លោក សម រង្ស៊ី លើកឡើងថា ចលនាសង្ក្រោះជាតិគឺជាចលនាអហិង្សា និងថា ការហៅចលនាសង្គ្រោះជាតិថា ជាអំពើភេរវកម្ម គឺដោយសាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានការព្រួយបារម្ភពីចលនានេះ។
ភ្នំពេញ ៖ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃអង្គារនេះប្រកាសថា «ចលនាសង្គ្រោះជាតិ» ដែលបង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺជាសកម្មភាពភេរវកម្ម និងប្រកាសត្រៀមបង្រ្កាបចលនានោះចោល។
ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា ការបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងមួយរូប ដែលកំពុងនិរទេសខ្លួនឯបរទេស គឺជាទង្វើភេរវកម្ម។
លោក សៅ សុខា បញ្ជាក់ថា៖«ពួកចលនាសង្គ្រោះជាតិដែលពួកជាប់ពិរុទ្ធនៅក្រៅប្រទេសកំពុងបង្កើតនេះ គឺគេកំពុងតែរៀបចំធ្វើភេរវកម្ម បែបមិនមែននយោបាយទេ គឺភេរវកម្មតែម្តង ព្រោះស្អីក៏ធ្វើៗឲ្យតែបានច្របល់ទាំងអស់»។
លោក សៅ សុខា បន្ថែមថា កងរាជអាវុធហត្ថត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់ បង្ក្រាបចលនានោះ និងរាល់សកម្មភាពផ្សេងៗដែលរដ្ឋាភិបាលហៅថា ជាបដិវត្តន៍ពណ៌។
លោកមានប្រសាសន៍ថា៖«ចលនាណាក៏ដោយដែលបង្កើតមកដើម្បីនាំទៅរកបដិវត្តន៍ពណ៌ ចលនាណាក៏ដោយដែលនាំទៅរកសង្គ្រាម នាំទៅរកអំពើហិង្សា គឺជាការទទួលខុសត្រូវរបស់ប្រជាជនកម្ពុជាមួយទាំងមូលដើម្បីថែរក្សាសន្តិភាព។ ហើយក្នុងនោះកងរាជអាវុធហត្ថគឺជាផ្នែកមួយនឹងខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមការប្រគល់ភារកិច្ច និងការក្រើនរំឭករបស់សម្តេចសេនាពិជ័យ ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ»។
លោក សម រង្ស៊ី កាលពីថ្ងៃអាទិត្យ បានបង្ហោះសារជាអក្សរមួយលើទំព័រ Facebook របស់លោកថា ចលនាសង្គ្រោះជាតិនឹងត្រូវរៀបចំបណ្តាញរបស់ខ្លួននៅទូទាំងប្រទេស ព្រមទាំងបានអំពាវនាវកុំឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសំខាន់ៗ ប្រកាសការគាំទ្ររបស់ខ្លួនចំពោះចលនានេះជាសាធារណៈ ដើម្បីធានាសុវត្ថិភាព និងធានាប្រសិទ្ធភាពការងាររបស់ចលនានេះ។
ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនទៀត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណងស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ ចលនានេះបង្កើតឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន ហើយមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្តមួយចំនួនទៀតរបស់គណបក្សនេះត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សនេះមានជាប់ពាក់ព័ន្ធជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងជាអ្នកបង្កើតចលនាសង្គ្រោះជាតិ ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែល នារសៀលថ្ងៃអង្គារនេះថា ការហៅចលនាសង្គ្រោះជាតិថា ជាអំពើភេរវកម្ម គឺដោយសាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានការព្រួយបារម្ភពីចលនានេះ។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាមានភាពទន់ខ្សោយ និងខ្វះការគាំទ្រ ដូច្នេះលោកថា គណបក្សនេះតែងប្រើហិង្សាដើម្បីលុបបំបាត់សំឡេងប្រជាធិបតេយ្យ។
លោកបន្ថែមក្នុងន័យដើមថា៖
«គណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ មិនត្រឹមតែជាក្រុមមិនមានអំពើហិង្សានោះទេ ប៉ុន្តែថែមទាំងជាក្រុមប្រឆាំងនឹងអំពើហិង្សាទៀតផង។ យើងសូមអំពាវនាវដល់ប្រជាជនកម្ពុជា ទាំងអ្នកតវ៉ា និងកងកម្លាំងប្រដាប់អាវុធឲ្យជៀសវាងការប្រើហិង្សា។ រាល់ការផ្ទុះឡើងនៃអំពើហិង្សា នឹងអាចកើតឡើងតែពីសំណាក់ក្រុមរបស់លោក ហ៊ុន សែន និងអ្នកបង្កផ្សេងៗដែលយើងទើបតែបានឃើញកាលពីពេលថ្មីៗ ដើម្បីដាក់កំហុសទៅលើគណបក្សសង្គ្រោះជាតិ និងអ្នកតវ៉ាដទៃទៀត ហើយពួកគេបានប្រើលេសដើម្បីបង្ក្រាបក្រុមប្រឆាំង និងសង្គមស៊ីវិល»។
ការប្តេជ្ញាបង្រ្កាបរាល់សកម្មភាព ឬគោលបំណងណាមួយប្រឆាំងនឹងរដ្ឋាភិបាល តែងត្រូវបានមេដឹកនាំកងទ័ព មេដឹកនាំនគរបាល ប្រកាសជាបន្តបន្ទាប់ថានឹងបង្ក្រាបមិនឲ្យកើតមាន។ មេដឹកនាំទាំងនោះបានប្តេជ្ញាការពារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកដឹកនាំរដ្ឋាភិបាល និងក្រុមគ្រួសាររបស់លោក។
លោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី និងលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស បានចាប់ដៃគ្នាបង្កើតគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១២។ ក្រោយការប្រកាសបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី គេឃើញស្ថានភាពរបស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហាក់មានភាពរកាំរកូស ដោយសារភាគច្រើននៃអ្នកគាំទ្រចលនានោះ គឺជាអតីតអ្នកដែលមកពីគណបក្ស សម រង្ស៊ី ចំណែកអ្នកមិនគាំទ្រចលនានេះភាគច្រើនជាអតីតអ្នកដែលមកពីគណបក្សសិទ្ធិមនុស្ស។ ក្នុងនោះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំពាក់ព័ន្ធនឹងបទចោទថា ក្បត់ជាតិដែរនោះ ក៏បានប្រកាសពីក្នុងពន្ធនាគារមកថា លោកមិនចូលរួមគាំទ្រចលនាថ្មីនេះទេ៕ ((ប្រភព៖ វីអូអេខ្មែរ))
No comments:
Post a Comment