មន្រ្តីសង្គមស៊ីវិល ព្រួយបារម្ភពីការធ្វើបាបអ្នកដែលរិះគន់លោក ជា សុផារ៉ា
មន្រ្តីសិទ្ធិមនុស្សបារម្ភអំពីការរំលោភសិទ្ធិមនុស្ស នៃការចុះចាប់មនុស្សរបស់គណបក្សកាន់អំណាច ដែលហ៊ានចេញវីដេអូ ចោទប្រកាន់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងអំពើពុករលួយ។
មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សកំពុងសង្ស័យអំពីចំណាត់ការស្ងាត់ៗ និងដោយអាថ៌កំបាំងរបស់កម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ដែលនាំគ្នាផ្លោះមាត់ទ្វាររបងមុខផ្ទះរបស់សកម្មជនគណបក្សប្រជាជនកម្ពុជាមួយរូប ដើម្បីចូលទៅចាប់ខ្លួនគាត់ដល់ក្នុងគេហដ្ឋាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ស៊ឹង សែនករុណា ថា អង្គការលោកកំពុងតាមដានរឿងនេះ និងព្រួយបារម្ភអំពីសុវត្ថិភាព និងការរំលោភសិទ្ធិសកម្មជនរូបនេះ ក្រោយវីដេអូឃ្លីបជាច្រើន បានបង្ហោះនិងចែកចាយតាមបណ្ដាញសង្គម ដែលបង្ហាញរូបភាពសមត្ថកិច្ចជាច្រើននាក់ព័ទ្ធផ្ទះ និងផ្លោះមាត់ទ្វាររបងចូលទៅដល់ក្នុងផ្ទះរបស់គាត់ដើម្បីចាប់ខ្លួន៖ «ឲ្យតែមានការរិះគន់ទៅចំអ្នកណា ដែលជាអ្នកមានឥទ្ធិពលមានអំណាច នេះយើងមិននិយាយតែក្នុងករណីហ្នឹងទេ យើងឃើញតែងតែមានបញ្ហា ហើយរាល់ការចាត់វិធានការផ្លូវច្បាប់អ្វីទាំងអស់ហ្នឹង យើងឃើញហាក់ធ្វើឡើងដូចជាអាឋ៌កំបាំង បាត់ព័ត៌មានឈឹង។ យើងឃើញកន្លងមកក៏មានខាងសកម្មជនគណបក្សជំទាស់ហ្នឹង ត្រូវបានចាត់វិធានការទៅដោយស្ងាត់ៗ ដោយបាត់មួយរយៈ ហើយក្រោយមកបានមានការលេចចេញនូវព័ត៌មានខ្លះផ្សាយមកថាបានសារភាពជាដើម»។
ប្រតិកម្មរបស់មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ធ្វើឡើងក្រោយសមាជិកសកម្មម្នាក់របស់គណបក្សកាន់អំណាច គឺលោក គង់ ឃៀង កាលចុងសប្តាហ៍កន្លងទៅ បានស្រែកដង្ហោយសុំឲ្យគេជួយ ពេលដែលសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់សម្រុកចូលផ្ទះរបស់គាត់ ក្រោយគាត់ចេញវីអេដូរិះគន់ខ្លាំងៗ លើលោក ជាសុផារ៉ា ថា បានប្រព្រឹត្តរឿងអាស្រូវប៉ះពាល់សីលធម៌សង្គម៖ «ពេលនេះគឺមន្រ្តី មានព្រះរាអាជ្ញាផង មានប៉ូលិសមានអី បានវាយសម្រុកលោកផ្លោះចូលក្នុងផ្ទះរបស់ខ្ញុំ មានបំណងចង់ធ្វើបាបខ្ញុំ។ ហេតុនេះសូមបងប្អូនជួយ ជួយផ្សព្វផ្សាយរឿងនេះឲ្យបានសម្តេចបានដឹងផង ព្រោះអស់លោកទាំងអស់ហ្នឹងកំពុងតែព្យាយាមទម្លុះផ្ទះខ្ញុំ កម្ទេចផ្ទះខ្ញុំហើយ។ សូមបងប្អូនជួយផង! សូមមេត្តាជួយផង! សូមមេត្តាជួយផង!»។
នៅមុននេះ លោក គង់ ឃៀង ដែលពាក់អាវសមាជិកគណបក្សប្រជាជនកម្ពុជា មានរូបទេវតាបាចផ្កាផងនោះ បានបង្ហោះវីដេអូចំនួនពីរ ដោយចោទឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា ពីរករណីធំៗ។ លោកចោទថា លោក ជា សុផារ៉ា មានស្នេហាជាមួយប្រពន្ធគេ។
ករណីមួយទៀត គឺសកម្មជនបក្សកាន់អំណាចរូបនេះ បានចោទថា លោក ជា សុផារ៉ា បានយកនារីជាស្រីស្នេហ៍នោះ ធ្វើជាឈ្មួញកណ្តាល ឲ្យរត់ការទិញតួនាទី ឬមុខតំណែងខ្ពស់ៗ ទាំងក្នុងជួរបក្ស និងរដ្ឋាភិបាល។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា លោក គង់ ឃៀង នៅទីណានៅឡើយទេ ព្រោះទំព័រហ្វេសប៊ុករបស់លោកត្រូវបិទចោល។ ចំណែកឯមន្រ្តីសមត្ថកិច្ច ក៏គេចវេះពីការឆ្លើយសំណួររបស់វិទ្យុអាស៊ីសេរី។ អ្នកនាំពាក្យនៃអង្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន សុំមិនឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរីទេ។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីលោក ជា សុផារ៉ា តាមលេខទូរស័ព្ទនៅលើទំព័រហ្វេសប៊ុកសាធារណៈរបស់លោក កាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្តែ ស្រ្តីម្នាក់ដែលលើកទូរស័ព្ទនោះ ប្រាប់ថាច្រឡំលេខ ពេលវិទ្យុអាស៊ីសេរីសុំជួបលោក ជា សុផារ៉ា ដើម្បីបំភ្លឺរឿងនេះ។ វិទ្យុអាស៊ីសេរីបានសរសេរសំណួរតាមលេខប្រព័ន្ធទំនាក់ទំនងសង្គម WhatsApp របស់លោក ជា សុផារ៉ា។ ប៉ុន្តែ លោកមិនឆ្លើយតប។ វិទ្យុអាស៊ីសេរី ក៏បានទូរស័ព្ទទៅជាច្រើនដងទៀតនៅថ្ងៃទី២៧ ខែតុលា។ ប៉ុន្តែ ទូរស័ព្ទចូលច្រើនដង គ្មានអ្នកទទួល។
ចំណែកឯអ្នកនាំពាក្យក្រសួងដែនដី និងនគររូបនីយកម្មលោក សេង ឡូត លោកមិនលើកទូរស័ព្ទ និងមិនតបអ៊ីម៉េលរបស់វិទ្យុអាស៊ីសេរី ដែលសុំបំភ្លឺជុំវិញរឿងនេះនោះដែរ។ រីឯអ្នកពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឯណោះវិញ លោកអះអាងថា លោកមិនបានដឹងរឿងនេះទេ ដូច្នេះលោកសុំមិននិយាយ៖ «សុំមិនមានមតិអីទេ ព្រោះអត់ដឹងរឿងផង! ខ្ញុំនិយាយបានតែរឿងដែលដឹង។ ដឹងបាននិយាយកើត។ បើមិនដឹងនិយាយយ៉ាងម៉េចកើត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមួយរូបទៀត គឺលោក ឈឹម ផលវរុណ អះអាងថា លោកមិនបានដឹងរឿងនេះដែរ។ ប៉ុន្តែលោកថា ទោះជាក្នុងករណីណាក៏ដោយអ្នកនិយាយត្រូវតែទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន៖ «មិនបានដឹងរឿងនេះទេ! បើសិនមានដូចការលើកឡើងហ្នឹង វាជារឿងបុគ្គល ចំពោះអ្នកនិយាយត្រូវមានការទទួលខុសត្រូវ។ ផ្លូវច្បាប់ការទទួលខុសត្រូវ ត្រូវមានទាំងអស់គ្នា មិនមែនសំដៅលើនិន្នាការនយោបាយ ឬចេញគណបក្សនេះ ឬគណបក្សនោះទេ។ បើសិនរឿងហ្នឹងជាការពិត ត្រូវទទួលខុសត្រូវតាមការពិត។ បើការមិនពិតត្រូវទទួលខុសត្រូវលើការមិនពិត។ មានតែប៉ុណ្ណឹង!»។
កន្លងទៅ បើមានរឿងបកអាក្រាតរឿងអាស្រូវមន្រ្តីបក្សប្រឆាំង គេឃើញប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល លើកយកមកផ្សាយព្រោងព្រាត។ ប៉ុន្តែ ករណីលោក គង់ ឃៀង រិះគន់លោកជា សុផារ៉ា ខ្លាំងៗ និងបន្ទាប់មកបាត់ខ្លួនលោកឈឹងនេះ គេពុំឃើញប្រព័ន្ធផ្សព្វផ្សាយទាំងនោះចេញផ្សាយទេ។
ទោះជាករណីនេះ កើតឡើងក្នុងរូបភាពណាក៏ដោយ ក៏មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស លោកស្នើឲ្យអាជ្ញាធរប្រព្រឹត្តលើលោក គង់ ឃៀង ដោយសេចក្តីថ្លែថ្នូរ និងគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងយុត្តិធម៌ត្រឹមត្រូវ ហើយបង្ហាញតម្លាភាពដល់សាធារណជនដែលកំពុងចង់ដឹងថា តើលោក គង់ ឃៀង នៅទីណា និងមានសុវត្ថិភាពឬទេ។ លោក ស៊ឹង សែនករុណា បញ្ជាក់ថា សមាគមរបស់លោក នឹងនៅចាំជួយជនរងគ្រោះ និងគ្រួសារ ប្រសិនបើពួកគេត្រូវការជំនួយផ្នែកច្បាប់ ទាក់ទងនឹងភាពអយុត្តិធម៌ ឬការរំលោភបំពានណាមួយ ៕ (អាស៊ីសេរី)
ស្តាប់ទៅបងប្អូនបក្សប្រជាជន
លោក គង់ ឃៀង មន្ត្រីថ្នាក់ក្រោមរបស់CPP គាត់និយាយច្បាស់ ៗ ចំ ៗ ល្អណាស់ គាត់បកស្រាយ និងបំភ្លឺអោយអស់ ។
ប្រភព៖ លោក គង់ ឃៀង
No comments:
Post a Comment