គណបក្សប្រជាជនកម្ពុជា ទើបបានបង្កើនចំនួនសមាជិកគណៈកម្មាធិការកណ្ដាល ឬគណៈកម្មាធិការមជ្ឈិមបក្សរបស់ខ្លួនឡើងដល់ជិត ៩០០នាក់។ ក្នុងសន្និបាតវិសាមញ្ញរបស់បក្សដើមឆ្នាំ២០១៨ នេះ បក្សកាន់អំណាចបានបញ្ជាក់ថា ការដំឡើងឋានៈមន្ត្រីបក្សជាង ៣០០នាក់បន្ថែមទៀតក្នុងជួរបក្ស គឺជាការចាំបាច់សមស្របតាមកាលៈទេសៈនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា។
តើការចាំបាច់អ្វីទៅដែលគណបក្សកាន់អំណាចត្រូវបំប៉ោងចំនួនសមាជិកគណៈមជ្ឈិមបក្សរបស់ខ្លួនអោយធំហួសមាឌបែបនេះ?
គណបក្សប្រជាជនកម្ពុជា ក្ដាប់អំណាចស្រុកខ្មែរជិត ៤០ឆ្នាំមកហើយ។ បក្សនេះរីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារការប្រមូលយកធនធានក្នុងប្រទេស ដូចជាតាមរយៈបណ្ដាញពង្រឹងអំណាចទាំងនយោបាយ យោធា និងសេដ្ឋកិច្ច។ តាំងពីបានឡើងធ្វើជាមេបក្សថ្មីបន្ទាប់ពីលោក ជា ស៊ីម លោក ហ៊ុន សែន បញ្ចូលកម្លាំងថ្មីរាប់រយនាក់ក្នុងសមាជិកមជ្ឈិមបក្ស ដែលធ្វើឲ្យចំនួនសមាជិកមជ្ឈិមបក្សកើនឡើងរហូតដល់ ៨៦៥នាក់ បន្ទាប់ពីមហាសន្និបាតវិសាមញ្ញបក្សកាលពីថ្ងៃទី១៩ ខែមករា កន្លងទៅ។ ចំនួននេះ គឺច្រើនជាងសមាជិករាជរដ្ឋាភិបាលទៅទៀត។ ការបង្កើនចំនួនគណៈមជ្ឈិមបក្សនេះ អាចបណ្ដាលមកពីមូលហេតុសំខាន់ធំៗចំនួន២ រួមមាន ការពង្រឹងអំណាចក្នុងបក្សរបស់មេៗគ្រាក់ៗដុះស្នឹម និងការត្រៀមទប់ទល់នឹងស្ថានការណ៍ខាងក្រៅ។
ទោះបីជាគេខំបង្ហាញពីខាងក្រៅថា គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំក៏ដោយ តាំងពីឆ្នាំ១៩៩៣ មក គណបក្សប្រជាជនមានសែពីរធំៗគឺ ម្ខាងក្រុមរបស់លោក ហ៊ុន សែន ដែលជាអនុប្រធានបក្ស និងម្ខាងទៀតជាក្រុមរបស់លោក ជា ស៊ីម ដែលជាប្រធានបក្ស។ ក្រុមទាំងពីរប្រជែងគ្នាក្នុងបក្សមិនជាចាញ់ឈ្នះគ្នានោះទេ រហូតដល់ពេលលោក ជា ស៊ីម ចូលវ័យជរាព្យាធិ ទើបអំណាចក្នុងជួរបក្សបានផ្អៀងបន្តិចម្តងៗទៅខាង លោក ហ៊ុន សែន។ មនុស្សជំនិតរបស់លោក ជា ស៊ីម រួមមានទីប្រឹក្សា ប្រធានក្រុមអង្គរក្ស និងប្រធានក្រុមពិធីការត្រូវបានគេបោសសំអាតចេញដោយត្រូវគេចាប់ខ្លួនពីបទល្មើសផ្សេងៗគ្នាជាបន្តបន្ទាប់។
ចាប់តាំងពីអតីតប្រធានគណបក្សលោក ជា ស៊ីម អនិច្ចកម្មទៅ អំណាចក្នុងបក្សបានចាប់ផ្ដើមផ្លាស់ប្ដូរ ដោយមានក្រុមថ្មីលេចមុខឡើងពីរផ្សេងទៀត គឺអនុប្រធានបក្ស និងជាអគ្គលេខាបក្ស លោក សាយ ឈុំ និងក្រុមអនុប្រធានបក្សលោក ស ខេង។ លោកមេបក្ស ហ៊ុន សែន មិនតែងតាំងអោយមានតំណែងអនុប្រធានទី១ និងទី២ នោះទេ។ ការណ៍នេះ ទំនងជាលោក ហ៊ុន សែន ចង់ឲ្យមានតុល្យភាពក្នុងបក្ស ឬម្យ៉ាងងាយស្រួលក្នុងការផ្ទេរអំណាចគ្រប់គ្រងបក្ស ពេលលោកមានភារកិច្ចទៅក្រៅប្រទេស ឬជាប់រវល់ដោយប្រការណាមួយ។
ឧទាហរណ៍៖ ប្រសិនបើលោក ហ៊ុន សែន មិនទុកចិត្តលោក សាយ ឈុំ គាត់នឹងផ្ទេរអំណាចបក្សឲ្យលោក ស ខេង។ បើមិនទុកចិត្តលោក ស ខេង គាត់នឹងផ្ទេរអំណាចបក្សឲ្យលោក សាយ ឈុំ។ ទំនងជាដឹងយុទ្ធសាស្ត្រគ្នាទៅវិញទៅមកនេះហើយ ទើបទាំងសែលោក ស ខេង និងលោក សាយ ឈុំ លោក ហ៊ុន សែន និងមន្ត្រីឯទៀត ខិតខំប្រមូលសាច់ញាតិកូនបង្កើត ជីដូនមួយ សាច់ថ្លៃ ដាក់បញ្ចូលគ្នាក្នុងសមាសភាពគណៈមជ្ឈិមបក្ស។
ចប់មហាសន្និបាតវិសាមញ្ញលើកនេះ កូនប្រុសទាំងបីរបស់លោក ហ៊ុន សែន រួមមាន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ហ៊ុន ម៉ានិត បានដាក់បញ្ចូលកូនជឹង និងក្រុមយុវជនដែលជាឧបករណ៍ដៃឆៅរបស់មួយចំនួនធំទៅក្នុងសមាជិកមជ្ឈិមបក្ស។ កូនប្រុសលោក សាយ ឈុំ គឺលោក សាយ សំអាល់ កូនប្រុសលោក ស ខេង គឺលោក ស សុខា កូនប្រុសលោក ទៀ បាញ់ គឺលោក ទៀ សីហា កូនប្រុសលោក សៅ សុខា គឺលោក សុខា រ៉ានាថ សុទ្ធតែបានក្លាយជាសមាជិកមជ្ឈិមបក្ស។ ក្រោមការក្ដោបក្ដាប់បក្សរបស់លោក ហ៊ុន សែន ក្នុងរយៈពេលបីឆ្នាំនេះ លោកបញ្ចូលសមាជិកមជ្ឈិមបក្សថ្មីយ៉ាងតិចក៏បីលើកដែរ។
ថ្វីត្បិតតែកូនៗរបស់មន្ត្រីចាស់ៗក្នុងបក្ស បានចូលសមាជិកមជ្ឈិមមែន ពួកគេមិនអាចនាំកូនជឹងទៅជាមួយច្រើនគ្នាដូចកូនៗរបស់លោក ហ៊ុន សែន ឡើយ។ ប្រាកដណាស់ បើសិនជាមានការបោះឆ្នោតក្នុងបក្សដើម្បីធ្វើការសម្រេចចិត្តណាមួយ រាប់តាំងពីគោលនយោបាយប្រជែងក្នុងការបោះឆ្នោត និងការជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីជាដើមនោះ សឹងតែមិនមានអ្នកណាឈ្នះលោក ហ៊ុន សែន បានឡើយ ព្រោះថា មនុស្សរបស់លោក និងរបស់កូនលោកក្នុងជួរគណៈមជ្ឈិមបក្សមានចំនួនច្រើនជាងអ្នកដទៃបូកបញ្ចូលគ្នា រាប់ទាំងមនុស្សរបស់លោក ស ខេង និងមនុស្សរបស់លោក សាយ ឈុំ ផង។
មួយវិញទៀត ការបង្កើនចំនួនសមាជិកគណៈមជ្ឈិមនេះ ក៏ទំនងធ្វើឡើងដើម្បីទប់ទល់ពីចលនានយោបាយជំទាស់ដែរ។ ការបង្កើនចំនួននេះ គឺជាយុទ្ធសាស្ត្រឯងជួយអញ អញជួយឯងដែលលោក ហ៊ុន សែន ធ្លាប់ធ្វើរួចទៅហើយក្នុងពេលតែងតាំងគណៈរដ្ឋមន្ត្រីដែលមានក្បាលធំ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស្រុកខ្មែរ។ បើមានមន្ត្រីមជ្ឈិមបក្សកាន់តែច្រើន ពួកគេនឹងក៏កាន់តែខំប្រឹងប្រែងធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីរក្សាបក្ស ព្រោះថា បើបក្សនោះខ្សោយ ពួកគេក៏នឹងអស់អំណាចតាមនោះដែរ។ បើបក្សបោះឆ្នោតចាញ់ សមាជិកមជ្ឈិមទាំងនោះនឹងក្លាយជាអ្នករួមចំណែកទទួលខុសត្រូវដែរ។
គណបក្សកាន់អំណាចចាប់ផ្ដើមលើកទឹកចិត្តមេៗក្រុមការងារថ្នាក់ក្រោមជាតិ ក្រោយការរំលាយគណបក្សប្រឆាំងរួច ដោយបញ្ចូលពួកគេជាសមាជិកមជ្ឈិម ដើម្បីជំរុញពួកគេឲ្យចុះមូលដ្ឋានក្តោបចិត្តរាស្ត្រឲ្យបាន។ នៅពេលដែលបានត្រូវតែងតាំងជាសមាជិកជាន់ខ្ពស់បក្សភ្លាម អ្នកដែលយីអ៊ុនឡើងតាមសែស្រឡាយ ឬតាមការលុតក្រាបដាក់ត្រកូល "ហ៊ុន" ស្ទើរសឹកក្បាលជង្គង់ទាំងនោះ ខ្លះជប់លៀងអបអរ ខ្លះប្រញាប់ប្រញាល់បង្អួតប្រាប់គេឯងតាមហ្វេសប៊ុក (Facebook) បញ្ចេញខ្នាយប្រហោងរបស់ខ្លួន ដោយគ្មានការខ្មាសអៀនបន្តិចបន្តួចណាសោះ។
ទោះជាយ៉ាងណាក៏ដោយចុះ បានតួនាទីក្នុងបក្សប៉ុណ្ណេះហើយ ចង់ ឬមិនចង់ ក៏ត្រូវតែបង្កើនសកម្មភាពចុះឃោសនាទិញទឹកចិត្តពលរដ្ឋតាមមូលដ្ឋាន ដែលគេហៅអោយពីរោះត្រចៀកបន្តិចថា ចុះពង្រឹងមូលដ្ឋាន ហើយផ្សាយអួតគ្នាពីសកម្មភាពទាំងនោះតាមទូរទស្សន៍ក្នុងស្រុកព្រោងព្រាត មិនខ្វល់ថាពលរដ្ឋណាមើលមិនមើលឡើយ។ ពួកគេធ្វើណាបង្ហាញឲ្យមេបក្សឃើញថា គេបានធ្វើការក្រុមការងារចុះជួយឃុំ ឬស្រុក ជាសមាជិកមជ្ឈិមនេះ ជាអ្នកប្រមូលចិត្តរាស្ត្រ ប្រមូលម្ចាស់ឆ្នោត ប្រមូលមន្ត្រីបក្សប្រឆាំង សន្យាផ្ដល់តំណែង លួងលោម ទិញទឹកចិត្ត ឬព្រមានផងក៏មាន។ អ្នកណាមានស្នាដៃអូសទាញបក្សប្រឆាំង ឬកម្ទេចបក្សប្រឆាំង ឬជនទាំងឡាយណាដែលហ៊ាននិយាយរិះគន់បក្សប្រជាជនកម្ពុជា ឬក៏ត្រកូល "ហ៊ុន" សុទ្ធតែឡើងបុណ្យស័ក្ដិទៅតាមទំហំបាបកម្មដែលគេបានសាងទៅលើក្រុមប្រឆាំង និងជនស្លូតត្រង់តែរៀងៗខ្លួន។
ប្រធានអង្គជំនុំជម្រះតុលាការកំពូល ដែលមានស្នាដៃកាន់សំណុំរឿងរំលាយបក្សប្រឆាំង លោកចៅក្រម ជីវ កេង ក៏ត្រូវបានតែងតាំងជាសមាជិកមជ្ឈិមបក្សដែរក្នុងសមាជលើកចុងក្រោយនេះ។ សូម្បីតែអ្នកនយោបាយលក់ខ្លួនមួយចំនួនដែលកន្លងមកគេអោយតួនាទីមិនលើសពីសត្វសេក ក៏ពេលនេះមានឈ្មោះនៅក្នុងបញ្ជីមជ្ឈិមបក្ស ចំពោះថ្វីមាត់ពូកែបំភ្លៃការពិត និងការនិយាយលើកជើងមេរបស់ខ្លួនដែរ។
អ្នកដែលត្រូវឡើងបុណ្យតាមក្បាលជង្គង់ និងតាមកណ្ដាប់ដៃឆៅទាំងនេះ អាចបានទទួលផលចំណេញពីអំណាចជាសមាជិកមជ្ឈិមបក្សថ្មីរបស់គេ ដែលនឹងអាចផ្ដល់លទ្ធភាពអោយពួកគេបានច្រើនជាងមុន ក្នុងការកេងយកប្រយោជន៍ផ្ទាល់ខ្លួនតាមគ្រប់រូបភាព។
ទោះជាយ៉ាងណាក៏ដោយ ពួកគាត់ទំនងជាមិនសូវចំណេញប្រជាប្រិយភាពពីពលរដ្ឋម្ចាស់ឆ្នោតប៉ុន្មានទេ។ ភាពក្រីក្រ ភាពអត់ការងារធ្វើ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ បូករួមនឹងការជិះជាន់សង្កត់សង្កិនពីសំណាក់អ្នកមានអំណាចដែលកំពុងកើតមានគ្រប់ទិសទី អាចជាកត្តាកំណត់ប្រជាប្រិយភាពរបស់ក្រុមអ្នកកាន់អំណាច មិនមែនបានដោយសារដោយសារការចុះទិញ ទាក់ទាញពង្រឹងបក្សក្នុងរដូវបោះឆ្នោតនោះឡើយ។
សរុបសេចក្ដីទៅ ការដំឡើងមនុស្សបក្សឲ្យចូលជាសមាជិកគណៈមជ្ឈិមបក្សនេះ អាចជាយុទ្ធសាស្ត្រពង្រឹងអំណាចត្រកូល "ហ៊ុន" នៅក្នុងបក្ស ជាជាងដើម្បីពង្រឹងគណបក្ស។ ចំពោះប្រយោជន៍ជាតិវិញ ក៏ប្រហែលជាកាន់តែយ៉ាប់ថែមទៀត ព្រោះថា មន្ត្រីៗដែលធ្លាប់រកលុយក្រៅបានកាន់តែចំណាយច្រើនជួយបក្សចុះមូលដ្ឋាន ដូច្នេះពួកគេក៏ខំបូមរកក្រៅបន្ថែមដើម្បីបង្គ្រប់ការចំណាយក្នុងការចុះពង្រឹងបក្សរបស់គេដែរ... ហើយអ្នកដែលរងគ្រោះ និងខាតបង់នោះ គឺប្រជាជាតិ និងប្រជាជនខ្មែរ៕
((ប្រភព៖ អាស៊ីសេរី ចុចស្ដាប់សំឡេង))
No comments:
Post a Comment