អ្នកប្រើប្រាស់គ្រឿងញៀនមានការថយចុះជាង១២ភាគរយស្មើនឹងជាង១ម៉ឺន៤ពាន់នាក់ ប៉ុន្តែគួរអោយភ្ញាក់ផ្អើលបទល្មើសឈ្មួញគ្រឿងញៀនកើនឡើងជាង៩២ភាគរយស្មើនឹងជាង៨ពាន់ករណី!!
ភ្នំពេញ៖ របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៧បង្ហាញថាអ្នកប្រើប្រាស់ គ្រឿងញៀនមានការថយចុះជាង១២ភាគរយស្មើនឹងជាង១ម៉ឺន ៤ពាន់នាក់។ ប៉ុន្តែបទល្មើសឈ្មួញគ្រឿងញៀនកើនឡើងជាង៩២ភាគរយស្មើនឹងជាង៨ពាន់ករណី។
អាជ្ញាធរប្រឆំាងគ្រឿងញៀននៃក្រសួងមហាផ្ទៃដុតបំផ្លាញគ្រឿងញៀនជាងម១០០គីឡូក្រាម ដែលមានតម្លៃប្រហែល៤លានដុល្លារសហរដ្ឋអាមេរិកក្នុងទិវាអន្តរជាតិស្តីពីការប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៥ សីហា ឆ្នំា២០១៧។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់បង្ហាញនៅក្នុងពិធីសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀនឆ្នាំ២០១៧និងលើកទិសដៅការងារឆ្នាំ២០១៨បញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបាន ៨១៧៣ ករណី ដោយកើនឡើង ៣៩២៧ ស្មើនឹង ៩២,៤៨% បើធៀបទៅនឹងឆ្នាំ២០១៦ មាន ៤២៤៦ ករណី។ប៉ុន្តែរបាយការណ៍នេះ អ្នកប្រើប្រាស់គ្រឿង ញៀនថយចុះជាង១២,៩ភាគរយស្មើនឹង១៤៣៥៣នាក់ បើធៀបទៅនឹងឆ្នាំ២០១ ៦មានចំនួន ២០៦២១ នាក់។
របាយការណ៍បន្ថែមថាអ្នកប្រើប្រាស់គ្រឿងញៀន៨៩ភាគរយមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៣៥ឆ្នាំ។ក្នុងនោះសិស្សនិស្សិតប្រើប្រាស់គ្រឿងញៀន៩ភាគរយ កម្មករនិងពលករប្រមាណ៣៣ភាគរយនិងក្រុម មនុស្សគ្មានការងារពិតប្រាកដមានរហូតដល់៣៨ភាគរយ។
លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនបានថ្លែង ថាសកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់កើតមាននៅតាមបណ្តាខេត្តភាគឥសាននិងភាគកើតប្រទេសគឺព្រំដែនជាប់ប្រទេសឡាវ វៀតណាម និងប្រទេសថៃ។
លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែង ថាសកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់កើតមាននៅតាមបណ្តាខេត្តភាគឥសាននិងភាគកើតប្រទេសគឺព្រំដែនជាប់ប្រទេសឡាវ វៀតណាម និងប្រទេសថៃ។
លោក ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិបានព្យាយាមប៉ុនប៉ងប្រើប្រាស់កម្ពុជាធ្វើជាប្រទេសផលិតកែច្នៃនិងឆ្លងកាត់គ្រឿងញៀនខុសច្បាប់ទាំងតាមផ្លូវគោក ទឹកនិងអាកាស។ក្រុមឧក្រិដ្ឋជនអន្តរជាតិបានបោះទុនយ៉ាងច្រើនទៅឱ្យតំបន់ត្រីកោណមាសដើម្បីផលិតគ្រឿងញៀន។
លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី៖«ការទប់ស្កាត់ ការចរាចរគ្រឿងញៀន ជួញដូរគ្រឿងញៀនតាមច្រកព្រំដែន តាមច្រករបៀងនៃប្រទេសជិតខាងចូលមកប្រទេសយើង។ជាពិសេសនៅព្រំដែនឡាវ វិធានការទប់ស្កាត់កុំមានអ្នកញៀនថ្មីនិងការពង្រឹងព្យាបាលអ្នកញៀនដែលមានស្រាប់ ពង្រឹងការពារព្យាបាលអ្នកញៀននៅតាមសហគមន៍និងយន្តការគ្រប់គ្រងអ្នកញៀនដែលសមាហរណ៍កម្មក្នុងសហគមន៍។»
តាមរបាយការណ៍សរុបប្រចាំឆ្នាំ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន១៧៧៩៥នាក់។ក្នុងនោះស្រីមាន១៥៨៤នាក់ កើនឡើង ៧៣៤៩នាក់ ស្មើនឹងជាង៨៤% ធៀបទៅនឹងឆ្នាំ២០១៦ មានចំនួន៩៩៣៣។
អាជ្ញាធររឹបអូសគ្រឿងញៀនចំនួនជាង១៩៦គីឡូក្រាមនិងគ្រឿងញៀនកៃច្នៃរួច១៨០គីឡូក្រាម។កញ្ឆាក្រៀម១១៦គីឡូក្រាមនិងកញ្ឆាស្រស់៣០៣ដើម បើធៀបទៅនឹងឆ្នាំ២០១៦រឹបអូសគ្រឿងញៀន១៧៩គីឡូក្រាម។របាយការណ៍នេះថាអាជ្ញាធរបានធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់គ្រឿងញៀននៅតាមភូមិ-ឃុំ មានចំនួន ១៤៣៥៣នាក់ កើនឡើង ៥៣៣៣នាក់ស្មើនឹង ៥៩,១២%។
លោក មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន អ្នកប្រើប្រាស់និងញៀនគ្រឿងញៀននៅតាមភូមិ ឃុំជាង១៤០០០នាក់ស្មើនឹង ៣៦ភាគរយមិនទាន់ទទួលបានសេវាព្យាបាលនិងស្តារនីតិសម្បទាដែលទំនងជាខ្លាចរអានឹងការអនុវត្តច្បាប់។
ទោះបីយ៉ាងណា លោក មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថាយន្តការត្រួតពិនិត្យគ្រឿងញៀននៅតាមរាជធានីខេត្តមួយចំនួនមិនទាន់អនុវត្តន៍ជាលក្ខណៈពហុវិស័យនិងការការងារអសកម្មនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្នុងថ្នាក់មូលដ្ឋាន។
លោក មាស វិរិទ្ធ៖«ប៉ុន្តែចំនុចខ្សោយគឺយន្តការត្រួតពិនិត្យគ្រឿងញៀននៅតាមរាជធានីខេត្តមួយចំនួនមិនទាន់អនុវត្តន៍ជាលក្ខណៈពហុវិស័យនិងបង្កើនគណៈកម្មាធិការត្រួតពិនិត្យគ្រឿងក្នុងថ្នាក់សង្កាត់ ឃុំ រួចហើយ តែសកម្មភាពការងារមិនទាន់អនុវត្តន៍ជាប្រចាំ។មិនទាន់បានរៀបចំយន្តការជម្រុញលើកទឹកចិត្តលើការងារប្រយុទ្ធប្រឆាំងគឿងញៀនស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។»
ក្នុងរបាយការណ៍នេះឲ្យដឹងថាអ្នកញៀនថ្នាំមកទទួលសេវាព្យាបាលនៅតាមមណ្ឌលសុខភាពនិងតាមមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋនិងឯកជនជាង៤១៩កន្លែងមានចំនួន១៥៧៩៦នាក់កើនឡើង ៩,៤៣% បើធៀបនឹង២០១៦មានចំនួន១១៦០១នាក់។
អ្នកញៀនថ្នាំប្រភេទអំហ្វេតាមីន ហេរ៉ូអ៊ីន និងអាភៀនបានទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋចំនួន៣១០១នាក់និងព្យាបាលក្នុងមណ្ឌលបន្សាបគ្រឿងញៀន១២៦៩៥នាក់កើនឡើង៥៣៩៤នាក់ស្មើនឹង៧៣,៨៨%។
បើតាមលោក មាស វិរិទ្ធ អ្នកប្រើប្រាស់និងញៀនគ្រឿងញៀននៅតាមភូមិ ឃុំជាង១៤០០០នាក់ស្មើនឹង ៣៦ភាគរយមិនទាន់ទទួលបានសេវាព្យាបាលនិងស្តារនីតិសម្បទាដែលទំនងជាខ្លាចរអានឹងការអនុវត្តច្បាប់។តែបែបនេះក្តីលោកទទួលស្គាល់ថាកន្លែងផ្តល់សេវានិងស្តារនីតិសម្បទាមានលក្ខណៈតូចចង្អ្រៀតនៅ ឡើយ៕ ((ប្រភព៖ WMC))
No comments:
Post a Comment