លោក រ៉ុង ឈុន៖ ខ្ញុំមិនសោកស្តាយទេ តែឈឺចាប់
លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងជាប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងអប់រំយុវជន និងកីឡា ដោយសំអាងហេតុផលថា សាមីជនអវត្តមានគ្មានច្បាប់អនុញ្ញាត នេះបើតាមការបញ្ជាក់ពីក្រសួង។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ចុះហត្ថលេខាដោយ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបញ្ជាក់ថា “ត្រូវបានលុបឈ្មោះលោក រ៉ុង ឈុន បុគ្គលិកអប់រំ បំរើការងារនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត ចេញពីក្របក្របខ័ណ្ឌក្រសួងអប់រំយុវជន និងកីឡា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នេះតទៅ ដោយសាមីជនអវត្តមានគ្មានច្បាប់អនុញ្ញាត”។
ការលុបឈ្មោះលោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប និង ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នេះ ត្រូវបានមហាជនមើលឃើញថា ជាការរំលោភទាំងកំរោលលើប្រកាសចុះថ្ងៃទី១១ ឧសភា ២០១៥ ដែលចុះហត្ថលេខាដោយ ហង្ស ជូនណារ៉ុង ផ្ទាល់ ស្តីពីការដាក់មន្ត្រីរាជការឲ្យស្ថិតនៅក្រៅក្របខណ្ឌ័ដើម ។
ប្រការ៣ នៃសេចក្តីប្រកាសចុះថ្ងៃទី១១ ឧសភា ២០១៥ បានចែងថា “ សាមីខ្លួនត្រូវដាក់ពាក្យសុំចូលបំរើការងារវិញ...” ។ តែនៅពេលដែលលោក រ៉ុង ឈុន ដាក់ពាក្យសុំចូលបំរើការងារចាប់ពីថ្ងៃទី១ កុម្ភៈ ២០១៨ តទៅ ស្រាប់តែក្រសួងសម្រេចលុបឈ្មោះនៅថ្ងៃទី៣០ មករា ២០១៨ ដោយយកលេសថា សាមីខ្លួនអវត្តមានដោយគ្មានច្បាប់អនុញ្ញាតទៅវិញ ។
ប្រតិកម្មចំពោះការលុបឈ្មោះចេញពីក្របខណ្ឌ័នេះ លោក រ៉ុង ឈុន បានឲ្យដឹងថា លោក មិនសោកស្តាយទេ តែលោកឈឺចាប់ចំពោះរឿងអយុត្តិធ៌មសង្គម ។ លោក បន្តថា វាជារឿងមួយគួរឲ្យអស់សំណើចណាស់ ដែលក្រសួងអះអាងថាលោកអវត្តមានដោយគ្មានច្បាប់អនុញ្ញាត ខណៈពេលដែលលោកមិនទាន់បានចូលទៅបំរើការវិញផងនោះ ។
លោក រ៉ុង ឈុន ក៏បានគូសបញ្ជាក់ផងដែរថា ការលុបឈ្មោះលោកទាំងបំពាននៅពេលនេះ គឺជាហេតុផលនយោបាយ ហើយក៏ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីរាជការផ្សេងៗទៀត ។ តែបើទោះជាយ៉ាងនេះក្តី លោក រ៉ុង ឈុន នៅតែប្តេជ្ញាថា ការតស៊ូដើម្បីសិទ្ធិសេរីភាព យុត្តិធម៌សង្គម របស់លោកមិនត្រូវបានបញ្ជប់នៅពេលនេះឡើយ ៕
“គេអាចលុបឈ្មោះយើងចេញពីបញ្ជីបាន តែគេមិនអាចលុបឆន្ទៈរបស់យើង ក្នុងការតស៊ូដើម្បីសិទ្ធិសេរីភាព និងយុត្តិធម៌សង្គមបានទេ"។
ប្រភព៖ ឆាំ ឆានី
No comments:
Post a Comment