ឥទ្ធិពលកុម្មុយនិស្តផ្ដាច់ការបានវិលត្រលប់មកជាន់ឈ្លីកម្ពុជា ងើបឡើងវិញ នៅក្រោយពីលោក ហ៊ុន សែន រំលាយគណបក្សប្រឆាំង និងយកប្រទេសទាំងមូលធ្វើជាកម្មសិទ្ធិផ្ដាច់មុខ របស់ក្រុមគ្រួសារនិងបក្ខពួករបស់ចិនដែលរង់ចាំយកចំណេញពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា...
តើការវិនិយោគនិងអភិវឌ្ឍន៍របស់ចិននឹងធ្វើឱ្យកម្ពុជារីកចម្រើនឬយ៉ាងណា?_Analyst is china investment to increase Cambodia economy
នាយករដ្ឋមន្ត្រីដឹកនាំប្រទេសពឹងផ្អែកសំខាន់លើកម្ចី និងជំនួយពីបរទេស ពិសេសជំនួយ និងកម្ចីចិនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ ថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសអំពីគម្រោងអភិវឌ្ឍន៍ធ្វើព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខែត្រកណ្ដាល ដែលមានទឹកប្រាក់វិនិយោគជាង១ពាន់លានដុល្លារ ដែលស្ទើរតែទាំងអស់ ជាប្រាក់វិនិយោគរបស់ចិន។
ក្រៅពីនេះទៀត ទាក់ទងនឹងការអភិវឌ្ឍន៍លើគម្រោងផ្សេងៗទៀត គឺរដ្ឋាភិបាលប្រើប្រាស់ជំនួយនិងកម្ចីរបស់ចិនស្ទើរតែទាំងស្រុង។ តើចិនដាក់ទុនវិនិយោគ និងអភិវឌ្ឍន៍នៅកម្ពុជា ពិតជាធ្វើឲ្យកម្ពុជារីកចំរើនសេដ្ឋកិច្ចឬយ៉ាងណា?
នៅស្របពេលស្ថានភាពនយោបាយបច្ចុប្បន្ន ដែលសហគមន៍អន្តរជាតិ ពិសេសប្រទេសលោកខាងលិចថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរដ្ឋាភិបាលកម្ពុជានោះ លោក ហ៊ុន សែន ហាក់បីដូចជាមិនខ្វល់ និងកាន់តែមានឱកាសចាប់យកចិនជាខ្នងបង្អែកកាន់តែខ្លាំងឡើងថែមទៀត។
នៅក្រោយកិច្ចប្រជុំឡានឆាងទន្លេមេគង្គ នាយករដ្ឋមន្ត្រីចិន លី ឃឺឈាង និងនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមចំនួន១៩ថែមទៀត លើគម្រោងវិនិយោគផ្សេងៗ ដែលមានទឹកប្រាក់រាប់រយលានដុល្លារ។ នេះសបញ្ជាក់ឲ្យឃើញថា ឥទ្ធិពលចិន បានសាយភាយកាន់តែខ្លាំងមកលើរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីភាពជិតស្និតរវាងរដ្ឋាភិបាលទាំងពីរ។ បន្ថែមពីនេះ រដ្ឋាភិបាលចិនថែមទាំង ប្ដេជ្ញាការពាររដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារលោក ហ៊ុន សែន ទៀតផង។ បន្ថែមពីនេះ ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ចេញព័ត៌មានមួយទៀត កាលពីដើមខែមករានេះ គឺគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀតនៅក្នុងស្រុកកណ្ដាលស្ទឹង ខែត្រកណ្ដាល ដែលភាគច្រើនជាប្រាក់វិនិយោគរបស់ចិន ក្នុងចំនួនទឹកប្រាប់សរុប ១ពាន់ ៥០០រយលានដុល្លារអាមេរិកនោះ។
ឥទ្ធិពលកុម្មុយនិស្តផ្ដាច់ការបានវិលត្រលប់មកជាន់ឈ្លីកម្ពុជា ងើបឡើងវិញ នៅក្រោយពីលោក ហ៊ុន សែន រំលាយគណបក្សប្រឆាំង និងយកប្រទេសទាំងមូលធ្វើជាកម្មសិទ្ធិផ្ដាច់មុខ របស់ក្រុមគ្រួសារនិងបក្ខពួករបស់ចិនដែលរង់ចាំយកចំណេញពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ក៏មិនបង្អង់ឲ្យឱកាសមាសនេះ កន្លងហួសឡើយ ចិនបានបង្ហាញ ការយកចិត្តទុកដាក់មកលើរដ្ឋាភិបាលកម្ពុជាសព្វបែបយ៉ាង ដើម្បីពង្រឹងអំណាចកុម្មុយនិស្តរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
បើក្រឡេកមើលពីកត្តាប្រវត្តិសាស្ត្រវិញ គឺប្រវត្តិទំនាក់ទំនងរដ្ឋាភិបាលកម្ពុជា និងចិន បានកើតមានជាច្រើនសតវត្សមកហើយ ទំនាក់ទំនងនេះ បន្តមកដល់រដ្ឋាភិបាលបច្ចុប្បន្ន។ ចិនបានផ្ដល់ជំនួយ និងកម្ចីសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ទល់ និងការសាយភាយនៃឥទ្ធិពលលោកខាងលិច គឺលទ្ធិប្រជាប្រជាធិបតេយ្យជាដើម។
អ្វីដែលគួរឲ្យកត់សំគាល់ទៅទៀតនោះ គឺចិនមានគោលនយោបាយមួយ គឺចាប់យកអ្នកឈ្នះ រដ្ឋាភិបាលចិនមិនស្មោះត្រង់និងដៃគូណាមួយ ឬមិនចាប់យកអ្នកចាញ់ឡើយ។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ ចិនបានចងសម្ព័ន្ធមិត្តដ៏រឹងមាំជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ព្រោះថា ចិនក៏ធ្លាប់មានទំនាក់ទំនង ដ៏ស្មោះស្ម័គ្រជាមួយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងបានបន្តទំនាក់ទំនងនេះ ជាមួយព្រះរាជបុត្ររបស់ព្រះអង្គវិញម្ដង គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជានាយករដ្ឋមន្ត្រីទី១ផងកាលណោះ។
ក៏ប៉ុន្តែក្រោយលោក ហ៊ុន សែន ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឆ្នាំ១៩៩៧មក ចិនមិនស្មោះត្រង់នឹងគណបក្សហ៊្វុនស៊ិនប៉ិចទៀតឡើយ គឺចិនសម្លឹងមើលឃើញគណបក្សប្រជាជនកម្ពុជា អាចបន្តអំណាចទៅមុខទៀតបាន ដោយមិនបង្អង់យូរ គឺចិនចាប់យក លោក ហ៊ុន សែន ជាដៃគូជួយគ្នាទៅវិញទៅមកភ្លាមតាំងពីពេលនោះមក ក្នុងរូបភាពជួយអភិវឌ្ឍន៍។ ទោះបីជាបែបនេះក្ដី នៅត្រង់ចំណុចនេះ មិនសន្មតថា ចិនចាប់យកលោក ហ៊ុន សែន ឬស្មោះស្ម័គ្រជាអមតឡើយ ពីព្រោះថា ប្រវត្តិសាស្ត្របានបង្ហាញហើយថា ចិនតែងតែផ្លាស់ផ្លូវយុទ្ធសាស្ត្ររបស់ខ្លួន ទៅចាប់ដៃជាមួយបុគ្គល ឬក្រុមផ្សេងថ្មីមួយទៀតដែលមានឱកាសដឹកនាំកម្ពុជា នៅអំឡុងស្ថានការណ៍នយោបាយមានការប្រែប្រួល។ នៅពេលអនាគត ចិនក៏នឹងចាប់យកគណបក្សប្រឆាំងជាដៃគូវិញក៏ថាបាន បើសិនជាគណបក្សប្រឆាំងឬបក្សណាផ្សេងទៀតឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល។
នៅក្រោយពេលចិន ងាកមកចាប់លោក ហ៊ុន សែន ហើយដោះដៃចេញពីគណបក្សហ៊្វុនស៊ិនប៉ិចនោះ បានធ្វើឲ្យគណបក្សនេះ ក្រៅពីបាត់បង់អាសនៈនៅក្នុងសភា ក៏ក្លាយជាគណបក្ស ធ្វើអាជីវកម្មលក់ដូរទីស្នាក់ការគណបក្សពីមួយទៅមួយ ហើយថែមទាំងបែកបាក់ផ្ទៃក្នុងបក្សខ្ទេចខ្ទីអស់។ នៅទីបំផុតគណបក្សរាជានិយមមួយនេះ ដែលជាគណបក្សមានអំណាច និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានទីស្នាក់ការធំធេងនៅទីក្រុងភ្នំពេញ បានក្លាយជាគណបក្សក្រីក្រទៅវិញ ហើយប្រកាសសុំជំនួយពីចិនជាថ្មីម្ដងទៀត នេះបើយោងតាមត្អូញត្អែររបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីខែធ្នូ ឆ្នាំ២០១៧។
ទន្ទឹមនឹងនេះ តាមមើលទៅ ដោយសារតែគណបក្សរាជានិយមមួយនេះ ធ្លាក់ខ្លួនក្លាយទៅជាគណបក្សក្រីក្រនេះហើយ ដែលធ្វើឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្លាយទៅជាកូនជឹងរបស់លោក ហ៊ុន សែន ក្នុងដំណាក់កាលចុងក្រោយនេះ សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាស ធ្វើឲ្យរាជវង្សានុវង្សអាប់ឱន ក្នុងការចេញមុខធ្វើជាដើមបណ្ដឹង ប្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិចោល ទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិ និងរំលោភរដ្ឋធម្មនុញ្ញក្ដី ក៏ទ្រង់រណឫទ្ធិហ៊ានធ្វើដែរ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន និងដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន ដែលធ្លាប់ជាសត្រូវស្លាប់រស់របស់ព្រះអង្គ នៅក្នុងសង្វៀននយោបាយក្នុងទសវត្សឆ្នាំ១៩៩៣នោះ។
ក្នុងប្រវត្តិសាស្ត្រទំនើប គ្មានប្រទេសណាដែលលេចត្រដែត និងរីកកាន់តែធំនៅក្នុងប្រទេសកម្ពុជា ដូចប្រទេសចិននោះទេ។ ទីក្រុងប៉េកាំង មកដល់ពេលនេះ នៅតែរក្សាបាននូវការសាយភាយឥទ្ធិពល មកលើប្រទេសក្រីក្រកម្ពុជា ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសចិន រាប់ចាប់តាំងពីការជះឥទ្ធិពលមនោគមវិជ្ជា ការគាំទ្រក្រុមខ្មែរក្រហម ចលនាបដិវត្តន៍រ៉ាឌីកាល់ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ការផ្ដល់ទីស្នាក់នៅសម្រាប់ការភៀសព្រះកាយនៃក្សត្រដែលត្រូវគេទម្លាក់ពីតំណែង រហូតដល់ការបោះទុនវិនិយោគ និងការទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលប្រជាធិបតេយ្យបែបផ្ដាច់ការ របស់លោក ហ៊ុន សែន សព្វថ្ងៃជាដើម។
ប្រទេសជិតខាងកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន មើលឃើញថា រដ្ឋាភិបាលទីក្រុងភ្នំពេញ ជាដៃជើងរបស់ទីក្រុងប៉េកាំង ពិសេសជំហររបស់កម្ពុជា ដែលឈរខាងប្រទេសចិន លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង រវាងសមាជិកអាស៊ានមួយចំនួន ជាមួយចិន។ លោក ហ៊ុន សែន ហាក់ដូចជាងាកចេញពីបងធំទី២របស់ខ្លួន គឺវៀតណាម ដែលជាសត្រូវនឹងចិនទាក់ទងនឹងរឿងជម្លោះសមុទ្រចិនខាងត្បូងដែរនោះ ទំនងជាវៀតណាមមិនឲ្យលោក ហ៊ុន សែន សើយសុខនិងចិនឡើយ។
ក៏ប៉ុន្តែ លោក ហ៊ុន សែន ហាក់ប្រើប្រាស់ភាពវៃឆ្លាតរបស់ខ្លួន លោកក៏ត្រូវតែយកចិត្តវៀតណាមដែរ ដើម្បីការពារអំណាចផ្ដាច់ការរបស់ខ្លួន ពោលគឺ លោក ហ៊ុន សែន មិនសូវយកចិត្តទុកដាក់ លើការឈ្លានពានទឹកដី ប៉ែកខាងកើត ជាប់ព្រំប្រទល់វៀតណាម ដែលវៀតណាមរំលោភដីស្រែប្រជាពលរដ្ឋខ្មែរនៅតំបន់មួយចំនួន ដូចជានៅខែត្រស្វាយរៀង តំបន់ថ្មបីដុំ នៅខែត្រត្បូងឃ្មុំ ក្នុងតំបន់ភូមិសាស្ត្រទឹកដីកំណើតរបស់ប្រធានសភាលោក ហេង សំរិន ជាដើម។
ក្រៅពីនេះទៀត អ្វីដែល លោក ហ៊ុន សែន ផ្គាប់ចិត្តវៀតណាមកាន់តែខ្លាំងនោះគឺ មេដឹកនាំវៀតណាម បានមកជួបលោក ហ៊ុន សែន នៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ ដោយលោក ហ៊ុន សែន សន្យាផ្ដល់ភាពស្របច្បាប់ដល់ជនជាតិ វៀតណាមរស់នៅលើទឹកដីកម្ពុជា។ នេះសបញ្ជាក់ថា លោក ហ៊ុន សែន ចាប់យកចិនផង និងចាប់យកវៀតណាមផង ដើម្បីការពារអំណាចផ្ដាច់ការរបស់លោក។
ចំពោះទំនាក់ទំនងចិនវិញ គឺទីក្រុងប៉េកាំង បានដាក់ឥទ្ធិពល និងបន្តកើនឡើងឥទ្ធិពលរបស់ខ្លួន មកលើប្រទេសកម្ពុជា ពីជំនួយយោធា ដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្មរុករករ៉ែ និងការកាប់ព្រៃឈើ រហូតដល់លំហូរជនជាតិចិនមកកម្ពុជា តំបន់មួយចំនួនស្ទើរតែក្លាយទៅជាក្រុងរបស់ចិនទៅហើយ ដូចជានៅក្រុងព្រះសីហនុ នៅខែត្រកោះកុង ដែលចិនមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធ្វើទីក្រុងរណបរបស់ខ្លួនលើផ្ទៃរាប់រយហិកតារនៅស្រុកបទុមសាគរ និងគិរីសាគរ ដែលក្រុមហ៊ុនចិនទាំងនោះ បានបណ្ដេញប្រជាពលរដ្ឋទាំងបង្ខំ ដុតផ្ទះសម្បែងពួកគាត់ចោល ហើយថែមទាំងមានអាជ្ញាធររដ្ឋាភិបាលប្រដាប់ដោយអាវុធ ការពារក្រុមហ៊ុនចិនទាំងនោះទៀតផង។
រដ្ឋាភិបាលចិន ក្នុងការទិញទឹកចិត្តរដ្ឋាភិបាល លោក ហ៊ុន សែន បានផ្ដល់ជំនួយដល់លោក ក្រោមល្បិចថ្ពិនភ្នែកថាជាជំនួយគ្មានលក្ខខណ្ឌ បានអនុញ្ញាតអោយលោក ហ៊ុន សែន មានឱកាសបានអួតអាងពីសមិទ្ធផលសាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទំនើបមួយចំនួន។ សម្រាប់លោក ហ៊ុន សែន ទីក្រុងប៉េកាំង ជាខ្នងបង្អែកដ៏សំខាន់របស់លោក ក្នុងការជួយផ្ដល់ការគាំទ្រផ្នែកការទូតដល់លោក នៅពេលប្រទេសលោកខាងលិច រិះគន់ពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងកំពុងតែគំរាមកំហែងលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតនោះ។
គម្រោងវិនិយោគ និងជំនួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ គឺក្រុមហ៊ុនចិនជាអ្នកទទួលសិទ្ធិវិនិយោគ និងមានអ្នកគ្រប់គ្រង និងកម្មករជំនាញជាជនជាតិចិនដដែល ខ្មែរបានត្រឹមតែជាកម្មករធម្មតា ដែលធ្វើឲ្យចរន្តថវិកាទាំងនោះ ភាគច្រើនវិលទៅជួយលើកស្ទួយកំណើនសេដ្ឋកិច្ចចិនវិញដដែល។ ហើយសំណង់ភាគច្រើន ដូចជាផ្លូវថ្នល់ ជាជំនួយឬកម្ចីរបស់ចិនសាងសង់គ្មានគុណភាពឡើង បញ្ហានេះ រដ្ឋមន្ត្រីក្រសួងសាធារណការខ្លួនឯង និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានទទួលស្គាល់ និងរិះគន់ដែរ។
ប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាលស្ដីពីជំនួយអភិវឌ្ឍន៍ពីបរទេសបង្ហាញថា ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ ជំនួយអភិវឌ្ឍន៍របស់ចិន នៅកម្ពុជា មានចំនួនសរុប ៥៧គម្រោង ក្នុងនោះមាន ៤៧គម្រោង គឺជាប្រភេទប្រាក់កម្ចីមានទឹកប្រាក់សរុបជិត ៣ពាន់លានដុល្លារអាមេរិក និងប្រភេទជំនួយឥតសំណងមានចំនួនត្រឹម ១០គម្រោងប៉ុណ្ណោះ ដែលមានទឹកប្រាក់សរុបជិត ១៨០លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងទាំង១០ នោះ មានគម្រោងមួយដែលមានទឹកប្រាក់ធំធេងលើសគម្រោងដទៃទៀត ជាហេតុបង្កឲ្យមានមន្ទិលសង្ស័យថា អាចមិនមែនជាជំនួយឥតសំណងទេ តែអាចជាប្រាក់កម្ចីទៅវិញ។ នោះ គឺជំនួយជាង ១៥០លានដុល្លារសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលចិន ផ្ដល់ជូនកម្ពុជា សម្រាប់សាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមសម្រាប់ការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA Game) ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិដទៃទៀត។
ជាសរុបសេចក្ដីទៅ ទំនាក់ទំនង ចិន និងកម្ពុជា កាន់តែយូរៗទៅ បំណុលរបស់កម្ពុជាជំពាក់ចិនក៏កាន់តែច្រើន ដូចពាក្យចាស់ពោលថា ខ្មែរចេះតែកិន ចិនចេះតែកត់ កត់ចុះ កត់ឡើង ដោះមិនចេញ ហើយនឹងធ្វើឲ្យពលរដ្ឋខ្មែរជំពាក់ចិនតជំនាន់ ក្រោមរូបភាពវិនិយោគ និងការអភិវឌ្ឍន៍នេះ៕
ប្រភព៖ អាស៊ីសេរី
No comments:
Post a Comment