កូរ៉េខាងជើងបើកដំណើរការឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់ជាមួយកូរ៉េខាងត្បូង-North Korea reopens cross border hotline to shouth
ប្រទេសកូរ៉េខាងជើងបានបើកឲ្យដំណើរការឡើងវិញនូវបណ្ដាញទំនាក់ទំនងឆ្លងព្រំដែនជាមួយនឹងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ ដែលនេះជាសញ្ញាសំខាន់ដំបូងមួយដែលបង្ហាញថា គូសត្រូវទាំងពីរចង់ធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរឡើងវិញ បន្ទាប់ពីមានភាពតានតឹងកើនឡើងអស់រយៈពេលរាប់ឆ្នាំមកហើយ។
មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនទទួលការហៅទូរស័ព្ទពីសមភាគីកូរ៉េខាងជើងពាក់ព័ន្ធនឹងខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់នៅភូមិ Panmunjom នៅព្រំដែនដែលស្ថិតក្នុងតំបន់គ្មានយោធាដែលខណ្ឌចែកកូរ៉េទាំងពីរ។
ខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះត្រូវបានផ្អាកដំណើរការតាំងពីខែកុម្ភៈ ឆ្នាំ ២០១៦ មក ដែលនៅពេលនោះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានកាត់ផ្ដាច់ការទាក់ទង ក្រោយពីរដ្ឋាភិបាលក្រុងសេអ៊ូលបានដកខ្លួនចេញពីគម្រោងឧស្សាហកម្មរួមគ្នាមួយដើម្បីជាការឆ្លើយតបទៅនឹងការបន្តសាកល្បងនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង។
លោក Ri Son Gwon ប្រធានទីភ្នាក់ងារកូរ៉េខាងជើងទទួលបន្ទុកកិច្ចការទំនាក់ទំនងកូរ៉េទាំងពីរ បាននិយាយថា ប្រទេសកូរ៉េខាងជើងមានគោលបំណងទាក់ទងកូរ៉េខាងត្បូងក្នុង «គោលជំហរ និងឥរិយាបថស្មោះត្រង់»។ លោកថ្លែងដូច្នេះនៅក្នុងសេចក្ដីប្រកាសមួយដែលបញ្ជាក់អំពីការបើកឲ្យដំណើរការឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ។
ការបំបែកទំនាក់ទំនងជាប់គាំងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនេះ បានចាប់ផ្ដើមកាលពីថ្ងៃចន្ទកន្លងទៅនេះ នៅពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកឲ្យមានការចរចាដោយផ្ទាល់ជាមួយនឹងកូរ៉េខាងត្បូង និងបានប្រកាសអំពីឆន្ទៈរបស់លោកក្នុងការបញ្ជូនក្រុមចរចាទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការចូលរួមរបស់ក្រុមកីឡាករកូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិកអន្តរជាតិរដូវរងា ដែលនឹងធ្វើឡើងនៅខែក្រោយក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង៕
No comments:
Post a Comment