មហាសង្រ្កាន្ត ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រិស្តសករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ ១៣៧៩
វារៈមហាសង្រ្កាន្ត៖
ថ្ងៃសុក្រ ៣ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ. ស. ២០១៧ វេលាម៉ោង ០៣ និង ១២ នាទី អធ្រាត្រ ជាថ្ងៃចូលឆ្នាំ រកា នព្វស័ក ។
វារៈវន័បត៖
ថ្ងៃសៅរ៍ ៤ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ. ស. ២០១៧ ។
វារៈឡើងស័ក
ថ្ងៃអាទិត្យ ៥ រោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ មេសា គ. ស. ២០១៧ នៅវេលាម៉ោង ០៦ និង ៤៦ នាទី ។
រណ្តាប់ទទួលទេវតា៖
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូបាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូបាយសី ៣ ថ្នាក់មួយគូបាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីកែវ ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការរតនត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា ។
ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់
ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសនិងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្តគួរធ្វើត្រឹម ៥ ថ្នាក់ ចុះមកឬរៀបចំត្រឹមគ្រឿងសក្ការបូជាដែលមានទៀន ៥ ធូប ៥ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។
ចំពោះផ្លៃឈើសម្រាប់ប្រជារាស្រ្តគូររៀបឲ្យបានត្រឹម៣ ឬ ៥ មុខ ក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។
ចូលពុទ្ធសករាជថ្មី៖
ព្រះពុទ្ធសករាជព្រះសាសនាអតិក្តន្តាកន្លងទៅហើយបាន ២៥៦០ ត្រឹមថ្ងៃពុធ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ ។ ពុទ្ធសករាជ ២៥៦១ នឹងចូលត្រូវថ្ងៃ ព្រហស្បតិ៍ ១ រោច ខែវិសាខ ឆ្នាំ រកា នព្វស័ក ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ ៕
loading...
ប្រភព : សំឡេងខ្មែរក្រោម
No comments:
Post a Comment