធិ Euractiv ប៊ែលហ្សិក ដដែលនេះ បានស្រង់ប្រសាសន៍អ្នកនាំពាក្យក្រសួងកសិកម្ម ប្រទេសអ៊ីតាលីថា ប្រទេសអ៊ីតាលី បានរួបរួមគ្នាជាមួយប្រទេសបារាំង អេស្ប៉ាញ ព័រទុយហ្គាល់ ហុងគ្រី ក្រិច និងប្រទេសរ៉ូម៉ានី ក្នុងការទាមទារឲ្យមានការដាក់កម្រិតការនាំចូលអង្ករពីប្រទេសកម្ពុជានេះ៕
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូបពីស្ដាំទីពីរ] ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូបពីស្ដាំទីមួយ] និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយជំនួបជាមួយ គ.ជ.ប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment