តំណាងរាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​នាំ​ក្តី​កង្វល់​មក​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី-CNRP lawmakers bring concern to Washington DC. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 តំណាងរាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​នាំ​ក្តី​កង្វល់​មក​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី-CNRP lawmakers bring concern to Washington DC.

តំណាងរាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​នាំ​ក្តី​កង្វល់​មក​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី-CNRP lawmakers bring concern to Washington DC.

Share This

តំណាងរាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​នាំ​ក្តី​កង្វល់​មក​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី-CNRP lawmakers bring concern to Washington DC.

វិបត្តិ​នយោបាយ​កម្ពុជា​បាន​ចាប់​ផ្តើម​ពីដើមខែ​កញ្ញា​ នៅ​ពេល​ដែល​កងកម្លាំង​ប៉ូលិស​បាន​ចាប់​​លោក​​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ដាក់​ពន្ធនាគារ​ ហើយ​ចោទ​ពី​បទ​ក្បត់​ជាតិ។

វ៉ាស៊ីនតោន៖​ក្រុម​អ្នក​តំណាង​រាស្រ្ត​កម្ពុជា​បាន​នាំគ្នា​ចូលមក​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី និងអ្នក​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិកនៅរដ្ឋ​ធានីវ៉ាស៊ីនតោន​ ដោយ​សម្តែង​ការព្រួយ​បារម្ភ​ពី​ការ​ធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​។

​ជំនួប​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ជា ​ទិដ្ឋភាពមួយ​ ដែល​កម្រ​បាន​ឃើញ​ក្នុង​រយៈ​ពេលជិត​ ១០ឆ្នាំ​នេះ​។

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៩ ទិដ្ឋភាពស្រដៀងគ្នា​នេះ​បាន​កើត​មាន​ម្តង​ដែរ ​ដែល​ក្រុម​អ្នក​តំណាង​រាស្រ្តមក​ពី​គណបក្ស​ចំនួន​បី​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សមរង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​មក​ជួប​សម​ភាគី​សហរដ្ឋ​អាមេរិក​ ដើម្បី​សិក្សា​ពី​តម្លាភាព​របស់​រដ្ឋាភិបាល​ ​តុល្យភាព​អំណាច ​និង​ស្វែង​រក​វិធី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

កម្មវិធី​នៅ​ពេល​នោះ​រៀបចំដោយវិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ​(NDI) វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ​(IRI) ​និង​វិទ្យាស្ថានតំណាង​រដ្ឋាភិបាល (IRG) របស់​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​នៅ​លើក​នេះក្រុម​អ្នកតំណាងរាស្ត្រ​ចំនួន ​៦រូប​ដែល​មក​តែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រួម​គ្នា​ជាមួយ​នឹង​លោក​សមរង្ស៊ី​ អតីត​ប្រធាន​គណបក្ស​បាន​មករៀបរាប់​ពីការ​រំលាយ​គណ​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ និង​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើអន្តរាគមន៍ ដើម្បី​ទប់​ស្កាត់​ប្រទេសកម្ពុជា​មិនឱ្យ​ធ្លាក់​ទៅក្នុង​ការ​ដឹកនាំ​ផ្តាច់​ការ។ អ្នក​តំណាងរាស្រ្ត​ទាំងនោះ​មាន​លោកស្រី​ ជូឡុង សូម៉ូរា លោក ​អេង ឆៃអ៊ាង លោក​ នុត រំដួល លោក​ ហូរ វ៉ាន់ លោកតុ វ៉ាន់ចាន់ និង​លោក ​អ៊ុច សេរីយុទ្ធ។

អ្នកតំណាងរាស្រ្ត​ទាំងនេះបាន​ជួបជាមួយនឹង​អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​រូបក្នុងនោះ​មាន​លោក​ អាឡាំង ឡូវឹនសល និង​លោក ស្ទីវ ឆាបុត សហ​ប្រធានក្រុម​ការងារ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ និង​លោក Cory Gardner ដែល​ជា សមាជិកព្រឹទ្ធសភា សហ​រដ្ឋ​អាមេរិក និង​ជា ​ប្រធាន​អនុ​គណៈកម្មាធិការ​កិច្ចការ​ទ្វីប​អាស៊ី​ភាគ​ខាង​កើត ​ក្នុង​គណៈ​កម្មាធិការកិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

លោក តុ វ៉ាន់ចាន់​ អ្នក​តំណាងរាស្រ្ត​ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាល និង​ជាពលរដ្ឋ​ខ្មែរ​អាមេរិកាំងបានបញ្ជាក់​ថា នេះ​គឺ​ជា​ លើក​ទី​មួយរបស់​លោក ហើយ​ដែល​បាន​មក​ជួបជាមួយ​នឹង​មន្ត្រី​និង​អ្នកតំណាង​រាស្រ្ត​សហរដ្ឋ​អាមរិក​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។​

លោក វ៉ាន់ចាន់ សម្តែង​ពី​សុទិដ្ឋិនិយម៖ «ខ្ញុំ​សង្កេតឃើញ​ថា​ ក្នុង​ដំណើរ​បេសកកម្មរបស់​យើង​ជើង​នេះ​មក​ជួបកន្លែង​ណា​នៅ​គ្រប់​កន្លែង​ទាំង​អស់​ឃើញ​គេ​យល់​រឿង​ ហើយ​គេ​ពន្យល់​អំពី​សកម្មភាព​ ហើយ​នឹង​គេ​ត្រូវ​ធ្វើ​ឱ្យ​យើង​ស្តាប់​ ហើយ​ខ្ញុំ​មើល​ឃើញ​ថា​ មានប្រសិទ្ធភាព​នឹង​គ្រោះថ្នាក់​សម្រាប់​រដ្ឋាភិបាល​ ដែល​កំពុងតែ​ធ្វើ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ‍»។​
រូបឯកសារ៖ (ពីខាងឆ្វេង) លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ខេត្ត​កណ្តាល និង​ លោក​នុត រំដួល តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ក្នុង​បទសម្ភាសន៍​ នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
វិបត្តិ​នយោបាយ​កម្ពុជា​បាន​ចាប់​ផ្តើម​ពីដើមខែ​កញ្ញា​ នៅ​ពេល​ដែល​កងកម្លាំង​ប៉ូលិស​បាន​ចាប់លោកកឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ដាក់​ពន្ធនាគារ​ ហើយ​ចោទ​ពី​បទ​ក្បត់​ជាតិ។

យុទ្ធនាការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នេះ​បន្ត​មក​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គមស៊ីវិល​ និង​សូម្បី​តែ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​ធ្លាប់​រៀបចំដំណើរ​ទស្សនកិច្ច​ឱ្យ​អ្នក​តំណាង​រាស្រ្ត​ពី​ពេលមុន​ក៏ត្រូវ​បាន​បណ្តេញ​ចេញ​ពីប្រទេស​កម្ពុជាផង​ដែរ។

តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី​១៦ខែ​វិច្ឆិកា​ ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​រៀបចំ​ធ្វើបដិវត្តន៍​ពណ៌ ហើយ​បាន​ហាមឃាត់​មន្ត្រី​ចំនួន ​១១៨​នាក់មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ។ អ្នកតំណាងរាស្ត្រ​ចំនួន​៥៥​នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​ ៥០០០នាក់ ​ត្រូវ​បាត់​បង់​តំណែង។

លោក ហូរ វ៉ាន់ អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​រាជធានីភ្នំពេញ​បាន​ដាក់​កំហុស​លើ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្នុងការ​ធ្វើ​ឱ្យ​លទ្ធិ​ប្រជា​ធិប​តេយ្យនៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។

លោក​បាន​បន្ថែម​ថា៖ «ដោយសារតែ​លោ​ក ហ៊ុន សែន​ ម្នាក់គត់​អាចធ្វើ​ឱ្យ​ប្រទេស​យើង​ធ្លាក់​ទៅដល់​គ្រោះថ្នាក់​បាត់​បង់​ប្រជាធិបតេយ្យ​ទៅជា​អំពើ​ផ្តាច់ការ​គឺ​ យើង​ទាំងអស់​គ្នា​សោកស្តាយ​ ហើយ​យើង​ទាំងអស់​គ្នា​ទាំង​ខ្ញុំ​ទាំង​គណបក្ស​ទាំង​ប្រជាពលរដ្ឋ​គឺ នឹងតស៊ូ​មតិ​យ៉ាង​ណា​ឱ្យ​បាន​លទ្ធិប្រជាធិបតេយ្យ ​និង​ការ​ដឹកនាំ​មួយ​ដ៏​ត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ ព្រោះអី​យើង​តស៊ូ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​ហើយដែល​ជា ​គោល​បំណង​របស់​យើង‍»។​
រូបឯកសារ៖ លោក ហូរ វ៉ាន់ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ពី​ការ​បំភ្លឺ​របស់​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​នៅ​រដ្ឋសភា​ពាក់ព័ន្ធនឹង​តួលេខ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា និង​ការ​នាំ​ចូល​ខ្សាច់​របស់​សិង្ហបុរី នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ហូរ វ៉ាន់ ​ដែលជា​ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភាបាន​លើកឡើង​ថា​ ការ​គាំទ្រ​មក​លើ​គណបក្សរបស់លោក​នៅ​រាជធានី​ភ្នំពេញមាន​ច្រើន​ដោយសារ​ពលរដ្ឋ​យល់​ពី​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិដែល​លើកកម្ពស់​ការ​ប្រកួតប្រជែង​តាម​លទ្ធិប្រជាធិបតេយ្យ។ លោក​ថា ការ​ចោទ​ពីបដិវត្តន៍​ពណ៌​គឺ​ជា ការ​មើល​ងាយ​ដល់​ពលរដ្ឋ​ទៅ​វិញ​ទេ។

«មិនបាច់​បដិវត្តន៍​ពណ៌​ស្អី​ទៀត​ បើ​សំឡេង​ឈ្នះ​តែ​រហូត​ហ្នឹង​ ហើយ​បើ​អាណត្តិ​២០១៨​កាន់តែ​ឡើង​ទៅទៀត​។ តើ​បដិវត្តន៍​ពណ៌​ស្អី​បើ​ឈ្នះ​ទៅ​ហើយ? ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​ស្អី​? ព្រោះ​ថា​ យើង​ឈ្នះ​ដោយ​សន្លឹកឆ្នោត​។ យើង​ដើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ​ដោយ​ការ​បោះឆ្នោត​ ដោយ​ត្រឹម​ត្រូវដោយសេរី​ និង​យុត្តិធម៌​ ហើយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។ នេះ​ជា​គោលបំណង​រួមរបស់គណបក្សយើង‍»។​

ម្តងម្កាល​គេ​សង្កេត​ឃើញ​វត្តមាន​របស់​លោក​ ហូរ វ៉ាន់ ​ជាមួយ​នឹង​ក្រុម​កម្មករ​ ដែល​តវ៉ា​ហើយ​ពេលខ្លះ​លោក​ក៏ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ផង​ដែរ ក្នុង​ពេល​ចូលរួម​ដោះសា្រយ​បញ្ហា​របស់​គេ។

នៅ​ក្នុង​ចំណោម​ភស្តុតាង ​ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ដាក់​បន្ទុកគឺ មាន​រូបភាព​បាតុកម្ម​កាល​ពី​ចុង​ឆ្នាំ​ ២០១៣​ និង​ដើមឆ្នាំ​ ២០១៤​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត។

លោក​ ហូរ វ៉ាន់ ​ដែល​ធ្លាប់​បាន​ដឹកនាំ​បាតុកម្ម​បាន​បញ្ជាក់ថា៖«ការ​ពិត​យើង​តស៊ូ​មតិ​ ដោយ​អហិង្សា​ទោះជា​យើង​ធ្លាប់​ធ្វើ​បាតុកម្ម​មក​ក៏ដោយ​គឺ បាតុកម្ម​នោះ​សំដៅ​លើ​ការ​ដូរ​គ.ជ.ប​ជាថ្មី​។ នេះ​ហើយ​ជា ការធ្វើ​ដល់​ទិសដៅ​របស់​យើង​មិនមែន​បដិវត្តន៍​ពណ៌ស្អី‍»។

ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ​២០១៣​ គណបក្ស​ប្រឆាំង​បាន​ឈ្នះ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់​ស្ពឺ កណ្តាល ​ព្រៃវែង និង​ខេត្ត​កំពង់ចាម ដែល​ជា​ខេត្ត​កំណើត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។​ ​

លោក អ៊ុច សេរីយុទ្ធ​ អ្នក​តំណាងរាស្រ្ត​មណ្ឌល​កំពង់ចាម​បាន​បញ្ជាក់​ថា៖«យើង​ដឹង​ហើយ​ប្រវត្តិសាស្រ្ត​នៃ​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុង​ខេត្ត​កំពង់ចាម​តាំងពី​ទសវត្សរ៍​ ៦០​ប្រជាពលរដ្ឋ​មាន​ការ​យល់​ ហើយ​មាន​ការ​រើបម្រះ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​តាំងពី​ជំនាន់​នោះ​មក​ម្ល៉េះ‍»​។

លោក​ សេរីយុទ្ធ ​យល់​ថា ​បន្ទាប់​ពីការ​រំលាយ​គណបក្សសង្គ្រោះជាតិ​ ដោយ​តុលាការ​កំពូល​គឺ ​ប្រជា​ពលរដ្ឋ​ កំពុង​តែ​នៅស្ងៀម​មួយអន្លើសិន​ ហើយ​យើង​រង់ចាំ​មើល​ថា ​តើ​យុទ្ធសាស្រ្ត​បែប​ណា​ឬ​ក៏​វិធីសាស្ត្រ​បែប​ណា ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្តល់​ជូន​សកម្មជន​ថា​ នឹង​ត្រូវ​អនុវត្ត​យ៉ាង​ម៉េច​។

លោក សេរីយុទ្ធ បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​បន្ត​ការ​អត់​ធ្មត់៖«សូម​រក្សា​នូវ​ភាព​អត់ធ្មត់​មិន​យូរ​ទេ ​យើង​នឹង​ទទួល​បាន​ជ័យជំនះ​ ហើយ​ទៅដល់​គោលដៅ​របស់​យើង​ហើយ ​សូម​បងប្អូន​ទាំងអស់​ធ្វើ​ម៉េច​ចូលរួម​នៅ​ជុំវិញ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​យើង​តស៊ូ​ដើម្បី​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មហន្តរាយ​ដ៏​គ្រោះថ្នាក់​នៅ​ក្នុង​ពេល​ខាងមុខ​‍»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​បី​ចំណុច ដើម្បី​ដោះស្រាយវិបត្តិ​នយោបាយ​នៅ​កម្ពុជា​ក្នុង​នោះ​មាន​ដូច​ជា​ការ​ស្នើ​ឱ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ ដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត​ក៏​ដូច​ជា បើក​លំហ​សេរីភាព​សម្រាប់​អ្នកសារព័ត៌មាន​ឯករាជ្យ​ និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។
រូបឯកសារ៖ លោក ​អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្រ្គោះ​ជាតិ ចូលរួម​ក្នុង​បទសម្ភាសន៍​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​ អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះសម្ពាធមក​ពី​បស្ចិម​ប្រទេស​មាន​ដូចជា សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប អូស្រ្តាលី​ និង​បារាំងជា​ដើម។

លោក​បាន​បន្ថែម​ថា៖​«ប្រតិកម្ម​នេះ​គឺ​ គេ​មិន​ថយ​ទេ​ បើ​កាល​ណា ​លោក​ ហ៊ុន សែន​ មិន​ថយ​ក្រោយ​គឺ គេ​នឹង​ចាត់​វិធាន​ការ​ជាក់​ស្តែង​ជាបន្តបន្ទាប់​ទៀត‍»។ ​

ក្នុងចំណោម​វិធានការ​ជាក់​ស្តែង​ ដែល​គេ​ព្រួយបារម្ភ​គឺ​ ឋានៈ​ពន្ធ​អនុគ្រោះ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក (GSP) និង​កម្មវិធី​ «អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ»​ (EBA) ដែល​កម្ពុជា​ទទួល​ពី​សហគមន៍​អឺរ៉ុប ហើយ​កម្ពុជា​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​ទាំងពីរ​នេះ​សម្រាប់​ផ្តល់​ការងារ​ដល់​កម្មករ-កម្មការិនី​ជាង​៧០ម៉ឺននាក់ ​និង​ផលិតផល​កសិកម្ម។

​លោក​ នុត រំដួល ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ថា​ បើ​ទោះ​បី​ជា​ខេត្ត​នេះ​មានកម្មករ​រោងចក្រ​កាត់ដេរជាច្រើន ​ប៉ុន្តែ​យល់​ថា​ ពួកគេ​នឹង​មិន​មាន​ប្រតិកម្ម​អ្វី​ទេ ​ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ។

លោក​បាន​បន្ថែម​ថា៖«ប្រជាពលរដ្ឋ​ភាគ​ច្រើន​កម្មករ​កម្មការិនី​ភាគ​ច្រើន​ អត់​មាន​ការ​ព្រួយបារម្ភ​ទេ​ យ៉ាងម៉េច​បាន​ខ្ញុំ​ជម្រាប​ថា​ អត់​មាន​ការ​ព្រួយ​បារម្ភ​គាត់​ថា ​ទោះបី​គណបក្ស​ប្រជាជន​ទទួល​យក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​កាប់​ហើយ​បង្កើត​រោងចក្រ​អ្វី​ ក៏ដោយ​គាត់​ថា ​ប្រាក់ខែ​របស់​គាត់​នៅ​តែ​ប៉ុណ្ណឹង​ដដែល​ ហើយ​គាត់​មាន​ជំនឿ​ថា​ កាលណា​គណបក្ស​សង្គ្រោះជាតិ​កាន់​កាប់​ប្រទេស​ជាតិ​គឺ មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ដែល​អាច​ជួយ​ជ្រោមជ្រែង​ប្រជាពលរដ្ឋឱ្យ​មានការ​រស់​នៅ​ដ៏​ថ្លៃ​ថ្នូរ‍»។​

អ្នកតំណាងរាស្រ្ត​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​នាក់ ​បាន​រត់ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ ដោយ​អ្នក​ខ្លះ​ទៅធ្វើ​យុទ្ធនាការ​នៅ សហគមន៍​អឺរ៉ុប​ អូស្ត្រាលី សហរដ្ឋ​អាមេរិក​ និង​អ្នកខ្លះ​សំងំ​លាក់ខ្លួន​នៅ​ប្រទេស​ថៃ​ជាដើម។

លោក នុត រំដួល​ បាន​បញ្ជាក់​ថា​ លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ​ដោយ​មិន​ភ័យ​ខ្លាច​ពី​ការ​ហាម​ឃាត់​អ្វី​ទេ។«ខ្ញុំ​ដូចជា ​អត់​មានការ​ព្រួយបារម្ភ​អ្វីផង​ ព្រោះ​ខ្ញុំ​ជា តំណាងរាស្រ្ត​ជាប់ឆ្នោត​ដោយសារ​ប្រជា​ពលរដ្ឋ‍»។លោក ​នុត រំដួល​ និង​អ្នកតំណាងរាស្ត្រ​ចំនួន​៦នាក់​ផ្សេង​ទៀត​ក៏​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​ថា​ ប្រទេស​មហាអំណាច​នេះ​នៅ​ពី​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​រៀបចំ​បដិវត្តន៍​ពណ៌​គឺ​ជា រឿង​មិន​ពិត​ហើយ ​គ្មាន​មជ្ឈដ្ឋាន​រដ្ឋាភិបាល​ ឬ​សង្គម​ស៊ីវិល​សហរដ្ឋ​អាមេរិក​ណា​ជឿ​លើ​ការចោទប្រកាន់នោះ​ឡើយ។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ William Heidt ​បាន​បញ្ជាក់​ប្រាប់​ VOA ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​នៅ​រាជធានី​ភ្នំពេញ​ថា បើ​ទោះជាមានភាពល្អក់កករ​ក្នុង​ទំនាក់ទំនង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ និងមាន​ការ​ចោទ​នា​នា​ដល់​សហ​រដ្ឋ​អាមេរិក​ ​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អំណាច​នេះ​ ​នៅ​តែ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ ​ជា​ពិសេស​ការ​ពង្រឹង​ទីផ្សារ​ និង​ទាក់ទាញ​អ្នកវិនិយោគ​ទុន​អាមេរិកាំងមក​ប្រទេស​កម្ពុជា។​

យ៉ាងណាក៏ដោយ​ មាន​ប្រទេស​ចំនួន​ពីរ​បាន​ប្រកាស​សើរើ​ជំនួយ​របស់​ខ្លួន​មក​កម្ពុជា។ ប្រទេស​ស៊ុយអែត​បាន​កាត់​បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ ហើយ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ក្នុង​ខណៈ​ពេល​ដែល​ព្រឹទ្ធសភា​អាមេរិកាំង​បាន​ស្នើ​ឱ្យ​ដាក់​លក្ខខណ្ឌ​ជំនួយ​ទៅ​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ បាន​ប្រកាស​ថា ​លោក​ស្វាគមន៍​ការ​កាត់​ជំនួយ​ទាំង​អស់​របស់​សហ​រដ្ឋ​អាមេរិក​ ដោយ​លោក​ថា ​អាមេរិក​កំពុង​តែ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​បន្ទាប់​ពី​ផ្តួល​រូប​លោក​មិន​ដួល។​

រីឯ​លោក ​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ចាត់​ទុក​ថា ​ការ​គៀងគរ​កម្លាំង​នយោបាយ ​នៅ​ក្រៅ​ប្រទេស​ «គឺជា​ការ​បាច​អង្គាម​បញ្ច្រាស​ខ្យល់​តែ​ប៉ុណ្ណោះ‍»​ហើយ​ថា​ បំណង​នេះ​ក៏​ពុំ​មាន​លទ្ធភាព ​និង​សម្រេច​ដល់​គោលដៅ​បាន​នោះ​ឡើយ៕
រូបឯកសារ៖ (ពីឆ្វេងទៅស្តាំ) លោកស្រី ជូឡុង សូមួរ៉ា លោក ហូ វ៉ាន់ លោក Patrick Murphy លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ុច សេរីយុទ្ធ។ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និង តំណាងរាស្ត្រខ្មែរ មកពីគណបក្សសង្គ្រោះជាតិ ជួបជាមួយលោក Patrick Murphy មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុក អាស៊ីភាគអាគ្នេយ៍។ ជំនួប នៅក្រសួងការបរទេស សហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃ ១៧ វិច្ឆិកា ២០១៧។ (រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការ Sam Rainsy)








ប្រភព៖ វីអូអេខ្មែរ

No comments:

Post a Comment