រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។
ក្រសួងមហាផ្ទៃសម្រេចបណ្ដេញលោក ឈាន ពិសិដ្ឋ ចេញពីការងារ
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា នៅល្ងាចថ្ងៃទី១០ មេសាថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចបញ្ចប់តួនាទីរបស់នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឈាន ពិសិដ្ឋ និងបណ្ដេញពីការងារ។ការសម្រេចបញ្ចប់តួនាទី និងបណ្ដេញលោក ឈាន ពិសិដ្ឋ ពីការងារនេះ ធ្វើឡើងបន្ទាប់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើក្រសួងមហាផ្ទៃដកមន្ត្រីក្រោមឱវាទរបស់ខ្លួនឈ្មោះ ឈាន ពិសិដ្ឋ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍ បន្ទាប់ពីមន្ត្រីរូបនោះបាញ់មន្ត្រីនគរបាលអន្តោប្រវេសន៍ធ្វើការជាមួយគ្នា ឲ្យរបួសត្រង់ស្មា។
អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោក សុខ ផល ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ មេសា ថា ការស្នើដកមន្ត្រីរូបនេះ ជាការអនុវត្តតាមវិន័យកងកម្លាំង និងដើម្បីឲ្យជនរងគ្រោះប្ដឹងបុគ្គលនោះទៅតុលាការតាមច្បាប់។
កាលពីថ្ងៃទី០៩ មេសា មានការផ្ទុះអាវុធមួយក្នុងប៉ុស្តិ៍អន្តោប្រវេសន៍ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែត ឲ្យដឹងថា នាយរងប៉ុស្តិ៍អន្តោប្រវេសន៍លោក ឈាន ពសិដ្ឋ បានបាញ់មន្ត្រីនគរបាលធ្វើការជាមួយគ្នា គឺនាយផ្នែករដ្ឋបាល លោក សេម មករា ពីក្រោយបណ្ដាលឲ្យរបួសត្រង់ស្មា តែមិនប៉ះពាល់ដល់អាយុជីវិតទេ។
ចំណែកមន្ត្រីរងរបួសនោះ គឺលោក សេម មករា ឲ្យអាស៊ីសេរីដឹងថា នៅថ្ងៃកើតហេតុនោះ គឺលោក បានហៅបុគ្គលដែលមានជម្លោះនឹងគ្នា ដែលមានលោក ឈាន ពិសិដ្ឋ និងមន្ត្រីបំពេញបែបបទឆ្លងដែន លោក គឹម កែវរក្សា មកធ្វើការអប់រំ។ ពេលនោះឈ្មោះ ឈាន ពិសិដ្ឋ បានជិះរថយន្តមកដល់ ហើយស្រែកជេរខ្លាំងៗ ទៅលើលោកតែម្ដងដោយមិនបានដឹងពីមូលហេតុ អ្វីច្បាស់លាស់ឡើយ។
លោកក៏បានចេញពីបន្ទប់មកសួរនាំហើយ ក៏ដើរចូលទៅក្នុងបន្ទប់វិញ ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើងបាញ់ទៅលើរូបលោកក្នុងចេតនាប៉ុនប៉ងសម្លាប់ តែសំណាងល្អគ្រាប់បានត្រូវចំស្មា៖ «អាសិដ្ឋហ្នឹងវាដូចកាងកូនចៅវាអ៊ីចឹងណា…វាមកដល់ជេរយើងភ្ជង់យើង ខ្ញុំក៏ហៅមេប៉ុស្តិ៍ចេញមក ខ្ញុំគ្រាន់តែសួរថា ហេតុអីក៏យកកាំភ្លើងមកភ្ជង់ខ្ញុំអ៊ីចឹង ពេលហ្នឹងមានគ្នាពីរបីនាក់ទៀតនៅក្រៅហ្នឹង ខ្ញុំក៏ដើរចូលបន្ទប់វិញ វាក៏បាញ់ខ្ញុំពីក្រោយ»។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងលោក ឈាន ពិសិដ្ឋ ដើម្បីសុំបញ្ជាក់ជុំវិញបញ្ហានេះបាននៅឡើយ នៅព្រឹកថ្ងៃទី១០ មេសា។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុកចុះផ្សាយថា លោក ឈាន ពិសិដ្ឋ បានរត់គេចខ្លួនហើយ បន្ទាប់ពីផ្ទុះអាវុធភ្លាម។
កាលពីចុងឆ្នាំ២០១៦ លោក ឈាន ពិសិដ្ឋ ធ្លាប់មានរឿងក្តីក្តាំជាមួយប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី រហូតដល់សមត្ថកិច្ចចាប់ខ្លួនលោក ឌិន ពុទ្ធី បន្ទាប់ពីមានការចោទប្រកាន់ថា លោក ឌិន ពុទ្ធី បានបើករថយន្តបុកលោក ឈាន ពិសិដ្ឋ ដែលកំពុងឈរស្ទាក់រថយន្តពីមុខ។ តុលាការក៏បានសម្រេចឃុំខ្លួនលោក ឌិន ពុទ្ធី ដាក់ពន្ធនាគារមួយរយៈ។ ទោះជាយ៉ាងណា ក្នុងរឿងនេះលោក ឌិន ពុទ្ធី ថា លោកមិនបានបុកលោក ឈាន ពិសិដ្ឋ ឡើយ ហើយចោទលោក ឈាន ពិសិដ្ឋ ថាបានធ្វើពុតដួលសន្លប់ក្នុងចេតនាមួលបង្កាច់ធ្វើបាបលោក៕
loading...
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment