ប្រទេសកូរ៉េខាងត្បូងបានស្នើឲ្យមានការពិភាក្សាកម្រិតខ្ពស់ជាមួយប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងលទ្ធភាពដែលកូរ៉េខាងជើងអាចចូលរួមនៅក្នុងកីឡាអូឡាំពិកអន្តរជាតិរដូវរងាដែលនឹងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Cho Myoung-gyon រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលក្រុងសេអ៊ូលចង់ជួបជាមួយនឹងមន្ត្រីការទូតកូរ៉េខាងជើងនៅក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខនេះ នៅភូមិផ្អាកសង្គ្រាម Panmunjom ដែលស្ថិតនៅក្នុងតំបន់គ្មានយោធាដែលបែងចែកប្រទេសកូរ៉េទាំងពីរ។
ជំនួបនេះនឹងក្លាយជាជំនួបពិភាក្សាកម្រិតខ្ពស់រវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងព្យុងយ៉ាងតាំងពីខែធ្នូ ឆ្នាំ ២០១៥ មក។
ការស្នើឡើងដូច្នេះរបស់កូរ៉េខាងត្បូងបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រកាសនៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលធ្វើឡើងជារៀងរាល់ឆ្នាំរបស់លោកថា លោកកំពុងពិចារណាបញ្ជូនក្រុមកីឡាករទៅចូលរួមនៅក្នុងកីឡាអូឡាំពិកដែលធ្វើឡើងនៅក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In បានស្វាគមន៍ការស្នើឡើងរបស់លោក Kim Jong Un ក្នុងការជួបពិភាក្សាគ្នានៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ប៉ុន្តែលោកបានបញ្ជាក់ថា ការវិវឌ្ឍទៅមុខនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរអាចកើតឡើងបានក្នុងករណីណាដែលកូរ៉េខាងជើងលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនតែប៉ុណ្ណោះ៕
ប្រភព៖ វីអូអេខ្មែរ
No comments:
Post a Comment