ប្រាសាទភ្នំបូក Prasat Phnom Bok
ភ្នំបូក ជាភ្នំមួយក្នុងចំណោម ភ្នំទាំង ៣ នៃ យសោធរបុរៈ។ ភ្នំ ២ ផ្សេងទៀតគឺ ភ្នំក្រោម និងភ្នំបាខែង។ នៅលើកំពូលភ្នំនេះ មានប្រាសាទមួយដែលមានប្រាង្គធំ ៣ ដែលមានទំហំប៉ុនគ្នាសង់លើខឿនថ្មភក់ ១ និងប្រាសាទតូចៗ ចំនួន ៤ (ធម្មសាលា) ធ្វើអំពីថ្មភក់ ២ និងឥដ្ឋ ២ បែរមុខទៅរកប្រាង្គធំទាំង ៣។ប្រាង្គធំៗ ទាំង ៣ នេះ ប្រាង្គកណ្ដាលកសាងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម។ ក្នុងន័យសាសនា ប្រាសាទភ្នំបូកដែលត្រូវបានស្ថាបនាក្នុងរាជ្យព្រះបាទយសោវម៌្មទី ១ (889 – 899) ស្ថិតក្នុងរចនាបថបាខែង បានធ្វើឲ្យប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ទទួលបានការពារពី អាទិទេព ត្រីមូតិ (ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) និងជាសញ្ញានៃការឯកភាពជាតិយ៉ាងរឹងមាំ។
នៅពេលដែល ព្រះបាទយសោវម៌្មទី ១ ទ្រង់ជ្រើសរើសរកទីទួលខ្ពស់មួយសម្រាប់ធ្វើជាស្នូលរាជធានីក្នុងន័យសាសនា ព្រះអង្គបានជ្រើសរើសយក ភ្នំបាខែង ក៏ដោយសារ ភ្នំបូក ស្ថិតនៅឆ្ងាយពីប្រភពទឹក (ទន្លេសាប) និងមានកម្ពស់ខ្ពស់ (២២១ ម៉.) ឯភ្នំក្រោម វិញស្ថិតនៅជិតនឹងប្រភពទឹក (ទន្លេសាប) ពេក។
ម៉្យាងវិញទៀត ភ្នំបាខែងមានកម្ពស់ទាបល្មម និងស្ថិតនៅចំកណ្ដាលភ្នំទាំង ២ ។ ផ្ទុយពីប្រាសាទភ្នំបាខែង ដែលកសាងដើម្បីឧទ្ទិសដល់ព្រះសិវៈ ក្នុងរូបភាពជាលិង្គ ដែលមាននាមថា យសោធរេស្វរៈ ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោមត្រូវបានកសាងដើម្បីឧទ្ទិសដល់ អាទិទេព ត្រីមូតិ។ ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោម មានប្លង់គំរូដូចគ្នាបេះបិទ ដោយគ្រាន់តែ ប្រាង្គកណ្ដាលនៃប្រាសាទភ្នំក្រោម ធំជាងប្រាង្គទាំង ២ ដែលអមសងខាង។ ព្រះកេសបដិមា ត្រីមូតិ ត្រូវបាន លោក Louis Delaporte នាំយកទៅស្រុកបារាំងនៅឆ្នាំ ១៨៧៣ ហើយសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរ Guimet ។
បច្ចុប្បន្ន ប្រាសាទភ្នំបូក ស្ថិតក្នុងសភាពបែកបាក់ជាដំណំ។ កំពូលនៃប្រាង្គកណ្ដាល និងប្រាង្គខាងត្បូងបានបាក់ធ្លាក់ចុះ និងរាយប៉ាយពេញទីធ្លា។ ឯប្រាង្គខាងជើង ទោះជាស្ថិតក្នុងសភាពប្រសើរជាងប្រាង្គទាំង ២ ទៀតក៏ដោយ ក៏មានការខូចខាតជាច្រើនផងដែរ។
ធម្មសាលា ២ ដែលធ្វើអំពីឥដ្ឋ បានបាក់បែកខូចអស់ទៅហើយ ចំណែកឯ ធម្មសាលា ២ ទៀតដែលធ្វើអំពីថ្មភក់ស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយសារតែមានដើមផ្កាចំប៉ី ដុះចំពីលើ ធម្មសាលា ទាំង ២ នេះ។ ឯកំពែងថ្មបាយក្រៀម និងគោរបុរៈទាំង ៤ បានខូចខាតបាត់បង់អស់ទ្រង់ទ្រាយដើម។
នៅជ្រុងអាគ្នេយ៍ គោរបុរៈ ខាងកើតមានវិហារពុទ្ធសាសនាមួយដែលត្រូវបានគេស្ថាបនាមកថ្មី ប្រហែលជាក្រោយសង្គ្រាមស៊ីវិល ប៉ុន្តែបច្ចុប្បន្នពុំមានព្រះសង្ឃគង់នៅនោះទេ ដោយគេបានរើវត្តទៅជើងភ្នំវិញ ងាយស្រួលសម្រាប់ចាស់សុំសមាទានសីល ដោយមិនចាំបាច់ឡើងចុះភ្នំច្រើនដង នាំឲ្យមានផលវិបាក៕
loading...
ប្រភព : Amazing Cambodia
No comments:
Post a Comment