នគរបាលជាតិស្មែរថាការបង្ក្រាបបក្សសង្គ្រោះជាតិជាជោគជ័យដ៏ធំធេងក្នុងការរក្សាសណ្ដាប់ធ្នាប់សង្គមក្នុងឆ្នាំ២០១៧ -Xhmer police say crackdown on CNRP a major victory in 2017
នៅថ្ងៃអង្គារនេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ឃ្លាំមើលរាល់សកម្មភាពរបស់ចលនាសង្គ្រោះជាតិឲ្យបានដិតដល់។
ភ្នំពេញ៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិប្រកាសនៅថ្ងៃអង្គារនេះថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនអតីតប្រធានគណបក្សនេះដាក់ពន្ធនាគារ គឺជាជោគជ័យដ៏ធំធេងដែលនគរបាលជាតិកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៧ ដើម្បីរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ នេត សាវឿន លើកឡើងថា ក្នុងឆ្នាំ២០១៧កន្លងមក នគរបាលជាតិបានបង្ក្រាបបទល្មើសជាច្រើនករណី ជាពិសេសបទល្មើសពាក់ព័ន្ធនឹងការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។
លោក នេត សារឿន ដែលជាអគ្គមេបញ្ជាការនគរបាលជាតិ និងត្រូវជាក្មួយប្រសាររបស់លោក ហ៊ុន សែន បន្ថែមថា នគរបាលជាតិបានខិតខំប្រឹងប្រែងសម្រេចបាននូវជោគជ័យយ៉ាងធំ ក្រោយពីបានបង្ក្រាបគណបក្សប្រឆាំង តាមរយៈការស្រាវជ្រាវ ប្រមូលផ្តុំភស្តុតាងសម្រាប់បម្រើសវនាការរបស់តុលាការកំពូល និងបានចងក្រងឯកសារ ផលិតវីដេអូបកស្រាយជូនសាធារណជនឲ្យយល់ពីឧបាយកលរបស់អតីតគណបក្សប្រឆាំងជាដើម។
នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា៖ «បានធ្វើសេនាធិការជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលក្នុងការស្រាវជ្រាវ វែកមុខ និងប្រមូលផ្តុំឯកសារ ភស្តុតាងបម្រើសវនាការតុលាការកំពូល ដើម្បីបញ្ចប់ឧបាយកលពិសពុលរបស់គណបក្សប្រឆាំង ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ តាមរូបភាពបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលជាលទ្ធផល កឹម សុខា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ គណបក្សសង្គ្រោះជាតិ តុលាការប្រកាសរំសាយ មេដឹកនាំ១១៨នាក់ ត្រូវបានហាមឃាត់សកម្មភាពនយោបាយ៥ឆ្នាំ»។
លោក នេត សាវឿន បន្ថែមថា នគរបាលជាតិនឹងប្រមូលផ្តុំកម្លាំងដើម្បីចាត់វិធានការឲ្យបានទាន់ពេលរាល់និន្នាការប្រឆាំងផ្សេងៗ ដែលអាចកើតមានក្នុងឆ្នាំ២០១៨នេះ។
លោកបញ្ជាក់ថា៖«ប្រមូលផ្តុំម្ចាស់ការ ស្រាវជ្រាវគ្រប់គ្រង គ្រប់ឧបាយកល វិធីសាស្រ្តធ្វើសកម្មភាពថ្មីៗរបស់និន្នាការប្រឆាំងគ្រប់ប្រភេទ ដើម្បីចាត់វិធានការទាន់ពេល មិនទុកឲ្យមានការបំផ្លិចបំផ្លាញ គ្រឹះសន្តិសុខជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង រួមទាំងប្រក្រតីភាពដំណើរការរបស់ស្ថាប័នជាតិ ក៏ដូចជាដំណើរការបោះឆ្នោតទាំង២លើក ប្រព្រឹត្តទៅក្នុងឆ្នាំ២០១៨»។
ក្នុងសន្និបាតកាលពីល្ងាចថ្ងៃអង្គារនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគាំទ្ររាល់ចំណាត់ការដែលសម្រេចបានរបស់នគរបាលជាតិ និងបានលើកឡើងថា បើសិនបើទុកឲ្យគណបក្សសង្គ្រោះជាតិនៅ នោះនឹងនាំមហន្តរាយដល់ប្រទេសជាតិ ដោយលោកថា គណបក្សសង្គ្រោះជាតិបានរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការចង់ផ្តួលរំលំអំណាចស្របច្បាប់។ លោក ស ខេង ក៏បានបញ្ជាឲ្យសមត្ថកិច្ចទាំងអស់ឃ្លាំមើលឲ្យដិតដល់ពីសកម្មភាពរបស់ចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានចោទថា គណបក្សនេះឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណែកអតីតមន្រ្តី និងតំណាងរាស្រ្តគណបក្សនេះចំនួន១១៨នាក់ ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយម្នាក់ៗ៥ឆ្នាំ ខណៈដែលលោក កឹម សុខា អតីតប្រធានគណបក្សនេះ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយរងការចោទពីបទល្មើសដូចគ្នា។ ការណ៍នេះធ្វើឱ្យអតីតតំណាងរាស្ត្រជាងពាក់កណ្តាលរបស់គណបក្សជំទាស់រត់ភៀសខ្លួន ទៅបរទេស និងចូលរួមបង្កើតចលនាសង្គ្រោះជាតិជាមួយលោក សម រង្ស៊ី។
ក្រោយការចាប់ខ្លួនលោក កឹម សុខា ទាំងកណ្តាលយប់ពីក្នុងផ្ទះ និងការរំលាយគណបក្សសង្គ្រោះជាតិ គេឃើញអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញការបារម្ភពីដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយថា ការណ៍នេះនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
VOA មិនអាចទាក់ទងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង និងលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិកបានទេនៅថ្ងៃអង្គារនេះ។
ដោយឡែក លោក មាស នី អ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ការប្រកាសពីជោគជ័យរបស់នគរបាលជាតិទៅលើការបង្ក្រាបគណបក្សប្រឆាំង ដែលមានសំឡេងគាំទ្រពីពលរដ្ឋបោះឆ្នោតឲ្យជាង៣លាននាក់ គឺបង្ហាញពីភាពអយុត្តិធម៌ក្នុងសង្គម។ លោកបន្ថែមថា ការណ៍ដែលមន្រ្តីជាន់ខ្ពស់ដែលជាមេទាហាន និងមេប៉ូលិសទាំងនោះបង្ហាញនូវភាពលម្អៀងលើការការពារប្រជាពលរដ្ឋ ដោយសារពួកគេភាគច្រើនមានទំនោរគាំទ្រខ្លាំងទៅលើរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាច ហើយថាខ្លះទៀតគឺជាសាច់ឈាមរបស់ថ្នាក់ដឹកនាំទាំងនោះ។
អ្នកវិភាគរូបនេះមានប្រសាសន៍ថា៖«អ្វីដែលនគរបាលបានប្រកាសនេះគឺបានន័យថា នគរបាលនេះគឺធ្វើការឲ្យគណបក្សកាន់អំណាច ក៏ប៉ុន្តែមិនបានផ្តល់នូវយុត្តិធម៌សង្គមពិតប្រាកដទេ ពិសេសគឺឆន្ទៈរបស់ពលរដ្ឋប្រមាណជាង៣លាននាក់ត្រូវបានគេរំលោភ ត្រូវគេបំផ្លាញ។ អញ្ចឹងទៅវានិយាយបានមួយជ្រុងសម្រាប់ជ័យជម្នះក្នុងក្រសែភ្នែកគណបក្សកាន់អំណាច ក៏ប៉ុន្តែសម្រាប់យុត្តិធម៌សង្គម ពលរដ្ឋទូទៅនោះ ខ្ញុំគិតថា ពលរដ្ឋហាក់ដូចជាមិនបានពេញចិត្តនឹងសេចក្តីប្រកាសហ្នឹងទាំងអស់គ្នាទេ»។
គណបក្សសង្គ្រោះជាតិ គឺជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដែលមានអ្នកគាំទ្ររហូតដល់ជាង៤០ភាគរយនៅទូទាំងប្រទេស។ ការប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងមិនបានប៉ុន្មានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែកក្កដា ខាងមុខ ដែលជាពេលពលរដ្ឋខ្មែរកំណត់យកគណបក្សដឹកនាំប្រទេសសារជាថ្មី៕
លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវត្តមានក្នុង មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA) |
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ថ្លែងសំកថា នៅក្រោយបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA) |
ទិដ្ឋភាពនាយនគរបាលចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA) |
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA) |
ប្រភព៖ វីអូអេខ្មែរ
No comments:
Post a Comment