ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាកាន់តែមានសភាពតានតឹង និងធ្លាក់ចុះកិត្យានុភាពជាលំដាប់នៅលើឆាកអន្តរជាតិ។ ការធ្លាក់ចុះនេះ រហូតដល់ស្ថាប័នអន្តរជាតិមួយចាត់ទុកកម្ពុជាជាប្រទេសផ្ដាច់ការ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចថា ចំណាត់ថ្នាក់នេះមិនត្រឹមត្រូវ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺលោក សុខ ឥសាន្ត ច្រានចោលការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិមួយ ដែលចាត់ថ្នាក់កម្ពុជា ជាប្រទេសផ្ដាច់ការនោះ មិនមានហេតុផលប្រាសចាកការពិត៖ «គ្មានហេតុផលណា ដែលត្រូវវាយតម្លៃថា រាជរដ្ឋាភិបាលគណបក្សប្រជាជនដឹកនាំបែបផ្ដាច់ការទេ។ តាមពិត មានប្រជាធិបតេយ្យចំពោះប្រជាពលរដ្ឋទូទៅ លើកលែងតែអ្នកខុសច្បាប់ ល្មើសច្បាប់ អាហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
លោកផ្ដល់ហេតុផលថា អ្វីដែលបានកើតឡើងទាក់ទងនឹងគណបក្សនយោបាយប្រឆាំង នៅប្រទេសកម្ពុជារហូតមកដល់ពេលនេះ គឺជាការអនុវត្តច្បាប់ប្រឆាំងនឹងអំពើត្រូវរ៉ូវគ្នាជាមួយបរទេស ដែលហៅថា សន្និដ្ឋិភាព។
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាប់ឃុំខ្លួនលោក កឹម សុខា មេបក្សប្រឆាំង ដោយចោទប្រកាន់ពីបទសន្និដ្ឋិភាព ជាអំពើក្បត់ជាតិ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ។ ប៉ុន្តែសហគមន៍អន្តរជាតិជាច្រើនវាយតម្លៃថា វិធានការបង្ក្រាបរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាលើគណបក្សប្រឆាំងនេះ ជាការធ្វើឲ្យរបបប្រជាធិបតេយ្យ សេរី ពហុបក្សកម្ពុជាធ្លាក់ចុះ។
ការធ្លាក់ចុះនេះ គឺក្រោយពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស អ្នកកាសែតឯករាជ្យ អ្នកនយោបាយប្រឆាំង ដោយការចាប់ខ្លួនអ្នកទាំងនោះ និងមេបក្សប្រឆាំងដាក់គុក រហូតដល់រំលាយគណបក្សប្រឆាំងធំជាងគេនេះតែម្ដង កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ការលើកហេតុផលរបស់អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាដែលថា វិធានការទាំងលើបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ ជាការអនុវត្តច្បាប់ ត្រូវបាននាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបើតសុន (Phil Robertson) ថ្លែងថា វាច្បាស់ណាស់ដែលថា កម្ពុជាជាប្រទេសផ្ដាច់ការ៖ «ការរកឃើញរបស់អង្គការ Economist Intelligent Unit គឺពិតជាត្រឹមត្រូវ។ អ្វីដែលយើងកំពុងមើលឃើញ គឺកម្ពុជាកំពុងរអិលយ៉ាងលឿនចូលទៅក្នុងរបបផ្ដាច់ការ ដោយមានការកម្ទេចចោលនូវគណបក្សប្រឆាំងតាមរយៈការឃុបឃិតគ្នាជាមួយតុលាការមិនឯករាជ និងការបង្ក្រាបអង្គការសង្គមស៊ីវិល។ ស្ទើរគ្រប់ជំហានទាំងអស់ដែលកម្ពុជាកំពុងឈានទៅមុខ គឺឆ្ពោះទៅរកផ្លូវខុស»។
របបនយោបាយកម្ពុជាបច្ចុប្បន្ន ត្រូវបានស្ថាប័នស្រាវជ្រាវរបស់អ្នកសេដ្ឋកិច្ច The Economist Intelligence Unit's Index of Democracy ហៅកាត់ថា អ៊ី.អៃ.យូ (EIU) ចាត់ចូលរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ខ្លួនថា ជាប្រទេសកាន់របបផ្ដាច់ការ និងឈានទៅរកការដឹកនាំប្រទេសដោយគណបក្សតែមួយ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការវាយតម្លៃរបស់ អ៊ី.អៃ.យូ មិនមែនជាការពិតទេ ពីព្រោះក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ និងគណបក្សមួយចំនួនហើយ ក៏នៅមានគណបក្សនយោបាយចំនួន ៣៥ទៀតនៅឡើយ។ លោកក៏ចាត់ទុកថា ជាការវិភាគលម្អៀងផ្នែកនយោបាយ ដែលលើកឡើងថា គណបក្សទាំងនោះជាបក្សបិទមុខភាពឯកបក្ស ឬរណបអោយគណបក្សកាន់អំណាចនោះ៖ «រឿងផ្ដាច់ការ រឿងប្រជាធិបតេយ្យមិនមែននៅលើគាត់ថាទេ វាលើចំពោះប្រព្រឹត្តជាក់ស្ដែងរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ បញ្ហាមួយទៀតសូមជម្រាបជូនថា បើគណបក្សប្រជាជនដឹកនាំបែបផ្ដាច់ការខ្ញុំយល់ថា មិនឋិតថេរក្នុងរយៈពេលជិត ៤០ឆ្នាំទេ។ យើងឃើញហើយថា ដឹកនាំយូរអង្វែង បានសេចក្ដីថា មានការគាំទ្រពីប្រជាពលរដ្ឋទូទៅបានយើងឋិតថេរបាន ពីព្រោះគណបក្សប្រជាជនកើតដោយប្រជាជន ធ្វើការដើម្បីប្រជាជន ហើយមានការរីកចម្រើន។ សំខាន់លើប្រជាជន ការឋិតថេររបស់គណបក្សប្រជាជនអាស្រ័យដោយការគាំទ្រពីប្រជាជន»។
ចំពោះការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា ដែលច្រានចោលរបាយការណ៍របស់អង្គការ Economist Intelligent Unit នោះ លោក ហ្វីល រ៉ូប៊ើតសុន បកស្រាយថា មន្ត្រីគណបក្សកាន់អំណាចមិនដែលឆ្លុះកញ្ចក់មើលខ្លួនឯងទេ ពោលតែងតែទាត់ចោល ការរកឃើញរបស់អង្គការនានា ដោយមិនទាំងបានអានរបាយការណ៍បែបវិទ្យាសាស្ត្ររបស់គេផង។ លោក មានប្រសាសន៍បន្ថែមថា អ្វីដែលលោក សុខ ឥសាន ថ្លែងនោះ គ្រាន់តែជាពាក្យសម្ដីឃោសនាប៉ុណ្ណោះ៖ «អ្វីដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាតែងព្យាយាមនិយាយថា កម្ពុជាកំពុង អនុវត្តន៍នីតិរដ្ឋនោះ គឺគ្រាន់តែជាការប្រឹងសម្ដែងការឃោសនារបស់រដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ វាច្បាស់ណាស់ថា អ្វីដែលអ្នកនាំពាក្យរូបនេះលើកឡើងវាគ្មានការពិតសោះ។ អ្នកដឹងទេ នៅពេលដែលសហគមន៍អន្តរជាតិ ឮសម្ដីទាំងនេះចេញពីមាត់គាត់ ពួកគេតែងតែសើចចំអកអោយ»។
ស្ថាប័នស្រាវជ្រាវរបស់អ្នកសេដ្ឋកិច្ច The Economist Intelligence Unit's Index of Democracy ហៅកាត់ថា អ៊ី.អៃ.យូ (EIU) បានវាយតម្លៃលទ្ធិប្រជាធិបតេយ្យលើប្រទេសចំនួន ១៦៧ លើពិភពលោក ដោយដាក់ពិន្ទុប្រទេសនីមួយៗ តាមលក្ខខណ្ឌ ៥យ៉ាង គឺទី១ ថាតើការបោះឆ្នោតដោយសេរី និងត្រឹមត្រូវឬទេ ទាំងដំណើរការបោះឆ្នោត និងពហុភាព ឬពហុបក្ស? ទី២ ដំណើរការរបស់រដ្ឋាភិបាល ថាតើប្រព្រឹត្តទៅក្រោមការត្រួតពិនិត្យ និងមានតុល្យភាពអំណាចឬទេ (checks and balances)? ទី៣ ថាតើពលរដ្ឋត្រូវបានគេអនុញ្ញាតឲ្យចូលរួមនយោបាយឬទេ? ទី៤ តើពលរដ្ឋគាំទ្ររដ្ឋាភិបាលរបស់គេទេ? និងទី៥ ថាតើពលរដ្ឋពេញចិត្តនឹងសេរីភាពបញ្ចេញមតិ ដែលកំពុងមាននេះទេ? ហើយប្រទេសកម្ពុជា ឋិតនៅលេខរៀងទី១២៤។ ចំណាត់ថ្នាក់កម្ពុជាធ្លាក់ចុះ ១២ថ្នាក់ ពីតារាងឆ្នាំ ២០១៦។
ស្ថាប័ន EIU ក៏ដាក់ពិន្ទុសរុបពីលេខ ០ (សូន្យ) ថាគ្មានប្រជាធិបតេយ្យ ឬផ្ដាច់ការ ទៅលេខ ១០ ដែលមានប្រជាធិបតេយ្យពេញលេញ។
តាមការពិនិត្យលក្ខខណ្ឌទាំង ៥ មានតែប្រទេសដែលទទួលបានចាប់ពី ៨ ឡើងទៅទេ ទើបត្រូវបានគេចាត់ថា ជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ។ ដោយឡែកប្រទេសកម្ពុជា ទទួលបានពិន្ទុ ត្រឹម ៣.៦៣ប៉ុណ្ណោះ។
ការដាក់ពិន្ទុធ្វើចំណាត់ថ្នាក់ប្រទេសទាំងនេះ គឺស្ថាប័ន EIU ពិនិត្យជាសំខាន់លើដំណើរការនយោបាយរបស់ប្រទេសទាំងនេះ ថាតើអនុវត្តទៅដោយរបៀបណា។ របាយការណ៍ស្ថាប័ន EIU ក៏បានបង្ហាញដែរថា មានពលរដ្ឋតិចជាង ៥% ដែលកំពុងរស់នៅក្នុងរបបប្រជាធិបតេយ្យពេញលេញ៕ (ប្រភព៖ វិទ្យុអាស៊ីសេរី)
No comments:
Post a Comment