សរុប​ព្រឹត្តិការណ៍ក្ដៅៗប្រចាំ​ឆ្នាំ​២០១៧​ ដែល​ធ្វើអោយផ្លាស់ប្ដូរ​មុខមាត់​ប្រទេស​កម្ពុជា,​ តើប្រិយមិត្ត បានចាប់អារម្មណ៍ និយមតាមដាន មានព្រឹត្តិការណ៍អ្វីខ្លះ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា? -Year 2017 end review​​ from VOAKHMER. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សរុប​ព្រឹត្តិការណ៍ក្ដៅៗប្រចាំ​ឆ្នាំ​២០១៧​ ដែល​ធ្វើអោយផ្លាស់ប្ដូរ​មុខមាត់​ប្រទេស​កម្ពុជា,​ តើប្រិយមិត្ត បានចាប់អារម្មណ៍ និយមតាមដាន មានព្រឹត្តិការណ៍អ្វីខ្លះ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា? -Year 2017 end review​​ from VOAKHMER.

សរុប​ព្រឹត្តិការណ៍ក្ដៅៗប្រចាំ​ឆ្នាំ​២០១៧​ ដែល​ធ្វើអោយផ្លាស់ប្ដូរ​មុខមាត់​ប្រទេស​កម្ពុជា,​ តើប្រិយមិត្ត បានចាប់អារម្មណ៍ និយមតាមដាន មានព្រឹត្តិការណ៍អ្វីខ្លះ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា? -Year 2017 end review​​ from VOAKHMER.

Share This

សរុប​ព្រឹត្តិការណ៍ក្ដៅៗប្រចាំ​ឆ្នាំ​២០១៧​ ដែល​ធ្វើអោយផ្លាស់ប្ដូរ​មុខមាត់​ប្រទេស​កម្ពុជា,​ តើប្រិយមិត្ត បានចាប់អារម្មណ៍ និយមតាមដាន មានព្រឹត្តិការណ៍អ្វីខ្លះ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា? -Year 2017 end review​​ from VOAKHMER.

ថ្ងៃនេះ​គឺជាថ្ងៃទី៣៦៥ ថ្ងៃចុងក្រោយនៃឆ្នាំ២០១៧។​ តើប្រិយមិត្ត បានចាប់អារម្មណ៍ និយមតាមដាន មានព្រឹត្តិការណ៍អ្វីខ្លះ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា?

ខាងក្រោមនេះ ជាតួលេខសំខាន់ៗ​ ដែល​VOAបានចងក្រងជូនប្រិយមិត្ត អស់លោកអ្នកនាក់ទាក់ទងនឹងព្រឹត្តិការណ៍​នយោបាយ ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា​ កាលឆ្នាំ​២០១៧កន្លងទៅ​៖
១. គណបក្ស​កាន់​អំណាចសាទរលទ្ធផល​បោះឆ្នោត​​ផ្លូវការ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ថា​ ការ​បោះឆ្នោត​គ្មាន​យុត្តិធម៌ 

៤៨៩/១៦៤៦៖ ចំនួនឃុំសង្កាត់ដែលគណបក្សសង្គ្រោះជាតិឈ្នះបានក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ជាការបោះឆ្នោតដែលទទួលបានការសាទរពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានអត្រាអ្នកចេញទៅបោះឆ្នោត៩០% និងជាផ្លែផ្កានៃកំណែទម្រង់ប្រព័ន្ធបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក្នុងរយៈពេល៥ខែក្រោយមក។

នាថ្ងៃអាទិត្យ​នេះ គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី​៤ ដោយ​ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១,១៥៦ឃុំ-សង្កាត់ ចំណែក​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន ៤៨៩ឃុំ-សង្កាត់។ គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង បង្ហាញ​ពី​ការ​យល់​ឃើញ​ខុសគ្នា​ពី​លើ​លទ្ធផល​នេះ។

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ប្រកាសថា ​លទ្ធផល​ផ្លូវ​ការ​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិ​ទី​៤​ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​មេឃុំ-ចៅសង្កាត់​ចំនួន១,១៥៦ គណ​បក្សសង្រ្គោះ​ជាតិ ទទួល​បាន​មេឃុំ-ចៅសង្កាត់ចំនួន ៤៨៩ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​មេឃុំចំនួន​១។ គណបក្ស​កាន់អំណាច​សាទរ​នឹង​លទ្ធផល​នេះ ប៉ុន្តែ​គណបក្ស​ប្រឆាំង​លើកឡើង​ថា ការ​បោះឆ្នោត​មាន​ភាព​អយុត្តិធម៌។

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែ​មិថុនា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​តារាង​សំឡេង និង​ភាគរយ​គាំទ្រ​តាម​គណបក្ស​នយោបាយ​ទាំង១២ ដែល​ជា​លទ្ធផល​ផ្លូវការ ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា នៅ​តាម​រាជធានី​-ខេត្ត​ទាំង​២៥។

ក្នុង​តារាង​ដែល​ចេញ​ផ្សាយ​ដោយ គ.ជ.ប គណបក្ស​ចំនួន​៣​តែ​ប៉ុណ្ណោះ​ដែល​ទទួល​បានមេឃុំ-ចៅ​សង្កាត់ ​ក្នុង​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទទួល​បាន​សំឡេងគាំទ្រ​ចំនួន ជាង​៣លាន ៥សែន​សំឡេង ស្មើនឹង ៥០.៧៦ភាគរយ និង​ឈានទៅ​គ្រប់គ្រង​ឃុំ-​សង្កាត់​ចំនួន​១,១៥៦ នៅ​ទូទាំង​ប្រទេស។ គណបក្សសង្គ្រោះជាតិរបស់​លោក កឹម សុខា ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ជាង​៣លាន​សំឡេង ស្មើនឹង ៤៣.៨៣ភាគរយ និង​ឈាន​ទៅ​គ្រប់គ្រង​ឃុំ-សង្កាត់​ចំនួន ៤៨៩។ ចំណែក​គណបក្ស​រួបរួមជាតិ​របស់​លោក ញឹក ប៊ុនឆៃ​ ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ជិត​៨​ម៉ឺន​សំឡេង ស្មើនឹង ១.១៣​ភាគរយ និង​ឈាន​ទៅ​គ្រប់គ្រង​ឃុំ​ចំនួន​១ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

បន្ទាប់ពី គ.ជ.ប បានប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ជា​ផ្លូវ​ការ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​ប្រកាស​ទទួល​យក​លទ្ធ​ផល​ផ្លូវការ​នេះ និង​បាន​បញ្ជាក់​ថា នេះ​គឺជា​លទ្ធ​ផល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​ពិត​ប្រាកដ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ប្រាប់​ VOA នា​រសៀល​ថ្ងៃ​អាទិត្យ​នេះថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​លទ្ធផល​បោះឆ្នោត​នេះដោយ​ពេញ​ចិត្ត។

«គណបក្ស​ប្រជាជន​គឺ​ទទួល​យក មិនមែន​មិន​អាច​ទេ គឺថា​ទទួល​យក​ដោយ​រីករាយ​ទៅតាម​លទ្ធ​ផល​ជ័យ​ជម្នះ​របស់ គ.ជ.ប ដែល​មាន​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយស្មារតីទទួល​ខុស​ខ្ពស់»។

ចំណែក​គណបក្ស​សង្គ្រោះជាតិលើកឡើងថា ការ​បោះឆ្នោត​គ្មាន​ភាព​យុត្តិធម៌ និង​ថា គ.ជ.ប ត្រូវ​កែ​លម្អចំណុច​មួយចំនួន។

លោក យឹម​ សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង មិនបាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA ដែល​សួរថា តើ​គណបក្ស​សង្គ្រោះជាតិ​ទទួល​យក​លទ្ធ​ផល​បោះឆ្នោត​នេះ ឬ​យ៉ាងណា​នោះទេ ដោយ​លោក​គ្រាន់​តែ​លើក​ឡើងថា ការ​បោះឆ្នោត​ឃុំ​-សង្កាត់​កាលពី​ដើម​ខែមិថុនា​នេះ គ្មាន​ភាព​យុត្តិធម៌។

«បរិយាកាស​នយោបាយ​តាំង​ពី​មុន​ការ​បោះឆ្នោត​ហ្នឹង​ គឺ​មាន​ស្ថានភាព​អាក្រក់។ មាន​ឯកឧត្តម​ប្រធាន សម រង្ស៊ី ​ហ្នឹង​មិន​បាន​ចូល​រួមបោះឆ្នោត មាន​អំពើ​ហិង្សា មាន​ការ​ចាប់​តំណាង​រាស្រ្ត​ព្រឹទ្ធសភា សកម្មជន សង្គម​ស៊ីវិល​ដាក់​ពន្ធនាគារ​ទល់​សព្វ​ថ្ងៃ​មិនទាន់​ដោះ​លែង ហើយ​ក៏​មាន​ការ​ប្រើប្រាស់​វោហារ​សាស្ត្រ​ក្នុង​ការគំរាមកំហែង។ នេះ​គឺជា​កិច្ចការ​មួយ កត្តា​មួយ ដែល​រួម​ចំណែក​ឲ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​មិន​សេរី​និង​យុត្តិធម៌​ទេ»។

លោក យឹម សុវណ្ណ បន្ថែម​ថា គ.ជ.ប ត្រូវកែ​លម្អចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ទាំងមុន និង​អំឡុង​ការ​បោះឆ្នោត ព្រមទាំង​អំឡុង​ការ​រាប់​សន្លឹក​ឆ្នោត​ជាដើម ដើម្បី​ធានា​ដល់​ការ​បោះឆ្នោត​ទទួល​បាន​ភាព​សេរី និង​យុត្តិធម៌​រវាង​គណបក្ស​នយោបាយ​ និង​ប្រជាពលរដ្ឋ។

លោក យឹម សុវណ្ណ លើកឡើង​ពីចំណុច​ដែល​ គ.ជ.ប ត្រូវ​កែលម្អយ៉ាង​ដូច្នេះ​ថា៖ «នៅ​ក្រៅ​ប្រទេស​១លាន​៧​សែន​នាក់ មិន​បាន​ចុះឈ្មោះ​បោះឆ្នោត។ ៧សែន​នាក់​ក្នុង​ប្រទេស​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែខ្វះ​ឯកសារ និង​មាន​ឧបសគ្គ​ជាច្រើន ដែល​ធ្វើ​ឲ្យ​គាត់​មិនបាន​មកបោះឆ្នោត​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​។ ការឃោសនា​ឃើញ​មាន​ការរើសអើង គណបក្ស​កាន់​អំណាច​ហែ​ផ្លូវ​ណា​ក៏​បាន ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បានហាមឃាត់​ផ្លូវ​មួយ​ចំនួន​និងការ​ជួបជុំ​តាម​ទីធ្លា​សាធារណៈ​មួយ​ចំនួន។ ចំណែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក៏​មិន​ស្មើភាព មិន​អព្យាក្រឹត្យ ហើយ​ក៏គ្មាន​ការ​ដាក់ទោស​ទណ្ឌ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ប្រព្រឹត្ត​ខុស​ដែរ»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​ គ.ជ.ប បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ សរុប​មា​នចំនួនប្រមាណ​ជា​៩.៦​លាន​នាក់។ ក្នុង​នោះពលរដ្ឋ​ដែល​បានទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មានជាង​៧.៨​លាននាក់ ហើយ​ពលរដ្ឋ​ដែល​បានចុះ​ឈ្មោះ​បោះ​ឆ្នោត តែ​មិនបាន​ទៅ​បោះ​មាន​ចំនួន​ជាង​៨​សែននាក់។​

បើតាម​ លោក រ៉ុង ឈុន សមាជិក​មួយ​រូប​ក្នុង​ចំណោម​៩​រូប​របស់​ គ.ជ.ប បាន​បង្ហោះ​តួលេខនៃចំនួន​សន្លឹក​ឆ្នោត​បាន​ការ និង​មិនបាន​ការលើគណនី​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃសៅរ៍នេះថា សន្លឹក​ឆ្នោត​ដែល​បាន​ការ មាន​ចំនួន ជិត​៧​លានសន្លឹក ចំណែក​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ជាង ១៣ម៉ឺន​សន្លឹក។​

កាលពី​ថ្ងៃ​សៅរ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការបោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​បន្ទប់​ស្ថាន​ការណ៍​ស្តីពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ឆ្នាំ​២០១៧ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្តីពី​ការ​វាយ​តម្លៃទាំង​មូល​និង​ចុងក្រោយ​លើ​ការ​បោះឆ្នោត​នេះ​ថា «​ខ្វះ​យុត្តិធម៌ និង​រឹតត្បិត​សេរីភាព ប៉ុន្តែ​ការ​ចាត់ចែង​នៃ​ការ​បោះឆ្នោត​មាន​ភាព​ប្រសើរ​ជាង​មុន»។

បើតាមលទ្ធផល​ជាផ្លូវការ​នេះបង្ហាញថា ​គណបក្ស​ប្រជាជន​កម្ពុជា​ថយ ចំនួន​៤៣៦ ​ឃុំ-សង្កាត់​ បើធៀប​នឹងការ​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​ទទួលបាន​១,៥៩២​ ឃុំ-សង្កាត់។​ ចំណែក​គណបក្ស​សង្គ្រោះ​កើនចំនួន​៤៤៩ឃុំ-សង្កាត់ បើ​ធៀប​នឹង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ដែល​នៅ​ពេល​នោះ គណបក្ស​ប្រឆាំង​នេះ ទទួល​បាន​ត្រឹមតែ​ចំនួន​៤០​ឃុំ-សង្កាត់​ ប៉ុណ្ណោះ ដោយ​បូក​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី​ ​និង​គណបក្ស​សិទ្ធិមនុស្ស៕ (ប្រភព៖ វីអូអេខ្មែរ)

២. កា​សែត​ ​The Cambodia Daily​ លា​អ្នក​អាន​ក្នុង​បរិយាកាស​ដ៏​អាប់អួរ​ ក្រោយ​ការ​គំរាមឱ្យ​បង់​ពន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ 

៦.៣លានដុល្លារ៖ បរិមាណទឹកប្រាក់ដែលរាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យ ព្រឹត្តិបត្តិព័ត៌មាន The Cambodia Daily បង់ភ្លាមក្នុងរយៈពេលមួយខែ ជាលុយជំពាក់ពន្ធដែលនាំឱ្យកាសែតជាភាសាអង់គ្លេសមួយនេះឈានទៅដល់ការបិទទ្វារ ដោយបង្ខំ បន្ទាប់ពីប្រតិបត្តិការផ្សាយបានរយៈពេល ២៤ឆ្នាំ និង១៥ថ្ងៃ។ អ្នកគ្រប់គ្រងកាសែតមួយនេះ បានហៅការទាមទារឱ្យបង់ពន្ធនេះថា ខ្វះតម្លាភាព និងការសហការពីសំណាក់សហគ្រាសខ្លួន ក្នុងការគណនាជាតម្លៃត្រូវបង់ជាសរុប។ 


នៅ​ក្នុង​លេខ​ផ្សាយ​ចុង​ក្រោយ​នៃ​កាសែត ​The​ Cambodia​ Daily​ ​មុន​នឹង​ត្រូវ​ការ​បិទ​ទ្វារ​ក្រោយ​ការ​ទារ​ពន្ធ​តម្លៃ​រាប់​លាន​ដុល្លារ​ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ ​អ្នក​អាន​នៅ​រាជធានី​ភ្នំពេញ​បាន​សម្រុក​ទៅ​​ទិញ​ច្បាប់​ចុង​ក្រោយ​នេះ​ដាច់​គ្មាន​សល់។

ភ្នំពេញ៖ ​ជា​រៀង​រាល់​ព្រឹក​ ​តាំង​ពី​ពេល​ចាប់​ផ្ដើម​លក់​កាសែត​នៅ​ឆ្នាំ​១៩៩៦​មក ​អ្នកស្រី ​ស្រីមុំ ​តែង​ទទួល​បាន​កាសែត ​The ​Cambodia ​Daily ​ជា​ច្រើន​ច្បាប់​ ​ជាមួយ​នឹង​ព្រឹតិ្តបត្រ​កាសែត​ផ្សេង​ទៀត​សម្រាប់​លក់រាយ ​និង​ចែក​ចាយ​នៅ​តូប​កាសែត​របស់​អ្នក​ស្រី​ ​ក្នុង​ខណ្ឌ​ដូន​ពេញ។

​ដូច​សព្វ​មួយ​ដង ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ ​អ្នកស្រី ​ស្រីមុំ​ ​ដែល​មាន​ប្រភព​ចំណូល​គ្រួសារ​ពឹង​ផ្អែក​ទៅ​លើ​ការ​លក់​កាសែត​ ​បាន​ទទួល​ព្រឹត្តិបត្រ​កាសែត​ The ​Cambodia ​Daily​ ​ព្រម​ពេល​ដែល​អ្នក​ដឹក​ជញ្ជូនកាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ​ប្រាប់​លោក​ស្រី​ថា ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយនៃ​ការ​ដឹក​ជញ្ជូនចែក​ចាយ​កាសែត​មួយ​នេះ។​

​អ្នកស្រី ​ស្រីមុំ ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ជាមួយ​នឹង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​និយាយ​ដោយចំហ​ទៅកាន់​សាធារណ​មតិ​ ​បាន​ប្រាប់ ​VOA ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖​ «គេ​ប្រាប់​ថា ​[The​ Cambodia] ​Daily ​ចេញ​តែ​ថ្ងៃ​ហ្នឹង​ទៀត​ទេ ​លែង ... ​ឈប់​ចេញ​ហើយ»។​

កាល​ពី​ថ្ងៃ​អាទិត្យ ​កាសែត​ជា​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ​រាង​តូច​ច្រលឹង​មួយ​នេះ​បាន​ប្រកាស​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​អំពី​ការ​បញ្ចប់​ប្រតិបត្តិ​ការណ៍​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ​ក្រោយ​ពី​ចេញ​ផ្សាយ​អស់​រយៈពេល​២៤ឆ្នាំ​តាំង​ឆ្នាំ​១៩៩៣​មក។​

ការ​សម្រេច​បិទ​ទ្វារ​របស់​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​នេះ​ កើត​មាន​ចំ​ពេលភាព​ចម្រូង​ចម្រាស​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​របស់​កម្ពុជា​ដែល​កាល​ពីថ្ងៃទី៤​ ខែសីហា​កន្លង​ទៅ​ ​បាន​ចេញ​វិក្កយ​បត្រ​ពន្ធ​ដែលចែង​ថា​ព្រឹត្តិបត្រ​នេះ​ជំពាក់​លុយ​ពន្ធ​រដ្ឋ​ ​២៥​ពាន់​លាន​រៀល ​(ប្រហែល៦.៣​លានដុល្លារ​អាមេរិក)។

​កាសែត ​The Cambodia ​Daily ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ដំណើរ​ការ​គណនា​ឯកតោ​ភាគី​របស់រដ្ឋាភិបាលទៅ​លើ​វិក្កយ​បត្រ​ពន្ធ​ ​ហើយ​កាសែត​នេះ​បាន​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​មាន​ការ​ស៊ើប​អង្កេត ​និង​ធ្វើ​សវនកម្ម​ឱ្យ​បាន​ត្រឹម​ត្រូវ​ តែ​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ​មក​ទល់​នឹង​ថ្ងៃ​បិទទ្វារ។​

លើស​ពីនេះ​ទៅ​ទៀត​ ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​បុរស​ខ្លាំង​នៃ​កម្ពុជា​ ​បាន​ប្រកាស​ហៅ​កាសែត ​The Cambodia ​Daily ​ថា​ជា ​«មេ​ចោរ»​ ដោយ​ចោទ​បន្ថែម​ទៅ​លើ​ការទាមទារ​លុយ​ពន្ធ​របស់​អគ្គ​នាយក​ដ្ឋានពន្ធ​ដារ។​

​នៅក្នុងសេច​ក្ដីថ្លែងការណ៍កាលពីថ្ងៃ​អាទិត្យ កាសែត The​ ​Cambodia Daily បានប្រកាសថា៖«អំណាចនៃការទារពន្ធគឺជាអំណាចនៃការធ្វើឱ្យវិនាស។ នៅបន្ទាប់ពីរយៈពេល២៤ឆ្នាំនិង​១៥ថ្ងៃ រដ្ឋាភិបាល​បានធ្វើឱ្យខ្ចាត់និរាសកាសែត The Cambodia Daily ដែលជាផ្នែកដ៏​សំខាន់ ​និង​ល្អ​ឯក​មួយ​នៃសារ​ព័ត៌​មាន​សេរី​នៅ​កម្ពុជា»។​

ការ​បិទ​ទ្វារ​នៃ​កាសែត​ The​ Cambodia ​Daily​ កើត​មាន​នៅ​ចំ​ពេល​ដែល​មាន​ព្រឹត្តិ​ការណ៍​នយោបាយកើតឡើងបន្តកន្ទុយ​គ្នា​រួម​មាន​ការ​ចាប់​ខ្លួន​ ​លោក ​កឹម ​សុខា ​មេ​ដឹក​នាំបក្ស​ជំទាស់​ ​ការ​បិទ​ទ្វារ​និង​បណ្ដេញបុគ្គលិក​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ ​(NDI)​ ការ​ហាម​ប្រាម​វិទ្យុ​ក្នុង​ស្រុក​មិន​ឱ្យ​ចាក់​កម្មវិធី​ផ្សាយ​របស់វិទ្យុបរទេស​រួម​មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិ ​និង​វិទ្យុ​អាស៊ី​សេរី​ជា​ដើម។​

ក៏​ប៉ុន្តែ​សម្រាប់​អាជីវករ​លក់​កាសែត​ដូច​ជា​អ្នក​ស្រី ​ស្រីមុំ​ ​ថា​ការ​បិទ​ទ្វារ​នៃ​កាសែត ​The ​Cambodia ​Daily ​ជា​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ប្រចាំ​ថ្ងៃ​ដែល​លោក​ស្រី​ធ្លាប់​រក​បានប្រមាណ​៧០​ច្បាប់​ក្នុង​មួយ​ថ្ងៃៗ​ ដែល​ក្នុង​មួយ​ច្បាប់​លោកស្រី​អាច​លក់​បាន​ក្នុង​តម្លៃ​ឯកតា ​២៥០០ ​រៀល។​

«ចំណេញ ​ចំណេញ​គ្រាន់​បាន​ហូប ​...​ តែ​ដល់​តែ​បិទ​ទៅ ​វា​អស់​សង្ឃឹម ​អស់​រលីង។​ ​វា​អស់​សង្ឃឹម​ដោយ​សារ​តែ​កាសែត​ក៏​បិទ​ VOA​ ក៏បិទ»។​

​អ្នកស្រី ​ស្រីមុំ ​បាន​បន្ថែម​ថា៖​«ចង់​ឱ្យ​គាត់​ចេញ​វិញ ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​យើង ​ចេះ​មើល ​ចេះ​ដឹង​ទៅ ​កាន់​តែ ​Update ​ដូច​ថា​គំនិត​ ចំណេះ​ចេះ​ដឹង​កាន់​តែ​ខ្ពស់ ​ចង់​និយាយ​អ៊ីចឹង»។​

ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​នៅ​គ្រប់​តូប​កាសែត​ដែល​ ​VOA​ ​បាន​ទៅ​ដល់ ​កាសែត ​The​ Cambodia ​Daily​ ​បាន​លក់​អស់​គ្មាន​សល់​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​ ​ឯ​តូប​កាសែត​ខ្លះទៀត​ ​ថែមទាំង​បាន​ធ្វើការ​ថត​ចម្លង​ព្រឹត្តិបត្រចុង​ក្រោយ​នេះ​ ​លក់​បន្ថែម​ខណៈ​ដែល​អ្នក​ទិញ​បាន​សម្រុក​ទៅ​ទិញ​ច្បាប់​ចុង​ក្រោយ​នៅ​ថ្ងៃ​អវ​សាន្តកាសែតជាភាសាអង់​គ្លេសមួយ​នេះ។​

​អ្នក​ទិញ ​និង​អ្នក​លក់​កាសែត​ជាច្រើន ​សុទ្ធ​តែ​បដិសេធ​មិន​ហ៊ាន​ផ្ដល់​បទ​សម្ភាស​នោះ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​អះអាង​ថា​ពួក​គាត់​មាន​ការ​ភ័យខ្លាច​ ខណៈ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កំពុង​តានតឹង។​

​នៅ​ក្នុង​ច្បាប់​ចុង​ក្រោយ​នៃ​ការ​ផ្សាយ​របស់​កាសែត ​The ​Cambodia ​Daily ​ទំព័រ​មុខ​ ​បាន​ផ្ដើម​ជាមួយ​រូប​ថតរបស់​លោក​ កឹម ​សុខា​ ប្រធាន​គណបក្ស​ជំទាស់​ដែល​ ​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​ ​ព្រម​នឹង​ចំណង​ជើង​ធំៗ​ថា ​«ការ​រអិល​ធ្លាក់​ចូលទៅកាន់​អំពី​ផ្ដាច់​ការ​ពេញទី»។​ (អានព័ត៌មានលម្អិតទៅកាន់ទំព័រ៖ វីអូអេខ្មែរ)

៣. តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ 

១១៨៖ ចំនួនសមាជិកកំពូលនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចឱ្យនៅក្រៅសង្វៀននយោបាយរយៈពេល៥ឆ្នាំ ព្រមជាមួយនឹងសាលដីការំលាយគណបក្សជំទាស់ដ៏មានប្រជាប្រិយភាពមួយនេះ។

ភ្នំពេញ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តុលាការ​កំពូល​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទ​ថា​ គណបក្ស​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។​ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លើក​ឡើង​ថា តុលាការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ព្រម​ទាំង​បាន​បញ្ជាក់​ជំហរ​ថា​ គណបក្ស​នេះ​នឹង​អាច​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។ ចំណែក​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​យល់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និងជា​ការ​សម្លាប់​ទស្សនៈនៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។​

តុលាការ​កំពូល​នៅថ្ងៃព្រហស្បតិ៍​នេះ​ ​បាន​សម្រេចរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ព្យួរ​សិទ្ធិ​នយោបាយ​របស់ថ្នាក់​ដឹកនាំគណបក្ស​នេះ​ចំនួន​១១៨​នាក់​ ​ក្នុង​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​និង​ការ​រំពឹង​ទុក​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ក្នុង​សវនាការ​រយៈពេល​១​ថ្ងៃ​ពេញ​នេះ​ ​មាន​សមាសភាព​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ចំនួន​៩​រូប​ ​តំណាង​មក​ពី​ក្រសួង​មហា​ផ្ទៃ​២រូប​ ​និងមេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ចំនួន​ ៤​រូប​ ​ដោយ​មាន​ភ្ជាប់​ភស្តុតាង​ចំនួន​២៦​កញ្ចប់។​ ក៏​ប៉ុន្តែ​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ដាក់​ឯកសារ​ ​ឬ​មេធាវី​ដើម្បី​តតាំង​ក្តី​នោះ​ទេ​ ហើយ​ក្នុង​សវនាការ​នោះ​ ​ក៏​មិន​មាន​ការ​ចូលរួម​ពី​មន្រ្តី​ ​ឬ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​ដែរ។

មេធាវីតំណាង​ក្រសួង​មហាផ្ទៃ​ចំនួន​៤​រូប​ ​ដែល​ដឹកនាំ​ដោយ​លោក​ គី តិច បាន​បង្ហាញភស្តុតាង​ទាំង​២៦​កញ្ចប់ ដែល​មាន​វីដេអូប្រមាណ​ជា​ជាង១០​ឃ្លីប​ ​ព្រមទាំងឯកសារ​ និង​រូបថត​មួយ​ចំនួន​ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ ដែល​ក្រុម​មេធាវី​ទាំង​នោះ​អះអាង​ថា ​ជា​ការ​ធ្វើ​បដិវត្ត​ពណ៌។ ​វីដេអូ​ទាំង​នោះបានបង្ហាញ​ពី​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ដើម​ឆ្នាំ​២០១៣​ ​និង​ចុង​ឆ្នាំ​២០១៤​ ​វីដេអូ​របស់​មេ​បក្ស​ប្រឆាំង​ ​លោក​ កឹម សុខា​ និង​អតីត​មេបក្ស​ប្រឆាំង​ ​លោក​ សម រង្ស៊ី​ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​ជំនួយ​ពី​បរទេស​ ​ដែល​មាន​សហរដ្ឋ​អាមេរិកក្នុង​ការ​រៀបចំ​ផ្តួល​រំលំ​រដ្ឋាភិបាល។

​ក្រុម​មេធាវី​ទាំង​នោះ​បាន​ថ្លែង​ការពារ​ភស្តុតាងទាំង​នោះ​ម្តង​ម្នាក់​ ព្រមទាំង​បានលើក​ឡើង​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រៀម​រៀបចំផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​តាម​រយៈ​ការ​ធ្វើ​បដិវត្ត​ពណ៌​ឲ្យ​បាន​សម្រេច​ក្នុង​ឆ្នាំ ​២០១៨​ ខាង​មុខ​ ប៉ុន្តែ​ពួកគេអះអាង​ថា​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បង្រ្កាប​គម្រោង​ការ​នោះ​បាន​ទាន់​ពេល។​

ក្រុម​មេធាវី​ទាំង​នោះ​ក៏​បានបន្ថែម​ថា ​ភស្តុតាង​ដ៏​សំខាន់​មួយ​ទៀត​ដែល​បង្ហាញ​ថា ​សហរដ្ឋ​អាមេរិក​ពិត​ជា​មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​ ​លោក ដូណាល់ ត្រាំ​ នៅ​ពេលលោក​ទើប​ឡើង​កាន់​តំណែង​ដំបូង​ ​កាលពី​ចុងឆ្នាំ​២០១៦។​ មេធាវី​ទាំង​នោះ​អះ​អាង​ថា​ ​លោក​ ដូណាល់ ត្រាំ​ បាននិយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹងបញ្ឈប់​ការផ្តួល​រំលំ​រដ្ឋាភិបាល​នៃប្រទេសណាមួយ​ទៀត​ហើយ។​

ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​បានការពារ​ភស្តុតាង​ចុង​ក្រោយ​ ​ដែល​មាន​បញ្ជី​រាយ​នាម​ឈ្មោះ​របស់មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​ ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយផែនការ​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ ​និង​បាន​ស្នើ​ឲ្យ​តុលាការហាមឃាត់សិទ្ធិ​ធ្វើ​នយោបាយរបស់​ពួកគេក្នុង​ម្នាក់ៗ​៥​ឆ្នាំ។
(អានព័ត៌មានលម្អិតទៅកាន់ទំព័រ៖ វីអូអេខ្មែរ)

៤. គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ប្តេជ្ញា​បម្រើ​រាស្ត្រ​ខ្មែរ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ​ក្រោយ​ទទួល​យក​អាសនៈ​សភា​បក្ស​សង្គ្រោះ​ជាតិ 

៤១៖ ចំនួនអសនៈក្នុងរដ្ឋសភា ដែលគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ទទួលបានដោយស្វ័យប្រវត្តិ ក្រោយពីគណបក្សសង្គ្រោះជាតិ ដែលមានប្រជាប្រិយភាពត្រដំត្រសងជាមួយបក្សកាន់អំណាច ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងបំបែកអសនៈជាប់ឆ្នោតនៅគ្រប់ជាន់ថ្នាក់ទៅឱ្យបក្សតូចៗ។ 

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​​យល់​ថា​ វត្តមាន​នៃ​តំណាងរាស្ត្រ​​ជំនួស​កៅអី​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សភា​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ ដោយ​មិន​​​តំណាង​ឲ្យ​រាស្រ្ត​តាម​សន្លឹក​ឆ្នោត​នោះ​ទេ។​

ភ្នំពេញ៖ ការ​យាង​ចូល​របស់​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម ​រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច​ក្នុង​នាម​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ និង​តំណាងរាស្ត្រ​៤០​រូប​ផ្សេង​ទៀត​នៃ​គណបក្ស​នេះ​ ទៅ​អង្គុយ​កៅអី​សភា​ គឺ​បញ្ជាក់​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ទាន់​ស្លាប់​នៅ​ឡើយ​ ​ហើយ​ជា​ឱកាស​មួយ​សម្រាប់​គណបក្ស​រាជានិយម​មួយ​នេះ​ ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ធំៗ​ដូចជា​ វិបត្តិ​ដីធ្លី​ជាដើម។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តំណាងរាស្ត្រ​នឹង​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ ​ដែល​សាធារណជន​ខ្មែរ​ទូទៅ​ដឹង​ថា​ មិន​បាន​ទទួល​អាសនៈ​សូម្បី​តែ​មួយ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ និង​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​របស់​ព្រះអង្គ​ ព្រម​ទាំង​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ ដើម្បី​បញ្ជាក់​ពី​សុពលភាព​នៃ​ភាព​ជា​តំណាងរាស្ត្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់។​

លោក​ ញ៉េប​ ប៊ុនជិន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់​ដំបង​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​ ក្រោយ​កិច្ច​ប្រជុំ​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ព្រះ​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ គឺ​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ​ មាន​ទឹក​ព្រះទ័យ​ពេញ​ចិត្ត​នឹង​ការណ៍​ដែល​ព្រះអង្គ​ទទួល​បាន​ឱកាស​ក្នុង​ការ​ស្តារ​ស្ថានការណ៍​នយោបាយ​យ៉ាប់យ៉ឺន​ឡើង​វិញ​ ​ហើយ​ការណ៍​នេះ​បញ្ជាក់​ថា​ ហ៊្វុនស៊ីនប៉ិច​តែង​តែ​មាន​វត្តមាន​ជានិច្ច​ ​នៅ​គ្រា​ដែល​កម្ពុជា​ជួប​កលិយុគ​នយោបាយ។​

«ជំហាន​ដំបូង​នា​ថ្ងៃ​នេះ​ ដែល​លោក​សប្បាយ​ព្រះទ័យ​មែន​ទែន ​គឺ​បាន​ស្តារ​ឡើងវិញ​ បាន​ខិត​ខំ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ ហើយ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​បច្ចុប្បន្ន​នេះ​ឲ្យ​មាន​ដំណើរការ​ល្អ​ បាន​ឆ្លៀត​ឱកាស​ទៅ​អភិវឌ្ឍន៍​បាន​ ហើយ​ប្រជាពលរដ្ឋ​ លោក​អាច​រក​ទទួលទាន​បាន​សេរីភាព​នៃ​ មាន​ទាំង​អស់។​ អីចឹង​បាន​យើង​សង្កេត​ឃើញ​ថា​ រាល់​ពេល​មាន​វិបត្តិ​នយោបាយ​ធំៗ​ហ្នឹង​ គឺ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​តែង​តែ​មាន​វត្តមាន។​ ផ្ទុយ​ពី​ការណ៍​ដែល​បងប្អូន​យល់​ឃើញ​ថា​ ហ៊្វុនស៊ីនប៉ិច​ហ្នឹង​មក​ឆ្លៀត​ឱកាស​ មិន​មែន​ជា​ឆ្លៀត​ជា​ឱកាស​ទេ​ អានេះ​ជា​គោលការណ៍​នីតិរដ្ឋ។​ បើ​យើង​មាន​ឱកាស​ហើយ​ យើង​យក​ឱកាស​ហ្នឹង​ ប្រែ​ក្លាយ​អា​ស្ថានភាព​ហ្នឹង​ឲ្យ​ទៅ​ជា​ស្ថានភាព​ល្អ​មួយ​ជូន​ប្រជាពលរដ្ឋ​ ជូន​ប្រជាកសិករ​ ជូន​ជាតិ​យើង អា​ហ្នឹង​ខ្ញុំ​ថា​ ល្អ​ ហើយ​សម្តេច​ក្រុមព្រះ​លោក​សប្បាយ​ព្រះទ័យ​ណាស់​ ព្រឹក​មិញ​ឃើញ​យើង​ចូល​ទៅ​បង្ហាញ​នូវ​សុពលភាព ប្រកាស​សុពលភាព នៅ​រដ្ឋសភា​ជាតិ​ហ្នឹង​ អីចឹង​លោក​សង្ឃឹម​ថា​ យើង​មាន​ឱកាស​នឹង​ទៅ​បម្រើ​ជាតិ​បាទ»។​
(អានព័ត៌មានលម្អិតទៅកាន់ទំព័រ៖ វីអូអេខ្មែរ)

៥. លោក ​​ហ៊ុន ​​សែន ​​ប្រកាស​​ថា ​«បដិវត្តន៍​ពណ៌» ​ត្រូវ​បាន​វាយ​ផ្ដួលរំលំ 

១០៖ រយៈពេលអប្បបរិមាគិតជាឆ្នាំ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាគ្រោងបន្តស្ថិតជាប្រមុខរាជរដ្ឋាភិបាលដ៏មានអំណាច របស់កម្ពុជា បើទោះជាលោកត្រូវឆ្លងកាត់ការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ ឆ្នាំ២០២៣ និងប្រហែលជាឆ្នាំ២០២៨យ៉ាងណាក្ដី។ 


ភ្នំពេញ៖ ដោយ​សំដៅ​ទៅ​លើ​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នា​ពេល​ថ្មីៗ ​ដែល​ទទួលបានការ​រិះគន់ ​និង​ថ្កោល​ទោស​ជា​ហូរហែរ​ពី​មជ្ឈដ្ឋាន​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ជា​ម្ចាស់​ជំនួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​របស់​លោក​ បានវាយផ្ដួល​ «បដិវត្តន៍​ពណ៌» បាន​ដោយ​ជោគជ័យ​ ​ក៏​ប៉ុន្តែ​ស្នើ​ឱ្យ​កង​កម្លាំង​មាន​សមត្ថកិច្ច​បន្ត​ ផ្តោត​ការ​យក​ចិត្តទុក្ខ​ដាក់​លើ​ក្រុម​អ្នក​នៅ​ពី​ក្រោយ​ក្រុម​បដិវត្តន៍​ពណ៌។​

​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​ដែល​ចូលរួម​ដោយ​មន្ត្រី​ចារកម្ម​យោធា​យ៉ាង​ច្រើន​កុះករ​នៅ​ខណ្ឌ​ព្រែក​ព្នៅ ​ភាគ​ខាង​ជើង​រាជធានីភ្នំពេញ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ក្នុង​ឯកសណ្ឋាន​យោធា ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខពាក់ផ្កាយមាសប្រាំ បាននិយាយថា «បដិវត្តន៍​ពណ៌» មាន​ផល​មហន្តរាយ​ជាង​អំពើ​ភេរវកម្ម​ទៅ​ទៀត ​ដែល​រដ្ឋាភិបាល​លោក​ចាំ​បាច់​ត្រូវ​តែ​បង្ក្រាប ​ដែល​លោកទំនងសំដៅដល់ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មីៗ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​បាន​កាន់​អំណាច​ជាង​៣២​ឆ្នាំ​រូប​នេះថ្លែង​ថា៖«កម្ពុជា​ក៏​ត្រូវ​មាន​ការងារ​មួយ​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​ នោះ​គឺ​ការ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។​ យើង​វាយ​បំបាក់​ឆ្អឹង​ខ្នង​ កាត់​ក្បាល ​និង​រំលាយ​ដង​ខ្លួន ​...​ នៃ​អង្គការ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស ​រួចស្រេច​ទៅ​ហើយ»។​

​លោក ​ហ៊ុន ​សែន ​បាន​បន្ថែម​ទៀត​ថា៖«ក៏​ប៉ុន្តែ ​ការ​ប៉ុន​ប៉ង​របស់​គេ​ចំពោះ​យើង​នៅ​តែ​មាន។​ ដូច្នេះ​ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ ​មិន​ត្រូវ​ឱ្យ​មាន​បដិវត្តន៍ពណ៌​នៅ​កម្ពុជា​ទេ។ ​នេះ​ប្រហែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បដិវត្តន៍​ពណ៌​ដែល​ពួក​គេ​បាន​បរាជ័យ ​នៅ​ក្នុង​ឆ្នាំ២០១៣ ​និង​ដើម​ឆ្នាំ​២០១៤​ និង​ក្រោយ​មក​ទៀត»។ ( អានព័ត៌មានលម្អិតទៅកាន់ទំព័រ៖ វីអូអេខ្មែរ​ )

No comments:

Post a Comment