ឈានទៅរកសម្ព័ន្ធមិត្តរឺងមាំ៖ រដ្ឋលេខាធិកាក្រសូងការពារប្រទេសអាមេរិក Jim Mattis ថានាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកនឹងទៅទស្សនកិច្ចកំពង់ផែវៀតណាមជាលើកទីមួយ នៅក្នុងខែមីនាឆ្នាំ២០១៨នេះ-US aircraft carrier to visit Vietnam in march.
លោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក Jim Mattis បានថ្លែងថា នៅស្របពេលដែលប្រទេសទាំងពីរកំពុងពង្រឹងទំនាក់ទំនងយោធានោះ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងទៅទស្សនាកំពង់ផែវៀតណាមនៅខែមិនាខាងមុខនេះ ដែលនឹងធ្វើឡើងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាលើកទីមួយចាប់តាំងពីសង្គ្រាមវៀតណាម។
លោក Mattis បានប្រាប់ទៅមេដឹកនាំគណបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ថា«យើងសូមថ្លែងអំណរគុណ ក្នុងការបង្កើនភាពជាដៃគូរបស់យើង ដែលអនុញ្ញាតឲ្យនាវារបស់យើងមកទស្សនាកំពង់ផែក្នុងទីក្រុងដាណាងនៅក្នុងខែមិនានេះ»។
ការធ្វើទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិកជាលើកទី១ទៅកាន់ប្រទេសវៀតណាមនេះត្រូវបានប្រកាសឡើងដោយទីបញ្ជាការបង់តាហ្គូនកាលពីខែសីហា ដែលការណ៍នេះនឹងបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសដែលជាអតីតគូសត្រូវនឹងគ្នាកាលពីសម័យសង្រ្គាមនោះ។
លោក Mattis បានថ្លែងបន្តថា«អាមេរិកពិតជាចង់ឃើញប្រទេសវៀតណាម ជាប្រទេសដែលខ្លាំង រុងរឿង និងជាប្រទេសឯករាជ្យ ហើយយើងចង់ធ្វើជាដៃគូជាមួយវៀតណាមរហូតទៅ»។
មន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាម និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម បានយល់ព្រមទៅលើទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ហើយថាដំណើរការនេះកំពុងតែបោះជំហ៊ានទៅមុខ។
សហរដ្ឋអាមេរិកកំពុងរឹតចំណងមិត្តភាពជាមួយប្រទេសវៀតណាម ដែលការណ៍នេះបានបង្ហាញកាន់តែច្បាស់ពីការបង្កើនជំហរកាន់តែខ្លាំងក្នុងការតទល់នឹងការទាមទារកាន់កាប់របស់ចិនក្នុងសមុទ្រចិនខាងត្បូង៕ ((ប្រភព៖ វីអូអេខ្មែរ ))
សូមអញ្ជើញទស្សនានូវកម្រងរូបភាពនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ដ៏ទំនើបៗបំផុតក្នុងលោកនេះ។
No comments:
Post a Comment