លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បក់ដៃទៅអ្នកចូលរួម នៅពេលលោកអញ្ជើញទៅថ្លែងសុន្ទរកថាមួយនៅក្នុងក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។ |
នៅថ្ងៃអង្គារនេះ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់បានចោទប្រកាន់ពួកសត្រូវនៃសាធារណរដ្ឋឥស្លាមមួយនេះថាបង្កឱ្យមានបាតុកម្មឃោរឃៅប្រឆាំងនឹងរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន។
លោក Ayatollah Ali Khamenei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍រដ្ឋនិងត្រូវផ្សាយតាមគេហទំព័រផ្លូវការរបស់លោកថា «កាលពីប៉ុន្មានថ្ងៃមុននេះ ពួកសត្រូវនៃប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ឧបករណ៍ផ្សេងៗដោយមានរួមបញ្ចូលប្រាក់កាស អាវុធ នយោបាយ និងអង្គការស៊ើបការណ៍សម្ងាត់ដើម្បីបង្កើតចលាចលក្នុងសាធារណរដ្ឋឥស្លាមនេះ»។ លោក Khamenei បានថ្លែងថាលោកនឹងថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិអំពីព្រឹត្តិការណ៍កាលពីពេលថ្មីៗនេះ «នៅពេលវេលាល្អមកដល់»។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយកាលពីថ្ងៃអង្គារថាមានមនុស្ស៩នាក់ទៀតបានស្លាប់កាលពីយប់មិញនៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ហើយចំនួនមនុស្សស្លាប់បានកើនឡើងដល់ជាង២០នាក់ហើយចាប់តាំងពីមានបាតុកម្មប្រឆាំងនឹងស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានចាប់ផ្តើមមានកាលពីចុងសប្តាហ៍មុន។
បើតាមរបាយការណ៍ថា មនុស្ស៦នាក់បានស្លាប់នៅឯស្ថានីយប៉ូលិសមួយនៅក្នុងក្រុង Qahdarijan នៅក្នុងការប៉ះទង្គិចគ្នាដែលបានចាប់ផ្តើមមានឡើងនៅពេលពួកកុប្បករព្យាយាមលួចកាំភ្លើងពីទីនោះ។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋបាននិយាយថានៅក្នុងក្រុង Najafabad ប៉ូលីសម្នាក់បានបាត់បង់ជីវិត។
កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Hassan Rouhani បានប្តេជ្ញាថាកងកម្លាំងសន្តិសុខនឹង «តបតនឹងពួកកុប្បករនិងពួកអ្នកមិនគោរពច្បាប់»។
លោកបានថ្លែងថា «រដ្ឋាភិបាលនឹងមិនអត់ឱនដល់ពួកជនទាំងឡាយណាដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ រំលោភលើរបៀបរៀបរយសាធារណៈ និងបង្កើតឱ្យមានចលាចលក្នុងសង្គម»៕
ប្រភព៖ វីអូអេខ្មែរ
No comments:
Post a Comment