អ្នកវិភាគ និងអ្នកច្បាប់លើកឡើងថា លោកហ៊ុន សែន និងតុលាកាឡ៍សុខចិត្តបំពានរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាពាក់ព័ន្ធនានាទៀត ដើម្បីយកឈ្នះ គឺចាប់ឃុំខ្លួនលោក កឹម សុខ!
អ្នកវិភាគ និងអ្នកច្បាប់លើកឡើងថា តុលាការបដិសេធការស្នើសុំរបស់ក្រុមមេធាវីលោក កឹម សុខា ម្ដងហើយម្ដងទៀតក្នុងការផ្លាស់ប្ដូរមន្ទីរឃុំឃាំង លោក កឹម សុខា នេះ មិនមែនជាការអនុវត្តតាមផ្លូវច្បាប់ឡើយ ហេតុផលចម្បងនោះគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចចលនាបះបោរប្រឆាំងនឹងកាឃុំខ្លួន បើសិនជាបញ្ជូនលោក កឹម សុខា យកទៅឃុំខ្លួននៅពន្ធនាគារ ក្នុងទីក្រុងភ្នំពេញនោះ។
អ្នកវិភាគមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតុលាការសុខចិត្តបំពានរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាពាក់ព័ន្ធនានាទៀត ដើម្បីយកឈ្នះ គឺចាប់ឃុំខ្លួនលោក កឹម សុខា ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ឲ្យដឹងកាលពីថ្ងៃទី២១ ខែធ្នូ ថា មូលហេតុចម្បងដែលតុលាការសម្រេចបដិសេធសំណើរបស់ក្រុមមេធាវី លោក កឹម សុខា នេះ មិនមែនជាការអនុវត្តច្បាប់ឡើយគឺតុលាការអនុវត្តតាមបញ្ជារបស់លោក ហ៊ុន សែន ទៅវិញទេ ទោះបីជាប្រព័ន្ធតុលាការរងនូវការរិះគន់ពីសាធារណមតិជាតិ និងអន្តរជាតិថា ជាតុលាការតេឡេក្ដី។ លោកបន្ថែមថា មូលហេតុចម្បងដែលលោក ហ៊ុន សែន មិនព្រមបញ្ជូនលោក កឹម សុខា យកមកឃុំខ្លួននៅពន្ធនាគារក្នុងរាជធានីភ្នំពេញ តាមក្រុមមេធាវីស្នើសុំនេះ ដោយសារតែលោក ហ៊ុន សែន ភ័យខ្លាចចលនាបះបោរតវ៉ាប្រឆាំងការឃុំខ្លួនលោក កឹម សុខា ទោះបីជា លោក ហ៊ុន សែន មានកងកម្លាំងប្រដាប់អាវុធពេញដៃក្ដី។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅចំណាត់ការរបស់លោក ហ៊ុន សែន បែបនេះថា ជាវិធានការបំពានរដ្ឋធម្មនុញ្ញដើម្បីឈ្នះ៖ «»។
ក្រុមមេធាវីរបស់លោក កឹម សុខា កាលពីថ្ងៃទី២១ ខែធ្នូ ប្រកាសពហិការមិនចូលរួមជាមួយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលទៅធ្វើសវនាការសាកសួរលោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខែត្រត្បូងឃ្មុំ។ ការប្រកាសមិនចូលរួមជាមួយចៅក្រមស៊ើបសួរនេះធ្វើឡើងនៅចំថ្ងៃដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី រិទ្ធី បានកំណត់យកថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ដើម្បីបើកសវនាការសាកសួរលោក កឹម សុខា បន្តនៅក្នុងពន្ធនាគារត្រពាំងផ្លុង។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក គី រិទ្ធី បានទៅបើកសវនាការសាកសួរលោក កឹម សុខា ចំនួនពីរដងមកហើយពីបទក្បត់ជាតិ។ លោកមេធាវី សំ សុគង់ ឲ្យដឹងថា ខាងចៅក្រមស៊ើបសួរបានទៅបន្តសាកសួរលោក កឹម សុខា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ទៀត នៅក្នុងពន្ធនាគារត្រពាំងផ្លុង ទោះបីជាគ្មានមេធាវីចូលរួមក្ដី។ ប៉ុន្តែលោក សំ សុគង់ បញ្ជាក់ថា លោកមិនដឹងថា តើលោក កឹម សុខា សហការក្នុងការឆ្លើយនេះ ឬយ៉ាងណាទេ។ លោកអះអាងថា លោក កឹម សុខា បានសម្រេចមិនឆ្លើយនឹងសំណួររបស់ចៅក្រមតាំងពីថ្ងៃទី១៤ ខែធ្នូ មកម្ល៉េះ។ ក្រុមមេធាវីលោក កឹម សុខា អះអាងថា ការស៊ើបអង្កេតរបស់ចៅក្រមមកទល់ពេលនេះ មិនមានភស្តុតាងអ្វីផ្សេងក្រៅពីវីដេអូឃ្លិបពីរបីនាទីដែលដាក់បន្ទុកកូនក្ដីរបស់លោកនោះទេ។
មូលហេតុសំខាន់ដែលក្រុមមេធាវីលោក កឹម សុខា ប្រកាសមិនចូលរួមជាមួយចៅក្រមស៊ើបសួរសាលាដំបូងដើម្បីបន្តសួរលោក កឹម សុខា ក្នុងពន្ធនាគារនេះ គឺធ្វើតាមឆន្ទៈផ្ទាល់ខ្លួនរបស់កូនក្ដីដែលប្រាប់ឲ្យក្រុមមេធាវីឲ្យធ្វើពហិការ និងម្យ៉ាងទៀត ក្រុមមេធាវី និងចៅក្រមខ្លួនឯងក៏ពិបាកធ្វើដំណើរទៅជួបលោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅជាប់ព្រំដែនវៀតណាម ដែរ។ លោកមេធាវី ហែម សុជាតិ អះអាងថា ក្រុមមេធាវីបានស្នើសុំមកតុលាការជាច្រើនដង ដើម្បីឲ្យផ្លាស់ប្ដូរការឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកពន្ធនាគារក្នុងរាជធានីភ្នំពេញវិញ តែត្រូវបានតុលាការបដិសេធម្ដងហើយម្ដងទៀត។
លោកមេធាវី សំ សុគង់ ប្រាប់ដែរថា តាមច្បាប់ ការសាកសួរជនសង្ស័យធ្វើបានក្រៅបន្ទប់សវនាការ ក្នុងបរិវេណសាលាជម្រះក្ដីបាន លុះត្រាតែជនសង្ស័យមានសុខភាពមិនល្អ ឬគ្មានលទ្ធភាពធ្វើដំណើរទៅបន្ទប់សវនាការ។ ប៉ុន្តែលោកមេធាវីអះអាងថា លោក កឹម សុខា មានសុខភាពល្អ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅបន្ទប់សវនាការក្នុងសាលាជម្រះក្ដីនៅក្រុងភ្នំពេញ។ មេធាវីឲ្យដឹងទៀតថា នៅពេលកូនក្ដីត្រូវបានបើកការសាកសួរក្នុងពន្ធនាគារ ធ្វើឲ្យសិទ្ធិមេធាវីរបស់កូនក្ដីត្រូវបានកាត់បន្ថយជាងនៅក្នុងសវនាការ ដោយសារអនុរក្សពន្ធនាគារបានឆែកគ្រប់សកម្មភាព រួមមានឯកសាររបស់មេធាវី និងមានបំពាក់កាមេរ៉ា ដែលជាផលលំបាករបស់មេធាវីសួរនាំកូនក្ដីធ្វើឲ្យការសម្ងាត់រវាងមេធាវី និងកូនក្ដីបានបាត់បង់។
លោកមេធាវី សំ សុគង់ ថ្លែងថា កូនក្ដីលោកស្នើសុំឲ្យចៅក្រមបើកសវនាការស៊ើបសួរនៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ព្រោះពន្ធនាគារជាកន្លែងបង្ខាំងមនុស្ស ហើយការបើកសវនាការស៊ើបសួរនៅក្នុងពន្ធនាគារ មិនត្រឹមត្រូវតាមច្បាប់ក្រមព្រហ្មទណ្ឌនោះទេ។ លើសពីនេះទៀត ការចោទប្រកាន់កូនក្ដីរបស់លោកពីបទឧក្រិដ្ឋនេះ ចៅក្រមស៊ើបសួរមិនអាចបន្តការសាកសួរលោក កឹម សុខា ដោយគ្មានការចូលរួមពីមេធាវីបានទេ នេះបើយោងតាមច្បាប់៖ «»។
អាស៊ីសេរី មិនអាចទាក់ទងចៅក្រមស៊ើបសួរ លោក គី ឫទ្ធី និងលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានទេ កាលពីថ្ងៃទី២១ ខែធ្នូ ដើម្បីសួរអំពីបញ្ហានេះ។
លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធផ្ទះ និងចាប់ខ្លួនទាំងពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ស្ថិតក្នុងខណ្ឌទួលគោក ក្រុងភ្នំពេញ។ ក្រោយចាប់ខ្លួន តុលាការបានសម្រេចឃុំខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៦ ខែកញ្ញា ដោយចោទប្រកាន់ពីបទក្បត់ជាតិ មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ការឃុំខ្លួននេះ ក្រៅពីក្រុមគ្រួសារ និងមេធាវី ចៅក្រមមិនអនុញ្ញាតឲ្យនរណាម្នាក់អាចចូលសួរសុខទុក្ខលោក កឹម សុខា បាននោះទេ។
សាលាឧទ្ធរណ៍ និងតុលាការកំពូល បានកាត់សេចក្ដីឲ្យមេធាវីរបស់លោក កឹម សុខា ចាញ់ក្ដីជាបន្តបន្ទាប់ ចំពោះការប្ដឹងប្រឆាំងការឃុំខ្លួនលោក កឹម សុខា ដែលក្រុមមេធាវីអះអាងថា ការឃុំខ្លួននេះជារឿងខុសច្បាប់។ នៅក្នុងសវនាការតុលាការទាំងពីរថ្នាក់នេះ ដែលធ្វើឡើងជាច្រើនលើក គឺគ្មានវត្តមានលោក កឹម សុខា ឡើយ។ ពេលខ្លះក្រុមមេធាវីក៏ពហិការមិនចូលរួមក្នុងសវនការនេះដែរ។ រីឯនៅក្រៅតុលាការវិញ ហ៊ុមព័ទ្ធដោយបន្លាលួស និងកងកម្លាំងប្រដាប់អាវុធនៅក្រៅរបងតុលាការ ហាក់បីដូចជាត្រៀមប្រយុទ្ធនៅសមរភូមិដូច្នោះដែរ។
ករណីនេះទាំងអស់នេះ ត្រូវបានអ្នកវិភាគ និងអ្នកច្បាប់លើកឡើងថា ការមិនផ្លាស់ប្ដូរមន្ទីរឃុំឃាំងលោក កឹម សុខា មកកាន់ទីក្រុងភ្នំពេញវិញ និងការមិនយកលោក កឹម សុខា មកចូលរួមតតាំងនៅក្នុងសវនាការនេះ ជារឿងអយុត្តិធម៌សម្រាប់លោក កឹម សុខា ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ភ័យខ្លាចអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បះបោរទាមទារឲ្យដោះលែងលោក កឹម សុខា ក៏ជំរុញឲ្យតុលាការបន្តឃុំខ្លួនលោក កឹម សុខា នៅតំបន់ដាច់ស្រយាលទាំងបំពានច្បាប់ជាតិ និងអន្តរជាតិ។
មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញចែងថា ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ ជនជាប់ចោទណាក៏ដោយ ត្រូវចាត់ទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការជាដើម៕
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ |
មេធាវីការពារក្ដីឲ្យលោក កឹម សុខា ក្នុងចំណោមមេធាវីដទៃទៀត លោក សំ សុគង់ |
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment