ថ្ងៃនេះខ្ញុំកឹមសុខាមានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ៖ ប្រវត្តិ​តស៊ូ​ក្នុង​ឆាក​នយោបាយ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ថ្ងៃនេះខ្ញុំកឹមសុខាមានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ៖ ប្រវត្តិ​តស៊ូ​ក្នុង​ឆាក​នយោបាយ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ថ្ងៃនេះខ្ញុំកឹមសុខាមានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ៖ ប្រវត្តិ​តស៊ូ​ក្នុង​ឆាក​នយោបាយ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

Share This

ថ្ងៃនេះខ្ញុំកឹមសុខាមានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ៖ ប្រវត្តិ​តស៊ូ​ក្នុង​ឆាក​នយោបាយ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ 

គិត​មក​ដល់​ពេល​នេះ អស់​រយៈពេល ០៥​ខែ​ហើយ ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ ”ក្បត់​ជាតិ”។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក កឹម សុខា រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​មុន ដោយសារ​ហេតុផល​នយោបាយ។ លោក​ធ្លាប់​ត្រូវ​បង្ខំ​ចិត្ត​បង្ខាំង​ខ្លួន​នៅ​ក្នុង​ស្នាក់ការ​គណបក្ស ដោយ​មិន​ចេញ​ទៅ​ណា​រាប់​ខែ។ លោក​ថា គេ​អាច​ចាប់​លោក​ដាក់​គុក​បាន ប៉ុន្តែ​គេ​មិន​អាច​ដាក់​គុក​មនសិការ​ស្នេហា​ជាតិ​របស់​លោក​បាន​ឡើយ។

សម្ដី​លោក កឹម សុខា៖ «សមរភូមិ​ទាមទារ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នេះ គឺ​វា​មាន​ភាព​តឹងតែង​ណាស់! មាន​ការ​លំបាក​ណាស់! ប៉ុន្តែ​ការ​លំបាក​នេះ បើ​យើង​នៅ​តែ​ព្យាយាម​តស៊ូ ខ្ញុំ​ជឿ​ថា យើង​នឹង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ជា​មិន​ខាន»។

​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​ការ​ព្យាយាម និង​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​ចំណាយ​ពេល​មួយ​ភាគ​ធំ​នៃ​ជីវិត​នយោបាយ​របស់​លោក​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ព្រោះ​ញាំញី​ទៅ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ក្នុង​ការ​បង្ក្រាប​សំឡេង​បក្ស​ប្រឆាំង។

លោក កឹម សុខា ចាប់​ផ្ដើម​ជាប់​ពន្ធនាគារ​ដំបូង​នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ដោយ​ការ​ប្ដឹង​របស់​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍។ កាល​ណោះ​លោក​នៅ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ការ​ចោទ​ប្រកាន់ និង​ចាប់​លោក​ដាក់​ពន្ធនាគារ​នេះ មិន​មែន​កើត​ឡើង​ដោយ​គ្មាន​ហេតុផល​នយោបាយ​នោះ​ទេ ព្រោះ​តាំង​ពី​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០២ លោក កឹម សុខា បាន​ចុះ​អប់រំ និង​ពន្យល់​ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត លោក​ត្រូវ​ផ្សាយ​ការ​អប់រំ​អំពី​សិទ្ធិមនុស្ស​នេះ​តាម​វិទ្យុ​ផង​ដែរ ដោយ​អប់រំ​ទាំង​ផ្លូវ​លោក និង​ផ្លូវ​ធម៌។ ប៉ុន្តែ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស មាន​អាជ្ញាប័ណ្ណ​បើក​ស្ថានីយ​វិទ្យុ​ផ្ទាល់​ខ្លួន​នោះ​ទេ។

លោក កឹម សុខា បញ្ជាក់​ថា លោក​ត្រូវ​ជួល​ម៉ោង​ផ្សាយ​តាម​វិទ្យុ​ឯកជន​មួយ គឺ​វិទ្យុ​សំបុក​ឃ្មុំ ដើម្បី​ផ្សព្វផ្សាយ។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ ជា​គ្រោះថ្នាក់​ខ្លាំង​ដល់​ការ​បន្ត​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន៖ «ខ្ញុំ​ចុះ​បង្រៀន និង​ពន្យល់​ប្រជាពលរដ្ឋ​តាម​ជនបទ វេទិកា​សាធារណៈ ចាប់​ពី​ឆ្នាំ​២០០២ មក ទៅ​គ្រប់​កន្លែង។ ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​ដំបូង គណបក្ស​ប្រជាជន​លើក​គ្នា​មក លើក​កៅអី​រក​វាយ​ខ្ញុំ​ទៀត ប៉ុន្តែ​ខ្ញុំ​អត់​ថយ។ ប្រជារាស្ត្រ​អត់​ហ៊ាន​ទេ​ពី​ដើម អត់​ហ៊ាន​ចូលរួម​ទេ។ ម្តង​មួយ​រយ​នាក់ ឡើង​ទៅ​បី​រយ​នាក់ ឡើង​ទៅ​ប្រាំ​រយ​នាក់ ឡើង​ទៅ​មួយ​ពាន់​នាក់ ឡើង​ទៅ​រាប់​សែន​នាក់ ដូច​សព្វថ្ងៃ​នេះ ដោយសារ​អ្វី គឺ​ដោយសារ​ការ​សន្សំ​របស់​យើង គឺ​បណ្ដុះ​ប្រជាពលរដ្ឋ»។

លោក កឹម សុខា ត្រូវ​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៧​ថ្ងៃ ទម្រាំ​លោក ហ៊ុន សែន ព្រម​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦ ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។  ដោយសារ​បទ​បរិហារកេរ្តិ៍​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ងាយ​ឲ្យ​បក្ស​កាន់​អំណាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាប់​អ្នក​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ដាក់​គុក​ដូច្នេះ ក្រោយ​ពី​ចេញ​ពី​គុក​ភ្លាម លោក កឹម សុខា បាន​ដឹកនាំ​ក្បួន​ធម្មយាត្រា​មួយ​រយៈ​ពេល​បី​ថ្ងៃ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែ​ច្បាប់ ឈប់​កំណត់​បទ​បរិហារកេរ្តិ៍​ថា ជា​ទោស​ព្រហ្មទណ្ឌ​ដូច្នេះ​ត​ទៅ​ទៀត។ ជា​លទ្ធផល ក្រោយ​ការ​ដង្ហែ​ក្បួន​នោះ រដ្ឋ​សភា​កម្ពុជា នៅ​ខែ​ឧសភា ឆ្នាំ​២០០៦ បាន​ដក​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​បរិហារកេរ្តិ៍​នេះ ចេញ​ពី​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០០៩ ទើប​ចូល​ជា​ធរមាន។

ក្រោយ​មក​ទៀត គឺ​នៅ​ដើម​ឆ្នាំ​២០០៧ លោក កឹម សុខា បាន​ដឹកនាំ​ក្បួន​សិទ្ធិ​យាត្រា ដែល​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​រយៈពេល ១៦​ថ្ងៃ​ពី​វត្តភ្នំ ទៅ​កាន់​អង្គ​វត្ត ខេត្ត​សៀមរាប ដើម្បី​ទាមទារ​សេរីភាព​បញ្ចេញ​មតិ សង្គម​អហិង្សា និង​ភាព​អត់​ឱន​ផ្នែក​នយោបាយ​នៅ​កម្ពុជា។

​ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​រួច​ពី​ពន្ធនាគារ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៧ លោក កឹម សុខា បាន​បង្កើត​គណបក្ស​នយោបាយ​មួយ​ដាក់​ឈ្មោះ​ថា គណបក្ស​សិទ្ធិមនុស្ស ដែល​លោក​ធ្វើ​ជា​ប្រធាន។ ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក កឹម សុខា កាល​លោក​នៅ​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដូចជា​មិន​សូវ​មាន​សភាព​ខ្លាំងក្លា​ទេ។ ប៉ុន្តែ ចាប់​ពី​ពេល​ដែល​លោក កឹម សុខា ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ច្របាច់​គណបក្ស​ពីរ​បញ្ចូល​គ្នា គឺ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នោះ​មក ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ចាប់​ផ្ដើម​យ៉ាង​សន្ធាប់​ទៅ​លើ​លោក កឹម សុខា លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង។

​ទោះ​ជា​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង កម្លាំង​គាំទ្រ​គណបក្ស​ប្រឆាំង​ក៏​កើន​ឡើង​ខ្លាំង​ណាស់​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុ​ប្រធាន ឈ្នះ​អាសនៈ​រដ្ឋ​សភា​ចំនួន ៥៥ ក្នុង​ចំណោម ១២៣​អាសនៈ កាល​ពី​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដណ្ដើម​កៅអី ២២ ពី​គណបក្ស​កាន់​អំណាច។


ប៉ុន្តែ ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង សម រង្ស៊ី ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង តវ៉ា​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

លោក កឹម សុខា នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦ បាន​បង្ខំចិត្ត​បង្ខាំង​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុវត្ថិភាព និង​តវ៉ា​ទៅ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សច្ចារកម្ម​ដែល​អ្នក​វិភាគ​យល់​ថា ជា​ការ​បង្កើត​ឡើង​ដើម្បី​ធ្វើ​បាប​លោក កឹម សុខា។ តុលាការ​បាន​កាត់​ទោស​លោក​​កំបាំងមុខ​ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨០​ម៉ឺន​រៀល ពី​បទ​មិន​ព្រម​បង្ហាញ​ខ្លួន​នៅ​តុលាការ។ ការ​ផ្ដន្ទាទោស​នេះ គឺ​ធ្វើ​ឡើង​ទាំង​លោក​នៅ​មាន​អភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ទៀត មាន​លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ ក៏​រង​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទាំង​មាន​អភ័យឯកសិទ្ធិ​នេះ​ផង​ដែរ។

លោក កឹម សុខា៖ «យើង​ដឹង​ហើយ​ថា សព្វថ្ងៃ​នេះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ខ្ទេចខ្ទាំ​អស់​ហើយ។ គេ​វាយ​បំបាក់​ខ្ទេច​អស់​ហើយ។ គេ​រំលោភ​បំពាន​លើ​អភ័យឯកសិទ្ធិ​របស់​អ្នក​តំណាង។ គេ​ចង់​ហៅ​អ្នក​តំណាងរាស្ត្រ​យក​ទៅ​កាត់​ទោស​ពេល​ណា​ក៏​បាន។ គេ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ម៉េច​ក៏បាន។ មាន​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​គេ​វាយ​តំណាង​គាត់​ដួល។ គេ​វាយ​តំណាង​គាត់ មាន​ន័យ​ថា គេ​វាយ​គាត់។ ដូច្នេះ ខ្ញុំ​គិត​ថា ប្រជាធិបតេយ្យ​តាម​រយៈ​តំណាង​ជិត​រលំ​ហើយ នៅ​តែ​ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់​តែប៉ុណ្ណោះ»។

​លោក កឹម សុខា ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ ក្រោយ​លោក​បង្ខាំង​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​អស់​កន្លះ​ឆ្នាំ។  ចេញ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ទីស្នាក់ការ​មិន​ទាន់​បាន​ប៉ុន្មាន​ផង នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ នោះ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​ទៀត។ ម្ដង​នេះ ការ​ចោទ​ប្រកាន់​រឹតតែ​ធ្ងន់ធ្ងរ។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ការ​ថ្លែង​សារ​ជា​សាធារណៈ​របស់​លោក​អំពី​ការ​តស៊ូ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ក្បែរ​ព្រំដែន​វៀតណាម។ ម្ដង​ណេះ លោក កឹម សុខា ជាប់​ឃុំ ប៉ុន្តែ​គណបក្ស​របស់​លោក​ត្រូវ​បាន​លោក ហ៊ុន សែន រម្លាយ​បាន​សម្រេច និង​ហាមឃាត់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​សរុប ១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ៖ «ខ្ញុំ​មិន​ខក​ចិត្ត បើសិនជា​គេ​ចាប់​ខ្ញុំ​ទៅ ខ្ញុំ​អស់​សេរីភាព ខ្ញុំ​ស្លាប់​ក៏ដោយ ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ការ​តស៊ូ​ដើម្បី​ឆន្ទៈ​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ប៉ុន្តែ បើ​សិន​គេ​ចាប់​ខ្ញុំ​ហើយ ខ្ញុំ​អស់​សេរីភាព​ហើយ ខ្ញុំ​បាត់បង់​អ្វីៗ​អស់​ហើយ តែ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​តស៊ូ ឬ​ចុះ​ញ៉ម​នូវ​អំពើ​អយុត្តិធម៌ ខ្ញុំ​ខក​ចិត្ត»។

ទោះបីជា​លោក​ត្រូវ​ជាប់​ពន្ធនាគារ​ញឹកញាប់ និង​ចៀស​មិន​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ក៏​លោក កឹម សុខា នៅ​តែ​ប្ដេជ្ញា​បន្ត​ការ​តស៊ូ។ ប៉ុន្តែ លោក​បញ្ជាក់​ថា ការ​អត់ធ្មត់​នោះ គឺ​អត់ធ្មត់​យូរ​ណាស់​មក​ហើយ ល្មម​ដល់​ពេល​ហើយ។ លោក​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ និង​ស្អប់​ខ្ពើម​អំពើ​ជិះជាន់​ពី​សំណាក់​អ្នក​កាន់​អំណាច​ផ្ដាច់ការ​នូវ​បី​ចំណុច៖ «ទី​មួយ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា គេ​អាច​ឃុំ​ខ្លួន​ខ្ញុំ​បាន ប៉ុន្តែ​គេ​មិន​អាច​ឃុំ​ឧត្ដម​គតិ​ខ្ញុំ​បាន​ទេ។ ទី​ពីរ ខ្ញុំ​សូម​ជម្រាប​ថា បើ​គ្មាន​ការ​ប្រថុយ គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ។ ទី​បី​ខ្ញុំ​ជម្រាប​ជូន​ថា សេរីភាព​គ្មាន​នរណា​យក​មក​ឲ្យ​ទេ។ បើ​សិន​យើង​ចង់​បាន​សេរីភាព យើង​ត្រូវ​តែ​តស៊ូ។ ខ្ញុំ​សុំ​តែ​ម្យ៉ាង​ទេ សុំ​ឲ្យ​បងប្អូន​បន្ត​ការ​តស៊ូ​តទៅទៀត ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន តស៊ូ​ដោយ​អហិង្សា តស៊ូ​ដើម្បី​ខ្មែរ​រស់​ទាំង​អស់​គ្នា។ យើង​ត្រូវ​តែ​ហ៊ាន​លះបង់​ដើម្បី​ខ្មែរ​រស់ ដើម្បី​ជាតិ​យើង​រស់»។

​ការ​លះបង់​ដើម្បី​ជាតិ​រស់​នេះ លោក កឹម សុខា រក្សា​ស្មារតី​នៅ​រឹងមាំ ប៉ុន្តែ​លោក​កំពុង​រង​ទុក្ខ​យ៉ាង​ដំណំ​ផ្ទាល់​ខ្លួន ដោយ​ស្ថានភាព​សុខភាព​របស់​លោក​ថមថយ​ខ្លាំង​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។ លោក កឹម សុខា ស្រក​សាច់​ច្រើន​ជាង​មុន និង​មាន​ស្ថានភាព​ហេវហត់​ពេល​ដែល​លោក​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នេះ។

លោក​មេធាវី ហែម សុជាតិ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នេះ៖ «ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​ការ​កត់សម្គាល់ គឺ​បញ្ហា​សុខភាព​របស់​គាត់ មើល​ទៅ​អត់​ល្អ។ គាត់​សម្ដែង​ការ​លំបាក​របស់​គាត់ ដោយ​ប្រាប់​តុលាការ​ថា គាត់​មាន​បញ្ហា​សុខភាព​ធំ​បី គឺ​ទឹក​នោម​ផ្អែម លើស​ឈាម ឆ្អឹង​កៀប​សរសៃ។ បញ្ហា​ដែល​ធ្វើ​ឲ្យ​គាត់​សម្រាន្ត​មិន​លក់ គឺ​បញ្ហា​កៀប​សរសៃ ព្រោះ​ពេល​ដែល​គាត់​សម្រាន្ត​ផ្អៀង គាត់​ឈឺ​ចាប់ ធ្វើ​ឲ្យ​ភ្ញាក់ មិន​អាច​សម្រាន្ត​លក់​ទេ»។

ទោះ​ជា​លោក កឹម សុខា ស្នើ​សុំ​តុលាការ​ឲ្យ​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ដើម្បី​លោក​អាច​ព្យាបាល​ជំងឺ​លោក​ផង និង​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​លោក​ដូច​ធម្មតា​វិញ​ផង​ក៏ដោយ ក៏​តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ត​ទៅ​ទៀត ដោយ​អះអាង​ថា នៅ​មន្ទីរពេទ្យ​ត្រពាំង​ផ្លុង មាន​ពេទ្យ​មើល​ជំងឺ​អ្នក​ជាប់ឃុំ​ហើយ និង​ម្យ៉ាង​ទៀត ការ​បន្ត​ឃុំ​ខ្លួន​នេះ គឺ​ដើម្បី​រក្សា​សុវត្ថិភាព​របស់​លោក កឹម សុខា។

ក្នុង​ស្ថានភាព​ដែល​រូប​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ត្រូវ​ជាប់​ឃុំ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​រម្លាយ​ចោល តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​ត្រូវ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​របស់​បក្ស​ប្រឆាំង ត្រូវ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស សកម្មជន​បក្ស​ត្រូវ​រដ្ឋាភិបាល​បំភិតបំភ័យ​គ្រប់​រូបភាព​យ៉ាង​នេះ​ក្តី ក៏​លោក កឹម សុខា នៅ​តែ​សង្ឃឹមលើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹង​នាំ​គ្នា​ក្រោក​ឡើង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ទាំង​នេះ​មក​វិញ ព្រោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែប​នេះ​មិន​អាច​ចេះ​តែ​បន្ត​ធ្វើ​បាន​ជា​រៀង​រហូត​នោះ​ទេ៖ «ខ្ញុំ​ស្គាល់​ច្បាស់​ពី​ច្បាប់​ធម្មជាតិ។ គ្មាន​ស្អី​អមតៈ​ទេ។ ការ​អត់​អមតៈ​នេះ មិន​មែន​តែ​ពួក​ខ្ញុំ​អ្នក​រង​គ្រោះ​ទេ អ្នក​ដែល​រំលោភ​លើ​ខ្ញុំ​ក៏​មិន​មែន​អមតៈ​នោះ​ដែរ»។


ស្រប​ពេល​ដែល​លោក កឹម សុខា សង្ឃឹម​លើ​ការ​ក្រោក​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌ ចលនា​សង្គ្រោះ​ជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​គោលដៅ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្រោក​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង

No comments:

Post a Comment