ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ /REUTERS/Shannon Stapleton |
នៅមួយសប្តាហ៍មុនការប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាកូរ៉េខាងជើង ស្រាប់តែនៅថ្ងៃព្រហស្បតិ៍នេះ តំណាងរបស់រដ្ឋាភិបាលរុស្ស៊ី បានបដិសេធ មិនទទួលយកសេចក្តីប្រកាសទណ្ឌកម្មទៅលើកូរ៉េខាងជើង ដែលសហរដ្ឋអាមេរិកបានស្នើ។ មន្ត្រីទូតនានានៅអង្គការសហប្រជាជាតិ មានការភ្ញាក់ផ្អើលណាស់ ដោយឃើញគោលជំហរបែបនេះ របស់រុស្ស៊ី ព្រោះសូម្បីតែចិន ដែលកន្លងមក តែងតែការពារកូរ៉េខាងជើងរហូតនោះ ក៏បានគាំទ្រសេចក្តីប្រកាសទណ្ឌកម្មទៅលើកូរ៉េខាងជើង នៅលើកនេះដែរ។
ជាមួយនឹងភាពតានតឹងកាន់តែខ្លាំង នៅក្រោយពេលដែលកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីល បើទោះបីជាមិនបានសម្រេច ក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មានគម្រោងជួបប្រជុំគ្នា នៅសប្តាហ៍ក្រោយ ដើម្បីលើកដំណោះស្រាយ ពីបញ្ហាកូរ៉េខាងជើង។ សហរដ្ឋអាមេរិក បានដាក់ស្នើរនូវសេចក្តីប្រកាសទណ្ឌកម្មមួយ ដោយក្នុងនោះមានខ្លឹមសារ ចាប់បង្ខំឲ្យកូរ៉េខាងជើង ត្រូវតែបញ្ឈប់រាល់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចបាលីស្ទីក ចាប់ពីពេលនេះទៅ ពុំនោះទេ គេនឹងមានវិធានការតបវិញឲ្យសមស្រប។
ក៏ប៉ុន្តែ រុស្ស៊ីបានច្រានចោល មិនទទួលយកសំណើររបស់សហរដ្ឋអាមេរិក។ មន្ត្រីទូតនៃអង្គការសហប្រជាជាតិមួយចំនួន បានបញ្ជាក់ថា រុស្ស៊ីមិនពេញចិត្តនឹងខ្លឹមសារ នៃសេចក្តីប្រកាសនេះ ហើយទាមទារឲ្យដាក់បញ្ជូលនូវខ្លឹមសារខ្លះ ដែលសំដៅផ្តល់អាទិភាពដល់ការចរចាដោយសន្តិវិធី ដូចដែលធ្លាប់ធ្វើកន្លងមក។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ មានគម្រោង ចេញសេចក្តីប្រកាសនេះ ដែលមានខ្លឹមសារសម្តែងពីការព្រួយបារម្ភ ពីអាកប្បកិរិយា កាន់តែព្រហើនកោងកាច ទប់មិនឈ្នះរបស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ប៉ុន្តែ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរុស្ស៊ី បដិសេធសេចក្តីប្រកាសទណ្ឌកម្មនេះ ព្រោះសូម្បីតែចិន ដែលកន្លងមក តែងតែចេញមុខការពាររបបផ្តាច់ការព្យុងយ៉ាង ក៏បានគាំទ្រសេចក្តីប្រកាសទណ្ឌកម្មនេះដែរ។ គេកំពុងចោទសួរ ថាតើរស្ស៊ីចង់ដើរតួរបៀបណា ក្នុងសំណុំរឿងនេះ។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា វាជារឿងចាំបាច់ ដែលរបបកូរ៉េខាងជើង ត្រូវយល់ថា គ្រប់គ្នា គ្មាននរណាចង់ឲ្យមានការប្រឈមមុខដាក់គ្នា តាមរយៈការប្រើកំលាំងទល់កំលាំងទេ ក៏ប៉ុន្តែ កូរ៉េខាងជើង ក៏ត្រូវដឹងថា គេនឹងបង្ខំចិត្ត ប្រើកំលាំង បើសិនជាកូរ៉េខាងជើង មិនទុកជំរើសឲ្យគេទេនោះ។ ដូច្នេះ អ្វីៗ គឺវាអាស្រ័យទៅលើការសម្រេចចិត្ត របស់កូរ៉េខាងជើង។
ដោយឡែក លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវ សុំឲ្យប្រទេសពាក់ព័ន្ធក្នុងសំណុំរឿងនេះ មានសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន និងកូរ៉េខាងត្បូង លៃលកធ្វើយ៉ាងណា រកច្រកចេញ តាមរយៈការចរចាស្រុះស្រួលគ្នា គ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងឲ្យបាន។ វាជារឿងចាំបាច់បំផុត ដែលត្រូវទប់កូរ៉េខាងជើង មិនឲ្យយកបច្ចេកវិទ្យានុយក្លេអ៊ែរនេះ មកច្នៃដើម្បីផលិតអាវុធប្រល័យលោក៕
loading...
Credit : វិទ្យុ RFI ខេមរភាសា
No comments:
Post a Comment