ប្រជាពលករ-ពលការិនីខ្មែររងគ្រោះ៥៦រូបត្រូវបានជួយសង្គ្រោះនៅម៉ាឡេស៊ី វៀតណាម និងថៃ-Rescue Khmer Workers malaysia vn and thailand
ក្រសួងការបរទេសកម្ពុជាចេញសេចក្ដីប្រកាសថា ពលរដ្ឋ និងពលករខ្មែរចំនួន៥៦នាក់ ដែលរង គ្រោះនៅប្រទេសម៉ាឡេស៊ី វៀតណាម និងថៃ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដល់កម្ពុជាវិញ កាលពីចុងខែធ្នូ ឆ្នាំ២០១៧។ មន្ត្រីសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល ជួយបណ្ដុះបណ្ដាល និងជ្រោមជ្រែងពលកររងគ្រោះធ្វើយ៉ាងណាឲ្យមានការងារ និងប្រាក់ខែសមរម្យ នៅក្នុងស្រុកខ្មែរ ដើម្បីកុំឲ្យពួកគាត់សម្រេចចិត្តធ្វើចំណាកស្រុកទាំងប្រថុយប្រថានម្ដងទៀត។
ថ្វីត្បិតប្រទេសខ្មែរតូច និងមានប្រជាជនតិចក្តី ប៉ុន្តែប្រជាពលរដ្ឋខ្មែរត្រូវបានគេសង្កេតឃើញថា ពួកគាត់រងគ្រោះគ្រប់ទីកន្លែង និងគ្រប់ជំពូក ដោយសារតែការស្វែងរកការងារធ្វើនៅក្រៅប្រទេស ដើម្បីចិញ្ចឹមក្រពះ។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឲ្យដឹងថា ប្រជា ពលរដ្ឋ និងពលករខ្មែរចំនួន៥៦រូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី វៀតណាម និងថៃ ត្រូវបានស្ថានទូតខ្មែរប្រចាំនៅប្រទេសទាំងនេះ ជួយសង្គ្រោះ និងបានបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។
សេចក្ដីប្រកាសនោះ បញ្ជាក់ថា ក្នុងចំណោមពលរដ្ឋ និងពលករ៥៦រូបនោះ មាន៥នាក់រងគ្រោះនៅ ប្រទេសម៉ាឡេស៊ី បានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ចំណែកពលរដ្ឋ២៩ នាក់ក្នុងនោះកុមារចំនួន២១នាក់ រងគ្រោះនៅប្រទេសវៀតណាម ដោយសារទៅរកស៊ីលក់ឆ្នោតនោះ ត្រូវបានបញ្ជូនមកដល់កម្ពុជាថ្ងៃទី២៧ និង២៩ ខែធ្នូ ឆ្នាំ២០១៧។ សម្រាប់ពលរដ្ឋខ្មែរ២២រូបទៀត ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួននៅលើទូកនេសាទខុសច្បាប់នោះ ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៧។
ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា បញ្ហារងគ្រោះទាំងនេះ គឺពលរដ្ឋចំណាកស្រុកភាគច្រើន ពុំបានស្វែងយល់អំពីបញ្ហាប្រឈមនោះទេ ដោយពួកគាត់តែងរំពឹងថា ការងារនៅក្រៅប្រទេសទូលំទូលាយ និងរកបានប្រាក់ចំណូលខ្ពស់ជាងកម្ពុជា សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារដែលជួបការលំបាក និងជំពាក់បំណុលធនាគារ។
ទោះយ៉ាងណាក្តី អ្នកស្រី ឆន សុគន្ធា ស្នើឲ្យក្រសួងសង្គមកិច្ច និងរដ្ឋាភិបាល ជួយបណ្ដុះបណ្ដាល ពលកររងគ្រោះ ធ្វើយ៉ាងណាឲ្យមានការងារ និងប្រាក់ខែសមរម្យនៅក្នុងស្រុកខ្មែរ ជាពិសេសកុមារតែម្ដង ដែលត្រូវការពារពួកគាត់ឲ្យទទួលបានការអប់រំខ្ពស់ ដើម្បីកុំអោយពួកគាត់ សម្រេចចិត្តធ្វើចំណាកស្រុកទាំងប្រថុយប្រថានម្ដងទៀត។
ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ២០១៧ ស្ថានទូតកម្ពុជា បានបញ្ជូនពលករកម្ពុជាប្រមាណ ១៣៤នាក់ មកពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីស្ថានភាពការងាររបស់ពួកគេជួបការលំបាក។
ថ្វីបើប្រជាពលករខ្មែរ តែងតែងរងគ្រោះនៅក្រៅប្រទេសជាបន្តបន្ទាប់ក្តី ប៉ុន្តែរដ្ឋាភិបាល នៅតែមានគម្រោង និងពេញចិត្តបញ្ជូនពលការិនីទៅធ្វើការជាមេផ្ទះនៅក្រៅប្រទេសឲ្យបាន ១ពាន់នាក់ក្នុងឆ្នាំ២០១៨ ខាងមុខ ជាពិសេសប្រទេសដែលធ្លាប់មានកេរ្តិ៍ឈ្មោះអាស្រូវរឿងធ្វើបាបពលករដូចជាប្រទេសម៉ាឡេស៊ីជាដើម។
កាលពីថ្ងៃទី២៧ ខែធ្នូ ក្រសួងការងារបានបញ្ជូនក្រុមពលការិនីលើកទីមួយចំនួន ១៤នាក់ ដើម្បីទៅធ្វើការជាអ្នកជំនួយការមេផ្ទះនៅតំបន់រដ្ឋបាលពិសេសនៅទីក្រុងហុងកុង។ ក្រៅពីហុងកុង រដ្ឋាភិបាល នឹងបញ្ជូនស្ត្រីខ្មែរប្រមាណ ៣០០នាក់ទៀត ទៅបម្រើការងារនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី ជាថ្មីម្ដងទៀត នៅខែមីនា ឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១១ ក្រោយពេលមានពលករខ្មែរមួយចំនួន ត្រូវបានថៅកែជនជាតិម៉ាឡេស៊ី វាយ និងរំលោភបំពាន។
ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា គួរតែព្យាយាម បង្កើតទីផ្សារការងារឲ្យមានតុល្យភាពជាមួយនឹងចំនួនមនុស្សដែលពេញកំពុងរកការងារធ្វើ។ ចំណែកប្រាក់បៀវត្សរ៍វិញ ត្រូវធានាឲ្យមានតុល្យភាពជាមួយនឹងការចំណាយដើម្បីទប់ទល់នឹងស្ថានភាព ជីវភាពរស់នៅរបស់ពួកគាត់។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលត្រូវរកទីផ្សារ និងបង្កើនតម្លៃផលិតផលកសិកម្មដែលបច្ចុប្បន្ននេះ កំពុងតែជួបបញ្ហាប្រឈម៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment