នៅទីបំផុតទៅ ភាគីពាក់ព័ន្ធ ដឹកនាំដោយក្រសួងព័ត៌មាន បានបញ្ចប់កិច្ចពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មានហើយ បន្ទាប់ពីចំណាយពេលអស់២ឆ្នាំកន្លះ។ សម្រាប់ក្រសួងព័ត៌មាន នេះគឺជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលឈានទៅបញ្ចប់សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់មួយនេះ។ តាមគម្រោង បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះទៅ ក្រសួងព័ត៌មាន នឹងធ្វើសេចក្តីថ្លែងហេតុមួយ ដាក់ជូនគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនៅត្រឹមថ្ងៃចន្ទសប្តាហ៍ក្រោយ។
បន្ទាប់ពីស៊ីពេលអស់២ឆ្នាំកន្លះ នៅទីបំផុតទៅ សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន ត្រូវបានភាគីពាក់ព័ន្ធបញ្ចប់ការពិភាក្សាទាំងស្រុងហើយ កាលពីថ្ងៃទី ២៦ មករា នៅឯខេត្តព្រះសីហនុ។ សេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក និង៣៨មាត្រា បន្ទាប់ពីភាគីពាក់ព័ន្ធ បានសម្រេចលុលចោលមាត្រា ៣០ ដែលបានចែងថា “អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តអំពើឆាឆៅរំខានរារាំងការបំពេញការងាររបស់ស្ថាប័នសាធារណៈ ត្រូវបានផ្តន្ទាទោសតាមមាត្រា៥០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកថា នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលសម្រេចបាននូវសេចក្តីព្រាងច្បាប់មួយ ដែលកម្ពុជាមិនធ្លាប់មានពីមុនមក។ បើតាមលោក អ៊ុក គឹមសេង បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះទៅ ក្រសួងព័ត៌មាននឹងធ្វើសេចក្តីថ្លែងហេតុមួយដាក់ជូនគណៈរដ្ឋមន្ត្រី នៅពេលស្នើសេចក្តីព្រាងច្បាប់ ទៅក្រុមការងារអន្តរក្រសួង។
សូមបញ្ជាក់ថា កិច្ចពិភាក្សាដែលធ្វើឡើងនៅឯខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ មករាកន្លងទៅនេះ ក៏មានការចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា នេះគឺជាការបិទបញ្ចប់ជំហានដំបូង នៃសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន។ លោកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ អាចនឹងដាក់ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅត្រឹមថ្ងៃចន្ទទី២៩មករាខាងមុខ។
គួរជំរាបជូនថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន ធ្លាប់ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ផ្តួចផ្តើមឲ្យមានកាលពី៤ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគំនិតផ្តួចផ្តើមនោះ មិនត្រូវបានលើកយកមករៀបចំជាសេចក្តីព្រាងច្បាប់ឡើយ។ យ៉ាងណាក៏ដោយ ដោយមានការគាំទ្រពីរដ្ឋាភិបាលស៊ុយអ៊ែត ក្រសួងព័ត៌មាននិងអង្គការ UNESCO បានសម្របសម្រួលឲ្យមានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាននេះ នឹងបានចាប់ផ្តើមតាក់តែងលើសេចក្តីព្រាងច្បាប់នេះ តាំងពីឆ្នាំ២០១៥មក។ មានវេទិកា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីឲ្យមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយទៅលើសេចក្តីព្រាងច្បាប់នេះ ជាពិសេសទាក់ទងទៅនឹងពាក្យពេចន៍ និងខ្លឹមសារទាំងមូល។
បើគ្មានការប្រែប្រួលទេ ក្រសួងព័ត៌មាន គ្រោងធ្វើសន្និសីទកាសែតមួយ នៅថ្ងៃទី ៣១ ខែមករា សប្តាហ៍ក្រោយ ដើម្បីប្រកាសពីការបញ្ចប់លើការពិភាក្សានៃសេចក្តីព្រាងច្បាប់នេះ៕
ប្រភព៖ វិទ្យុបារាំង
No comments:
Post a Comment