បក្សសង្គ្រោះជាតិរស់ឡើងវិញ៖ អាយភីយូ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យបក្សសង្គ្រោះដំណើរការឡើងវិញ-IPU call for govt allow cnrp back
សហភាពអន្តរសភា ឬ ហៅកាត់ថា IPU សម្រេចចាត់ការតាមបណ្ដឹងរបស់តំណាងរាស្ត្របក្សប្រឆាំង ដែលសុំអន្តរាគមន៍ ជុំវិញការធ្វើទុក្ខបុកម្នេញ មកលើគណបក្សសង្គ្រោះជាតិ ដោយទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ផ្ដល់នីតិសម្បទា ដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូបវិញ លុបចោលសេចក្ដីសម្រេចរម្លាយគណបក្សសង្គ្រោះជាតិ បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព មកលើគណបក្សប្រឆាំង និងធានាសុវត្ថិភាព ដល់មន្ត្រីគណបក្សប្រឆាំង ដើម្បីឲ្យពួកគេ អាចវិលត្រឡប់ទៅកម្ពុជាវិញ ដោយគ្មានការធ្វើបាប និងអាចចូលរួមក្នុងការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងសេចក្ដីសម្រេចដែលអនុម័តក្នុងសម័យប្រជុំ ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០១៨ របស់សហភាពអន្តរសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្ថាប័នអន្តរជាតិមួយនេះ បានសម្រេច ទទួលយកបណ្ដឹង របស់តំណាងរាស្ត្រគណបក្សប្រឆាំង ចាត់ទុកថាជាបានការ និងថាសហភាពអន្តរសភា មានសមត្ថកិច្ច ក្នុងការជួយរកអន្តរាគមន៍ ដើម្បីរកដំណោះស្រាយ ចំពោះវិបត្តិនយោបាយនៅកម្ពុជានេះ។ សេចក្ដីសម្រេចដដែលនេះ ស្នើឲ្យស្ថាប័នអភិបាលកិច្ច របស់សហភាពអន្តរសភាទាំងអស់ ចាត់ការបន្ទាន់ ក្នុងការត្រួតពិនិត្យឡើងវិញ នូវស្ថានការណ៍នៅកម្ពុជា និងអញ្ជើញសហគមន៍សភាពិភពលោក និងភាគីដែលពាក់ព័ន្ធទាំងអស់ នៅលើឆាកអន្តរជាតិ ចូលរួមប្រឹងប្រែង រកដំណោះស្រាយ ដើម្បីស្តារស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាចុងក្រោយ សហភាពអន្តរសភា IPU សម្រេចស្នើឲ្យអគ្គលេខារបស់ស្ថាប័ននេះ បញ្ជូនសេចក្ដីសម្រេចនេះ ទៅជូនអាជ្ញាធរមានសមត្ថកិច្ច ម្ចាស់បណ្ដឹង និងអ្នកពាក់ព័ន្ធទាំងអស់៕ ((ប្រភព៖ វិទ្យុអាស៊ីសេរី))
No comments:
Post a Comment