ផ្លូវបត់បែនសែនវេទនារបស់កកម្ពុជា ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ផ្លូវបត់បែនសែនវេទនារបស់កកម្ពុជា !

ផ្លូវបត់បែនសែនវេទនារបស់កកម្ពុជា !

Share This
ផ្លូវបត់បែនសែនវេទនារបស់កកម្ពុជា !

ដំណើរវិវឌ្ឍផ្លាស់ប្ដូរកើតឡើងតាមរជ្ជកាលនៃរបបគ្រប់គ្រង កាលពីរាប់ពាន់ឆ្នាំមុន កម្ពុជាស្ថិតនៅក្រោមអារ្យធម៌ដ៏រុងរឿង មូលហេតុដែលបណ្ដាលឲ្យប្រទេសជាតិថមថយឥទ្ធិពលនិងបាត់បង់ភាពជាម្ចាស់នៃការគ្រប់គ្រងខ្លួនឯង គឺ ការដណ្ដើមអំណាចគ្នាមិនចេះចប់មិនចេះហើយ ជាពិសេស ការវាយប្រហារគ្នា ការកាប់សម្លាប់គ្នា ការចោទប្រកាន់គ្នា ឬ ការលាបពណ៌គ្នាជាដើម បង្កបង្កើតគំនុំគុំកួននិងហិង្សាឡើងក្នុងសង្គម ភាគីនីមួយ ៗ សុទ្ធសឹងមានក្រុមប្រជាជន កងកម្លាំង យុទ្ធសាស្ដ្រនយោបាយមកពីមជ្ឈដ្ឋានខាងក្រៅជួយជ្រោមជ្រែង និងយកមកអនុវត្តតាមល្បិចកលនយោបាយបរទេសស្ទើរតែគ្រប់ជំនាន់ដរាបណា អ្នកនយោបាយមិនផ្លាស់ប្ដូរគោលដៅ គឺ ការដណ្ដើមអំណាចគ្នាដោយវិធីទុច្ចរិតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ពួកក្រុមបក្សពួកនិយមទេ ហាយនភាពក៏នៅតែកើតឡើងក្នុងកម្ពុជាដរាបនោះ មេរៀននិងប្រវត្តិសាស្រ្តរបស់អ្នកនយោបាយកម្ពុជា បានលាតត្រដាងឲ្យឃើញថា អ្វីដែលកម្ពុជាចម្លែកប្លែកជាងគេលើសកលលោកនេះ គឺ កម្ពុជាភាគច្រើនពឹងផ្អែកលើអ្នកដឹកនាំតែម្នាក់ ឬថា មានផ្នត់គំនិតជឿលើបុគ្គល(អត្តាធិបតេយ្យ) ជាជាងជឿលើស្ថាប័នឬរបបគ្រប់គ្រងដែលយកច្បាប់ជាស្តេច(ធម្មាធិបតេយ្យ)។

ករណីដូចជា របបសង្គមរាស្រ្តនិយមដែលដឹកនាំដោយព្រះបាទសម្តេចព្រះនរោត្តមសីហនុ នៅពេលប្រទេសជាតិប្រឈមមុខនឹងបញ្ហារុករានទន្រ្ទានពីបរទេស ហើយផ្លាស់ប្តូររបបដឹកនាំមកជាសាធារណរដ្ឋខ្មែរ ធ្វើឲ្យប្រជាជនកម្ពុជាបែកបាក់ទៅជា ២ ក្រុម គឺ ក្រុមរបបសក្តិភូមិដែលនិយមស្តេច និង ក្រុមរបបសាធារណរដ្ឋដែលនិយមលោកសេរី ក្រុមរបបសក្តិភូមិសហការនឹងបរទេសឈ្លានពានប្រឆាំងនឹងរបបគ្រប់គ្រងថ្មីព្រោះខ្លួនត្រូវការដណ្តើមអំណាចយកមកគ្រប់គ្រងវិញ។ ចំណែកខាងក្រុមរបបសាធារណរដ្ឋត្រូវឈមមុខនឹងក្រុមរបបសក្តិភូមិផង ក្រុមបរទេសឈ្លានពានផង នៅទីបំផុត ក៏ជួបប្រទះនឹងបរាជ័យហើយក្រុមរបបសក្តិភូមិសហការនឹងបរទេសឈ្លានពានក៏ចូលគ្រប់គ្រងអំណាចរដ្ឋហើយកាប់សម្លាប់សងសឹកក្រុមសាធារណរដ្ឋយ៉ាងចាស់ដៃរហូតដល់ក្លាយទៅជាវាលពិឃាតយ៉ាងសាហាវឃោរឃៅ ។

ឃើញថា ក្រុមរបបសក្តិភូមិគួរតែមើលឃើញបរទេសឈ្លានពានជាបញ្ហាធំ ប៉ុន្តែបែរជាមើលឃើញបញ្ហាការបាត់បង់អំណាចជារឿងធំទៅវិញ ជួសនឹងសហការជាមួយនឹងខ្មែរគ្នាឯងប្រឆាំងនឹងបរទេសឈ្លានពាន ប៉ុន្តែត្រឡប់ជាសហការជាមួយនឹងបរទេសឈ្លានពានប្រឆាំងនឹងខ្មែរគ្នាឯងទៅវិញ លទ្ធផលនៃការដណ្តើមអំណាចគ្នាដោយវិធីទុច្ចរិតបែបនេះធ្វើឲ្យប្រទេសជាតិទទួលរងហាយនភាពយ៉ាងដំណំ ។

សព្វថ្ងៃនេះជំនឿលើបុគ្គលហាក់កាន់តែខ្លាំងក្លា ដោយមិនស្តាប់សម្លេងតវ៉ារឿងបរទេសឈ្លានពាន ឬ ការកាប់បំផ្លាញព្រៃឈើ ឬ និទណ្ឌភាពជាដើមទេ បើអ្នកណានិយាយប្រឆាំងនឹងអំពើអវិជ្ជមានណាមួយរបស់មេដឹកនាំបច្ចុប្បន្ន អ្នកនោះមានឱកាសនឹងក្លាយជាជនរងគ្រោះ ឬ រើសអើងបានគ្រប់ពេលវេលា មិនថារស់នៅទីណាក៏ដោយលើលោកនេះ ហេតុនោះ ឱកាសនៃការផ្លាស់ប្តូរផ្នត់គំនិតជឿលើបុគ្គលមកជាផ្នត់គំនិតជឿលើស្ថាប័នឬរបបនយោបាយដែលហៅថា របបប្រជាធិបតេយ្យ នោះហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ ។ នៅក្នុងរបបប្រជាធិបតេយ្យ អ្នកដឹកនាំគ្រាន់តែជាអ្នកតំណាងឲ្យច្បាប់កំពូលប៉ុណ្ណោះ នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់ទ្រង់មិនបានកំណត់យកបុគ្គលជាធំក្នុងសាសនារបស់ព្រះអង្គទេ ប៉ុន្តែព្រះអង្គកំណត់យកព្រះធម្មវិន័យ គឺ ច្បាប់កំពូលជាស្តេច ឬ សាស្តា បព្វជិតដែលជ្រកអាស្រ័យក្នុងស្ថាប័នព្រះពុទ្ធសាសនាគ្រាន់តែជាអ្នកតំណាងឲ្យច្បាប់កំពូលនោះប៉ុណ្ណោះ ។

ឥឡូវនេះ ក្នុងប្រទេសកម្ពុជា បានមានរបបគ្រប់គ្រងថ្មីមួយដែលទើបតែកើតឡើងនៅកំលុងឆ្នាំ ១៩៩៣ របបថ្មីនេះហៅថា របបប្រជាធិបតេយ្យ ដែលរបបថ្មីនេះមិនតម្រូវឲ្យប្រជាជនជឿលើបុគ្គលទេ ប៉ុន្តែជឿលើច្បាប់រដ្ឋធម្មនុញ្ញដែលមានរបបនយោបាយសមស្របអាចផ្តល់ផលប្រយោជន៍ដល់មនុស្សភាគច្រើនបាន អ្នកដឹកនាំក្នុងស្ថាប័នទាំង ៣ គឺ ស្ថាប័នជាតិ ស្ថាប័នសាសនា និង ស្ថាប័នព្រះមហាក្សត្រ គ្រាន់តែជាអ្នកតំណាងឲ្យច្បាប់កំពូលប៉ុណ្ណោះ ។ ស្ថាប័នសាសនា និង ស្ថាប័នព្រះមហាក្សត្រមិនដែលឆ្លងកាត់ប្រព័ន្ធបោះឆ្នោតម្តងណាឡើយក្នុងប្រវត្តិសាស្រ្ត ។ ក្នុងស្ថាប័នជាតិ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសអ្នកតំណាងរបស់ខ្លួនបាន ប៉ុន្តែក្នុងស្ថាប័ន ២ ក្រោយនេះ មិនទាន់មានច្បាប់ណាមួយកំណត់ឲ្យជ្រើសរើសបព្វជិតក្នុងព្រះពុទ្ធសាសនាឡើងជាសម្តេចព្រះសង្ឃរាជ ឬ ជ្រើសរើសបុគ្គលណាមួយឡើងជាព្រះមហាក្សត្រនៅឡើយទេ ប្រសិនបើមានសំណួរចោទសួរថា ក្នុងឋានៈជាពុទ្ធសាសនិកជនម្នាក់របស់ស្ថាប័នសាសនា តើខ្ញុំមានសិទ្ធិជ្រើសរើសសម្តេចព្រះសង្ឃរាជបានឬទេ? ឬថា ក្នុងឋានៈជាប្រជារាស្រ្តនៃស្ថាប័នព្រះមហាក្សត្រ តើខ្ញុំមានសិទ្ធិជ្រើសរើសព្រះមហាក្សត្របានឬទេ? សំណួរនេះគ្មានចម្លើយទេ សូមផ្អឹបទុកមិនពិចារណា ។

ក្នុងអតីតកាល អាចនិយាយបានថា ប្រវត្តិសាស្រ្តរបស់កម្ពុជាពោរពេញដោយឥទ្ធិពលនិងសេចក្តីរីកចម្រើនរុងរឿង ប៉ុន្តែជោគវាសនាជតាកម្មរបស់ប្រទេសនេះបានធ្លាក់ចុះដុបដានជាបន្តបន្ទាប់ ទោះបីកម្ពុជាមានរបបគ្រប់គ្រងថ្មីមែន ប៉ុន្តែបុគ្គលដឹកនាំជាមនុស្សជំនាន់ខ្មៅងងឹតទើបមិនអាចជម្រុញរបបប្រជាធិបតេយ្យថ្មីនេះឲ្យដើរទៅមុខបានឆាប់រហ័សដូចយ៉ាងប្រទេសជប៉ុន ឬ កូរ៉េបានទេ ឃើញយ៉ាងច្បាស់ថា តាំងពីឆ្នាំ ១៩៩៣ រៀងមក កម្ពុជាមានមេដឹកនាំតែម្នាក់ហើយតែងតែរឹងទទឹង និង រឹងរូស មិនស្តាប់ហេតុផលរបស់អ្នកដទៃឡើយឬថាមិនដូចជាអង្គុលីមាល៍កែប្រែខ្លួនជាមនុស្សល្អបានទេ ហេតុនោះ សន្តានហិង្សាដែលដក់ជាប់តាមខ្លួនតាំងពីអតីតកាល ក៏តែងតែយកមកប្រើប្រាស់ជារឿយ ៗ រហូតដល់ក្លាយជានិទណ្ឌភាពផ្ទាល់ខ្លួននិងបក្សពួកយ៉ាងរីករាលដាលអស់ជាង ៣ ទសវត្សកន្លងមកប្រាសាទបុរាណ ដូចជា អង្គរវត្តជាដើមដែលនៅសល់ដល់សព្វថ្ងៃ ចាត់ជានិមិត្តរូបនៃសេចក្តីចម្រើនរុងរឿងស៊ីវិល័យ ហាក់នឹងថាជាមជ្ឈមណ្ឌលកណ្ដាលតំណាងឲ្យអារ្យធម៌រុងរឿងរបស់ពិភពលោកដូច្នោះ ប៉ុន្តែបច្ចុប្បន្ននេះប្រាសាទអង្គរវត្តនិងសម្បត្តិជាតិជាច្រើនទៀត ត្រូវបានលក់ឬជួលក្រោមពាក្យថា សម្បទាន ឲ្យទៅជនបរទេសដោយអ្នកដឹកនាំសព្វថ្ងៃ តម្លៃចូលទស្សនាប្រាសាទអង្គរ ២០ ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែប្រាក់ចំណូលថវិកាជាតិនៅតែមិនគ្រប់គ្រាន់ដដែល ហើយតែងតែខ្ចីបុលពីបរទេសជារឿយ ៗ ដោយគ្មានទីបញ្ចប់ ។

ក្រោមការដឹកនាំអស់រយៈពេលជាង ៣០ ឆ្នាំ របស់មេដឹកនាំបច្ចុប្បន្ន រហូតដល់អាចកសាងគ្រឹះស្ថានអំណាចបានយ៉ាងរឹងមាំ ដោយមានកងទ័ព ប៉ូលិស តុលាការ រដ្ឋសភា ស្ថាប័នសភាធម្មនុញ្ញ ស្ថាប័នសាសនា ស្ថាប័នព្រះមហាក្សត្រ ឬ បណ្តាញសារព័ត៌មានជាដើមជួយការពារទប់ទល់អំណាចឲ្យបុគ្គលតែម្នាក់ គឺ មេដឹកនាំបច្ចុប្បន្នយ៉ាងសស្រាក់សស្រាំ មានវិមានស្នាក់អាស្រ័យដ៏ស្កឹមស្កៃដែលមានទំហំដីប្រវែងជាង ១០ គីឡូម៉ែត្រ ហែហមដោយកងអង្គរក្សជាង ៥០០០ នាក់ចាំទទួលបញ្ជានិងការពារទប់ស្កាត់ការដំណ្តើមអំណាចពីសម្នាក់ប្រជាពលរដ្ឋយ៉ាងហំហែងហាក់នឹងថាអបគមន៍រដ្ឋក្នុងរដ្ឋយ៉ាងបើកចំហ សមនឹងគោរម្យងារដែលស្ថាប័នព្រះមហាក្សត្រប្រទានឲ្យជាទីសម្ដេចអគ្គមហាសេនាបតីតេជោផ្កាយមាសប្រាំផុតលេខដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាក្រោមស្នាដៃដឹកនាំរបស់ប្រមុខរដ្ឋាភិបាលសព្វថ្ងៃមានផលអវិជ្ជមានជាច្រើនដែលមិនអាចរៀបរាប់អស់ ប៉ុន្តែរឿងសំខាន់មួយ គឺ មិនចេះថែរក្សាធនធានមរតករបស់កម្ពុជា មានតែពាក្យថាសម្បទាន គឺ លក់ ឬ ជួលដីព្រៃព្រឹក្សា ឬ ខ្ចីបុលបំណុលបរទេសជាដើម បន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនកម្ពុជានៅថ្ងៃអនាគត គឺ ការទាមទារយកអ្វីដែលបានលក់ ឬ ជួលមកវិញ ឬថា សងបំណុលបរទេសដែលបន្សល់ទុកដោយមេដឹកនាំបច្ចុប្បន្ន ។

សម័យកសាងក្រោមផ្លាកអភិវឌ្ឍន៍បានមានលេសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិស្ទើរគ្មានសល់ រូបភាពជាក់ស្ដែងបំផុតដែលអាចមើលឃើញនិងដឹងបាន គឺ សម្បទានប្រាសាទអង្គរវត្តដែលជាដួងព្រលឹងរបស់ជាតិទៅឲ្យជនបរទេស ហាក់ដូចជាបើកដៃឲ្យជនបរទេសច្របាច់បេះដូងខ្មែរឲ្យឈឺចាប់ដូច្នោះ លក់កម្លាំងពលករឲ្យទៅក្រៅស្រុក ហាក់ដូចជាបណ្តេញពលរដ្ឋចេញពីប្រទេស និងបញ្ហាសង្គមជាច្រើនទៀត ដូចជា និទណ្ឌភាព កត្តាជីវភាពក្រីក្រ សន្តិសុខសង្គម អំពើហិង្សា ទង្វើអសីលធម៌ផ្សេងៗ ដោយជនបង្កហេតុ ប្រព្រឹត្តិល្មើសហើយងាយស្រួលក្នុងការរួចខ្លួនដោយគ្រាន់តែមានលុយធ្វើអី្វៗបានតាមអំពើចិត្ត មានលុយ គឺ មានយុត្តិធម៌ តាមសម្ដីមន្ត្រីអែបអបមួយចំនួន ទាំងនេះក៏ព្រោះតែបណ្តាលមកពីមេដឹកនាំគ្មានភាពស្អាតស្អំ ទើបធ្វើឲ្យមន្ត្រីរាជការក្រោមខ្សែបណ្តាញហ៊ានប្រព្រឹត្តអំពើល្មើសបំពានផ្សេង ៗយ៉ាងងងើល ហេតុនោះ ប្រជាជនកម្ពុជាត្រូវតែក្លាហាន ព្រមព្រៀង ស្រុះស្រប ព្រួតដៃគ្នាជាធ្លុងមួយជួយប្រឆាំង តតាំង តវ៉ា ការពារសម្បត្តិជាតិដែលនៅសល់ឲ្យស្ថិតស្ថេរគង់វង្សតទៅ មិនត្រូវបណ្តែតបណ្តោយឲ្យជនពុករលួយ ឬជនខិលខូចបំផ្លិចបំផ្លាញតទៅទៀតឡើយ ។

ម្យ៉ាងទៀត មន្រ្តីរាជការក្នុងស្ថាប័នរដ្ឋមិនមានគំនិតជួយចូកជួយចែវនាវាកម្ពុជាឲ្យបរទៅរកទិសដៅត្រឹមត្រូវទេ ប៉ុន្តែចាំតែយកជើងរាទឹកទាំងស្រែកហៃអើ ៗ បម្រើបុគ្គលជាជាងធ្វើការបម្រើជាតិ ក្លាយជាមារជ្រែកចាំតែទាញកន្រ្តាក់ កាច់ចង្កូតប្រទេសឲ្យធ្លាក់ចុះក្នុងគ្រោះមហន្តរាយ។ ទោះបីអភិវឌ្ឍនកម្មជាទង្វើចាំបាច់ក៏មែនពិត ក៏ប៉ុន្តែមិនត្រូវភ្លេចការអភិរក្សធនធានកម្រ ដូចជា ព្រៃឈើ សត្វ បឹង ទន្លេ ឬកោះជាដើមទេ បើគ្រាន់តែប្រើពាក្យថា អភិវឌ្ឍន៍ ប៉ុន្តែលទ្ធផលតិចតួចជាងការបំផ្លាញទេ នុះបង្ហាញថា មិនមែនជាការអភិវឌ្ឍទេ ប៉ុន្តែជាការបំផ្លាញច្រើនជាង ។

ពាក្យថា អភិវឌ្ឍន៍ដែលហូរចេញពីបបូរមាត់ជនពុករលួយ សូមមហាជនចំណាំទុកចុះថា នុះ គឺ ការបំផ្លាញច្រើនជាង ព្រោះពាក្យថា អភិវឌ្ឍន៍ នេះ ភាគច្រើនជាលេសសម្រាប់បំផ្លាញសម្បត្តិរួម ពោលគឺរាល់គម្រោងការអភិវឌ្ឍន៍គឺជាគម្រោងការពុករលយយប៉ុណ្ណោះ។

((សហនិពន្ធដោយព្រះមហាឱផាត ឋិតញាណោ ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ ៨ ប្រយោគ))

No comments:

Post a Comment