របបសែនហ៊ុនភ្នំពេញ ក្រោយពីកម្ទេចបក្សប្រឆាំងដ៏ធំមួយចោលបានសម្រេច ក៏កំពុង​ដឹកនាំកម្ពុជា​ទៅ​រក​របប​​ផ្ដាច់ការយោធា​និយាម​និង​គ្រួសារ​និយម-Cam​ is leading toward Junta dictatorship - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
របបសែនហ៊ុនភ្នំពេញ ក្រោយពីកម្ទេចបក្សប្រឆាំងដ៏ធំមួយចោលបានសម្រេច ក៏កំពុង​ដឹកនាំកម្ពុជា​ទៅ​រក​របប​​ផ្ដាច់ការយោធា​និយាម​និង​គ្រួសារ​និយម-Cam​ is leading toward Junta dictatorship

របបសែនហ៊ុនភ្នំពេញ ក្រោយពីកម្ទេចបក្សប្រឆាំងដ៏ធំមួយចោលបានសម្រេច ក៏កំពុង​ដឹកនាំកម្ពុជា​ទៅ​រក​របប​​ផ្ដាច់ការយោធា​និយាម​និង​គ្រួសារ​និយម-Cam​ is leading toward Junta dictatorship

Share This

របបសែនហ៊ុនភ្នំពេញ ក្រោយពីកម្ទេចបក្សប្រឆាំងដ៏ធំមួយចោលបានសម្រេច ក៏កំពុង​ដឹកនាំកម្ពុជា​ទៅ​រក​របប​​ផ្ដាច់ការយោធា​និយាម​និង​គ្រួសារ​និយម-Cam​ is leading toward Junta dictatorship

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ការ​ដឹកនាំ​បែប​យោធា​និយម ផ្ដាច់ការ និង​ជា​ការ​ដឹកនាំ​មួយ​ដែល​ក្រុម​យោធា​ព្យាយាម​ដំឡើង​បុណ្យ​សក្ដិ​ទាយាទ​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង​បន្ត ដើម្បី​ការពារ​អំណាច​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

​ក្រុម​អ្នក​វិភាគ​វាយ​តម្លៃ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ធំ​របស់​ខ្លួន​ទៅ​រក​វណ្ណៈ​យោធា​ផ្ដាច់ការ​និយម​មួយ​ដែល​កំពុង​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​សង្គម​ដ៏​ស្មុគស្មាញ​ញាំញី​ទៅ​ដោយ​គ្រួសារ​និយម បក្ខពួក​និយម ក្នុង​បុព្វហេតុ​ការពារ​អំណាច ទ្រព្យសម្បត្តិ និង​ការ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​មូល។

​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ក្រុម​យោធា​ជាតិ​បាន​ចាប់​ផ្ដើម​រំលោភ​ភារកិច្ច​របស់​ក្រសួង​មហាផ្ទៃ ដូចជា​ករណី​រៀបចំ​សណ្ដាប់​សាធារណៈ​ជា​ជាង​កិច្ចការ​ព្រំដែន និង​បាន​ចាប់​ផ្ដើម​ចេញ​មុខ​ស៊ើបអង្កេត​ក្នុង​ហេតុផល​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌។ នៅ​ស្រប​គ្នា​នេះ ដឹកនាំ​យោធា​ក៏​បាន​ចាប់​ផ្ដើម​ប្រញាប់ប្រញាល់​តែងតាំង​ទាយាទ និង​សាច់ញាតិ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ដែរ៖ «របប​យោធា​នេះ​មិន​មែន​មាន​ទម្រង់​តែ​របប​យោធា​ធម្មតា​ទេ ប៉ុន្តែ​វា​ជា​របប​យោធា​ត​ពូជ។ គឺ​ក្នុង​គ្រួសារ​មួយ​ចេះ​តែ​ត​គ្នា​អ៊ីចឹង​ទៅ»។

​ការ​តែងតាំង​ក្រុម​ទាយាទ​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់ ធ្វើ​ឡើង​រាប់​ចាប់​តាំង​ពី​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​មន្ត្រី​យោធា​គ្រាក់ៗ​មួយ​ចំនួន​ទៀត។

លោក ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​ជួរ​កងទ័ព ក្នុង​នោះ​តែងតាំង​ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

​បន្ទាប់​មក នៅ​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក​ឧត្ដមសេនីយ៍​ទោ ហ៊ុន ម៉ានិត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយដ្ឋាន​ស្រាវជ្រាវ​ខាង​ផ្នែក​ចារកិច្ច។ ក្រោយ​មក​ទៀត នៅ​ខែ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​តែងតាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ពី​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ទោ ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី នៃ​ក្រសួង​ការពារ​ជាតិ។ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង គឺ​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ឱ្យ​ធ្វើ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។

​នេះ​នៅ​មិន​ទាន់​គិត​ដល់​កូន​មន្ត្រី​សមត្ថកិច្ច​កំពូលៗ​ជា​ច្រើន​ផ្សេង​ទៀត ដូចជា​កូនប្រុស​ពីរ​នាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គឺ​លោក ស សុខា និង ស រដ្ឋា ត្រូវ​បាន​តែងតាំង​ពី​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី ផ្កាយ​មាស​មួយ ទៅ​ជា​ឧត្ដមសេនីយ៍​ទោ ផ្កាយ​មាស​ពីរ។ លោក ស សុខា ក្រៅ​ពី​មាន​តួនាទី​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក​ក៏​មាន​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង។

​រី​ឯ​កូន​ប្រុស​របស់​លោក ទៀ បាញ់ ឈ្មោះ ទៀ សីហា វិញ​ក៏​មាន​ឋានន្តរសក្ដិ​មិន​តូច​នោះ​ដែរ។ លោក ទៀ សីហា ក្រៅ​ពី​មាន​តួនាទី​ជា​ឧត្ដមសេនីយ៍​ទោ ពាក់​ផ្កាយ​មាស​ពីរ ខាង​ផ្នែក​យោធា​ហើយ​នោះ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​សៀមរាប ថែម​ទៀត។

​រី​ឯ​មន្ត្រី​យោធា​តស៊ូ​ការពារ​នៅ​តាម​ព្រំដែន​វិញ ដែល​គ្មាន​សែ​រយៈ​ធំៗ កម្រ​ឃើញ​មាន​ការ​តែងតាំង​ឲ្យ​ឡើង​តួនាទី ឋានៈ បាន​ខ្ពង់ខ្ពស់​ដូច​កូន​មន្ត្រី​ធំៗ​បែប​នេះ​ណាស់។ កងកម្លាំង​យោធា​ខ្លះ​ទៀត បាន​ពលី​ជីវិត​នៅ​ក្នុង​សមរភូមិ បន្សល់​ទុក​នូវ​ប្រពន្ធ​កូន​ក្រលំបាក តោកយ៉ាក​ក៏​មាន។ យោធា​ខ្លះ​រង​គ្រោះ​ពិការ​ដៃ ដាច់​ជើង ហើយ​ធ្លាក់​ខ្លួន​ជា​អ្នក​សុំទាន​ដើម្បី​ចិញ្ចឹម​ក្រពះ​ប្រចាំថ្ងៃ​ថែម​ទៀត។

​អ្នក​វិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់​ថា ការ​តែងតាំង​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​សន្តិសុខ​ជាតិ និង​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា បច្ចុប្បន្ន ធ្វើ​ឡើង​តាម​រយៈ​សាច់​សាលោហិត និង​បក្ខពួក​និយម ច្រើន​ជាង​គុណបំណាច់ និង​សមត្ថភាព​ជាក់ស្ដែង​របស់​យោធា​មួយ​ចំនួន​ធំ​ទៀត ដែល​ខំ​តស៊ូ​បម្រើ​ជាតិ​រាប់​សិប​ឆ្នាំ​មក​នោះ។ លោក​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​បង្ហាញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ផ្ដាច់ការ​យោធា​និយម និង​គ្រួសារ​និយម។

​ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ធ្លាប់​មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រួសារ​និយម និង​បក្ខពួក​និយម កម្ពុជា​គួរ​មាន​ច្បាប់​មួយ​ស្ដីពី​ទំនាស់​ផលប្រយោជន៍ ដែល​ត្រូវ​ចែង​ឱ្យ​បាន​ច្បាស់​អំពី​ការ​តែងតាំង​មុខ​តំណែង និង​តួនាទី​របស់​កូនចៅ និង​សាច់សាលោហិត​របស់​មេដឹកនាំ​ទាំង​នោះ។

លោក សន ជ័យ៖ «ប្រសិនបើ​មាន​មន្ត្រី​ផ្សេងៗ​ដែល​បាន​បំពេញ​ការងារ​យូរ​មក​ហើយ ជាពិសេស​មន្ត្រី​ដែល​មាន​វ័យ​ចំណាស់​ដែល​ពួកគាត់​មិន​បាន​ឡើង​បុណ្យ​សក្ដិ តែ​អ្នក​ផ្សេង​ដែល​មាន​ជាប់​សែស្រឡាយ​របស់​ថ្នាក់ដឹកនាំ​បែរ​ជា​បាន​ឡើង​បុណ្យ​សក្ដិ នោះ​ហើយ​គឺ​ជា​ការ​ឈាន​ទៅ​រក​គ្រួសារ​និយម។ ក៏ប៉ុន្តែ​ពេល​វេលា​នៃ​ការ​ឡើង​បុណ្យ​សក្ដិ​នេះ មិន​មែន​កើត​ឡើង​ចំពោះ​តែ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង​តែមួយ​នោះ​ទេ វា​ក៏​មាន​ការ​ដំឡើង​ឋានៈ​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​ដែរ។ បើ​យើង​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ទំនាស់​ផលប្រយោជន៍ និង​មាន​ការ​ចែង​ឱ្យ​ច្បាស់​ពី​ទំនាស់​ផលប្រយោជន៍​នេះ​ទេ ខ្ញុំ​គិត​ថា សង្គម​កម្ពុជា យើង​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​របៀប​នេះ​ត​ទៅ​ទៀត»។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ថា កម្ពុជា​ជា​ប្រទេស​កំពុង​មាន​ការ​ដឹកនាំ​បែប​យោធា​ផ្ដាច់ការ​និយម និង​គ្រួសារ​និយម​នោះ។ លោក​អះអាង​ថា ការ​តែង​តាំង​មុខ​តំណែង​កូនៗ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា អោយ​មាន​តំណែង​ខ្ពស់​នោះ គឺ​ជា​ការ​សក្ដិសម​បំផុត​ដោយសារ​ពួកគេ​មាន​សមត្ថភាព​ពិត​ប្រាកដ។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា ប្រសិនបើ​កម្ពុជា កាន់​អំណាច​ផ្ដាច់ការ​មែន​នោះ អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ស្ថិតស្ថេរ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ឡើយ៖ «ប្រសិនបើ​របប​យោធា​និយម​មែន វា​អត់​ស្ថិតស្ថេរ​រហូត​ដល់ ៣០ ៤០​ឆ្នាំ​អ៊ីចឹង​ទេ»។

​ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ស្នើ​អោយ​លោក សុខ ឥសាន គួរ​តែ​ផ្លាស់​ទៅ​រស់​នៅ​ពិភព​ព្រះ​អង្គារ​វិញ​ទៅ​ប្រសើរ​ជាង ប្រសិន​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា រូប​នេះ មើល​មិន​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​តែ​រំលោភ​អំណាច រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ថា ប្រទេស​ដែល​កាន់​របប​ប្រជាធិបតេយ្យ​គឺ​គ្មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង គ្មាន​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង គ្មាន​ការ​បិទ​ស្ថាប័ន​សា​ព័ត៌មាន​ឯករាជ្យ គ្មាន​ការ​ចាប់​ខ្លួន​អ្នក​កាសែត និង​គ្មាន​ការ​ហាម​អ្នក​នយោបាយ​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ​ឡើយ៖ «ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គេ​មាន​តុលាការ​ឯករាជ្យ គេ​មាន​បណ្ដាញ​សា​ព័ត៌មាន​ឯករាជ្យ គេ​មាន​នគរបាល ប្រព័ន្ធ​យុត្តិធម៌ និង​យោធា​ដែល​មាន​វិជ្ជាជីវៈ។ ជាង​នេះ​ទៅ​ទៀត ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​គឺ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​គ្មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង និង ការ​បំភិតបំភ័យ។ ជន​ណា​ដែល​និយាយ​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ជន​នោះ​កំពុង​កុហក​ខ្លួន​ឯង និង​កុហក​ដល់​មហាជន​ទូទៅ។ ម្យ៉ាង​ទៀត​ដោយសារ​ជន​នោះ​បាន​ទទួល​ប្រាក់​ខែ​ពី​លោក ហ៊ុន សែន បើ​មិន​អ៊ីចឹង​ទេ ក៏​ជន​នោះ​មិន​និយាយ​សម្ដី​បែប​ឆ្កួតលីលា​ដូច្នេះ​ទេ»។

​ក្រុម​អ្នក​វិភាគ​និយាយ​ថា មេដឹកនាំ​ផ្ដាច់ការ​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ប្រើ​វិធី​ស្រដៀង​គ្នា​ទៅ​នឹង​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ដែរ ក្នុង​ការ​តែងតាំង​កូនៗ​របស់​ខ្លួន​ឲ្យ​មាន​តួនាទី​ធំៗ​នៅ​ក្នុង​ជួរ​កងទ័ព ជាពិសេស លោក សាអាឌី កាដាហ្វី (Saadi Gaddafi) កូនប្រុស​របស់​លោក មូអាមើ ហ្កាដាហ្វី (Muammar Gaddafi)  អតីត​មេដឹកនាំ​ប្រទេស​លីប៊ី (Libya) ធ្លាប់​ត្រូវ​បាន​ឪពុក​របស់​លោក​តែងតាំង​ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​របស់​ប្រទេស​លីប៊ី កាល​ពេល​លោក​នៅ​មាន​អំណាច។

​ក្រោយ​មក លោក សាអាឌី ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ទៅ​លើ​ប្រជាជន​លីប៊ី។ រី​ឯ​អតីត​មេដឹកនាំ​ប្រទេស​អ៊ីរ៉ាក់ (Iraq) លោក សាដាម ហ៊ូសេន (Saddam Hussein) ក៏​ធ្លាប់​តែងតាំង​កូនប្រុស​របស់​លោក​មួយ​ចំនួន​អោយ​មាន​តំណែង​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ដែរ ដូចជា​លោក អ៊ូដា ហ៊ូសេន (Uday Hussein) ត្រូវ​បាន​តែងតាំង​ជា​អគ្គ​មេបញ្ជាការ​ដែល​មាន​អំណាច​លើ​កម្លាំង​ប៉ូលិស យោធា និង​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល។ កូន​ប្រុស​របស់​លោក សាដាម ហ៊ូសេន ម្នាក់​ទៀត​ឈ្មោះ ឃូស៊យ ហ៊ូសេន (Qusay Hussein) ក៏​ត្រូវ​បាន​លោក សាដាម ហ៊ូសេន  តែងតាំង​ជា​បញ្ជាការ​កំពូល​ខាង​ផ្នែក​កងទ័ពជើងទឹក និង​ជើង​អាកាស​ថែម​ទៀត។

​ទោះ​អ្នក​វិភាគ​លើក​ឡើង​ថា ទោះ​បី​ជា​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ដោយ​ប្រើ​វិធីសាស្ត្រ​ផ្ដាច់ការ និង​តែងតាំង​កូនចៅ​របស់​ខ្លួន​ឲ្យ​កាន់​មុខ​តំណែង​នៅ​ក្នុង​ជូរ​កងទ័ព​យ៉ាង​ច្រើន​ស្អេកស្កះ​ដូច្នេះ​ក្តី ប៉ុន្តែ​បរិបទ​ពិភពលោក​បច្ចុប្បន្ន ប្រទេស​ដែល​ដឹកនាំ​បែប​ផ្ដាច់ការ​នេះ មិន​បាន​ស្ថិតស្ថេរ​យូរ​អង្វែង​នោះ​ឡើយ ជាក់ស្ដែង​អំណាច​ផ្ដាច់ការ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​កំពុង​ដួល​រលំ​ជា​បន្តបន្ទាប់៕ ((ប្រភព៖ វិទ្យុអាស៊ីសេរី))

No comments:

Post a Comment