សារហិង្សា ក្រោមលេស «សន្តិភាព» និង«បដិវត្តពណ៌» របស់សម្ដាចម៍តេជោរសែនហ៊ុន ឆ្នាំ២០១៧-Hun Sen's violent rhetorics in 2017 under pretext of "peace" and "color revolution"
ឆ្នាំ២០១៧ កន្លងទៅនេះ គឺ ជាឆ្នាំ ដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ នូវសារ នយោបាយ បែបហិង្សា កាប់សម្លាប់ ពូជសាសន៍ខ្មែរ គ្នាឯង ដែលអាចធ្វើ ឲ្យលោក ជាប់បន្ទុក ក្នុងបទឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ នៅឯតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ (ICC) នៅថ្ងៃ ណាមួយ នាពេល អនាគត។ អ្នកជំនាញ លើកឡើង ថា, សម្រាប់ ឆ្នាំ២០១៨នេះ មេដឹកនាំខ្មែរ គប្បីដឹកនាំ ប្រទេស ដោយតម្កល់ ផលប្រយោជន៍ ជាតិជាធំ និងត្រូវ មានព្រហ្មវិហារធម៌ ក្នុងការផ្សះផ្សា ជាតិ ចៀសវាង នូវការ យកខ្មែរ គ្នាឯង ជាសត្រូវ ព្រោះ នាំឲ្យ បែកបាក់ សាមគ្គី រវាង ខ្មែរ និងខ្មែរ។
សម្ដីលោក ហ៊ុន សែន «អាគុក កុំ ព្រហើន», «កុំ ថារង្ស៊ី មួយ, ១០០រង្ស៊ី, ហើយ ហៅទាំងខ្មោច សម សារី ដែលជាឳលោកឯង ក្បត់ជាតិ ក៏ ហ៊ុន សែន មិន ខ្លាចដែរ», «ចុះនរកក៏ចុះទៅ ... មិនមកទេ មុខដូចម៉ែអញ?», «ស្ដាយ មិន បានសម្លាប់ខ្មែរ...។»
ពាក្យចាស់បុរាណខ្មែរ តែងតែពោលតៗគ្នាថា៖ «សម្ដីសរជាតិ មាយាទសរពូជ» ដែលមានន័យយ៉ាងសាមញ្ញថា មនុស្សគ្រប់រូប អាចនឹងត្រូវសង្គមវាយតម្លៃតាមរយៈពាក្យពេចន៍សម្ដីគ្រប់ម៉ាត់របស់ខ្លួន។ សម្រាប់អ្នកដែលមិនស្គាល់ពីកម្ពុជាច្បាស់ បើគេគ្រាន់តែស្ដាប់តែមួយភ្លែត គេអាចច្រឡំថា នេះជាសម្ដីមនុស្សអសីលធម៌ មិនបានរៀនសូត្រ អប់រំត្រឹមត្រូវ ដែលជនានុជនទូទៅ ឬសង្គមទាំងមូល មិនចង់រាប់រក។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលស្គាល់ និងយល់ដឹងច្បាស់ពីស្ថានការណ៍នយោបាយនៅកម្ពុជា គេប្រាកដជាដឹងយ៉ាងច្បាស់ថា សម្ដីទាំងនោះ គឺជាសម្ដី របស់លោក ហ៊ុន សែន ដែលថ្លែងក្នុងឋានៈជាមេដឹកនាំកំពូលផ្កាយមាសប្រាំផុតលេខ ហើយជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
លោក ហ៊ុន សែន ប្រហែលជាគិតថា ឆ្នាំ២០១៧នេះ ជាឆ្នាំដែលលោកសម្រេចបាននូវជោគជ័យ និងសមិទ្ធផលយ៉ាងច្រើនអនេក ក្រោមការដឹកនាំរបស់លោក ដែលលោក និងក្រុមមន្ត្រីក្រោមឱវាទរបស់លោក តែងហៅដោយឥតលាក់លៀមថា ជាការដឹកនាំ «ប្រកប ដោយគតិបណ្ឌិត»។ អ្វីដែលពិសេសជាងនេះទៅទៀត ជោគជ័យសំខាន់បំផុតសម្រាប់អនាគតនយោបាយរបស់លោកនោះ គឺគ្មានអ្វីក្រៅពីការណ៍ដែលលោក និងគណបក្សប្រជាជនកម្ពុជារបស់លោក បញ្ជាឲ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិចោលតែម្ដង ដែលលោកចាត់ទុកថាជាសត្រូវសួរពូជរបស់លោក។ លោក ហ៊ុន សែន ក៏ទំនងជាគិតដែរថា ករណីដែលលោកបានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ទាំងនេះ ក៏ផ្ដល់ឱកាសឲ្យលោក អាចមានពេលវេលាគ្រប់គ្រាន់ សមល្មមនឹងអាចដឹកនាំនាវាកម្ពុជាបន្តទៀត យ៉ាងហោចណាស់បាន១ទសវត្សរ៍ទៀត ដែលពេលវេលានេះ គឺជាឱកាសមាស ឱកាសពេជ្ររបស់លោក ដើម្បីអនុញ្ញាតឲ្យលោក អាចទិញពេលវេលា ធានាផ្ចុងផ្ដើមឲ្យកូនៗរបស់លោក អាចឡើងបន្តអំណាច ក្ដោបក្ដាប់ប្រទេសកម្ពុជា ក្រោយពេលលោកចូលនិវត្តនាពេលអនាគត។
ក៏ប៉ុន្តែ លោក ហ៊ុន សែន ប្រហែលជាភ្លេចថា សម្រាប់ឆ្នាំ២០១៧ដែលទើបនឹងកន្លងផុតទៅថ្មីៗនេះ សារនយោបាយរបស់លោកផ្ទាល់ខ្លួនឯងដែលបង្កប់ដោយអំពើហិង្សា អួតអាងគំរាមកាប់សម្លាប់គ្នាឯង ដូចជាសារអំពីសង្គ្រាម សារចាប់ចងដាក់គុកច្រវាក់ សារឲ្យត្រៀមក្ដារមឈូស សារប្រឆាំងនឹងសកម្មភាពដែលលោកប្រសិទ្ធនាមឲ្យថា ជាអំពើ «បដិវត្តពណ៌» សារចោទប្រកាន់ក្រុមខ្មែរម្ខាងទៀតថាជា «ជនក្បត់ជាតិ» ឬដែលលោកហៅថា «កូនអាក្បត់ជាតិតជំនាន់» ជាដើម អាចនឹងតាមលងបន្លាចលោកនាពេលអនាគតបានគ្រប់ពេលវេលា ហើយថា លោកអាចជាប់ផុងជ្រៅទៅក្នុងរណ្ដៅនៃមហន្តរាយ ដែលធ្វើឲ្យលោក ក្រុមគ្រួសារ និងមន្ត្រីរបស់លោកខ្លួនឯង ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កត់ត្រាទុក ដែលអាចចាត់ទុកថាជាករណី ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ព្រោះតែដោយសារតែសារដែលបង្កប់នូវចេតនា សម្លាប់មនុស្ស និងប្រជាពលរដ្ឋពូជសាសន៍ខ្លួនឯងដ៏ស្លូតត្រង់ទាំងនេះ។ សារទាំងនេះ គឺសុទ្ធតែជាសារនយោបាយដ៏លេចធ្លោ និងជា «កម្មសិទ្ធិបញ្ញា» ផ្ដាច់មុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកខ្លួនឯងអួតថាជា បិតាបណ្ឌិត ហើយកាន់សញ្ញាប័ត្របណ្ឌិត កិត្តិយស (Ph.D.) រហូតដល់ទៅរាប់ភ្លេចនោះ។
ជាក់ស្ដែងនៅមុនពេលបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ លោក ហ៊ុន សែន បានថ្លែងសារគំរាមជាច្រើនលើកច្រើនសាអំពីសង្គ្រាម អំពីរឿងក្ដារមឈូស និងថាលោកសុខចិត្តកម្ទេចក្រុមប្រឆាំង ១០០ ទៅ២០០ នាក់ ប្រសិនបើចាំបាច់ ដើម្បីការពារសន្តិភាពសម្រាប់ប្រជាជនរាប់លាននាក់៖ «ទង្វើណាក៏ដោយដែលនាំទៅដល់ការផ្ដួលរំលំ គឺជាទង្វើដែលត្រូវតែបង្ក្រាបដាច់ខាតតែម្ដង។ គ្មានការអត់អោនឲ្យទេ! ដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកម្ចាត់ចោល ១០០ ទៅ២០០ នាក់។ ខ្ញុំឲ្យឡាយត៍ផ្ទាល់សម្ដីនេះ!»
ក្រោយមកទៀត ដោយមិនអស់ចិត្តមិនអស់ថ្លើមពីរឿងកាប់សម្លាប់ពូជសាសន៍ខ្មែរគ្នាឯងនេះ ថ្លែងនៅថ្ងៃទី២៣ ខែតុលា ដែលជាទិវារំលឹកខួបលើកទី២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ហ៊ុន សែន អួតអាងថា លោកអាចកំដរគណបក្សប្រឆាំងបានគ្រប់ពេលវេលា ក្នុងការធ្វើសង្គ្រាមជាមួយគ្នា ក៏ប៉ុន្តែលោកថា ក្រុមប្រឆាំងមានផ្លូវដើរតែពីរទេ គឺត្រូវត្រៀមក្ដារមឈូស ឬត្រូវដេកគុក៖ «អ្នកមិនទាន់មានលទ្ធភាពផ្ដួលរំលំ ហ៊ុន សែន តាមកំលាំងយោធាទេ។ បើអ្នកហ៊ានលោត ក៏ហ៊ានស្លាប់! ធ្វើក្ដារមឈូសទុកឲ្យហើយ បើអ្នកចង់លេង។ ប៉ុន្តែបើអ្នកលេងមិនឈ្នះ ហ៊ុន សែន គឺអ្នកមានតែកន្លែងមួយគត់ គឺគុក ព្រោះគុក គេសម្រាប់ដាក់ អាមនុស្សធ្វើខុស ហើយកាន់តែដាក់ធ្ងន់ធ្ងរទៀតសម្រាប់អាអ្នកក្បត់ជាតិ។»
មិនត្រឹមតែប៉ុណ្ណោះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅចំពោះមុខកម្មករ-កម្មការិនីរោងចក្រ រាប់ពាន់នាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល ដោយសម្ដីដែលលោកថ្លែង ក្នុងឋានៈជានាយករដ្ឋមន្ត្រី ថា លោកមានការសោកស្ដាយជាពន់ពេក ដោយសារតែលោក មិនបានសម្លាប់ក្រុមអ្នកប្រឆាំងរាប់ម៉ឺននាក់ ដែលបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហើយដែលលោកចោទថា ប៉ុនប៉ងធ្វើ «បដិវត្តពណ៌»៖ «បើខ្ញុំដឹងរឿងហ្នឹង តាំងពីហ្នឹង ប្រហែលជា ដើម...ចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺពួកនេះ ងាប់អស់ហើយ។ ងាប់អស់ហើយ! គេកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្ដាច់ព្រ័ត្ររំលំយើង។ បើខ្ញុំឃើញពីពេលហ្នឹងនុះណា អ្នកទាំងនេះងាប់តាំងពីហ្នឹង! ពេលនេះជាពេលបុណ្យខ្មោចពួកហ្នឹងទេ! ម៉ែ! ស្ដាយណាស់អាហ៍!»
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត នៅក្នុងសារបែកធ្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលហាក់ដូចជាមានការរៀបចំថតទុកជាមុន លោក ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់លោក បាញ់សម្លាប់ក្មួយប្រសាលោក បើហ៊ានដៃជាមួយសមត្ថកិច្ចក្នុងករណីបង្ក្រាបល្បែងជល់មាន់ ដែលករណីនេះគឺជាការបញ្ជាឲ្យសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលពុំអនុញ្ញាតឲ្យមានច្បាប់ប្រហារជីវិតនោះ។ ក្នុងសារដដែលនេះ លោក ហ៊ុន សែន ទំនងជាចង់អួតអាងប្រាប់សាធារណជនថា សូម្បីតែសាច់ញាតិរបស់លោក ក៏លោកមិនអត់ឱនឲ្យដែរ៖ «អភិបាលខេត្តកណ្ដាល និងខេត្តតាកែវ អនុវត្តឲ្យម៉ឺងម៉ាត់ តាមចាប់អា អាដេញ កូនប្រសា ហ៊ុន សាន នេះ តាមចាប់ឲ្យបាន។ បើវាតដៃ គឺអនុញ្ញាតឲ្យបាញ់ចោលតែម្ដង គឺបាញ់ចោលនៅហ្នឹងកន្លែងតែម្ដង!»
ក្នុងឆ្នាំ២០១៧នេះ សាររបស់លោក ហ៊ុន សែន មិនទាន់បិទបញ្ចប់ត្រឹមការបញ្ជាឲ្យសម្លាប់ក្មួយប្រសារបស់លោក ដែលផ្ទុយពីរដ្ឋធម្មនុញ្ញនេះទេ នៅមានសារមួយដែលហាក់ជាការព្រមានដោយផ្ទាល់ទៅក្រុមមន្ត្រីបក្សកាន់អំណាចរបស់លោកខ្លួនឯង ដែលនេះ ទំនងមកពីការណ៍ដែលលោកមានការព្រួយបារម្ភខ្លាំង និងកើតជំងឺបាក់ស្បាតអំពីករណីបែកបាក់ផ្ទៃក្នុង ឬដណ្ដើមអំណាចពីលោក ពីសំណាក់ក្រុមមន្ត្រីជាន់ខ្ពស់គ្រាក់ៗដទៃទៀតក្នុងជួរគណបក្សប្រជាជនកម្ពុជា រួមមានក្រុមរបស់លោក ស ខេង និងក្រុមមេបញ្ជាការកំពូលៗទាហានដទៃទៀត ដោយសារតែការអំពាវនាវរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្សី។
នៅគ្រានោះ លោក ហ៊ុន សែន បានភ្លាត់មាត់ ធ្លោយសម្ដី លើកយកសេនារីយោ ដែលថា លោកអាចនឹងធ្វើពុតជាស្លាប់ នៅថ្ងៃណាមួយនាពេលអនាគត ដើម្បីឲ្យក្រុមរបស់លោក សម្លាប់ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលក្បត់នឹងលោក ទាំងអស់ចោលតែម្ដង៖ «អស់លោកត្រូវគិតថា នៅក្នុងរយៈពេលនោះ គឺរយៈពេលដែលអស់លោក ត្រូវងាប់ហើយ! មុខសញ្ញាទាំងឡាយដែលគេគូសទុករួចហើយនោះ ត្រូវងាប់តែម្ដង! អាហ្នឹង ត្រូវប្រយ័ត្នអាកន្លែងហ្នឹង! ប្រយ័ត្នតែខ្ញុំធ្វើងាប់មែនទែន! មិនមែនមែនទែនទេ អាធ្វើងាប់តាមលោកឯងថា ប៉ុន្តែធ្វើតែពីរម៉ោង ទុកឲ្យអាហ្នឹងវាចេញ រួចហើយខ្មោច វារស់ឡើងវិញ ភ្លាមប៉ុណ្ណឹងហើយ អានាក់រស់បន្តការងារ អានាក់ងាប់យកទៅកប់។ តាប៉ុណ្ណឹង វាចប់បាត់ទៅហើយ! ត្រូវលោកឯងប្រយ័ត្នណា!»
ឆ្នាំ២០១៧នេះ មិនមែនជាឆ្នាំចម្លែក ឬជាឆ្នាំដំបូងឡើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ភាសាអសុរស គ្រោតគ្រាត បង្កប់ដោយអំពើហិង្សា រាប់មិនភ្លេចនោះទេ។ កាលពីឆ្នាំកន្លងៗទៅ អតីតកម្មាភិបាល និងជាមេបញ្ជាការកងទ័ពខ្មែរក្រហមរូបនេះ ដែលល្បីឈ្មោះបោះសំឡេងថាជានាយករដ្ឋមន្ត្រីជំនាញខាងប្រើប្រាស់ភាសាអសុរស គ្រោតគ្រាត គំរាមសម្លាប់ និងចាប់ចងក្រុមអ្នកប្រឆាំងដាក់ពន្ធនាគារដោយមិនរើសមុខ សូម្បីតែមេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា ឬជនបរទេសក៏ដោយនោះ លោក ហ៊ុន សែន ក៏ធ្លាប់បានប្រើប្រាស់ភាសាអា-ម៉ឹង ដែលសូម្បីតែស្ត្រីខ្មែរ ក៏លោកមិនទុកមុខឲ្យដែរ។
រៀងរាល់ពេលដែលលោក ហ៊ុន សែន ប្រើប្រាស់ភាសាទាំងនេះ សម្ដីរបស់លោក ត្រូវបានកាសែតបរទេស យកទៅចុះផ្សាយព្រោងព្រាត ដែលការណ៍នេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះ កិត្តិយសជនជាតិខ្មែរ ដែលលោកតែងតែអួតក្អេងក្អាងនៅលើឆាកអន្តរជាតិថាជា «ព្រះរាជាណាចក្រ អច្ឆរិយ» ទទួលរង នូវការអាម៉ាស់ ស្ទើរតែ ងើបមុខ មិនរួច។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅចរិតរបស់លោក ហ៊ុន សែន ថា ជាមេដឹកនាំ «កោងកាច» ដោយសារតែអាងអំណាច។ លោកថា ក្នុងនាមលោកជាពលរដ្ឋខ្មែរមួយរូប លោកមិនសប្បាយចិត្តទាល់តែសោះ និងខ្មាសជនបរទេសដោយសារតែមានមេដឹកនាំប្រើប្រាស់ភាសាអសុរស និងអួតអាងតែពីរឿងកាប់សម្លាប់ពូជសាសន៍គ្នាឯង ស្ទើរតែរៀងរាល់ពេលយ៉ាងដូច្នេះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា លោក ហ៊ុន សែន មានការខ្វះខាតនូវការប៉ិនប្រសព្វក្នុងការពន្យល់សាធារណជនឲ្យយល់ ជឿតាម និងធ្វើតាមគំនិតរបស់លោក ដោយមិនចាំបាច់ប្រើប្រាស់ពាក្យពេចន៍គំរាមកំហែង ឬគំរាមប្រើអំពើហិង្សានោះ៖ «ចរិតរបស់អ្នកដឹកនាំ កាន់តែមានអំណាចយូរទៅ គេហៅថា កាន់តែមានភាពកោងកាចខ្លាំងទៅ! តាមក្បួនខ្នាតបុរាណក្នុងការគ្រប់គ្រងរដ្ឋ តែកាលណាចរិយាមាយាទរបស់មេដឹកនាំយ៉ាងម៉េចហើយ វាត្រូវមានឥទ្ធិពលទៅលើប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ក៏នឹងប្រកាន់យកឥរិយាបថបែបយ៉ាងដូច្នេះដែរ គឺថាប្រសិនបើមេដឹកនាំអសីលធម៌ នឹងនាំឲ្យរាស្ត្រ មិនយូរមិនឆាប់ គឺអសីលធម៌ដូចអ៊ីចឹងដែរ។ ឃើញទេគឺ ចេញមកសម្តីសម្តៅអី របៀបៗគ្នាហ្នឹង គឺអ្នកដែលជំនិតៗរបស់គាត់ហ្នឹង បាទ! អាហ្នឹង ប៉ះពាល់ដល់កិត្តិយសខ្មែរហើយបាទ... តាខ្ញុំអីក៏ប៉ះពាល់ដែរ ជាពលរដ្ឋខ្មែរមួយរូប ហើយមានមេដឹកនាំ គេដាក់ទណ្ឌកម្មអ៊ីចឹង គឺខ្ញុំអត់សប្បាយចិត្តទេ បាទ! គឺខ្មាសគេ ដោយសារខ្លួនឯងមានមេដឹកនាំអ៊ីចឹង។»
អ្នកវិភាគនយោបាយម្នាក់ទៀត គឺលោកបណ្ឌិត មាស នី ថ្លែងបន្ទរថា ក្នុងនាមជាមេដឹកនាំ ការនិយាយស្តី គឺត្រូវប្រុងប្រយ័ត្ន ពីព្រោះពាក្យសម្ដីរបស់មេដឹកនាំគ្រប់ម៉ាត់ ត្រូវពលរដ្ឋទូទៅនៅទូទាំងប្រទេស និងនៅពិភពលោក រង់ចាំត្រងត្រាប់ស្ដាប់ និងធ្វើជាគំរូ។ លោកបណ្ឌិត មាស នី ពន្យល់ថា មេដឹកនាំ ត្រូវចេះរៀបចំនូវពាក្យពេចន៍ ពាក្យសម្ដីរបស់ខ្លួន ដោយសារសម្ដីទាំងនេះតំណាងទាំងកិត្តិយសខ្លួនឯងផង និងកិត្តិយសរបស់ជាតិផងដែរ៖ «វាជាសិទ្ធិរបស់សម្ដេចនាយកទេ គាត់អាចនិយាយថាម៉េចក៏បានដែរ ប៉ុន្តែសម្រាប់ជាទស្សនៈរបស់ខ្ញុំ សីលធម៌របស់អ្នកដឹកនាំ គឺមានសារសំខាន់ណាស់ ហើយពេលដែលយើងកាន់ក្បាលមេក្រូ និយាយម្តងៗ គឺមានមនុស្សរាប់លាននាក់គេចាំស្ដាប់។ អ៊ីចឹងបើកាលណាបើយើងនិយាយពាក្យពេចន៍អី ដែលមិនសម យើងក៏ត្រូវបានទទួលរងនូវការរិះគន់ពីមនុស្សរាប់លាននាក់ដែរបាទ។ តែបើយើងនិយាយទៅល្អ ក៏មានមនុស្សរាប់លាននាក់គេស្ដាប់ ហើយគេយកតម្រាប់តាមដែរ។ គឺសារសំខាន់នៅត្រង់ហ្នឹង!»
អ្នកជំនាញខាងព្រះពុទ្ធសាសនា និងជាព្រះគ្រូចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ មានសង្ឃដីកាពន្យល់ថា មេដឹកនាំប្រទេស ត្រូវមានព្រហ្មវិហារធម៌ក្នុងការផ្សះផ្សាជាតិ ដែលក្នុងនោះរួមមាន៖ «មេត្តាធម៌» ដែលជាការរាប់អានប្រជារាស្ត្រទូទៅ មិនប្រកាន់ឋានៈ, «ករុណា» ដែលជាការអាណិតអាសូរដល់ប្រជារាស្ត្រក្រីក្រ វេទនាខ្វះខាត ក្នុងជីវភាព, «មុទិតា» គឺសេចក្ដីត្រេកអរពេលដែលប្រជារាស្ត្របានសុខសប្បាយ មានសុខភាពល្អ មានថវិកាគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតបាន ព្រមទាំងទទួលបាននូវសិទ្ធិសេរីភាពពេញបរិបូរណ៍, និងចុងក្រោយគឺ «ឧបេក្ខា» ដែលមានន័យថាមានយុត្តិធម៌នៅក្នុងសង្គមដែលពួកគេរស់នៅ។
ព្រះអង្គមានថេរដីកា បន្តថា អ្នកដឹកនាំត្រូវប្រយ័ត្នប្រយែងទាំងសម្ដី ទាំងអំពើ ទាំងចិត្តគំនិត ពោលគឺគិតកុំឲ្យខុស យកប្រយោជន៍ជាតិជាធំ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងត្រូវធ្វើយ៉ាងណាឲ្យជាតិមានឯកភាព ជាតិមានលំនឹង ដែលបរទេសមិនអាចឈ្លានពានបាន៖ «អ្នកដឹកនាំណា ដែលចេះបង្រួបបង្រួមជាតិ ដោយមិនប្រើហិង្សា ហើយគេខ្លាចគេគោរព អ្នកដឹកនាំហ្នឹង ល្អណាស់ ខ្ពង់ខ្ពស់ណាស់! គឺថាគេគោរព ដោយមិនចាំបាច់ប្រើកាំភ្លើង គំរាមកំហែង។ អាហ្នឹងគឺជាអ្នកដឹកនាំ មានគុណធម៌។ ហើយបើដឹកនាំដោយគ្រាន់តែគំរាមកំហែង អាហ្នឹងជាអ្នកដឹកនាំថោក ដែលទន់ខ្សោយទេ។ ... សម្ដីគំរាមកំហែងមិនត្រឹមត្រូវទៅតាមអ្នកដឹកនាំទេ។ អ្នកដឹកនាំដែលធ្វើឲ្យបែកបាក់គ្នា ហើយចងកំហឹងជាមួយប្រជារាស្ត្ររបស់ខ្លួន។ យើងត្រូវធ្វើយ៉ាងម៉េច កុំឲ្យរាស្ត្របែកបាក់គ្នា រាស្ត្រមានកំហឹង រាស្ត្រក្តៅក្រហាយ អាហ្នឹងមិនមែនជាអ្នកដឹកនាំទេ។ ម្ល៉ោះហើយគុណធម៌ខ្ពស់ណាស់... គុណធម៌ដែលចេះអត់ធ្មត់ ចេះបង្រួបបង្រួមជាតិហ្នឹងសំខាន់ណាស់! បើអ្នកដឹកនាំមិនចេះបង្រួបបង្រួមជាតិទេ ហើយទៅជាបំបែកបំបាក់ ប្រើសម្ដីអសុរសគំរាមកំហែង នោះមិនមែនជាអ្នកដឹកនាំល្អទេ អាហ្នឹងធ្វើឲ្យជាតិលិចលង់ ធ្វើឲ្យជាតិបែកបាក់សាមគ្គីគ្នា អត់មានលូតលាស់ទៅមុខទេ។»
ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ បានលើកយកឧទាហរណ៍មួយចំនួនដែលស្ដែងឲ្យឃើញពីមេដឹកនាំប្រកបដោយគុណធម៌នៅកម្ពុជា តួយ៉ាងដូចជា ព្រះបាទជ័យវរ្ម័នទី៧ ដែលក្រោមការដឹកនាំរបស់ព្រះអង្គ កម្ពុជាជាអាណាចក្រថ្កុំថ្កើង និងមានអរិយធម៌ខ្ពស់។ បន្ថែមពីលើនេះទៀត គំរូវីរភាពរបស់សម្ដេច ជួន ណាត និងព្រះសមណគោតមជាដើម ដែលព្រះអង្គមិនមានប្រើកាំភ្លើង ឬអង្គរក្សណាម្នាក់នោះឡើយ ក៏ប៉ុន្តែបែរជាទទួលបានការគោរពកោតក្រែងពីសំណាក់មនុស្សម្នានៅទូទាំងពិភពលោក ដោយសារតែគុណធម៌ និងសច្ចធម៌ខ្ពង់ខ្ពស់នេះឯង។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៨នេះ ព្រះតេជគុណបណ្ឌិត ហុក សុវណ្ណ អំពាវនាវឲ្យមេដឹកនាំខ្មែរគ្រប់រូប គប្បីដឹកនាំប្រទេសដោយប្រើប្រាស់នូវឥរិយាបថយ៉ាងណាតម្កល់ផលប្រយោជន៍ជាតិ ប្រយោជន៍ប្រទេសកម្ពុជាជាធំ ចៀសវាងការយកខ្មែរ និងខ្មែរជាសត្រូវ ព្រោះនាំឲ្យបែកបាក់សាមគ្គីរវាងខ្មែរ និងខ្មែរ ដែលជាហេតុធ្វើឲ្យបរទេសមើលងាយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment