យង់ឃ្នងព្រៃផ្សៃជាងរបបព្រៃតេជោរមានដែរទេ៖ អ្នកវិភាគដែលជាប់ពន្ធនាគារ គឺលោក គឹម សុខអះអាងថា លោកត្រូវបានឆ្មាំគុកវាយដំច្រំធាក់ធ្វើបាបយ៉ាងធ្ងន់ធ្ងរ!-Jailed analyst Kim sok claimed he was beat up by prison guards
អ្នកវិភាគសង្គម លោក គឹម សុខ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារក្នុងរឿងក្តីក្តាំជាមួយលោក ហ៊ុន សែន បានត្អួញត្អែរប្រាប់តុលាការកំពូលនៅនៅថ្ងៃពុធនេះថា ឆ្មាំពន្ធនាគារបានប្រើអំពើហិង្សាមកលើខ្លួន។
ភ្នំពេញ៖ អ្នកវិភាគដែលកំពុងជាប់ពន្ធនាគារ គឺលោក គឹម សុខ នៅថ្ងៃពុធនេះ បានអះអាងប្រាប់ចៅក្រមក្នុងតុលាការកំពូលថា លោកត្រូវបានឆ្មាំគុកព្រៃសវាយដំ ទាត់ធាក់ និងមិនអនុញ្ញត្តឱ្យលោកអានសៀវភៅ និងសារព័ត៌មានទេ។ នេះបើយោងតាមមេធាវី និងសារព័ត៌មានក្នុងស្រុក។
លោក គឹម សុខ អ្នកវិភាគសង្គម ត្រូវបានតុលាការកំពូលនាំខ្លួនចូលរួមសវនាការ លើបណ្តឹងសុំនៅក្រៅឃុំរបស់លោក ដែលក្រោយមកតុលាការកំពូលបានបដិសេធលើសំណើនៅក្រោយឃុំនោះ។ ក្នុងសវនាការដែលមិនអនុញ្ញាតឱ្យមានការថតសំឡេងឬ រូបភាព លោក គឹម សុខ បានត្អួញត្អែរ ប្រាប់ចៅក្រម នៅព្រឹកថ្ងៃពុធនេះថា លោកត្រូវបានឆ្មាំគុក ក្នុងពន្ធនាគារព្រៃសវាយដំ ទាត់ធាក់។
លោក គឹម សុខ ត្រូវបានវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ស្រង់សម្តីដើមយ៉ាងដូច្នេះ៖
«នៅក្នុងពន្ធនាគារ គេមិនអនុញ្ញាតឲ្យយកឯកសារចូល។ គេមិនឲ្យអានសៀវភៅ កាសែត ឬ កាន់ប៊ិច សរសេរអ្វីទេ។ ពេលនោះមន្ត្រីឈ្មោះ ណាត វណ្ណៈ និងមន្ត្រីម្នាក់ទៀតបានធាក់និងវាយខ្ញុំ»។
លោក ជួង ជូងី មេធាវីការពារក្តីរបស់លោក គឹម សុខបញ្ជាក់ប្រាប់ VOA នៅថ្ងៃពុធនេះថា បើទោះជាលោកមិនបានចូលរួមសវនាការនៅព្រឹកថ្ងៃពុធនេះក៏ដោយ ក៏ប៉ុន្តែលោកបានទទួលដំណឹងពីការវាយដំកូនក្តីរបស់លោកផងដែរ។ មេធាវីរូបនេះឱ្យដឹងផងដែរថា លោកនឹងណាត់ជួបជាមួយកូនក្តីលោក ក្នុងពន្ធនាគារនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាលើបញ្ហានេះ។
«ខ្ញុំឮខាង VOD ប្រាប់ខ្ញុំព្រឹកមិញហ្នឹងដែរថា នៅក្នុងបន្ទប់សវនាការតុលាការកំពូល លោក គឹម សុខ លើកឡើងថា មានការវាយដំគាត់។ អីចឹងខ្ញុំនឹងជួបលោក គឹម សុខ នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាជាមួយគាត់ លើបញ្ហានេះ ថាតើត្រូវធ្វើយ៉ាងដូចម៉េច? ប្រសិនបើមានការវ៉ៃតប់មែន គឺអ្នកដែលវាយតប់ហ្នឹងគឺខុសហើយ! ខុសច្បាប់ណា៎ ត្រូវមានទោស»។
លោកមេធាវី ជួង ជូងី បញ្ជាក់បន្ថែមថា ពាក្យបណ្តឹងមួយនឹងអាចដាក់ជូនតុលាការ ក្រោយពីកិច្ចពិភាក្សាជាមួយកូនក្តីរបស់លោកចំពោះការប្រព្រឹត្តអំពើហិង្សាដូច្នោះ។
លោក នៅ មុន្នីជោត អ្នកនាំពាក្យតុលាការកំពូល បញ្ជាក់ប្រាប់ VOA ថា តុលាការកំពូលពិតជាបានបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ ពិតមែននៅព្រឹកថ្ងៃពុធនេះ ហើយតុលាការក៏បានបដិសេធសំណើនោះដែរ ក៏ប៉ុន្តែលោកថា លោកមិនបានដឹងអំពីការប្រព្រឹត្តអំពើហិង្សាលើលោក គឹម សុខ ក្នុងពន្ធនាគារនោះទេ។
អ្នកនាំពាក្យតុលាការកំពូលថ្លែងក្នុងន័យដើមថា៖
«ហ្អូ! ចំពោះរឿងហ្នឹងខ្ញុំអត់បានដឹងទេ ចំពោះដំណើរការនៅក្នុងអង្គសវនាការ។ ពាក់ព័ន្ធហ្នឹងដំណើរការក្នុងសវនាការហ្នឹងខ្ញុំអត់បានដឹងទេ បាទ! បានដឹងតែសេចក្តីសម្រេចតែប៉ុណ្ណឹង»។
VOA មិនអាចទំនាក់ទំនងមន្ត្រីពន្ធនាគារព្រៃសនិងអ្នកនាំពាក្យនៃនាយកដ្ឋានពន្ធនាគារគឺលោក សន កែវ បានទេនៅថ្ងៃពុធនេះ។
លោកគឹម សុខ ដែលគេស្គាល់ថា ធ្លាប់និយាយរិះគន់រដ្ឋាភិបាលឥតសំចៃមាត់នាពេលកន្លងមក ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ លើរឿងក្តីក្តាំដែលលោកចោទថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការសម្លាប់អ្នកវិភាគដ៏ល្បីល្បាញគឺលោក កែម ឡី។ នៅក្នុងសវនាការពេលកន្លងមក លោក គឹម សុខក៏ធ្លាប់បានស្នើឱ្យលោក ហ៊ុន សែន ចូលឆ្លើយតទល់នឹងលោកនៅតុលាការផងដែរ ក៏ប៉ុន្តែត្រូវបានមេធាវីតំណាងលោក ហ៊ុន សែន និងតុលាការបដិសេធ៕
ប្រភព៖ វីអូអេខ្មែរ
No comments:
Post a Comment