អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញថា កម្មករខ្មែរនៅតែរងគ្រោះដោយការជួញដូរកម្លាំងពលកម្មលើទូកនេសាទថៃ-Cambodianmigrant workers are still victims of trafficking and forced labor on thai fishing fleets
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា ពលករចំណាកស្រុកខ្មែរជាច្រើននាក់ នៅតែបន្តរងគ្រោះដោយសារការជួញដូរ និងកេងប្រវ័ញ្ចកម្លាំងពលកម្មនៅលើទូកនេសាទថៃដដែល។ ខណៈរដ្ឋាភិបាលយោធាថៃព្រងើយកន្តើយមិនចាត់វិធានការចាំបាច់នានា ដើម្បីបញ្ឈប់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានធ្ងន់ធ្ងរនៅលើទូកនេសាទនោះ។ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យដាក់ចេញនូវចំណាត់ការជាក់លាក់ ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួនដែលបានរងគ្រោះ និងដែលកំពុងរងគ្រោះដោយការរំលោភបំពានកម្លាំងពលកម្មនៅលើទូកនេសាទរបស់ថៃទាំងនោះ។
ពលករចំណាកស្រុកខ្មែរជាច្រើននាក់ដែលបានធ្វើការនៅលើទូកនេសាទថៃ អះអាងថា ពួកគាត់រងការជួញដូរ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងការរំលោភសិទ្ធិធ្ងន់ធ្ងរដទៃទៀតជាច្រើនពីសំណាក់មេការទូកនេសាទ ថៅកែទូក និងអាជ្ញាធរថៃ។ ភាពរងគ្រោះទាំងនោះ មានដូចជា ការប្រើអំពីហិង្សា ការហាមឃាត់មិនឱ្យប្ដូរកន្លែងធ្វើការ ការបើកប្រាក់ខែមិនទៀងទាត់ ប្រាក់ខែទាបជាងប្រាក់ឈ្នួលអប្បបរមា ការមិនទទួលបានការការពារពីច្បាប់របស់ប្រទេសថៃ និងគ្មានសិទ្ធិបង្កើតសហជីពការងារជាដើម។
ការរៀបរាប់ពីទុក្ខលំបាករបស់ពលករខ្មែរទាំងនេះ ធ្វើឡើងតាមរយៈរបាយការណ៍កម្រាស់ជាង ១ រយទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ មានចំណងជើងថា "ការកេងប្រវ័ញ្ចកម្លាំងពលកម្មដោយអាថ៌កំបាំង” ដែលនិយាយអំពីការរំលោភសិទ្ធិ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្មនេសាទរបស់ប្រទេសថៃ។
របាយការណ៍នេះ ធ្វើឡើងផ្អែកលើបទសម្ភាសន៍ និងការស្រាវជ្រាវដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ដោយមានការប្រឹក្សាយោបល់ត្រឹមត្រូវពីក្រុមអ្នកជំនាញ។ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានជួបសម្ភាសដោយផ្ទាល់ជាមួយកម្មករ និងអតីតកម្មករទូកនេសាទចំនួន ២៤៨នាក់ ដែលភាគច្រើនគឺជាពលរដ្ឋខ្មែរ និងភូមា។
យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញថា ការធ្វើការនៅលើទូកនេសាទថៃ គឺជាការងារដ៏គ្រោះថ្នាក់ ព្រោះមិនមានប្រព័ន្ធការពារសុខភាព និងសុវត្ថិភាព ហើយអ្នកនេសាទត្រូវធ្វើការជាមួយគ្រឿងម៉ាស៊ីន បណ្ដាញអគ្គិសនី និងបំពង់ផ្សែងក្ដៅខ្លាំង ដែលងាយប្រឈមនឹងគ្រោះថ្នាក់។ ការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជំនួយកម្លាំង និងអំហ្វេតាមីនច្រើនលើសកម្រិត បានក្លាយជារឿងធម្មតាទៅហើយនៅលើទូកនេសាទថៃ។
យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញទៀតថា កង្វះខាតការបណ្តុះបណ្តាល ទូកនេសាទដែលមិនបានថែទាំត្រឹមត្រូវ ឧបសគ្គខាងភាសា និងកង្វះខាតបរិក្ខារដែលមានសុវត្ថិភាព ធ្វើឱ្យអ្នកនេសាទទាំងអស់ត្រូវប្រឈមនឹងហានិភ័យនៃគ្រោះថ្នាក់ ការរងរបួស និងការស្លាប់។
ម្យ៉ាងវិញទៀត ទូកនេសាទភាគច្រើនខ្វះបន្ទប់ទឹក ហើយប្រឈមនឹងអាកាសធាតុមិនល្អនៅលើសមុទ្រផង ធ្វើឱ្យអ្នកនេសាទភាគច្រើនកើតជំងឺផ្សេងៗ ដូចជា រាគរូស គ្រុនក្ដៅ ពុលរលក ខ្សោយបេះដូង និងជំងឺប្លែកៗជាច្រើនមុខទៀត ហើយក្នុងករណីកម្មករទូកណាដែលឈឺញឹកញាប់ ថៅកែនឹងកាត់ប្រាក់ខែរបស់គេទៀតផង។
ការផ្លាស់ប្ដូរគ្នានៅលើសមុទ្ររវាងទូកនេសាទនឹងទូកនេសាទ ក៏ជាបញ្ហាប្រឈមសំខាន់មួយដែរ។ វាធ្វើឱ្យទូកនេសាទនោះស្ថិតនៅលើសមុទ្ររយៈពេលជាច្រើនខែ ឬដល់ឆ្នាំផងក៏មាន និងបណ្ដាលឱ្យមានការជួញដូរកម្លាំងពលកម្មបន្តទៀត។
អ្នកនេសាទខ្មែរម្នាក់មកពីខេត្តស្វាយរៀង គឺលោក អ៊ំ ចាន់ ថ្លែងថា គាត់ត្រូវបានគេជួញដូរក្នុងរយៈចម្ងាយជាង ៧ពាន់គីឡូម៉ែត្រ តាមកប៉ាល់ដឹកគ្រឿងសមុទ្រមួយ ពីខេត្តសាមុទ្រសាខន ប្រទេសថៃ ទៅដល់តំបន់ដាច់ស្រយាលមួយនៃឆ្នេរអាហ្វ្រិកខាងលិច ជាកន្លែងដែលគាត់បានចំណាយពេល ១៣ខែ ធ្វើការនៅទីនោះ មុនពេលជួយសង្គ្រោះដោយក្រុមអាជ្ញាធរល្បាតសមុទ្ររបស់ថៃ។
ចំណែកនៅឯដីគោកវិញ អ្នកនេសាទទាំងនោះក៏មិនមានសេរីភាពដើរហើរផងដែរ។ ពួកគាត់ត្រូវរងនូវការគំរាមកំហែងទាំងខាងរូបកាយ និងផ្លូវចិត្តពីសំណាក់មេខ្យល់ មេការទូក ថៅកែ និងអាជ្ញាធរថៃ។ ហើយពេលខ្លះត្រូវបានឃុំឃាំងនៅទីតាំងរបស់ក្រុមហ៊ុនមិនឱ្យចេញទៅណាទៀតផង។
ឧទាហរណ៍អ្នកនេសាទខ្មែរម្នាក់មកពីខេត្តកំពង់ស្ពឺ ឈ្មោះ ផុន សុភ័ក្ត្រ ត្រូវបានគេជួញដូរយកទៅធ្វើការលើទូកនេសាទក្នុងតំបន់ដាច់ស្រយាលមួយនៃមហាសមុទ្រឥណ្ឌា។ សុភ័ក្ត្រ និងជនរងគ្រោះដោយការជួញដូរចំនួន ២៨នាក់ផ្សេងទៀត ត្រូវបានថៅកែឃុំឃាំងនៅក្នុងទីតាំងរបស់ក្រុមហ៊ុន ដើម្បីកុំឱ្យពួកគាត់លួចរត់។ ពួកគាត់ត្រូវបានលក់ក្នុងតម្លៃ ៣ម៉ឺនបាត ឬប្រហែល ៩រយដុល្លារអាមេរិក ដើម្បីនាំយកទៅធ្វើការលើទូកនេសាទ។
អ្នកនេសាទខ្មែរ និងភូមា ដែលធ្វើការលើទូកនេសាទថៃ បានអះអាងប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ពួកគាត់ទទួលរងនូវការប្រើអំពើហិង្សា ការវាយដំ និងគំរាមកំហែងគ្រប់បែបយ៉ាងពីសំណាក់មេការទូកនេសាទ និងកម្មករទូកដូចគ្នាដែលធ្វើការយូរឆ្នាំជាង ប្រសិនបើពួកគាត់ធ្វើការមិនលឿនដូចការចង់បានរបស់ពួកគេទេនោះ។ ពេលខ្លះទៀតពួកគាត់ត្រូវគេវាយដំដោយសារតែមិនយល់ពីបញ្ជារបស់មេការព្រោះតែនិយាយភាសាខុសគ្នា។
ពួកគាត់បន្តថា ក្រៅពីដាល់ និងទាត់ធាក់ មេការ និងកម្មករទូកជើងចាស់ បានប្រើប្រាស់ថ្មសំលៀងកាំបិត ដែកតាន់ ខ្សែតី ខ្សែពួរ និងគល់ឈើ វាយទៅលើពួកគាត់ផងដែរ ហើយលើសពីនេះ គឺការចាប់ច្រមុជទឹក និងយកជើងជាន់ក្បាលរបស់ពួកគាត់ថែមទៀត។ កាន់តែសាហាវជាងនេះ គឺពួកមេការ ឬថៅកែនឹងសម្លាប់អ្នកណាដែលហ៊ានរត់គេចហើយត្រូវពួកគេចាប់ខ្លួនបានមកវិញ ឬក៏អ្នកដែលធ្វើឱ្យខូចខាតឧបករណ៍នេសាទ។ ការប្រើអំពើហិង្សា ការគំរាមកំហែង និងការធ្វើបាបនេះ ត្រូវបានប្រើប្រាស់ដើម្បីបង្ខំកម្មករឱ្យស្ដាប់តាមបញ្ជា និងដើម្បីកុំឱ្យពួកគាត់រត់គេចខ្លួន។
អតីតអ្នកនេសាទខ្មែរម្នាក់ គឺលោក ហាក់ ណាំ បានអះអាងប្រាប់យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោកត្រូវបានមេខ្យល់បោកប្រាស់ថា នាំយកទៅឱ្យធ្វើការនៅរោងចក្រត្រីខកំប៉ុង ក៏ប៉ុន្តែពេលទៅដល់ គេក៏នាំពួកលោកចុះទូកនេសាទទៅវិញ។ លោកថ្លែងបន្តជាភាសាថៃថា គ្រប់គ្នាមានការភ្ញាក់ផ្អើល និងភ័យខ្លាច ដោយសារដឹងថា ចាញ់បោកមេខ្យល់ ហើយម្យ៉ាងមិនធ្លាប់ធ្វើការលើទូកពីមុនមកផង។
បន្ទាប់ពីបានក្លាយជាកម្មករទូកនេសាទ លោក ហាក់ ណាំ បានបាត់ដំណឹងសូន្យឈឹងរហូតដល់គ្រួសាររបស់លោកគិតថា លោកបានស្លាប់ទៅហើយ៖ «មេខ្យល់បានប្រាប់ពួកយើងថា ពួកយើងនឹងត្រូវទៅធ្វើការនៅរោងចក្រត្រីខកំប៉ុង ប៉ុន្តែពេលពួកយើងមកដល់ផ្ទះរបស់ម្ចាស់ទូក ពួកគេក៏នាំយកទៅចុះទូកតែម្ដង។ មានគ្នាយើងខ្លះមិនធ្លាប់បានឡើងទូកផងពីមុនមក។ ពួកយើងមានអារម្មណ៍ភ័យខ្លាច។ ម្ចាស់ទូកបានទាត់ពួកយើង និងបង្ខំឱ្យចុះទូក។ ពេលដែលខ្ញុំមកដល់ផ្ទះ គ្រប់គ្នាក៏យំ ទាំងឪពុកម្ដាយ និងយាយតារបស់ខ្ញុំសុទ្ធតែយំទាំងអស់គ្នា។ សាច់ញាតិរបស់ខ្ញុំសុទ្ធតែយល់ថា ខ្ញុំបានស្លាប់បាត់ទៅហើយ ព្រោះខ្ញុំបានបាត់ខ្លួនជាយូរឆ្នាំណាស់មកហើយ»។
ការស្ទង់មតិបង្ហាញថា ២០ភាគរយនៃកម្មករ និងប្រហែល ៥០ភាគរយនៃជនរងគ្រោះដោយការជួញដូរក្នុងវិស័យនេសាទរបស់ថៃ ទទួលរងគ្រោះថ្នាក់ការងារ ក៏ប៉ុន្តែពួកគេមិនទទួលបានសំណងអ្វីឡើយ។
កម្មករទូកនេសាទអះអាងថា កត្តាសំខាន់ដែលនាំឱ្យពួកគាត់ធ្លាក់ចូលក្នុងឧស្សាហកម្មនេសាទរបស់ថៃនេះ គឺតាមរយៈការឱ្យយោបល់ពីមិត្តភ័ក្ដិ សាច់ញាតិ ឬមួយក៏អ្នកស្គាល់គ្នានៅក្នុងសហគមន៍របស់ពួកគាត់ នៅតំបន់ក្បែរព្រំដែន ឬក៏អំឡុងពេលពួកគាត់ធ្វើការក្នុងវិស័យដទៃនៅប្រទេសថៃ ដូចជា សំណង់ កសិកម្ម និងការផលិតជាដើម។ មូលហេតុនៃការសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការលើទូកនេសាទថៃនេះ គឺដោយសារតែភាពក្រីក្រ និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកលំបិននៅក្នុងសហគមន៍ ការទៅរស់នៅជុំសមាជិកគ្រួសារដែលកំពុងធ្វើការនៅប្រទេសថៃ និងជម្លោះជាមួយសមាជិកគ្រួសារក្នុងប្រទេសកំណើត។
បញ្ហាប្រឈមសំខាន់មួយទៀតរបស់ក្រុមកម្មករទូកនេសាទ គឺការរឹតត្បិតសិទ្ធិស្របច្បាប់ធ្វើការនៅក្នុងប្រទេសថៃ ព្រោះលិខិតឆ្លងដែនហាក់មិនសូវមានប្រយោជន៍ដូចប័ណ្ណពណ៌ផ្កាឈូកដែលចេញដោយអាជ្ញាធរថៃនោះឡើយ។
ពលករចំណាកស្រុកខ្មែរម្នាក់ឈ្មោះ កុសល ដែលធ្វើការលើទូកនេសាទថៃក្នុងខេត្តប៉ាត់តានី អះអាងថា ទោះបីជាមានលិខិតឆ្លងដែនក្ដី ក៏ពួកគាត់បោះវាចោលដែរ ព្រោះវាមិនបានជួយអ្វីច្រើននោះទេ ដោយសារថៅកែទូកនឹងឱ្យប័ណ្ណពណ៌ផ្កាឈូកទៅពួកគាត់ជំនួសវិញ។
ប័ណ្ណពណ៌ផ្កាឈូកនោះទៀតសោត ក៏មិនផ្ដល់សិទ្ធិការពារដល់កម្មករទូកនេសាទដូចកម្មករចំណាកស្រុកទូទៅនោះទេ ព្រោះវាបង្ហាញពីឈ្មោះថៅកែ និងខេត្តដែលពួកគេត្រូវចុះឈ្មោះធ្វើការ។ ប្រសិនបើចង់ធ្វើដំណើរទៅខេត្តដទៃ កម្មករទូកទាំងនោះត្រូវសុំការអនុញ្ញាតពីអាជ្ញាធរខេត្ត ឬពីថៅកែរបស់ពួកគាត់ ហើយការធ្វើដំណើរនោះ គឺកំណត់ត្រឹមរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។ កម្មករទូកដែលមានប័ណ្ណពណ៌ផ្កាឈូកនោះ អាចទទួលបាននូវយន្តការការពារសង្គមខ្លះៗ ក៏ប៉ុន្តែពួកគាត់មិនអាចទាមទារសំណងអ្វីបានឡើយចំពោះគ្រោះថ្នាក់ការងារ។
ការដាក់ពាក្យស្នើសុំប័ណ្ណពណ៌ផ្កាឈូកនោះ គឺចំណាយអស់ជិត ១រយដុល្លារអាមេរិក ហើយវាជាបន្ទុករបស់កម្មករខ្លួនឯង តាមរយៈការកាត់ប្រាក់ខែពីថៅកែទូករបស់ពួកគាត់។ កម្មករទាំងនោះអះអាងថា ពួកគាត់ត្រូវបង់ឱ្យថៅកែលើសពីការកំណត់របស់អាជ្ញាធរថៃចន្លោះពី ១៥ ទៅ ៣០ ដុល្លារអាមេរិក ដោយសារពួកគាត់មិនបានដឹងពីតម្លៃដែលមានកំណត់នៅក្នុងច្បាប់នោះទេ ព្រោះថៅកែមិនប្រាប់ពួកគាត់ឡើយ។
ថ្លៃប័ណ្ណពណ៌ផ្កាឈូកនេះ គឺជាផ្នែកមួយនៃការចំណាយសព្វគ្រប់របស់កម្មករទូកទៅមេខ្យល់ និងថៅកែទូក ដែលជាហេតុធ្វើឱ្យក្រុមកម្មករត្រូវជំពាក់បំណុលគេវ័ណ្ឌក។ ការចំណាយទាំងនោះរួមមាន ការធ្វើដំណើរ ម្ហូបអាហារ ការរត់ការឯកសារ ថ្លៃរដ្ឋបាល និងថ្លៃរើសបុគ្គលិក ហើយការចំណាយលើមុខការជាក់លាក់នីមួយៗនោះ ថៅកែទូកមិនប្រាប់ទៅក្រុមកម្មករនោះទេ។ ហើយបើពួកគាត់ហ៊ានប្ដូរកន្លែងធ្វើការ ថៅកែនឹងមិនបើកលុយឱ្យឡើយ។
ម្យ៉ាងវិញទៀត ក្រុមកម្មករខ្មែរអះអាងថា មេការទូក ឬថៅកែ គឺជាអ្នកទុកដាក់ប័ណ្ណពណ៌ផ្កាឈូកនោះ ហើយដរាបណាពួកគាត់មានហេតុផលសមរម្យ ទើបមេការ ឬថៅកែទូក ឱ្យប័ណ្ណនោះមកពួកគាត់វិញ។ តែក៏មានមេការ ឬថៅកែទូកខ្លះមិនឱ្យប័ណ្ណផ្កាឈូកនោះមកពួកគាត់ដែរ ដោយលើកហេតុផលថា ទុកនៅនឹងពួកគេទើបមានសុវត្ថិភាពជាង ឬក៏ចាំដល់ពេលដែលកម្មករសងបំណុលពួកគេចប់សព្វគ្រប់។ នេះគឺជាល្បិចកលដែលពួកថៅកែទូកប្រើប្រាស់ ដើម្បីចងកម្មករមិនឱ្យចេញទៅណារួចពីទូកនេសាទរបស់ពួកគេ។
មន្ត្រីថៃម្នាក់បានប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា មានហេតុផល ៥យ៉ាងដែលកម្មករអាចប្ដូរថៅកែបាន គឺទីមួយ ថៅកែនោះស្លាប់ ទីពីរ ក្រុមហ៊ុននោះបិទទ្វារ ទីបី ថៅកែលែងចង់ជួលកម្មករ ទីបួនថៅកែគ្មានលុយបើកឱ្យកម្មករ ឬទីប្រាំ កម្មករខ្លួនឯងរងការរំលោភបំពានខ្លាំងពេក។
ចំណែកឯរឿងកិច្ចសន្យាការងារវិញ ក្រុមកម្មករទូកនេសាទទាំងនោះ ក៏មិនដែលបានដឹងលឺអ្វីដែរ គឺថៅកែជាអ្នកទុកដាក់ទាំងអស់។
ក្រុមកម្មករខ្មែរអះអាងថា ពួកគាត់មិនបានឃើញកិច្ចសន្យាការងារជាក់លាក់រវាងពួកគាត់ និងថៅកែឡើយ ព្រោះថៅកែមិនឱ្យមើល ដូច្នេះពួកគាត់មិនបានដឹងទេថា ថៅកែបើកលុយឱ្យគ្រប់ចំនួនតាមកិច្ចសន្យាដែរឬអត់។ ហើយដោយសារតែមិនអាចតតាំងជាមួយថៅកែបាន ពួកគាត់ខ្លះសុខចិត្តទទួលយកប្រាក់ឈ្នួល ៦ ពាន់បាត ឬប្រហែល ១៨០ ដុល្លារអាមេរិក ក្នុងមួយខែ ដោយពួកគាត់ត្រូវធ្វើការដល់ទៅ ២៥ថ្ងៃ ហើយថ្ងៃខ្លះធ្វើការរហូតដល់ ១៩ម៉ោងទើបបានឈប់សម្រាក។
មានអ្នកខ្លះទៀតទទួលបានត្រឹមតែ ៤ ពាន់ ៦ រយបាត ឬប្រហែល ១៤០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ ហើយប្រាក់ឈ្នួលនេះទៀតសោត ក៏មិនត្រូវបានថៅកែបើកឱ្យទៀងទាត់នោះដែរ គឺជាច្រើនខែទើបថៅកែបើកឱ្យម្ដង និងអ្នកខ្លះមានដល់មួយឆ្នាំទើបបើកអោយ។ ដោយសារបញ្ហានេះ ធ្វើឱ្យពួកគាត់ត្រូវបង្ខំចិត្តខ្ចីលុយពីថៅកែដើម្បីយកមកទប់ទល់នឹងការចំណាយ និងផ្ញើទៅស្រុកខ្លះ ក្នុងអត្រាការប្រាក់ដ៏ខ្ពស់ គឺ ២០ ភាគរយក្នុងមួយខែ ដូច្នេះលុយដែលពួកគាត់ទទួលបានគឺមិនច្រើនប៉ុន្មាននោះទេ បន្ទាប់ពីកាត់កងការចំណាយ និងបំណុលរបស់ថៅកែរួច។
ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ប្រធានសមាគមនេសាទជាតិរបស់ប្រទេសថៃ លោក មង្គល ស៊ុកឆារើនខាណា (Mongkol Sukcharoenkana) បានបដិសេធថា មិនមានការកេងប្រវ័ញ្ចកម្លាំងពលកម្មដូចពីមុនទៀតឡើយ ត្បិតរដ្ឋាភិបាលបានធ្វើកំណែទម្រង់រឿងនេះរួចរាល់ហើយ៖ «កាលពីមុន យើងប្រើកម្លាំងពលកម្មខុសច្បាប់។ ដោយសារកម្លាំងពលកម្មច្រើន ដូច្នេះឱកាសនៃការជួញដូរកម្មករក៏មានច្រើនដែរ ប៉ុន្តែបច្ចុប្បន្ន រឿងនេះត្រូវបានផ្លាស់ប្ដូរអស់ហើយ។ គ្មានការជួញដូរកម្លាំងពលកម្មដូចកាលពីមុនទៀតទេ។ អតិថិជននៅអាមេរិក និងអឺរ៉ុបអាចទទួលទានគ្រឿងសមុទ្ររបស់យើងបានហើយ ត្បិតអ្វីគ្រប់យ៉ាងសុទ្ធតែល្អអស់ហើយ។ រដ្ឋាភិបាលសព្វថ្ងៃបានដោះស្រាយបញ្ហាទាំងអស់នេះរួចរាល់ហើយ។ ទាំងទូកនេសាទ និងកម្មករទាំងអស់សុទ្ធតែត្រឹមត្រូវទៅតាមច្បាប់អស់ហើយ មិនមានការកេងប្រវ័ញ្ចកម្លាំងពលកម្មទៀតនោះទេ»។
ទោះបីជាយ៉ាងណា បន្ទាប់ពីចុះទៅស៊ើបអង្កេតគ្រប់កំពង់ផែក្នុងប្រទេសថៃ និងជួបសម្ភាសផ្ទាល់ជាមួយអ្នកនេសាទរាប់រយនាក់រួចមក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញថា កំណែទម្រង់របស់រដ្ឋាភិបាលយោធាថៃទាក់ទងនឹងរឿងជួញដូរ និងកេងប្រវ័ញ្ចកម្លាំងពលកម្មលើទូកនេសាទនេះ គឺមិនបានផលអ្វីនោះទេ។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ស៊ូណៃ ផាស៊ុក (Sunai Phasuk) ថ្លែងថា រដ្ឋាភិបាលថៃ កាលពីឆ្នាំ២០១៤ បានឆ្លើយតបនឹងសម្ពាធអន្តរជាតិតាមរយៈការប្រកាសអំពីកំណែទម្រង់ដ៏ធំក្នុងវិស័យនេសាទ ដែលមានដូចជា ដាក់ចេញនូវច្បាប់ បទបញ្ញត្តិ និងគោលការណ៍ជាច្រើន ដើម្បីរកឱ្យឃើញពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានផ្សេងទៀត ក៏ប៉ុន្តែចំណាត់ការទាំងអស់នោះ គ្មានប្រសិទ្ធភាពអ្វីឡើយ៖ «ឥលូវនេះថៅកែទូកនេសាទ និងសមាគមគ្រឿងសមុទ្រកំពុងតែស្រែកក្ដែងៗថា ការរំលោភបំពានសិទ្ធិនានាត្រូវបានលុបបំបាត់អស់ហើយ។ ពួកគេក៏កំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលបរទេស និងហាងលក់គ្រឿងសមុទ្រអន្តរជាតិថា កំណែទម្រង់នេះ គឺមានប្រសិទ្ធភាព។ ក៏ប៉ុន្តែ ពេលនិយាយដល់រឿងធ្វើឱ្យជីវិតរបស់អ្នកនេសាទប្រសើរឡើងនោះ បទបញ្ញត្តិថ្មីរបស់រដ្ឋាភិបាលគឺគ្មានប្រសិទ្ធភាពអ្វីជាដុំកំភួនឡើយ ហើយបញ្ហាចាស់ៗជាច្រើននៅតែកើតមានដដែល។ បញ្ហាដែលមិនទាន់ត្រូវបានដោះស្រាយនោះ គឺអ្នកនេសាទជាច្រើននៅតែធ្វើការច្រើនម៉ោងដោយទទួលបានកម្រៃតិច ប្រឈមនឹងការរំលោភបំពានគ្រប់បែបយ៉ាងពីម្ចាស់ទូក និងគ្មានផ្លូវគេចចេញពីស្ថានភាពដ៏លំបាករបស់ពួកគាត់ឡើយ»។
ធនាគារពិភពលោករាយការណ៍ថា ប្រទេសថៃមានចំនួនកម្មករចំណាកស្រុកខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជិត ៤ លាននាក់ (៣.៧៦) នៅក្នុងឆ្នាំ២០១៥ ក្នុងនោះ ៥៣ ភាគរយមកពីប្រទេសភូមា ២៦ ភាគរយមកពីប្រទេសឡាវ និង ២១ ភាគរយមកពីកម្ពុជា។ ចំណែកទិន្នន័យរបស់រដ្ឋាភិបាលថៃវិញ បង្ហាញថា កម្មករចំណាកស្រុកកម្ពុជា ឡាវ និងភូមាដែលបានចុះឈ្មោះរួចរាល់គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៧ មានចំនួនជិត ២លាននាក់ (១,៧២៦,៤១៥) ក្នុងនោះជិត ៥ម៉ឺននាក់ ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ។
ដោយសារមានពលរដ្ឋកម្ពុជាជាច្រើននាក់បានធ្លាក់ខ្លួនចូលក្នុងអំពើជួញដូរ និងកេងប្រវ័ញ្ចកម្លាំងពលកម្មនៅលើទូកនេសាទថៃបែបនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យគិតគូរ និងចាត់វិធានការជាក់លាក់នានា ដើម្បីការពារ និងជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន។
អនុសាសន៍របស់យូមែន រ៉ៃត៍ វ៉ច្ឆ សម្រាប់រដ្ឋាភិបាលកម្ពុជា មាន ៦ចំណុច។ ទីមួយ គឺស៊ើបអង្កេត និងដាក់ទោសតាមផ្លូវច្បាប់ចំពោះជនណាដែលទទួលខុសត្រូវ និងចូលរួមក្នុងបណ្ដាញជួញដូរមនុស្សនៅក្នុងប្រទេសដែលសហការជាមួយឈ្មួញកណ្ដាលនៅក្នុងប្រទេសថៃប្រើប្រាស់មធ្យោបាយទុច្ចរិតដើម្បីផ្គត់ផ្គង់បុរស និងក្មេងប្រុសទៅកាន់ទូកនេសាទថៃ។
ទីពីរ គឺជួយអាជ្ញាធរថៃក្នុងការកាត់ទោសអ្នកជួញដូរមនុស្ស ជួយបង្កបរិយាកាសធ្វើចំណាកស្រុកដោយសុវត្ថិភាព និងរិះរកយុទ្ធសាស្ត្រផ្សេងទៀតដើម្បីកាត់បន្ថយភាពងាយរងគ្រោះចំពោះពលករចំណាកស្រុកគ្រប់ប្រភេទ។
ទីបី គឺដាក់ចេញនូវបទបញ្ញត្តិនានា ដើម្បីកាត់បន្ថយថ្លៃឈ្នួលរើសបុគ្គលិកខ្ពស់កប់ពពក ដែលក្រុមហ៊ុននាំពលករចេញទៅប្រទេសថៃទាមទារពីក្រុមពលករ តាមរយៈមធ្យោបាយនៃការចុះអនុស្សរណៈយោគយល់គ្នា។ រដ្ឋាភិបាលក៏ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងប្រឆាំងនឹងក្រុមហ៊ុននាំពលករចេញ តាមរយៈការលុបឈ្មោះក្រុមហ៊ុន និងការដាក់ទោសទណ្ឌចំពោះប្រធានក្រុមហ៊ុន ពេលពួកគេហ៊ានយកថ្លៃឈ្នួលបន្ថែម ដែលធ្វើឱ្យក្រុមពលករជំពាក់បំណុលគេវ័ណ្ឌកនៅក្នុងប្រទេសថៃ។
ទីបួន គឺណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ឱ្យបង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ឬ Hotlinesដើម្បីផ្ដល់ជំនួយ និងគាំទ្រផ្សេងៗដល់ពលករខ្មែរដែលទទួលរងការជួញដូរ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានសិទ្ធិពលកម្មដទៃទៀត។
អនុសាសន៍ចុងក្រោយរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ គឺរដ្ឋាភិបាលកម្ពុជាត្រូវជំរុញឱ្យរដ្ឋាភិបាលថៃចាត់វិធានការចំពោះការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើទូកនេសាទថៃ ព្រមទាំងដាក់ទោសទណ្ឌដល់ម្ចាស់ទូក និងមន្ត្រីពុករលួយណា ដែលបានប្រព្រឹត្តបទឧក្រិដ្ឋទៅលើកម្មករទូកនេសាទ៕ ((ប្រភព ៖ វិទ្យុអាស៊ីសេរី))
អតីតកម្មករទូកនេសាទខ្មែរ លោក ហាក់ ណាំ រៀបរាប់ពីទុក្ខលំបាករបស់លោកពេលធ្វើការជាកម្មករទូកនេសាទរបស់ថៃ។ Photo courtesy of Human Rights Watch Photo courtesy of Human Rights Watch |
No comments:
Post a Comment