ក្ដៅៗ៖ ព្រឹទ្ធសមាជិកអាមេរិក ស្នើឲ្យតំណាងអាមេរិកនៅអង្គការសហប្រជាជាតិ បន្ថែមការដាក់សម្ពាធលើកម្ពុជា!!
លោក Ben Cardin តំណាងឲ្យសមាជិកព្រឹទ្ធសភាអាមេរិកយ៉ាងហោចណាស់៨រូប បានស្នើទៅកាន់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ឲ្យបន្ថែមការដាក់សម្ពាធលើកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស។ លិខិតចុះថ្ងៃទី២៥មករា របស់សមាជិកព្រឹទ្ធសភាអាមេរិក បានគូសបញ្ជាក់ថា ការដាក់សម្ពាធលើកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្ដូរទិសដៅនៃការដឹកនាំរបស់ខ្លួន ឬបើពុំដូច្នោះទេ ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨នេះ នឹងមិនអាចចាត់ទុកថា ជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។
តាមរយៈលិខិតមួយច្បាប់ សមាជិកព្រឹទ្ធសភាអាមេរិក៨រូប មានលោក Ben Cardin ជាតំណាង បានរំឭកប្រាប់តំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិថា រដ្ឋាភិបាលកម្ពុជា បានរំលោភលើលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយនៅកម្ពុជា ដោយការចាត់វិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ ទៅលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនោះ មេបក្សប្រឆាំងធំជាងគេនៅកម្ពុជាត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទក្បត់ជាតិ ចំណែកបក្សប្រឆាំងនោះទៀតសោត ក្រោយមកត្រូវតុលាការកំពូលកម្ពុជារំលាយចោល។ អង្គការអាមេរិកមួយត្រូវរដ្ឋាភិបាលខ្មែរបិទលែងឲ្យដំណើរការ ហើយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបង្ខំចិត្តបិទទ្វារដោយសារការគាបសង្កត់ផ្នែកពន្ធដារ។ នេះបើតាមលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក។ ផ្អែកលើហេតុការណ៍ទាំងអស់នេះ សមាជិកព្រឹទ្ធសភាអាមេរិកយល់ឃើញថា ការបោះឆ្នោតជាតិនៅកម្ពុជានាពេលខាងមុខនេះ ពិតជាមិនអាចប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ទេ។
នៅក្នុងលិខិតដដែល សមាជិកព្រឹទ្ធសភាអាមេរិក បានសម្ដែងការស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលបានប្រកាសផ្អាកផ្ដល់ជំនួយគាំទ្រសម្រាប់ការបោះឆ្នោតនៅកម្ពុជាក្នុងខែកក្កដា ក៏ដូចជាការផ្អាកលែងផ្ដល់ទិដ្ឋាការដល់មន្ដ្រីជាន់ខ្ពស់កម្ពុជា មិនឲ្យចូលទៅក្នុងទឹកដីអាមេរិក។ ប៉ុន្តែសម្រាប់ក្រុមសមាជិកព្រឹទ្ធសភាដដែល ចំណាត់ការនេះនៅមិនទាន់គ្រប់គ្រាន់ទេ។
លោក Ben Cardin ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ គៀងគរសម្ព័ន្ធមិត្តរបស់អាមេរិក ឲ្យលើកឡើងពីបញ្ហាកម្ពុជានៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការលើកឡើងនេះ ត្រូវបានលោក Ben Cardin មើលឃើញថា នឹងក្លាយជាដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅអនុម័តដំណោះស្រាយដ៏រឹងមាំមួយ ក្នុងគោលដៅជំរុញឲ្យដាក់កម្ពុជា ស្ថិតនៅក្រោមការឃ្លាំមើលពីសំណាក់សហគមន៍អន្ដរជាតិ៕
លោក Benjamin Cardin សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ |
No comments:
Post a Comment