កើតព្យុះសង្ឃរាពីមហាប្រជាពលរដ្ឋខ្មែរមានទាំងភិក្ខុសង្ឃនិងអ្នកវិភាគ បានរិះគន់វាយប្រហារធ្ងន់ៗទៅលើសម្ដេចសង្ឃបែកឆ្វេង វង្វេងទិស បែកស្លុយសម្អុយកេរ្តិ៍ កណ្ដាលមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស រឿងអំពាវនាវឲ្យភិក្ខុសង្ឃបោះឆ្នោតជូនបក្សប្លន់អំណាច!-Tep vong convince monks to vote for cpp
ព្រះសង្ឃ និងអ្នកវិភាគ ប្រតិកម្មចំពោះសម្ដេចព្រះសង្ឃរាជ ទេព វង្ស ដែលបានអំពាវនាវឲ្យព្រះ សង្ឃនៅទូទាំងប្រទេសចូលរួមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ព្រះសង្ឃ និងអ្នកវិភាគ យល់ថា ស្ថាប័នព្រះសង្ឃ ត្រូវតែជាស្ថាប័នឯករាជ្យ ដោយមិនត្រូវបម្រើគណបក្សនយោបាយណា មួយនោះទេ។
ស្ថាប័នព្រះពុទ្ធសាសនា ត្រូវបានគេមើលឃើញថា កំពុងបែកបាក់សាមគ្គី និងអាប់ឱន ជាបន្តបន្ទាប់ ដោយសារមន្ត្រីសង្ឃជាន់ខ្ពស់មួយចំនួន រហូតដល់សម្ដេចព្រះសង្ឃរាជផង មាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងចំហ ដែលកំពុងរងការចោទថា គ្មានគុណធម៌ រំលោភសិទ្ធិមនុស្ស និងការដឹកនាំប្រាសចាកគន្លងប្រជាធិបតេយ្យ។
ព្រះតេជព្រះគុណ ឈឹម សុភី ជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានថេរៈដីកាថា ព្រះអង្គមិនគាំទ្រសម្តេចព្រះសង្ឃរាជ ទេព វង្ស ដែលអំពាវនាវឲ្យព្រះសង្ឃទូទាំងប្រទេស បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានោះទេ។ ព្រះតេជព្រះគុណ បន្តថា សម្ដេចសង្ឃ អាចណែនាំ ឬបង្ខំព្រះសង្ឃគ្រប់អង្គ អោយពង្រឹងការប្រតិបត្តិនូវធម៌វិន័យ ឲ្យកាន់តែល្អប្រសើរបាន ប៉ុន្តែសម្ដេចសង្ឃមិនអាចជួយឃោសនារកសំឡេងឆ្នោត ជូនគណបក្សណាមួយនោះទេ ព្រោះស្ថាប័នព្រះសង្ឃ ត្រូវជាស្ថាប័ន ដែលឯករាជ្យ។ ម្យ៉ាងទៀត ការទៅបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតរៀងៗខ្លួន មិនអាចបង្ខំបានទេ។
កាលពីថ្ងៃទី១៣ ខែធ្នូ សម្តេច ព្រះសង្ឃរាជ ទេព វង្ស បានអំពាវនាវឲ្យព្រះសង្ឃនៅទូទាំងប្រទេសចូលរួមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដោយអះអាងថា បក្សនេះ មានចំណុចល្អជាច្រើន ដែលដឹកនាំដោយលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី២៦ ដែលមានព្រះសង្ឃ និងពលរដ្ឋចូលរួមប្រមាណជាង ៥០០អង្គ និងនាក់ នៅសាលមហោស្រពចតុមុខដើម្បីបូកសរុប និងវាយតម្លៃលើសកម្មភាព និងលទ្ធផលការងារ នៃការអនុវត្តសង្ឃប្រកាសមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស កាលពីឆ្នាំទៅ និងលើកទិសដៅសម្រាប់អនុវត្ត នាឆ្នាំបន្តទៀត។
សម្ដេច ព្រះសង្ឃរាជ ទេព វង្ស ក៏បានបញ្ជាក់ម្ដងហើយម្ដងទៀត ព្រោះខ្លាចព្រះសង្ឃគ្រប់អង្គគូសខុសគណបក្សប្រជាជនកម្ពុជា។ សម្ដេច ព្រះសង្ឃរាជ ស្នើអោយព្រះសង្ឃទាំងអស់ ពិចារណាឲ្យបានច្បាស់លាស់មុននឹងគូសលើសន្លឹកឆ្នោត គាំទ្រគណបក្សនយោបាយនៅពេលបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
ការលើកឡើងរបស់សម្ដេច ព្រះសង្ឃរាជ ទេព វង្ស នៅពេលនេះ គឺផ្ទុយពីកន្លងមកដែលព្រះអង្គធ្លាប់បានអំពាវនាវកាលពីឆ្នាំ២០១៤ កុំឲ្យព្រះសង្ឃបោះឆ្នោត ឬចូលរួមក្នុងសកម្មភាពការបោះឆ្នោត និង ថែមទាំងធ្លាប់ជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ ហាមឃាត់ព្រះសង្ឃ បោះឆ្នោតទៀតផង។
ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលតែងចូលរួមតវ៉ាយ៉ាងសកម្មជាមួយសកម្មជនដីធ្លី និងផ្ទះសម្បែង និងធ្លាប់ទទួលពានរង្វាន់ផ្នែកសិទ្ធិមនុស្សផងនោះ មានសង្ឃដីកាថា ការយកស្ថាប័នព្រះពុទ្ធសាសនា ដើម្បីបម្រើឲ្យគណបក្សណាមួយ ឬអំពាវនាវឲ្យព្រះសង្ឃចូលរួមបោះឆ្នោត ឲ្យបក្សណាមួយដូច្នេះ គឺខុសនឹងច្បាប់ព្រះពុទ្ធសាសនាទាំងស្រុង។
បន្ថែមពីនេះ ព្រះតេជព្រះគុណ លួន សុវ៉ាត ក៏មានសង្ឃដីកាទាំងហួសព្រះទ័យដែរ ដែលសម្ដេចសង្ឃ មិនបានផ្ដោតខ្លាំងលើវិស័យអប់រំ ក្នុងពុទ្ធសាសនា ដូចជាបង្កើត និងពង្រឹងប្រព័ន្ធអប់រំ ផ្នែកពុទ្ធិកសិក្សា តាំងពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកវិទ្យាល័យ និងមហាវិទ្យាល័យជាដើមនោះ។ ផ្ទុយទៅវិញបែរជា សម្ដេច ព្រះសង្ឃរាជ ផ្ដោតលើគុណតម្លៃ របស់បក្សកាន់អំណាច និងអះអាងថាព្រហ្មវិហារធម៌ ៤ មាន មេត្តា ករុណា មុទិតា និងឧបេក្ខា បានកើតក្រោយថ្ងៃ ៧មករា ទៅវិញ។
គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរដ្ឋាភិបាលជាង ៣០ឆ្នាំមកនេះ រងការរិះគន់ថា បាន ប្រើប្រាស់ឥទ្ធិពល និងអំណាចយ៉ាងខ្លាំងគ្របទៅលើស្ថាប័នផ្សេងៗ ដែលនាំឲ្យបាត់បង់ យុត្តិធម៌ តម្លាភាព ឯករាជ្យភាព និងគុណតម្លៃជាដើម ក្នុងនោះមានដូចជាវិស័យតុលាការ រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ និងវិស័យពុទ្ធសាសនានេះជាដើម។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា តំណែងជាស្ដេចសង្ឃដែលព្រះតេជព្រះគុណ ទេព វង្ស ទទួលបានដូចរាល់ថ្ងៃនេះ ក៏ដោយសាររដ្ឋាភិបាលគណបក្សប្រជាជននេះដែរ ដូច្នេះលោកមិនចម្លែកចិត្តឡើយ ដែលព្រះអង្គមានសង្ឃដីកាការពារ និងឃោសនាឲ្យបក្សកាន់អំណាចនេះ។
រីឯមន្ត្រីច្បាប់ និងអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មានប្រសាសន៍ថា យោងទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត មិនបានហាមព្រះសង្ឃមិនឲ្យអោយបោះឆ្នោត និងចូលរួមសកម្មភាពនយោបាយ និងឈរឈ្មោះជា សមាជិកបក្សនយោបាយណានោះទេ។ ទោះយ៉ាងណាក្ដី សម្រាប់លោកយល់ថា បុគ្គលក្រុមខ្លះ មិនគួរឲ្យបោះឆ្នោតនោះទេ ដូចជាព្រះ សង្ឃ នាយទាហាន មន្ត្រីរៀបចំការបោះឆ្នោតជាដើម ព្រោះនាំឲ្យបាត់បង់តម្លៃ និងកិត្យានុភាព និងឯករាជ្យភាព៖ «»។ (ទស្សនៈរបស់ COMFREL នេះមិនត្រឹមត្រូវ មិនថានរណាជាភេទអ្វី បើឆ្កួតលីលាត្រូវមានសិទ្ធិស្មើគ្នារឿង One person, One vote)
មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា "ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត"។ មាត្រា៣៥ ក៏ចែងបន្ថែមថា "ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ មានសិទ្ធិ ចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ"។ ចំណែកច្បាប់គណបក្សនយោបាយ មាត្រា១៥ ចែងថា "បព្វជិត មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ អាចចូលរួមជាសមាជិកបក្សនយោបាយបាន តែមិនអាចធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សណាមួយឡើយ"។
ក្នុងរយៈពេលតែមួយថ្ងៃសោះ ការចេញឃោសនាបោះឆ្នោត ពីបុគ្គលសាធារណៈ ដែលគួរតែរក្សាភាពអព្យាក្រឹត្យ នៅមុនរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោត ចូលមកដល់បែបនេះ កើតឡើងផ្ទួនៗគ្នា។ ក្នុងឱកាសចុះជួបកម្មកររោងចក្រ កាលពីថ្ងៃទី១៣ ខែធ្នូ ដែលជាផ្នែកមួយ នៃការលួងចិត្តកម្មករ ក្នុងស្ថានភាពដែលសហគមន៍អន្តរជាតិ កំពុងដាក់ទណ្ឌកម្មបណ្តើរៗ និងព្រមានដាក់ទណ្ឌកម្មបន្ថែមលើវិស័យកាត់ដេរនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ឆ្លៀតឆក់ឱកាសប្រកាសឲ្យកម្មករ កម្មការិនី និងឪពុកម្ដាយរបស់ពួកគេ កុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យលោកដឹកនាំរហូតដល់ ៣៨ឆ្នាំ ឬ លើសនេះ។ ការអំពាវនាវឃោសនារកសំឡេងឆ្នោត ក្នុងតំណែងជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតំណាងឲ្យប្រជាពលរដ្ឋគ្រប់គណបក្សនយោបាយបែបនេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ ថាជាការយកតួនាទីរបស់ខ្លួន ទៅប្រើប្រាស់នាំឲ្យមានភាពច្របូកច្របល់ និងប៉ះពាល់ដល់សុចរិតភាព និងភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ នៃដំណើរការបោះឆ្នោតជាតិ ដែលកាន់តែខិតជិតចូលមកដល់។ ទោះជាយ៉ាងនេះ ទាំងមេដឹកនាំកំពូលផ្នែកពុទ្ធចក្រ និងមេដឹកនាំកំពូលផ្នែកអាណាចក្រ ហាក់មិនខ្វល់ខ្វាយ នឹងការរិះគន់នេះទេ គឺធ្វើយ៉ាងណាឲ្យតែគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតប៉ុណ្ណោះ ទោះមិនយុត្តិធម៌ក៏ដោយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment