សង្គមស៊ីវិលស្វាគមន៍សំណើលោកផ្កាយ៣បញ្ចេញឫទ្ធិចេស្ដាត្រៀមចាត់ការលោកផ្កាយ១ដែលយកចានគប់ក្បាលស្ត្រីរត់តុម្នាក់បែកក្បាលហូរឈាមសស្រាក់!!
សង្គមស៊ីវិលស្វាគមន៍ចំពោះសំណើរបស់មេទាហាន ដែលបានស្នើឲ្យចាត់ការឡើងវិញ ករណីមន្ត្រីផ្កាយ១ម្នាក់បានគប់ចានបណ្ដាលឲ្យបែកក្បាលក្មេងស្រីរត់តុម្នាក់ នៅខែត្របន្ទាយមានជ័យ។
នាយិកាប្រតិបត្តិអង្គការសីលការ អ្នកស្រី ធីតា ឃឹះ ចាត់ទុកការអន្តរាគមន៍របស់នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក សៀក សុជាតិ និងស្នងការរងនគរបាលខែត្របន្ទាយមានជ័យ លោក ឃិន ស៊ីដេត ក្នុងការកោះហៅជនបង្កហេតុ ឈ្មោះ នេត សំអាត ដែលពាក់ផ្កាយមួយ មកសាកសួរឡើងវិញ ចំពោះករណីទាហានរូបនេះ បានគប់ចានចង្កឹះមួយ បណ្ដាលឲ្យបែកក្បាលក្មេងស្រីម្នាក់ បម្រើការងារក្នុងភោជនីយដ្ឋាន ជារឿងល្អប្រសើរ ក្នុងការរក្សាកិត្តិយសកងទ័ព៖ «ដូច្នេះបើឃើញថា គាត់ (សមត្ថកិច្ច) លើកយកបញ្ហានេះមកដោះស្រាយវិញ ជាសញ្ញាមួយល្អ ដែលគាត់ដោះស្រាយ។ ប្រសិនណាបើគាត់មិនធ្វើអ្វី គឺមើលទៅឃើញដូចជាគាត់ទទួលយកដូចជារឿងហ្នឹងអត់មានខុស អត់មានខុសឆ្គងណា។ អ៊ីចឹងទៅល្អដែលគាត់បានយកមកដោះស្រាយវិញ ខ្ញុំអបអរសាទរ តែក្នុងហ្នឹងមិនទាន់ដឹងគាត់លើកយកមកធ្វើអ្វីរបៀបណាទៀត»។
កាលពីថ្ងៃទី២៥ មករា វេលាម៉ោងប្រហែល ៧យប់ ក្មេងស្រីម្នាក់ឈ្មោះ ជិន ស្រីនាង អាយុ ១៧ឆ្នាំ ជាអ្នកបម្រើការក្នុងភោជនីយដ្ឋានឈ្មោះ ស្រះត្រជាក់ចិត្តថ្មី ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបានអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ឧត្ដមសេនីយ៍ត្រី នេត សំអាត គប់ចានចង្កឹះចំថ្ងាសបណ្ដាលឱ្យបែកក្បាល ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
កំណត់ហេតុរបស់ប៉ូលិសខែត្របន្ទាយមានជ័យ បានស្រង់សម្ដីរបស់ក្មេងស្រីរងគ្រោះ ថា នៅយប់កើតហេតុ នាងបានដើរចេញពីតុ លោក នេត សំអាត ដែលមានភ្ញៀវបួននាក់ ទៅតុមួយផ្សេងមួយទៀត ប៉ុន្តែក្រោយមកនាងបានចេញពីតុនោះ វិលត្រឡប់មកតុដើមវិញ ពេលនោះ ស្រាប់តែឧត្ដមសេនីយ៍ត្រី នេត សំអាត បានយកចានគប់ត្រូវថ្ងាសរបស់នាងតែម្ដងបណ្ដាលឲ្យបែកក្បាលចេញឈាម។ កំណត់ហេតុប៉ូលិសខែត្របន្ទាយមានជ័យ ក៏បានស្រង់ចម្លើយសារភាពរបស់ លោក នេត សំអាត ដែរ ដោយលោកបានឆ្លើយថា លោកពិតជាខឹងនារីរងគ្រោះព្រោះមិនអង្គុយកំដរលោក និងមិត្តភ័ក្ដិឱ្យបានជាប់លាប់ ចេះតែដើរចេញចូល ធ្វើឱ្យធុញទ្រាន់ហើយយកចានគប់តែម្ដង។ ប៉ុន្តែលោកបញ្ជាក់ថា លោកគប់ទៅជញ្ជាំងទេ តែអំបែងចានខ្ទាតត្រូវថ្ងាសក្មេងស្រីរងគ្រោះ។ ភ្លាមៗ ក្រោយកើតហេតុ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ករណីនេះ ត្រូវបានបិទបញ្ចប់ដោយសំណង ១.០០០ដុល្លារ។
នៅថ្ងៃទី៣១ មករា នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោកផ្កាយ៣ សៀក សុជាតិ ស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ លើករណីលោកផ្កាយ១ នេត សំអាត លើករណីគប់ចានបណ្ដាលឲ្យបែកក្បាលក្មេងស្រីរងបម្រើការងារក្នុងភោជនីយដ្ឋាន។ លោក សៀក សុជាតិ ហៅការជំរុញឲ្យចាត់វិធានការណ៍ផ្លូវច្បាប់ ដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលធ្លាប់មានប្រពៃណីល្អ ជាមួយប្រជាពលរដ្ឋ។
មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១ ខែកុម្ភៈ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក ឃិន ស៊ីដេត ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្ដីថា សមត្ថកិច្ចបានហៅជនបង្កហេតុមកសាកសួរឡើងវិញ ខណៈដែលសមត្ថកិច្ចកំពុងសុំយោបល់ពីថ្នាក់លើ ដើម្បីសម្រេចថា ត្រូវបញ្ចូលសំណុំរឿងនេះទៅតុលាការ ឬយ៉ាងណា៖ «ខ្ញុំហៅគាត់មកសាកសួរហើយ ឥឡូវកំពុងសុំយោបល់ថាត្រូវបញ្ជូនសំណុំរឿងទៅសាកសួរ ឬយ៉ាងម៉េច? សុំទោស!»
សង្គមស៊ីវិលជំរុញឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដោយស្មើភាព និងពុំចាំបាច់សុំយោបល់ពីថ្នាក់លើនោះទេ ព្រោះជាករណីព្រហ្មទណ្ឌ។
មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខែត្របន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់ថា ករណីនេះជារឿងព្រហ្មទណ្ឌ ដូច្នេះជនបង្កល្មើសមិនអាចត្រឹមតែជួសជុលសំណងរដ្ឋប្បវេណីហើយបញ្ចប់រឿងបាននោះទេ។
លោកបន្តថា អង្គហេតុដែលបានកើតឡើង មានធាតុផ្សំគ្រប់គ្រាន់ ស្ថិតក្នុងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទៀតផង។ លោកស្នើឱ្យស្ថាប័នតុលាការត្រូវចាត់ការរឿងនេះ ដើម្បីកុំឱ្យវប្បធម៌និទ្ទណ្ឌភាពកើតមានកាន់តែច្រើនក្នុងសង្គម។
ក្រមព្រហ្មទណ្ឌរបស់កម្ពុជាមាត្រា២១៧ ចែងថា ករណីហិង្សាដោយចេតនា ជាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពីពីរលានរៀល ទៅ៦លានរៀល។ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះក្នុងអំពើហិង្សា ដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើហិង្សានោះត្រូវបានប្រព្រឹត្តទៅលើបុគ្គល ដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ៕
ប្រភព៖ វិទ្យុអាស៊ីសេរី ចុចស្ដាប់សំឡេង
No comments:
Post a Comment